
ការប្រកួតរត់ប្រណាំងរបស់ក្រុមអត្តពលិកជនពិការ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី៥ ខែមិថុនា។ រូបថត ហុង មិនា
ភ្នំពេញ៖ ក្រុមអត្តពលិកជនពិការរបស់កម្ពុជា ទើបតែដណ្តើមបានមេដាយមាសចំនួន ៣ ទេ សម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី១២ ឆ្នាំ ២០២៣ ខណៈឥណ្ឌូនេស៊ី បានឈ្នះមេដាយមាសចំនួន ៦២ ហើយ ហើយនេះជាចំនួនមេដាយមាស ដ៏ច្រើនបំផុត បើប្រៀបធៀបទៅនឹងចំនួនមេដាយមាស ដែលប្រទេសផ្សេងៗទៀតដណ្តើមបាន គិតត្រឹមព្រឹកថ្ងៃអង្គារនេះ។
ការឈ្នះមេដាយមាសទី៣ របស់ម្ចាស់ផ្ទះកម្ពុជា រកបានដោយកីឡាការិនីពិការជើងស្តាំ វ៉ិត ចន្ថា លើវិញ្ញាសារត់ប្រណាំងចម្ងាយ ៤០០ ម៉ែត្រ (Women’s 400m T64) កាលពីយប់ថ្ងៃទី៥ ខែមិថុនា ហើយនេះក៏ជាមេដាយមាសទី២ របស់ ចន្ថា ផងដែរ បន្ទាប់ពីស្រ្តីរូបនេះ បានឈ្នះមេដាយមាស លើវិញ្ញាសាលោតចម្ងាយ កាលពីថ្ងៃទី ៤ ខែមិថុន ចំណែកមេដាយមាស ១ ទៀត រកបានដោយក្រុមកីឡាការិនីបាល់បោះ លើវិញ្ញាសា ៣ ទល់ ៣ នាក់។
បន្ថែមលើនេះ ក្រុមអត្តពលិកកម្ពុជា ក៏ដណ្តើមបានមេដាយប្រាក់ចំនួន ៩ និងមេដាយសំរឹទ្ធចំនួន ១១ ទៀត ផងដែរ ហើយការឈ្នះបានមេដាយសរុបចំនួន ២៣ នេះ វានៅតែធ្វើឱ្យកម្ពុជា បន្តឈរ នៅចំណាត់ថ្នាក់លេខ ៨ ក្នុងចំណោមប្រទេសចូលរួមទាំង ១១ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមនេះ។

ជាមួយគ្នានេះ ក្រុមអត្តពលិកជនពិការរបស់ប្រទេសឥណ្ឌូនេស៊ី បានរួមគ្នាដណ្តើមយកមេដាយមាសរហូតដល់ ៦២ ព្រមទាំងមេដាយប្រាក់ ៤៩ និងមេដាយសំរឹទ្ធ ៣១ ទៀត គិតត្រឹមពេលនេះ ហើយការដណ្តើមបានមេដាយយ៉ាងច្រើននេះ បានធ្វើឱ្យ ឥណ្ឌូនេស៊ី នៅតែបន្តឈរ លេខ ១ ដោយមានមេដាយមាស ដាច់ឆ្ងាយពីប្រទេសថៃ ដែលឈរនៅលេខ ២ និងវៀតណាម ដែលឈរនៅលេខ ៣តែម្តង៕

