
ការប្រកួតរត់ប្រណាំងរបស់ក្រុមអត្តពលិកពីថ្ងៃទី ៥ មិថុនា។ រូបថត សហការី
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឭកជាថ្មី ពីតម្លៃមិនអាចកាត់ថ្លៃបានរបស់កម្ពុជា សម្រាប់ការធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម លើកទី៣២ ដែលបានបញ្ចប់ កាលពីថ្ងៃទី ១៧ ខែឧសភា និងការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាកំពុងរៀបចំដំណើរការប្រកួត នៅក្នុងរាជធានីភ្នំពេញ។
បើទោះបីជាកម្ពុជា បានចំណាយគ្រប់បែបយ៉ាង សម្រាប់ការធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងសម្រាប់ព្រឹត្តិការណ៍ទាំង ២ នេះ ប៉ុន្តែ លោក ហ៊ុន សែន បានអះអាងថា ការចំណាយរបស់កម្ពុជា បានទទួលមកវិញនូវកេរ្តិ៍ឈ្មោះ និងកិត្តិយសល្អ ដែលអាចបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយៗរាប់រយឆ្នាំ តាមរយៈការឆ្លាក់ស្នាដៃទាំងអស់នោះនៅវិមានឈ្នះ-ឈ្នះ គឺដូចគ្នាទៅនឹងដូនតាខ្មែរ បានឆ្លាក់ស្នាដៃ និងប្រវត្តិល្អៗពីអតីតកាល នៅតាមសិលាចារិក រូបសំណាកនានា នៅអង្គរ និងប្រាង្គប្រាសាទផ្សេងៗផងដែរ។
លោកបានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច កាលពីថ្ងៃទី ៥ ខែមិថុនាថា៖ «កេរ្តិ៍ឈ្មោះ ដែលកម្ពុជា ធ្វើស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ទុកបន្សល់ឱ្យកូនចៅយើងរាប់រយឆ្នាំបន្តទៅទៀត។ យើងប្រទេសក្រ ប៉ុន្តែបេះដូងវាធំ កុំចាំបាច់ធ្វើជាមនុស្សមុខលុយខ្លាំងពេក។ លុយចាយអស់ ប៉ុន្តែកិត្តិយសចាយមិនអស់ទេហើយយើងនឹងឆ្លាក់នៅវិមានឈ្នះឈ្នះអំពីអ្វីដែល វាបានកើតនៅក្នុងដំណាក់កាលស៊ីហ្គេម និងប៉ារ៉ាហ្គេមនេះ»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី បានប្រាប់ទៅលើគ្រប់ផ្នែក ជាពិសេសគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC ដែលជាអ្នកគ្រប់គ្រង និងរៀបចំ ទាំងទៅលើការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមត្រូវចាត់តាំងការប្រកួតនេះឱ្យបានល្អ ដើម្បីបង្ហាញពីស្មារតីនៃសាមគ្គីភាព សម្រាប់ប្រជាជននៅតំបន់អាស៊ានទាំងមូល តាមរយៈព្រឹត្តិការណ៍នេះ ជាពិសេសអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជា ត្រូវយកចិត្តទុកដាក់ឱ្យបានកាន់តែខ្លាំង ក្នុងការថែទាំដល់ប្រតិភូកីឡាជនពិការទាំងអស់។
លោកបញ្ជាក់ថា៖ «បើទោះបីជាកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខប៉ុន្មាន អាហ្នឹងវាជារឿងឈ្នះ រឿងចាញ់! រឿងធំរបស់កម្ពុជា ត្រូវធ្វើម៉េចចាត់តាំងការប្រកួតមួយដែលធានាបាននូវសាមគ្គីភាព សម្រាប់ប្រជាជនអាស៊ានជាង ៦០០ លាននាក់។ យើងត្រូវថែទាំកីឡាករ កីឡាការិនីរបស់ប្រទេសនានាឱ្យបានល្អ»។ «ឥឡូវកាន់តែយកចិត្តទុកដាក់ថែមទៀតដោយសារតែការពិការភាពរបស់កីឡាករ កីឡាការិនីមកពីបណ្តាប្រទេសនានា ដែលយើងត្រូវថែទាំឱ្យបានហ្មត់ចត់ ហើយខ្ញុំអរគុណណាស់ទៅដល់គណៈកម្មការប្រកួតក៏ដូចជាគ្រប់សេវាទាំងអស់ រាប់ទាំងក្រុមយុវជនស្ម័គ្រចិត្ត ដែលបានចូលទៅបម្រើផ្នែកសេវា និងធានាឱ្យកីឡាករ កីឡាការិនី គ្រូបង្វឹក និងអ្នកគាំទ្រ ដែលបានមកចូលរួមក្នុងប្រទេសរបស់យើង គឺយើងពិតជាមានការរីករាយ»។ លោក ហ៊ុន សែន បានបន្ថែម។
