ភ្នំពេញៈ កីឡាករជា​ម្ចាស់មេដាយ​មាស​ស៊ីហ្គេមឆ្នាំ​ ២០២៣ លន បញ្ញា និង ឡៅ ស៊ីណេត សុទ្ធតែបាន​ផ្តួល​អ្នកប្រដាល់​បរទេស​ឱ្យ​សន្លប់សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិដែល​ត្រូវ​បាន​ធ្វើ​ឡើងនៅ​សង្វៀន​ថោនចំណែក​ជើង​ខ្លាំង ម៉ឺន មេឃា​ បានសរសើរ​ពី​ភាពធន់របស់​​អ្នក​ប្រយុទ្ធ​ជើង​ចាស់របស់​ថៃដែល​មិន​ព្រម​សន្លប់ក្រោម​កណ្តាប់​ដៃរបស់​ខ្លួន។

សម្រាប់​ការ​ប្រកួត​Mas Fight ១​ទឹក​មាន​៩នាទីកាលពី​ថ្ងៃទី​១៨ខែមិថុនាកន្លង​មកម្ចាស់មេដាយមាស​ស៊ីហ្គេម​២ជំនាន់ផ្នែកកីឡា​វ៉ូវីណាមអេវីរៈខាំឈិតភូថងដែល​គេ​ស្គាល់ថាជាជើង​ខ្លាំង​ប្រដាល់​​គុន​ខ្មែរម៉ឺនមេឃានោះ ​បាន​​វាយ​សម្រុក​ទៅលើ​កីឡាករជើង​ចាស់របស់​ថៃឃុំភេតស.រាំងឆៃយ៉ាង​ខ្លាំងបន្ទាប់ពី​អ្នក​ទាំង​២នេះបាន​ទទួល​ការ​ព្រមាន​ពី​អាជ្ញាកណ្តាលឃឹមសុជាតិចំពោះ​ការ​ប្រកួតបែបខ្លាចៗគ្នារយៈពេល​ជាង​៣នាទី​ដំបូង។

ការ​ម៉ាត់ចូលពេញៗ​ និង​បន្ថែម​ដោយ​ការ​វាយកែង​របស់ម៉ឺនមេឃាបាន​ធ្វើឱ្យ​កីឡាករឃុំភេតវង្វេងវង្វាន់​រក​កល់​នឹងសន្លប់​នៅ​ក្នុងនាទីទី​៤​ទៅ​ហើយហើយ​ភ្លាមៗ​នោះមេឃាបាន​វាយសង្រ្គប់​បន្ថែម​កាន់តែ​ខ្លាំងក្នុង​គោលបំណង​ផ្តាច់​កីឡាករ​ថៃ​ម្នាក់នេះប៉ុន្តែឃុំភេតនៅតែ​អាច​ទប់​លំនឹង​ខ្លួននិង​រក្សា​ស្មារតី​វាយ​បក​មក​​លើម៉ឺនមេឃាវិញមិនព្រម​សន្លប់​​នោះ​ទេ។


ភាព​ធន់​របស់កីឡាករឃុំភេតបាន​បង្ខំ​ឱ្យម៉ឺនមេឃាបង្ខំ​​ចិត្ត​វាយ​បក​តាម​ធម្មតា​វិញហើយជាមួយគ្នា​នេះការ​វាយកែងនិង​ចូល​ចាប់បុកជង្គង់​របស់ឃុំភេតក៏​បាន​ធ្វើ​ឱ្យមេឃាហាក់​ធ្លាក់​កម្លាំង​ផងដែរនៅ​មុនពេល​អ្នកទាំង​២នេះត្រូវបាន​អាជ្ញាកណ្តាល​លើក​ដៃ​ឱ្យស្មើ​គ្នាតាម​ច្បាប់​របស់Mas Fight គឺ​គ្មាន​អ្នក​សន្លប់ត្រូវកំណត់​ឱ្យស្មើ​គ្នា។

ជាមួយគ្នានេះម៉ឺនមេឃាបាន​និយាយសរសើរពី​​កីឡាករឃុំភេតក្រោយ​ការ​ប្រកួត​​ថា៖«គាត់​មាន​ភាពធន់ដែល​អាច​ទប់​ជើងនិងដៃ​របស់​យើង​បានព្រោះនៅពេល​ខ្ញុំវ៉ៃ​គាត់​ឡើង​សឺ​នោះខ្ញុំ​គិត​ថានៅពេល​ខ្ញុំ​ដេញ​វាយសម្រុកបន្ថែម​​ទៅលើ​គាត់និងអាច​ផ្តាច់​គាត់ (ផ្តួលឱ្យ​សន្លប់) បានប៉ុន្តែចំពោះ​ស្ថាន​ភាពជាក់ស្តែងគឺ​គាត់​អាច​ទប់​លំនឹងឬទប់​ភាពសឺ​នេះ​​បានអ៊ីចឹង​ហើយខ្ញុំ​ក៏​បានដក​មក​វ៉ៃ​បែប​មួយៗជាមួយ​គាត់វិញ»។


