លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានស្នើ​ឱ្យ​គណៈ​គ្រប់គ្រង​សហព័ន្ធ ស្វែងរក​យុទ្ធសាស្ត្រ ថ្មីៗ​បន្ថែម ក្នុងការ​បង្វឹក​កីឡាករ កីឡាការិនី ទាំង​នៅក្នុង និង​ក្រៅប្រទេស ក៏ដូចជា​រៀបចំ​ឡើងវិញ​នូវ​សម្ភារ​បរិក្ខារ​ក្នុងការ​ហ្វឹកហាត់ ឱ្យ​កាន់តែ​សម្បូរបែប និង​មាន​ប្រសិទ្ធភាព​។ ជាពិសេស​គឺ​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣៣ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ថៃ ក្នុង​ឆ្នាំ​២០២៥​ខាងមុខ​។​

​ការស្នើ និង​ជំរុញ​នេះ​ធ្វើឡើង​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ គ្រូបង្វឹក មន្ត្រី​បច្ចេកទេស កីឡាករ កីឡាការិនី​ហែល​ទឹក នៅ​ថ្ងៃទី ៣០​ខែមិថុនា​នេះ ក្រោយ​ជោគជ័យ​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​២០២៣ និង​ទទួល​អនុសាសន៍ យុទ្ធសាស្ត្រ​ថ្មីៗ ពី​ថ្នាក់ដឹកនាំ​សម្រាប់​ការប្រកួត​នៅពេល​ខាងមុខ​។

​ពិធី​សំណេះសំណាល​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​សម្តែង​នូវ​ការអបអរសាទរ និង​ថ្លែងអំណរគុណ​ជូន​ចំពោះ មន្ត្រី​បច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី និង​អ្នកពាក់ព័ន្ធ​ទាំងអស់ នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ដែល​បាន​ចំណាយ​អស់​កម្លាំងកាយ​ចិត្ត និង​ពេលវេលា ក្នុងការ​បង្វឹក ហ្វឹកហាត់ រៀបចំ និង​សម្របសម្រួល​លើ​គ្រប់ផ្នែក នៅក្នុង​ព្រឹត្តិការណ៍ នៃ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ រហូត​សម្រេចបាន​លទ្ធផល​ជោគជ័យ​គាប់ប្រសើរ​។ ក្នុងនោះ​ទទួលបាន​នូវ​មេដាយ​សរុប​ចំនួន ៧​គ្រឿង រួមមាន មាស ២​គ្រឿង ប្រាក់ ១​គ្រឿង និង​សំរឹទ្ធ ៤​គ្រឿង​។ នេះ​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។


​ថ្លែង​ក្នុងឱកាស​នោះ លោក​ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានបង្ហាញ​នូវ​មោទនភាព​ចំពោះ​កីឡាករ កីឡាការិនី​គ្រប់រូប មិន​ថា​អ្នក​ដែល​ទទួលបាន​មេដាយ ឬ​មិនបាន​មេដាយ​ក៏ដោយ ខណៈ​លោក​បាន​មើលឃើញ​ពី​ការប្តេជ្ញាចិត្ត និង​ការខិតខំ​ប្រឹងប្រែង​ខ្ពស់ របស់​កីឡាករ កីឡាការិនី​គ្រប់ៗ​រូប ដើម្បី​លើកមុខ​មាត់​ជូន​ជាតិ​មាតុភូមិ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​នេះ​។

​លោក​ថា​៖«​ក្នុងនាម​ប្រធាន​សហព័ន្ធ សូម​ផ្តល់​អនុសាសន៍​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស គ្រូបង្វឹក និង​កីឡាករ កីឡាការិនី និង​អ្នកពាក់ព័ន្ធ​ទាំងអស់ សូម​បន្ត​នូវ​ស្មារតី​ប្រឹងប្រែង​ដើម្បី​ជាតិ​បែបនេះ​ទៀត និង​ត្រូវ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​លទ្ធផល​កាន់តែ​ល្អប្រសើរ សម្រាប់​ការប្រកួត​នៅពេល​បន្តបន្ទាប់​"​។