ទន្ទឹមនឹងនេះលោក ហ៊ុន សែន ដែលជាប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សម្រាប់ក្រុមអត្តពលិកនៅប្រទេសកម្ពុជាផងនោះ ក៏បានលើកឡើងពីផែនការរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ (CAM-APGOC) ដោយបានដាក់សម្ទុះដណ្តើមមេដាយមាសត្រឹម ៨ ក្នុងនាមជាម្ចាស់ផ្ទះ។
លោកបានឯកភាពទៅលើការដាក់សម្ទុះនេះ ព្រោះលោកបានមើលឃើញថា ការប្រកួតប្រជែងយកមេដាយ សម្រាប់ក្រុមអត្តពលិកជនពិការនេះ មិនអាចទៅរួចជាមួយប្រទេសឥណ្ឌូនេស៊ី និងថៃ បាននោះទេ ព្រោះម្ចាស់ផ្ទះកម្ពុជា ទើបដណ្តើមបានមេដាយមាសចំនួន ២ ទេ ដែលរកបានដោយក្រុមកីឡាការិនីបាល់បោះរទេះ លើវិញ្ញាសា ៣ ទល់ ៣ នាក់ និងមេដាយមាសលើវិញ្ញាសាលោតចម្ងាយរបស់កីឡាការិនីពិការជើងស្តាំ វ៉ិត ចន្ថា។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «ឥឡូវយើងបានមេដាយមាស ២ ហើយ អ៊ីចឹងសង្ឃឹមថា ៦ ទៀត យើងអាចយកបាន ហើយគ្មានអ្នកណាទៅយកឈ្នះឥណ្ឌូនេស៊ី បានទេ ព្រោះគាត់យក (អត្តពលិក) មកច្រើនណាស់ ចំណែកថៃ ក៏បញ្ជូនមកច្រើន ព្រោះគាត់ប្រជាជនច្រើនជាងយើង អ៊ីចឹងបញ្ហាមេដាយ វាជារឿងមួយហើយ ហើយលើកទឹកចិត្តកីឡាករ កីឡាការិនី ទោះបីជាបានមេដាយ ឬមិនបានមេដាយ ក៏នៅតែជាកីឡា»។
យ៉ាងណាក៏ដោយ ក្រុមអត្តពលិកកម្ពុជា នៅសល់ប្រភេទវិញ្ញាសាជាច្រើនទៀត ដែលត្រូវប្រកួតប្រជែង ដណ្តើមយកមេដាយ ដោយក្នុងនោះប្រភេទកីឡាអត្តពលកម្ម ហែលទឹក បាល់ទះអង្គុយ និងកីឡាបូស្យា ជាដើម សុទ្ធតែជាប្រភេទកីឡា ដែលកម្ពុជាធ្លាប់បានដណ្តើមមេដាយមាសខណៈប្រភេទកីឡាថ្មីៗមួយចំនួនទៀត ក៏ក្រុមអត្តពលិកកម្ពុជា បានបង្ហាញការប្រកួតយ៉ាងស្វិតស្វាញ ដើម្បីបង្ហាញពីឆន្ទៈរបស់ពួកគេផងដែរ។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី បានកោតសរសើរទៅលើក្រុមកីឡាបាល់ទាត់ជនពិការភ្នែករបស់កម្ពុជា ដែលពួកគេ បានប្រឹងប្រែងប្រកួតយ៉ាងល្អ។ «អ្វីដែលគួរឱ្យកោតសរសើរ គឺគាត់រកបាល់ឃើញ ហើយស៊ុតបញ្ចូលទីយ៉ាងល្អទៅទៀត។ ក្រុមកម្ពុជាយើងចាញ់ឡាវ (៣-០) ប៉ុន្តែនេះជាលើកដំបូង ដែលកីឡាពិការភ្នែកកម្ពុជាបានចូលរួមប្រកួតខ្នាតអន្តរជាតិបែបនេះ អ៊ីចឹងអ៊ំលើកទឹកចិត្តឱ្យមានការខិតខំ ក៏ប៉ុន្តែទោះបីជាបាន ឬមិនបាន សូមក្មួយៗ កូនៗកុំបាក់ទឹកចិត្ត»។
លោក ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ «កីឡាមានឈ្នះ មានចាញ់អ៊ីចឹងហើយ ប៉ុន្តែអ្វីដែលសំខាន់ យើងធ្វើឱ្យបានល្អ ក្នុងនាមជាម្ចាស់ផ្ទះ តំណាងឱ្យប្រជាជន ១៧ លាននាក់ នៅពីក្រោយខ្នង។ ធ្វើជាម្ចាស់ផ្ទះ ដោយមានការទទួលខុសត្រូវ សីលធម៌របស់អ្នកកីឡា និងសេវាកម្មនានា ត្រូវតែបានផ្តល់ ហើយទីក្រុងភ្នំពេញ បានផ្តល់សេវាកម្មល្អណាស់ ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម»។
ចំពោះលទ្ធផលប្រកួតជាបណ្តោះអាសន្ន គិតត្រឹមម៉ោង ៥ ថ្ងៃទី ៥ ខែមិថុនា ក្រុមម្ចាស់ផ្ទះកម្ពុជាបានឈ្នះមេដាយមាស ២ ប្រាក់ ៦ សំរឹទ្ធ ៦ ដោយកំពុងឈរនៅចំណាត់ថ្នាក់លេខ ៨ ក្នុងចំណោមប្រទេសចូលរួមទាំង ១១ ខណៈឥណ្ឌូនេស៊ី នៅតែបន្តឈរនៅលេខ ១ ដោយឈ្នះបានមេដាយមាស៤៣ ប្រាក់ ៣៦ សំរឹទ្ធ ២៧ ហើយតាមពីក្រោយដោយវៀតណាមដែលបានមាស ២៦ ប្រាក់ ២១ សំរឹទ្ធ ៣២ និងប្រទេសថៃ ឈ្នះបានមាស ២៣ ប្រាក់២៩ និងសំរឹទ្ធ ១៩៕