ភ្នំពេញៈ កម្ពុជាតាមរយៈ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ភាគី​ពាក់ព័ន្ធ​មួយចំនួនទៀត បាន​និង​កំពុង​ចាប់ផ្តើម​ពង្រឹងគុណភាព ទៅលើ​ការរៀបចំ​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ នៅ​តំបន់​អង្គរ ឱ្យមាន​ភាពប្រសើរឡើង​ជាថ្មី ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរឱ្យធ្វើ​ដំណើរ​មកកាន់​ខេត្តសៀមរាប បន្ទាប់ពី​ព្រឹត្តិការណ៍​មួយ​នេះបាន​ថមថយ​ចំនួន​អ្នកចូលរួម ដោយសារតែ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩​។​

​ក្នុង​សន្និសីទកាសែត នៅ​ទីស្នាក់ការ NOCC កាលពី​ព្រឹក​ថ្ងៃទី​ ១១ ខែកក្កដា លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​អះអាងថា តំបន់​អង្គរវត្ត ជា​តំបន់​បេតិកភណ្ឌ និង​ជា​តំបន់​គោលដៅ​ទេសចរណ៍​ឯក គ្មាន ​២ ​នៅលើ​លោក ដែលមាន​ការទាក់ទាញ​ខ្លាំង​សម្រាប់អ្នកទេសចរ​ ហេតុនេះ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងទេសចរណ៍ បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ ក្នុងការ​បង្កើតឱ្យមាន​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​បែបនេះ ឱ្យមាន​ភាពសម្បូរ​បែប និង​គ្រប់​រូបភាព ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ ដោយសារ​កម្ពុជា ជា​ប្រទេស​ទេសចរណ៍​។​

​លោក វ៉ា​ត់ ចំរើន បាន​ថ្លែងថា​៖ «​គោលដៅ​ទេសចរណ៍​នេះកំពុងមាន​ការចាប់អារម្មណ៍ និង​កក្រើក​ខ្លាំង នៅលើ​ពិភពលោក គឺ​វា​ជា​សសរស្តម្ភ​មួយ ក្នុងចំណោម​សសរស្តម្ភ នៃ​ការទាក់ទាញ​ទេសចរ អ៊ីចឹង​យើង​យក​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង និង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង នៅ​សៀមរាប​នេះ ជា​ចំណូល​មួយ ក្នុងការ​ទាក់ទាញ​ទេសចរ បង្កើត​នូវ​ការងារ និង​ចំណូល ចាក់​ចូលទៅក្នុង​ចរន្ត​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ច្រើន​ បានន័យថា អ្នកផ្តល់​សេវា​លើ​ការ​ស្នាក់នៅ ហូបចុក និង​សេវា​ទេសចរណ៍​ផ្សេងៗ​ទៀត ទទួលបាន​ផលចំណេញ​ពី​ការរៀបចំ​ព្រឹត្តិការណ៍​កីឡា នៅ​ខេត្តសៀមរាប​នេះ​»​។​


​យ៉ាងណាក៏ដោយ ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ មិនត្រូវ​បានរៀបចំ​ឡើង កាលពី​ឆ្នាំ​ ២០២០ និង​ឆ្នាំ​២០២១​នោះទេ ដោយសារ​មានការ​ផ្ទុះឡើង និងការ​រីក​រាលដាល​ខ្លាំង​នៃ​ជំងឺ​កូ​វីដ​១៩ ជាសកល ចំណែក​ការរៀបចំ​ឡើងវិញ កាលពី​ឆ្នាំ​២០២២ ក៏​មិនទាន់​ទទួលបាន​ជោគជ័យ​វិញ​ប៉ុន្មាន​ដែរ ព្រោះ​មាន​អ្នកចូលរួម​ប្រមាណ​តែ ១ ​ពាន់​នាក់​​។ ហេតុនេះ កម្ពុជា បាន​និង​កំពុង​រៀបចំ​ព្រឹត្តិការណ៍​នេះ ឱ្យបាន​កាន់តែ​ល្អ​វិញ សម្រាប់​ការរៀបចំ នៅ​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២៣​នេះ​។

​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា​៖ «​ការរៀបចំ កាលពី​ឆ្នាំ​២០២២ យើង​ទទួលបាន​អ្នកចូលរួម​ប្រមាណ​១​ពាន់​នាក់​ទេ ដើម្បី​ស្តារ​វិបត្តិ​កូ​វីដ​ឡើងវិញ បន្ទាប់ពី​យើង​បាន​ផ្អាក​ការរៀបចំ​អស់​រយៈពេល​២​ឆ្នាំ ចំណែក​ការរៀបចំ​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ លើក​ទី​៨ នៅ​ឆ្នាំ​២០២៣​នេះ យើង​ចាប់ផ្តើម​ជំរុញ​ការរៀប​ចំនេះ​ឱ្យបាន​ល្អ​ជាង​មុន​»​។


​លោក​បាន​បន្ថែមថា​៖ «​គិត​ត្រឹម​ពេលនេះ យើង​ទទួលបាន​អ្នក​ចុះឈ្មោះ​ចូលរួម​ជាង​២​ពាន់​នាក់​ហើយ ក្នុងនោះ​មាន​ជនបរទេស​ប្រមាណ​៥០០​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ​ជប៉ុន ចិន និង​វៀតណាម ចំណែក​ជនជាតិ​កម្ពុជា​មាន​ជាង​១៦០០​នាក់ ហើយ​ចំនួន​នេះ អាច​នឹងមាន​ការកើនឡើង​ជា​បន្តទៀត ព្រោះ​ការចុះឈ្មោះ យើង​បន្ត​បើក​នៅឡើយ​ទេ​»​។​