​ជាមួយគ្នានេះដែរ លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក ក៏បាន​លើក​ឡើងជា​សំណូមពរ​មួយចំនួន ដើម្បី​គោរព​ស្នើសុំ​គោលការណ៍​ពី​លោក ស៊ុន ចាន់ថុល រួមមាន (១)​ពិនិត្យ​លទ្ធភាព​ក្នុងការ​ជំរុញ​បន្ថែម​សម្រាប់​ការប្រកួត​ប្រចាំ​សហព័ន្ធ អាច​ប្រព្រឹត្ត​ទៅតាម​កាលបរិច្ឆេទ (២)​ពិនិត្យ​លទ្ធភាព​ក្នុងការ​ជំរុញ​បន្ថែម ការបញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ទាំង​រយៈពេល​វែង និង​ខ្លី (៣)​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្តល់នូវ​ការឧបត្ថម្ភ​គាំទ្រ​នូវ​សម្ភារ​បច្ចេកទេស​បន្ថែម សម្រាប់​ការហ្វឹកហាត់​។​

​ជាការ​ឆ្លើយតប លោក ស៊ុន ចាន់ថុល បានស្នើ​ឱ្យ​គណៈ​គ្រប់គ្រង​សហព័ន្ធ ស្វែងរក​យុទ្ធសាស្ត្រ​ថ្មីៗ​បន្ថែម ក្នុងការ​បង្វឹក​កីឡាករ កីឡាការិនី ទាំង​នៅក្នុង និង​ក្រៅប្រទេស ក៏ដូចជា​រៀបចំ​ឡើងវិញ​នូវ​សម្ភារ​បរិក្ខារ​ក្នុងការ​ហ្វឹកហាត់ ឱ្យ​កាន់តែ​សម្បូរបែប និង​មាន​ប្រសិទ្ធភាព​។

​មួយវិញទៀត លោក​បានផ្តល់​អនុសាសន៍​ដល់​សហព័ន្ធ ពិនិត្យ​លទ្ធភាព​ក្នុង​ការបង្កើត​ក្រុមកីឡា​បាល់​ទឹក​នារី (Female Water Polo Team) ដែល​សព្វថ្ងៃ​នៅក្នុង​តំបន់​មានតែ ៤​ក្រុម ប៉ុណ្ណោះ ដែល​នេះ​គឺជា​កាលានុវត្តភាព​។ បន្ថែម​ពីនេះ លោក​បាន​ស្នើឱ្យ​សហព័ន្ធ​គិតគូរ​បន្ថែម​លើ ក្រុម​កីឡាករ​ហែល​ទឹក ដែលមាន​ពិការភាព (Para Swimmer) ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​មាន​កន្លែង​ស្នាក់នៅ និង​ហូបចុក​គ្រប់គ្រាន់ ត្រឹមត្រូវ​តាម​បទដ្ឋាន​អាហារូបត្ថម្ភ​។​

​ដើម្បី​ជាការ​លើកទឹកចិត្ត​ចំពោះ សមាជិក សមាជិកា សហព័ន្ធ​គ្រប់រូប ដើម្បី​បន្ត​បេសកកម្ម​ទៅមុខទៀត លោក ស៊ុន ចាន់ថុល ប្រធាន​ស​ព័ន្ធ អ្នកឧកញ៉ា អនុប្រធាន​សហព័ន្ធ បានសម្រេច​ផ្តល់នូវ​ថវិកា​ឧបត្ថម្ភ​ជូន​ដល់ ថ្នាក់ដឹកនាំ មន្ត្រី​បច្ចេកទេស គ្រូបង្វឹក និង​កីឡាករ កីឡាការិនី និង​អ្នកពាក់ព័ន្ធ សរុប​ចំនួន​ជិត ៨​ម៉ឺន​ដុល្លារ​៕​