ភ្នំពេញ៖ កីឡាករ កីឡាការិនី​ចំបាប់​កម្ពុជា ទាំង​ក្រុម​អាយុក្រោម ១៧ ឆ្នាំ និងអាយុ​ក្រោម ២០ ឆ្នាំ នឹង​ចាប់​ផ្តើម​ប្រកួតកីឡាចំបាប់​ ជ្រើស​រើស​ជើងឯក​យុវជន​​​អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៣ នៅ​ប្រទេស​ថៃ ថ្ងៃពុធ​នេះ រហូត​ដល់​​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បី​ពង្រឹងសមត្ថ​ភាព និងស្មារតីប្រយុទ្ធ​ឱ្យកាន់តែ​រឹងមាំ សម្រាប់ត្រៀម​ការ​ប្រកួត​ធំៗ នៅលើ​ឆាក​អន្តរជាតិ ជាបន្ត​ទៀត។

​សម្រាប់​ការ​ប្រកួតកីឡាចំបាប់ ​ជ្រើស​រើស​ជើងឯក​យុវជន​​​អាស៊ីអាគ្នេយ៍ ឆ្នាំ ២០២៣ ដែល​ធ្វើ​នៅសាកលវិទ្យាល័យកីឡាជាតិថៃ (Thailand National Sports University) នា​ខេត្ត Phetchabun នេះ គឺ​មានការ​ប្រកួត​ទាំង​ក្រុម​អាយុ​ក្រោម​១៣​ឆ្នាំ ក្រោម​​ ១៥ ឆ្នាំ ក្រោម​​ ១៧​ ឆ្នាំ និង​អាយុ​ក្រោម ​២០ ​ឆ្នាំ ទាំង​លើ​ចំបាប់ឆ្នេរ​ខ្សាច់ និងចំបាប់​លើកម្រាល។

ប៉ុន្តែ​សម្រាប់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បានបញ្ជូន​តែ​ក្រុម​អាយុ​ក្រោម ​១៧ ​ឆ្នាំ និង​អាយុ​ក្រោម​ ២ ០​ឆ្នាំ​ចូលរួមទេ ដោយ​មាន​កីឡាករ​២នាក់ និង​កីឡាការិនី៧​​នាក់ ដោយ​​ប្រកួត​​ចំបាប់​លើ​កម្រាល​ដូចគ្នា ហើយក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹកលោក​ កាង​ ដែនពិសិដ្ឋ​ និង​គ្រូជំនួយ​ លោក នុត​ សុផុល គឺ​​ក្រុមប្រតិភូកីឡា​​ចំបាប់​កម្ពុជា បាន​ធ្វើដំណើរ​ទៅ​ដល់ប្រទេស​ថៃ កាលពី​ថ្ងៃទី ​២៧ ខែ​មិថុនា។


យ៉ាង​ណា​មិញ ក្រុម​ចំបាប់​​អាយុ​ក្រោម ​១៧ ​ឆ្នាំ​របស់​កម្ពុជា រួម​មានកីឡាការិនី ស៊ីម សុធឺន ទម្ងន់ ​៤៩​ គីឡូក្រាម នក់ ស៊ីណាន់ ទម្ងន់​ ៥៧ គីឡូក្រាម ផាត សុម៉ាលី ទម្ងន់ ​៥៣ ​គីឡូក្រាម កីឡាការិនី​​ទម្ងន់ ​៤៩ គីឡូក្រាម ចាន់ សុផានុត និង​កីឡាករ ស៊ីម​ ប្រសើ ទម្ងន់​ ៤៥​ គីឡូក្រាម នឹងចាប់​ផ្តើម​​​​ប្រកួត​ប្រជែង នៅ​ថ្ងៃ​ពុធ​នេះ។

ក្រុម​កីឡាករ និងកីឡាការិនី​ចំបាប់កម្ពុជា​ អាយុ​ក្រោម​១៧ឆ្នាំ ដែល​ត្រូវ​ធ្វើការ​ប្រកួត នៅ​ថ្ងៃពុធនេះ។ រូប​ថត សហការី


