ភ្នំពេញៈ ក្លិប​បាល់​ទះវិសាខា ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​កីឡាករ​ជម្រើសជាតិ ទើបឈ្នះ​បាន​មេដាយ​ប្រាក់ នៅ​ស៊ីហ្គេម ឆ្នាំ ​២០២៣ កាលពី​ពេលថ្មីៗ​នេះ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី កាលពី​រសៀលថ្ងៃទី​ ២០ ខែមិថុនា ដើម្បី​ចូលរួមការ​ប្រកួត​ពាន​រង្វាន់ Johor Bahru Mayor’s Cup 2023 នៅទី​នោះ ដែល​នឹងចាប់​ផ្ដើមដំណើរការ​​ប្រកួតជា​ផ្លូវការ ​ពី​ថ្ងៃទី​ ២២ ដល់​ទី ២៥ ខែមិថុនា ឆ្នាំ​ ២០២៣។

សម្រាប់ការ​ប្រកួត​ពាន​រង្វាន់​មួយ​នេះ មាន​ក្លិបចំនួន​៧​បាន​ចូល​រួម ដោយបែង​ចែកជា​ ២ ពូល ហើយ​តាម​រយៈការ​ចាប់ឆ្នោត​​រួច​ហើយ​នោះ គឺ​ពូល ​A មាន ក្លិប Win Streak Taiwan ក្លិប Sarawak ក្លិប Visakha Cambodia និងក្លិប Wei Xu Johor SUKMA ចំណែក​ពូល B មាន​ក្លិប Shah Alam City Council ក្លិប Songkhla Thailand និង​ក្លិប Way Li Taiwan។

ចំពោះ​​ការ​ទៅ​ចូលរួមពាន​ Johor Bahru Mayor’s Cup របស់​ក្រុម​វិសាខា នេះ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះកម្ពុជា បាន​ថ្លែង​ថា៖ ​«ខ្ញុំ​គិត​ថា ពាន​មួយ​នេះ ជា​ការ​កែ​ប្រែមុខ​មាត់​ថ្មី​មួយ​ទៀត ក្នុងការ​ផ្តល់ឱកាស​ឱ្យ​កីឡាករ​​របស់​​កម្ពុជា​បាន​ប្រកួត​ប្រជែង ពង្រឹង​សមត្ថភាព នៅក្រៅ​ប្រទេស។ ជាក់​ស្តែង​​​ក្លិប​វិសាខា​ មាន​ជម្រើស​ជាតិ​ច្រើន នៅ​ទី​នោះ អ៊ីចឹង​វាជា​ការ​បើក​ឱកាសដុស​ខាត់​សមត្ថ​ភាព​របស់​​ពួ​ក​គាត់ ទៅ​តាមផែនការ​មេ​របស់​​សហព័ន្ធ ក្នុងការ​អភិវឌ្ឍ​​វិស័យ​បាល់​ទះ​នៅ​កម្ពុជា»។


ជាមួយគ្នា​នេះ លោក អាំង សិរីពិសិដ្ឋ បាន​អះអាង​ថា ​វិសាខា មានការ​តាំង​ចិត្ត ​ដណ្តើម​យក​ពាន​មួយ​នេះ ប៉ុន្តែ​ការ​ប្រកួត អាច​នឹង​តានតឹង​ខ្លាំង ព្រោះ​ត្រូវ​ប្រឈម​សុទ្ធ​តែជាមួយ​ក្រុមខ្លាំងៗ ជាពិសេស​សម្រាប់ការ​ប្រកួត​បើក​ឆាក នៅ​ថ្ងៃទី ​២២ ខែមិថុនា ក្រុម​វិសាខា​របស់​កម្ពុជា ត្រូវ​ប្រកួត​​២​លើក គឺ​ប៉ះ​ក្រុម Wei Xu Johor SUKMA នៅព្រឹក​ម៉ោង​ ១០ និង​ជួប​ក្រុម Win Streak នៅម៉ោង​ ៨ ​យប់ ហើយ​​ប្រកួតជម្រុះចុង​ក្រោយជាមួយ​ក្រុម​ Sarawak ត្រូវ​ធ្វើ​នៅល្ងាច​​ម៉ោង ៦ ថ្ងៃទី​ ២៣ មិថុនា។​​

ប្រធានប្រតិភូដឹកនាំ​ការចេញ​ទៅ​​ប្រកួត លោក សិរីពិសិដ្ឋ បានបញ្ជាក់ថា៖ «វាជា​ការ​ពិត​ណាស់ នៅពេលយើងចេញ​ទៅ​ប្រកួត គឺ​យើង​​បាន​ដាក់​ចិត្តដាក់​កាយ ក្នុងការ​ដណ្តើម​យក​លេខ​១ហើយ គឺ​មិនមានក្លិប​ណា ចង់​ទៅ​ប្រកួត ដើម្បី​ត្រឹម​តែ​បាន​​ប្រកួត​នោះ​ទេ។ ជាក់​ស្តែង​ក្លិប​វិសាខា គាត់​បាន​ប្តេជ្ញា​ចិត្ត​ហើយ​ថា ទៅ​ប្រកួត​​យក​ពាន មិន​មែន​ទៅ​ដក​ស្រង់បទពិសោធន៍​ទេ»។


