ភ្នំពេញៈ ​អតីត​កីឡាករ​ជើង​ខ្លាំង ឃីម ឌី​ម៉ា (​ឃុន ឌី​ម៉ា​) ដែល​បាន​វិ​វ​ឌ្ឍ​ខ្លួន​ទៅជា​គ្រូបង្វឹក និង​ជា​អាជ្ញាកណ្តាល ចៅក្រម​ទៅហើយនោះ គឺ​ពេលនេះ​រូបគេបានសម្រេច​ចិត្ត​វិល​មកកាន់​សង្វៀន​ប្រដាល់ ក្នុងនាម​ជា​កីឡាករ​ជាថ្មី ហើយ​សង្វៀន​ថោ​ន ជា​កន្លែង​ដែល​អ្នក​ប្រដាល់​រូបនេះត្រូវ​បង្ហាញ​សមត្ថភាព​មុនគេ បន្ទាប់ពី​ខកខាន​ប្រកួត​អស់​រយៈពេល​ចូល ​៤ ​ឆ្នាំ​។​

​អ្នក​ប្រដាល់ មាន​រហស្សនាម «​នាគ​ខ្មៅ​» ឃីម ឌី​ម៉ា បាន​ក្លាយជា​កីឡាករ​គុន​ខ្មែរ​ដំបូង​គេ ដែល​ដណ្តើមបាន​មេដាយមាសពី​ការប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​រូបគេបាន​យកឈ្នះ​កីឡាករ​ថៃ Chonlawit នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ជ័យជម្នះ​ដ៏​ធំ​នេះបានធ្វើឱ្យ ឌី​ម៉ា មានឈ្មោះ​បោះ​សំឡេង​កាន់តែខ្លាំង និង​ត្រូវបាន​គេ​ចាត់ទុកថា ជា​ជើង​ខ្លាំង​គ្មាន​គូ​ប្រៀប ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​។​

​តែ​ទោះបីជា​យ៉ាងណា ភាពល្បីល្បាញ​ជាមួយ​បច្ចេកទេស​ប្រកួត​ដ៏​ល្អ​ឯក​របស់ ឃីម ឌី​ម៉ា ត្រូវបានកប់​ចោល មិនអាច​យកមកប្រើ​ប្រាស់​ទៀត​បាន បន្ទាប់ពី​អ្នក​ប្រដាល់​មាន​ដើមកំណើត នៅ​ខេត្តបន្ទាយមានជ័យ​រូបនេះ មាន​របួស​ជង្គង់ បន្ទាប់ពី​ប្រកួត​ស្មើ​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ Kav Kongvan នា​ដើមឆ្នាំ​២០១៩ ហើយ​បញ្ហា​របួស​នេះ ក៏បាន​ធ្វើឱ្យ ឌី​ម៉ា មិនអាច​ទៅ​ប្រកួត​ការពារ​មេដាយមាស នៅ​ស៊ី​ហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ពីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ផងដែរ​។​


​បើទោះបីជា ឃីម ឌី​ម៉ា បាន​វះកាត់​ដោយ​ជោគជ័យ​នូវ​របួស​ជង្គង់​របស់ខ្លួន ប៉ុន្តែ​រូបគេមិនបាន​វិលត្រឡប់​មកកាន់​ការប្រកួត​វិញ​ទេ ដោយ​ម្ចាស់​ខ្សែក្រវាត់​៤​ស្ថាប័ន​រូបនេះបានទទួល​តួនាទី​ថ្មី ជា​គ្រូ​ជំនួយ​ក្នុង​ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ ជាមួយ​ឪពុក​របស់គេ គឺ​លោក ហេង ប៊ុន​ឃីម នៅ​ឆ្នាំ​២០២១ ប៉ុន្តែ​ពេលនេះ ឌី​ម៉ា បានសម្រេច​ចិត្ត​ច្បាស់​ហើយ ក្នុង​ការវិល​មកកាន់​ការប្រកួត​វិញ​។​

​កីឡាករ ឃីម ឌី​ម៉ា បាន​ប្រាប់​កាលពី​ថ្ងៃទី​៤ ខែកក្កដា ថា​៖ «​របួស​ជើង​របស់ខ្ញុំ បានជា​សះស្បើយ​ចូល​៣​ឆ្នាំ​មកហើយ ហើយ​កាលដែល​ខ្ញុំ​មិនទាន់​សម្រេច​ចូលមក​ប្រកួត​វិញ​ក្នុង​រយៈពេល​នោះ ដោយសារ​ខ្ញុំ​ជាប់​បំពេញ​តួនាទី​ជា​គ្រូ​ជំនួយ​នៃ​ក្រុម​ជម្រើសជាតិ ប៉ុន្តែ​ពេលនេះ ខ្ញុំ​មាន​ពេលវេលា​អាច​វិលត្រឡប់​មកកាន់​ការប្រកួត​ជាថ្មី​បាន​ហើយ ព្រោះ​ខ្ញុំ​នៅតែ​ស្រឡាញ់ ហើយក៏​ចង់បង្ហាញ​សមត្ថភាព​ឱ្យ​ពុក​ម៉ែ​បងប្អូន​មើលឃើញ​ពី​សមត្ថភាព​របស់ខ្ញុំ ជាថ្មី​ផងដែរ​»​។​