ចំណែក​​ក្រុម​អត្តពលិក​អាយុក្រោម​ ២០ ​ឆ្នាំ រួម​មាន​កីឡាករ​ទម្ងន់ ​៧៩ គីឡូក្រាម អុល សៅហេង កីឡាការិនី ស៊ីម គាថា ទម្ងន់ ​៥០ គីឡូក្រាម សម្បត្តិ វណ្ណៈ ទម្ងន់ ​៥៧ គីឡូក្រាម និង​​កីឡាការិនី ជឿន ស្រីឡែន ទម្ងន់​៦២​គីឡូក្រាម ​នឹង​​​ត្រូវ​ធ្វើ​ការ​ប្រកួត​ជា​បន្ត​ នៅ​ថ្ងៃ​បន្ទាប់ ខណៈ​ព្រឹត្តិការណ៍​នេះ មាន​អត្តពលិក​ចូលរួម​ប្រមាណ​ ៣០០​ នាក់ ដែល​សុទ្ធសឹង​តែជា​អ្នកចំបាប់​មក​ពី​​តាម​​ក្លិប​ផ្សេងៗ នៅ​ក្នុងប្រទេស​ថៃ។

បើទោះបីជា​ការ​ប្រកួត​កីឡាចំបាប់​ជ្រើស​រើស​ជើងឯក​យុវជន​​​អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅ​​ប្រទេស​ថៃ​នេះ មិនមាន​ប្រទេស​ផ្សេងៗ​បានបញ្ចូលក្រុម​​អត្តពលិក​មក​ចូលរួម ក្រៅតែ​ពីកម្ពុជា ប៉ុន្តែ​លោក​ កាង​ ដែនពិសិដ្ឋ បាន​មើល​ឃើញ​ថា ការ​ប្រកួតនឹងមាន​ភាពស្វិត​ស្វាញ ដែល​នឹងផ្តល់​ផល​ចំណេញ​ដល់​ក្រុម​ចំបាប់​កម្ពុជា ជាពិសេស​ក្រោមអាយុ​ក្រោម​១៧​ឆ្នាំ ដោយពួកគេ​ត្រូវ​ការ​បទពិសោធន៍​ប្រកួត នៅ​ក្រៅ​ប្រទេស​បែបនេះ ដើម្បី​ពង្រឹង​សមត្ថ​ភាព និងស្មារតី​ប្រយុទ្ធ​ឱ្យ​កាន់តែ​មុះមុត សម្រាប់​ឈាន​ទៅកាន់ការ​ប្រកួត​ធំៗ នៅ​លើ​ឆាក​អន្តរជាតិ នាពេល​អនាគត។

គ្រូ​បង្វឹករូប​នេះ បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា៖​ «​ការ​ប្រកួតនេះ នឹង​​ផ្តល់ឱកាសឱ្យ​​ក្រុម​កីឡាករ កីឡាការិនី​ថ្នាល​របស់​យើង បានប្រកួត​​ដក​ស្រង់បទពិសោធន៍ ព្រោះ​បើ​សិនជា​​ពួកគាត់ អត់​មាន​ការ​​ប្រកួត នៅ​ក្រៅ​ប្រទេស​ទេ ពួក​គាត់​នៅតែ​មាន​អារម្មណ៍​ភ័យ ដូច្នេះការ​ផ្តល់ឱកាស​ឱ្យ​ពួកគាត់ បាន​ប្រកួត​ច្រើន នៅ​ក្រៅ​ប្រទេស វាជារឿងដ៏​សំខាន់បំផុត ដែល​នឹង​ជួយ​ឱ្យ​ពួកគាត់​មាន​ភាព​ម្ចាស់​ការ និងស្មារតីប្រយុទ្ធ កាន់តែ​មុតមាំ សម្រាប់​ការ​ឈានទៅកាន់ការ​ប្រកួត​ព្រឹត្តិការណ៍​ធំៗ ជាបន្ត​ទៀត នៅលើ​ឆាក​អន្តរជាតិ»៕​​