ភ្នំពេញៈ កីឡាករ​កូនកាត់​ខ្មែរ​-​អុីរ៉ង់ ស៊ូ បាលី បាន​ក្លាយជា​អត្ត​ព​លិ​ក​ដំបូង​គេ ដែល​ដណ្តើមបាន​មេដាយ​សំរឹទ្ធ ពី​ការប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ី អាយុ​ក្រោម​២៣​ឆ្នាំ (U23) ឱ្យ​កម្ពុជា ហើយ​ប្រតិភូ​កីឡា​ចំបាប់​កម្ពុជា ដឹកនាំ​ដោយ​លោកគ្រូ Komeil Ghasemi និង​អ្នកគ្រូ ចូ​វ សុធា​រ៉ា នឹង​នាំយក​មេដាយ ដែល​ដណ្តើមបាន​ពី​ការប្រកួត នៅ​ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​នេះ មកដល់​កម្ពុជា​វិញ នៅ​ថ្ងៃទី​២០ ខែមិថុនា​។​

សម្រាប់​ការប្រកួត​តំណាងឱ្យ​កម្ពុជា ជា​លើកដំបូង ក្នុង​ព្រឹត្តិការណ៍ U23 Asian Championship នេះ ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​២​សម័យកាល ស៊ូ បាលី បាន​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​របស់​កៀ​ហ្ស៊ី​ស៊ី​ស្ថាន Arslanbek TURDUBEKOV ដោយ​ពិន្ទុ ១០-០ ប៉ុន្តែ​ការឡើង​ទៅ​ជួប​កីឡាករ​តួ​ក​ម៉េ​នី​ស្ថាន Zyyamuhammet SAPAROV នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ស៊ូ បាលី បាន​ចាញ់​នៅ​វិនាទី​ចុងក្រោយ ជាមួយ​ពិន្ទុ ២-២​។​

​ជាមួយ​ការបរាជ័យ​ដ៏​គួរឱ្យ​សោកស្តាយ​នេះ ស៊ូ បាលី បាន​ធ្លាក់​មក​ដណ្តើម​មេដាយ​សំរឹទ្ធ​ជាមួយ​កីឡាករ​របស់​ម៉ុង​ហ្គោ​លី Munkhbayar TSOGTBAYAR ហើយ​គេ​បាន​យកឈ្នះ​ដោយ​ពិន្ទុ ៦-១ ចំណែក Zyyamuhammet SAPAROV បាន​បន្ត​យកឈ្នះ​កីឡាករ​របស់​កា​ហ្សា​ក់​ស្ថាន Abylay SOVET ដោយ​ពិន្ទុ ២-២ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បី​ទទួលបាន​មេដាយមាស លើ​ការប្រកួត​ចំបាប់​សេរី​ទម្ងន់​១២៥​គីឡូក្រាម​នេះ​។​


​យ៉ាងណាក៏ដោយ ការ​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​ពី​ការប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ី​អាយុ​ក្រោម​២៣​ឆ្នាំនេះ​របស់ ស៊ូ បាលី បាន​ក្លាយជា​កំណត់ត្រា​ថ្មី​មួយទៀត សម្រាប់​ក្រុម​ចំបាប់​កម្ពុជា​។

អ្នកគ្រូ ចូ​វ សុធា​រ៉ា បាន​និយាយថា​៖ «​កា​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ​នេះ ជា​លទ្ធផល​ដ៏​ល្អប្រសើរ​មួយ សម្រាប់​ក្រុម​ចំបាប់​កម្ពុជា ព្រោះ​ការចូលរួម​ប្រកួត​កន្លងមក យើង​មិន​ធ្លាប់បាន​ចំណាត់ថ្នាក់​ល្អ​នោះទេ​»​។​


​តែ​ទោះបីជា​យ៉ាងណា ចំពោះ​អតីត​ម្ចាស់​មេដាយមាស​កីឡា​អូឡាំពិក ឆ្នាំ​២០១២ លោក Komeil Ghasemi ដែលជា​គ្រូ​បង្គោល​ជាប់កិច្ចសន្យា​របស់​សហ​ព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ហាក់​មិនទាន់​ស្កប់​ស្កល់​ជាមួយ​ការ​ឈ្នះ​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​នេះ​ទេ ដោយ​គ្រូបង្វឹក​ជនជាតិ​អុីរ៉ង់​រូបនេះ ចង់ឃើញ​អត្ត​ព​លិ​ក​ចំបាប់​កម្ពុជា ជាពិសេស​កីឡាករ​កូនកាត់​ខ្មែរ​-​អុីរ៉ង់ ដណ្តើមបាន​មេដាយ​ជូន​កម្ពុជា នៅក្នុង​ការប្រកួត​កីឡា​អាស៊ី (Asian Games) នៅ​ប្រទេស​ចិន នា​ថ្ងៃទី​២៣ ខែកញ្ញា ដល់​ថ្ងៃទី​៨ តុលា ឆ្នាំ​២០២៣​។​

