ភ្នំពេញ៖ កីឡាការិនីពិការ​ភ្នែក យិន សូត និង​កីឡាការិនីពិការ​ដៃ ងួន រតនា សុទ្ធតែ​ដណ្តើម​បានមេដាយមាស សម្រាប់ការ​ប្រកួតរត់ប្រណាំង ក្នុង​ព្រឹត្តិការណ៍អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១២ ដែល​បាន​ធ្វើ​នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹក​ថ្ងៃអង្គារ​នេះ ចំណែក​កីឡាការិនី ​ស៊ុន ស្រីមុំ ក៏​​ឈ្នះ​បានមេដាយប្រាក់​ផងដែរ។

សម្រាប់ការ​ប្រកួត​កីឡាអត្តពលកម្ម លើ​វិញ្ញាសារត់ចម្ងាយ ៨០០ ម៉ែត្រ T11 ( Momen’s 800m T11) ដោយ​មានអត្តពលិកម្នាក់ទៀត ជាអ្នកដឹកដៃ​រត់ជាមួយគ្នានេះ កីឡាការិនី យិន សូត បាន​ឈ្នះមេដាយមាស​យ៉ាងរំភើប​បំផុត ហើយនេះ​ក៏ជាមេដាយមាស លើកដំបូង ដែលនាង​ដណ្តើម​បាន ក្នុងព្រឹត្តិការណ៍អាស៊ាន​ប៉ារ៉ាហ្គេមនេះ ​ផងដែរ។

ជាមួយគ្នា​នេះ កីឡាការិនី ងួន រតនា ក៏​បានឈ្នះមេដាយមាស យ៉ាងរំភើប លើ​វិញ្ញាសារត់ប្រណាំង​ចម្ងាយ ១ ៥០០ ម៉ែត្រ T46 នាព្រឹកថ្ងៃទី ៦ ខែមិថុនានេះ ផងដែរ។ តាម​រយៈជ័យជម្នះ​នេះ បានបង្ហាញថា រតនា នៅតែ​មានសមត្ថភាព​ខ្លាំង ក្នុងការការពារ​មេដាយមាស លើ​វិញ្ញាសា​នេះ ដែល​នាង ធ្លាប់​ដណ្តើម​បាន ជាលើក​ដំបូង ក្នុង​​ការ​​ប្រកួតអាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១១ នៅប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ​ ២០២២។


ចំណែក​កីឡាការិនីពិការ​ភ្នែក​របស់​កម្ពុជា ស៊ុន ស្រីមុំ ក៏​បាន​ឈ្នះមេដាយប្រាក់ ក្នុងប្រភេទកីឡាអត្តពលកម្ម លើវិញ្ញាសា រត់ចម្ងាយ ៨០០ ម៉ែត្រ T12 នាព្រឹក​ថ្ងៃ​អង្គារ​នេះ​ផងដែរ ហើយ​តាម​រយៈ​លទ្ធផល​នេះ បាន​ជួយ​ឱ្យម្ចាស់​ផ្ទះ​កម្ពុជា នៅពេលនេះ បានឈ្នះ​មេដាយមាស​ ៥ ប្រាក់​​ ១០ និង​​មេដាយ​សំរឹទ្ធ ​​១១៕