«យ៉ាង​ណា​ក៏​ដោយ តាម​រយៈ​លទ្ធផល​នៃ​ការ​បែងចែក​ពូល គឺ​ក្លិប​វិសាខា ១ ថ្ងៃ ​ត្រូវលេង​ដល់​ទៅ ២ ​ប្រកួត អ៊ីចឹង​ប្រហែល​គាត់​ត្រូវ​ធ្វើ​ការ​ងារ​នេះធ្ងន់​បន្តិច​ហើយ ដោយសារ​ការ​ប្រកួតនេះ មាន​​រយៈពេល​ខ្លី ដូច្នេះ​អ្នក​​រៀបចំ​ការប្រកួត ​បានសម្រួច​ការ​ប្រកួត​ទៅតាម​ហ្នឹង ដើម្បី​ឱ្យ​ចប់​ទៅ​តាម​​កម្ម​វិធី ដែល​ធ្វើឱ្យ​ពូលរបស់​ក្លិប​វិសាខា គឺ​ ១ ក្រុមៗ ត្រូវ​ប្រកួត​ ២ លើក ក្នុង ​១ ថ្ងៃដូចគ្នា»។ លោក អាំង សិរីពិសិដ្ឋ បាន​បញ្ជាក់​បន្ថែម។

កីឡាករ​សំខាន់​ៗ ដែល​បាន​ជួយ​ឱ្យក្រុម​ជម្រើស​ជាតិ​កម្ពុជា ឈ្នះ​មេដាយ​ប្រាក់ ជា​ប្រវត្តិសា​ស្រ្ត ក្នុង​ព្រឹត្តិការ​ណ៍ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ កាល​ពី​ពេលថ្មីៗ​នេះ រួម​មាន សួន ចាន់ណារ៉ូ កីឡាករ ពិន សារុន, វឿន វាសនា, គួន ម៉ុម, ផុល រតនៈ, មួន និមល, ខឹម សុវណ្ណដារ៉ា, សឿន ហេង និង ឌិន ស៊ីដែន សុទ្ធតែ​បាន​រួមដំណើរជាមួយក្រុម​វិសាខា ទៅ​ប្រកួត​ពាន​​មួយនេះ ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​ប្រេស៊ីល លោក Beerto Friol Barrios និងគ្រូ​បង្វឹក​ជំនួយ​លោក គាំ ស៊ាងហ៊ីន លោក នៅ សាម៉េត លោក ហុង វណ្ណឆៃ និង​គ្រូ​​ពេទ្យ​​ ២ ​នាក់​​ទៀត។

បន្ថែម​លើ​នេះ វិសាខា ក៏​បាន​នាំ​យក​កីឡាករ​ប្រេស៊ីល Lester Sanchez, Raciel Herrera និង Liosbel Lgesias ទៅចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់ Johor Bahru Mayor’s Cup 2023 នេះ​ផងដែរ។ ​​អ្នកទាំង៣នេះ ជា​កីឡាករ​បរទេស ដែល​ក្លិប​វិសាខា ទើបតែ​បាន​ចុះ​កិច្ចសន្យា​​​យកមក​ជួយ​​ដល់​ក្រុម សម្រាប់​ត្រៀម​​ការ​ប្រកួតលីគ​បាល់​ទះ​​កម្ពុជា ដែល​​នឹង​ត្រូវ​​បង្កើត​ឱ្យ​មាន​ឡើង​ជា​លើក​ដំបូង នៅ​ចុងឆ្នាំ​ ២០២៣ ​នេះ ដោយ​បើក​ឱ្យ​ក្លិបក្នុង​ស្រុក​នានា អាច​នាំ​យក​កីឡាករ​​បរទេស​មក​ចូលរួម​ដែរ។

ទាក់​ទងទៅដល់​កម្រិត​លេង​របស់​កីឡាករ​ប្រេស៊ីល​​ទាំង​ ៣​ នាក់​នេះ លោក អាំង សិរីពិសិដ្ឋ បាន​​និយាយ​ថា៖ «ចំពោះ​កីឡាករ​បរទេស ដែល​បានចូលរួមជាមួយ​វិសាខា ខ្ញុំ​ជឿជាក់​ថា គាត់មានគុណ​ផល​ល្អ ប៉ុន្តែ​​ការ​លេង​​ជាមួយ​កីឡាករ​ខ្មែរ នៅក្នុង​ក្រុម ប្រហែល​ជា​មិន​ទាន់​​​មាន​​​ភាព​ស៊ីចង្វាក់​គ្នា​ ១០០​ ភាគរយ​នៅ​ឡើយ​ទេ ដោយ​សារ​តែ​ពួកគាត់ ទើប​បានមក​ប្រមូល​ផ្តុំ ក្នុង​រយៈពេល​ខ្លីដែរ​ទេ»។

យ៉ាង​ណា​ក៏ដោយ លោក សិរីពិសិដ្ឋ បាន​បន្ថែម​ថា៖ «បើ​យើង​ចង់​អភិវឌ្ឍ​កម្រិតសមត្ថ​ភាព​​កីឡាករក្នុង​ស្រុក​ឱ្យកាន់តែ​ខ្ពស់ ទាល់តែ​យើងមាន​ល្បាយ​ជាមួយ​កីឡាករ​បរទេសឱ្យ​បាន​ច្រើន អ៊ីចឹង​​ហើយ​​ទើប​ខ្ញុំ​បាន​អំពាវនាវ​ឱ្យ​បណ្តា​ក្លិប​​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​លទ្ធភាព​ គួរតែ​ស្វះ​ស្វែងរក​កីឡាករ​បរទេស​ ដើម្បី​ជួយ​ដល់​ក្លិបឱ្យកាន់តែ​​ខ្លាំង ព្រោះ​ថា ​នៅចុងឆ្នាំ​នេះ យើង​នឹង​បង្កើត​​​ឱ្យ​​មាន​លីគ​បាល់​ទះ ដោយ​យើង​អនុញ្ញាត​ឱ្យកីឡាករ​បរទេស ​លេង​​នៅក្នុង​ចំណោម​ក្លិប​របស់​​​​កម្ពុជា​យើង​ដែរ»៕