​អតីត​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ចូ​វ សុធា​រ៉ា បាន​បញ្ជាក់ថា​៖ «​ចំពោះ​លោកគ្រូ​អុីរ៉ង់ គាត់​មិន​ចង់បាន​ត្រឹម​លទ្ធផល (​ការ​ឈ្នះ​មេដាយ​សំរឹទ្ធ​) នេះ​ទេ គឺ​ទិសដៅ​របស់គាត់ ចង់បាន​អ្វីដែល​លើសពី​ការរំពឹងទុក​របស់គាត់ ជាពិសេស​ការប្រកួត​កីឡា​អាស៊ី ខាងមុខនេះ ដោយ​គាត់​ចង់ឱ្យ​កីឡាករ​កូនកាត់ ដែល​ចូល​មកលេង​នេះ ដណ្តើមបាន​មេដាយ​ឱ្យ​ក្រុម​ចំបាប់​កម្ពុជា​យើង​ផងដែរ​»​។​

​គួរ​បញ្ជាក់ថា សម្រាប់​ការប្រកួត U23 Asian Championship នៅ​ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន​នេះ សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ក្រោម​ការ​ទំនុកបម្រុង​របស់លោក Casey Barnett ជា​អនុប្រធាន បាន​បញ្ជូន​អត្ត​ព​លិ​ក​៤​នាក់ (​ស្រី​២​នាក់​) និង​គ្រូបង្វឹក​២​នាក់ ទៅ​ចូលរួម ប៉ុន្តែ​មានតែ​កីឡាករ ស៊ូ បាលី ម្នាក់​ទេ ដែល​ឈ្នះ​បាន​មេដាយ​សំរឹទ្ធ ចំណែក​កីឡាករ​កូនកាត់​ខ្មែរ​-​អុីរ៉ង់ ម៉ូ សារី និង​កីឡាការិនី ជា កញ្ញា ដែល​សុទ្ធតែជា​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឆ្នាំ​២០២៣ រួមទាំង​កីឡាការិនី ជឿន ស្រី​ឡែ​ន បាន​ចាញ់ និង​ធ្លាក់​ចេញពី​ការប្រកួត ទៅតាម​ប្រភេទ​ទម្ងន់​រៀងៗ​ខ្លួន​។​

​យ៉ាងណាក៏ដោយ​ចំពោះ​ការបញ្ជូន​អត្ត​ព​លិ​ក​ចំបាប់​កម្ពុជា ទៅ​ចូលរួម​ការប្រកួត​កីឡា​ចំបាប់​ជើងឯក​អាស៊ី ឆ្នាំ​២០២៣​នេះ លោក Casey Barnett បាន​ថ្លែងថា​៖ «​ការប្រកួត​នេះ ជា​ជំហាន​មួយ សម្រាប់​យើង​ក្នុងការ​ត្រៀមខ្លួន ទៅ​ចូលរួម​ការប្រកួត​កីឡា​អាស៊ី ដែល​នឹង​ធ្វើឡើង​នៅ​ប្រទេស​ចិន នៅ​ចុងខែ​កញ្ញា និង​ដើមខែ​តុលា ឆ្នាំ​២០២៣​នេះ​»​។​

បន្ថែម​លើ​នេះ អ្នកគ្រូ ចូ​វ សុធា​រ៉ា បាន​បញ្ជាក់ថា​៖ «​កីឡាការិនី​របស់​យើង នៅមាន​បទពិសោធន៍​តិចតួច សម្រាប់​ការចូលរួម​ប្រកួត​ធំៗ​បែបនេះ អ៊ីចឹង​លោក​អនុប្រធាន Casey បាន​បញ្ជូន​ឱ្យ​ពួកគេ មក​ប្រកួត​ជើងឯក​អាស៊ី​នេះ គឺ​ដើម្បី​ទទួលបាន​បទពិសោធន៍​ថ្មីៗ​បន្ថែម សម្រាប់​ត្រៀមខ្លួន​ចូលរួម​ការប្រកួត​កីឡា​អាស៊ី ហើយ​តាមរយៈ​ការប្រកួត​នេះ កីឡាការិនី​របស់​យើង​ទាំង​២​នាក់ បាន​ប្រឹងប្រែង​ខ្លាំង និង​បាន​ចំណាត់ថ្នាក់​ល្អ​ដែរ បើទោះបីជា​បាន​ចាញ់​ក្នុង​ព្រឹត្តិការណ៍​នេះ​»៕