យ៉ាង​ណា​ក៏​ដោយម៉ឺនមេឃាបាន​អះអាង​ថាបើ​សិនជា​ការ​ប្រកួត​នេះជា​លក្ខណៈ​ប្រកួត​៥ទឹកមិន​មែន​បែបMas Fight រូបគេ​នឹង​អាច​យក​ឈ្នះ​លើ​កីឡាករ​ថៃឃុំភេតម្នាក់នេះ​បាន។មេឃាបានបញ្ជាក់​ថា៖ «បើវ៉ៃ​តាមក្បាច់​វិញខ្ញុំ​អាច​យក​ឈ្នះ​គាត់​បានព្រោះ​តាម​រយៈការ​ប្រកួតនេះគាត់​បាន​តែ​ចូល​ចាប់បុកជង្គង់​មួយ​មុខ​ទេក្រៅ​ពី​នោះគាត់​មិន​បានវ៉ៃ​ចូលខ្ញុំ​ច្រើន​ឡើយប៉ុន្តែ​​ការ​ប្រកួត​ជាមួយជា​កីឡាករ​ជើងចាស់ដូចជាគាត់​ធ្វើ​ឱ្យ​​យើងបានទទួល​បទ​ពិសោធន៍​​ច្រើន​បន្ថែម​ទៀត»។

យ៉ាង​ណា​មិញកីឡាករ​វ័យ​​ក្មេងឡៅស៊ីណេតដែលទើប​តែ​ឈ្នះ​បានមេដាយមាស​ស៊ីហ្គេម​លើ​ប្រភេទ​កីឡា​គុនខ្មែរកាលពី​ពេលថ្មីៗនេះបាន​បង្ហាញ​វត្ត​មានជា​ថ្មីនៅលើ​សង្វៀន​ថោនកាលពី​ថ្ងៃទី១៨​មិថុនា​​នោះដែរហើយ​តាម​រយៈការ​ប្រកួតជាមួយ​កីឡាករ​ថៃ​ឈ្មោះភេតច្នាសកននោះស៊ីណេតបាន​វាយកែងនិង​បន្ថែម​ដោយ​ការ​បុក​ជង្គង់បណ្តាល​ឱ្យ​ថៃ​ម្នាក់​នេះសន្លប់​ធំនៅក្នុង​ទឹក​ទី​៣។

ជាមួយជ័យជម្នះនេះឡៅស៊ីណេតបាន​និយាយ​ថា៖​«​​នេះជាការ​ប្រកួត​លើក​ទី​១​របស់​ខ្ញុំតាំង​ពី​ស៊ីហ្គេមបាន​បញ្ចប់ហើយ​វា​ក៏ជា​លើក​ទី​៩ដែល​ខ្ញុំ​​បាន​​ផ្តួល​​កីឡាករ​បរទេសឱ្យ​សន្លប់​ផងដែរគឺ​គ្រប់​ការ​ប្រកួត​អន្តរជាតិខ្ញុំ​បាន​វ៉ៃ​ឱ្យ​ដៃគូ​សន្លប់ទាំង​អស់ចំណែក​កីឡាករ​ថៃម្នាក់នេះគឺ​ជា​លើក​ទី​២​ហើយដែល​ខ្ញុំបាន​ផ្តួល​គាត់ឱ្យ​សន្លប់ខណៈការជួបគ្នា​កន្លងមកខ្ញុំ​បាន​វ៉ៃគាត់ឱ្យ​សន្លប់នៅ​ក្នុង​ទឹក​ទី​៤»។

យ៉ាង​​ណា​ក៏​ដោយក្មួយ​ប្រុស​របស់​អ្នក​ប្រដាល់​ត្រកូល«ឡៅ»រូបនេះមិន​បាន​បង្ហាញ​ពីមោទនភាព​របស់​ខ្លួនឯង​ទេ។ស៊ីណេតបានបញ្ជាក់​ថា៖ «​ខ្ញុំមាន​អារម្មណ៍រីក​រាយមែនទែនដែល​បានផ្តួលកីឡាករ​បរទេស​ឱ្យ​សន្លប់ជាប់ៗគ្នា​បែបនេះប៉ុន្តែ​សម្រាប់​ខ្ញុំគឺ​មិនដែល​គិតថាខ្លួន​ឯង​​ល្អ​ម្តង​ណា​ទេអ៊ីចឹង​ហើយ​ខ្ញុំ​មានតែ​ខំ​ប្រឹង​ប្រែង​ហាត់​រៀនពង្រឹង​​គុណ​ភាព​កម្លាំងដើម្បី​មាន​​បច្ចេក​ទេស​វ៉ៃ​​បន្ថែម​ទៀត»។

ដោយឡែក​ម្ចាស់​មេដាយមាសស៊ីហ្គេមលនបញ្ញាបាន​ផ្តួល​អ្នកប្រដាល់របស់ម៉ារ៉ុកHamzaBahiឱ្យ​សន្លប់ដោយការ​ទាត់​ចូល​កញ្ចឹងកនៅពាក់​កណ្តាល​ទឹក​ទី​១សម្រាប់​ការ​ប្រកួតនៅ​សង្វៀន​ថោន​នេះដែរកាលពី​ថ្ងៃទី​១៧ខែមិថុនា។ចំណែក​កីឡាករអេអាំម៉ារីន​ភូថងដែលជាប្អូនប្រុស​របស់ម៉ឺនមេឃាបាន​ម៉ាត់​កីឡាករ​ថៃឈោកមង្ឃុនឱ្យ​សន្លប់​នៅ​ទឹក​ទី​៣រីឯ​បងស្រីរបស់​គេអេយ៉ានុតបាន​យក​ឈ្នះ​កីឡាការិនី​ថៃHangyoklekLiangprasertដោយ​ពិន្ទុតែយ៉ានុតក៏មានរបួស​បែកនៅលើ​ថ្ងាសហូរឈាម​មិនដាច់​ផងដែរ៕