​សម្រាប់​ការប្រកាស​ពី​ការវិលត្រឡប់​មកកាន់​សង្វៀន​ប្រដាល់​ជាថ្មី​នេះ ឃីម ឌី​ម៉ា បាន​និង​កំពុង​ហ្វឹកហាត់​ខ្លាំង នៅក្នុង​ក្រុម​ជម្រើសជាតិ ដើម្បី​ត្រៀម​ការប្រកួត​ដំបូង​របស់គេ នៅ​សង្វៀន​ថោ​ន ក្នុង​ខែកក្កដា​នេះ​។ បើទោះបីជា ឌី​ម៉ា មិនទាន់​ដឹងថា រូបគេ ត្រូវ​ប៉ះ​កីឡាករ​រូប​ណា ប៉ុន្តែ​ម្ចាស់​មេដាយមាស​រូបនេះបាន​ផ្តោត​ខ្លាំង​ទៅលើ​ការប្រកួត​នេះ ដោយ​មិនទាន់​បែក​អារម្មណ៍​គិត​ទៅដល់​រឿង​ផ្សេង​នោះទេ​។​

​នាគ​ខ្មៅ ឃីម ឌី​ម៉ា បាន​បញ្ជាក់ថា​៖ «​សម្រាប់​ការវិល​មកកាន់​សង្វៀន​ជាថ្មី​នេះ ខ្ញុំ​នៅ​មិនទាន់​ប្រាកដថា នឹង​អាច​បង្ហាញ​សមត្ថភាព​បានល្អ​ដូច​មុន​ឬ​យ៉ាង​នោះទេ ហើយ​ខ្ញុំ​ក៏​មិនទាន់​ដាក់​គោលដៅ​ខ្ពស់​ថា ត្រូវ​ឈានទៅរក​ការដណ្តើម​ឱ្យបាន​ខ្សែក្រវាត់​ណាមួយ រួមទាំង​ការ​ប្រជែង​យក​តំណែង​ជា​កីឡាករ​ជម្រើសជាតិ​អ្វី​នោះដែរ​។ រឿង​សំខាន់ ដែល​ខ្ញុំ​ត្រូវ​គិត​នៅ​ចំពោះមុខ​ពេលនេះ គឺ​ខ្ញុំ​ត្រូវ​ខំប្រឹង​ឱ្យ​អស់ពី​សមត្ថភាព សម្រាប់​ការប្រកួត​ដំបូង​របស់ខ្ញុំ​»​។​

​ជាមួយគ្នានេះ​លោក ជួប វុត្ថា ជា​ពិធីករ និង​ជា​អ្នក​ផ្គូផ្គង​ម្នាក់ ប្រចាំ​នៅ​សង្វៀន​ថោ​ន នៅតែ​ជឿជាក់​ទៅលើ​សមត្ថភាព​របស់ ឃីម ឌី​ម៉ា ទោះ​កីឡាករ​រូបនេះខកខាន​ប្រកួត​យូរ​ឆ្នាំ​ក្ដី។ លោក​បាន​ប្រាប់ថា​៖ «​យើង​មិនមាន​ការព្រួយបារម្ភ​អ្វី​ច្រើន សម្រាប់​ការវិលត្រឡប់​របស់ ឃីម ឌី​ម៉ា នោះទេ ព្រោះ​គាត់​ជា​កីឡាករ​ល្អ និង​បាន​ហ្វឹកហាត់​ជាប្រចាំ​មក​ដែរ អ៊ីចឹង​អ្វី​ដែលជា​ក្តី​រំពឹង​គឺ​គាត់​នឹង​នៅតែ​ធ្វើ​បានល្អ​»​។​

​ចំណែក​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ លោក បឺត ខាំ បាន​បញ្ចេញ​វីដេអូ​មួយ បង្ហាញ​ពី​ការខិតខំ​ហ្វឹកហាត់​របស់ ឃីម ឌី​ម៉ា ជាមួយ​គ្រូបង្វឹក​ជម្រើសជាតិ ហើយ​ក្នុងអំឡុងពេល ឌី​ម៉ា កំពុង​ហាត់​ជាមួយ​លោកគ្រូ សេន ប៊ុន​ថេ​ន នេះ បឺត ខាំ បាន​និយាយថា​៖ «​នាគ​ខ្មៅ ឃីម ឌី​ម៉ា បាន​កម្តៅ​សាច់ដុំ​ហើយ ហើយ​ក្បាច់​កែង និង​ជង្គង់​របស់គាត់ នៅ​មុត​ដដែល​។ គីឡូ​ពិត​របស់ ឌី​ម៉ា ពេលនេះ ៦១​គីឡូក្រាម គឺ​គាត់​នៅ​ល្អ​គ្រប់គ្រឿង ទាំង​គីឡូ សាច់ដុំ កម្លាំង​ស៊ុ​ហ្វ និង​ក្បាច់គុន​»៕