ជាមួយគ្នានេះ លោក វ៉ា​ត់ ចំរើន បាន​អំពាវនាវ​ដល់​អ្នក​ស្នេហា​វិស័យ​កីឡា​រត់ប្រណាំង នៅក្នុង​ស្រុក សូម​មក​ចុះឈ្មោះ​ឱ្យបាន​រួសរាន់ គឺ​ចៀសវាង​ជិត​ដល់​ថ្ងៃ​ប្រកួត ទើប​មក​ចុះឈ្មោះ នាំឱ្យមាន​ហានិភ័យ​ទៅលើ​ការរៀបចំ និង​ការគ្រប់គ្រង ព្រោះ​គណៈកម្មការ ត្រូវ​រៀបចំ​មេដាយ អាវ និង​សម្ភារ​ផ្សេងៗ​ទៀត ទៅតាម​ចំនួន​មនុស្ស ដើម្បីឱ្យ​ការចូលរួម​របស់​ពួកគាត់​ពេញលក្ខណៈ ហើយ​ប្រាក់កម្រៃ ទទួលបាន​ពី​ការរៀបចំ​ព្រឹត្តិការណ៍​នេះ នឹងត្រូវ​យកទៅជួយ​ដល់​សង្គម​វិញ គឺ​មិនមែន​ធ្វើ ដើម្បី​រក​ផលចំណេញ​នោះឡើយ​។​

​អ្នកជំនាញ​កីឡា លោក ចំរើន បាន​បញ្ជាក់ថា​៖ «​អ្វីដែល​ទទួលបាន​ផល ពី​ការចូលរួម​ព្រឹត្តិការណ៍​នេះ ត្រូវ​យកទៅជួយ​ដល់​សង្គម​វិញ​ទាំងអស់ មិនមែន​ធ្វើ​ក្នុងនាម​យកចំណេញ​ទេ ព្រោះ NOCC ជា​អង្គការ​សង្គម​កីឡា​មួយ ដែលមាន​កំណត់​នៅក្នុង​ច្បាប់​ថា ជា​អង្គ​ការមិន​រក​កម្រៃ អ៊ីចឹង​នៅក្នុង​ការងារ​នេះ យើង​ធ្វើឱ្យមាន​តម្លាភាព ហេតុនេះ​ការរៀបចំ​ជា​រៀងរាល់ឆ្នាំ ទោះ​បាន​តិច ឬ​ច្រើន គឺ​យើង​តែង​ជួយ​ដល់​សង្គមជាតិ​របស់​យើង ដូចជា​អង្គការ និង​មន្ទីរពេទ្យ​ផ្សេងៗ​»​។

​ចំណែក​លោក សែម ផល្លា នាយក​ប្រតិបត្តិ​ព្រឹត្តិការណ៍​ពាក់កណ្តាល​ម៉ា​រ៉ា​តុង និង​ម៉ា​រ៉ា​តុង នៅ​កម្ពុជា បានឱ្យដឹង​ដែរ​ថា ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ លើក​ទី​៨ ឆ្នាំ​២០២៣ នៅ​ថ្ងៃទី​៦ ខែសីហា ខាងមុខនេះ មានការ​ប្រកួត​ម៉ា​រ៉ា​តុង​ចម្ងាយ​៤២​គីឡូម៉ែត្រ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​ចម្ងាយ​២១​គីឡូម៉ែត្រ រត់​ចម្ងាយ​១០​គីឡូម៉ែត្រ និង​រត់​កម្សាន្ត​លក្ខណៈ​គ្រួសារ​ចម្ងាយ​៣​គីឡូម៉ែត្រ​។​

​ចំពោះ​ឧបករណ៍ សម្ភារ និង​ការងារ​បច្ចេកទេស​ផ្សេងៗ​ទៀត សម្រាប់​បម្រើ​ដល់​ការរៀបចំ​ទិវា​រត់ប្រណាំង​ម៉ា​រ៉ា​តុង​អន្តរជាតិ​ចក្រភព​ខ្មែរ​នេះ ត្រូវបាន​លោក សែម ផល្លា បញ្ជាក់ថា បានរៀបចំ​រួចរាល់​អស់ហើយ តាម​លក្ខណៈ​ស្តង់ដាអន្តរជាតិ ដើម្បី​ផ្តល់​សុខសុវត្ថិភាព​ដល់​អ្នកចូលរួម​ទាំងអស់ ហើយ​ការរៀបចំ​ព្រឹត្តិការណ៍​នេះ ក៏​ដើម្បី​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ផងដែរ​។​

​លោក សែម ផល្លា បាន​បញ្ជាក់ថា​៖ «​នៅ​ខែសីហា ជា​រដូវភ្លៀង ហើយ​ក្នុងឆ្នាំនេះ ភ្ញៀវ​ទេសចរ​របស់​យើង ក៏​មិនសូវមាន​វត្តមាន​ច្រើន​ប៉ុន្មាន​នោះដែរ អ៊ីចឹង​ទេ​យើង​ត្រូវ​នាំគ្នា​ធ្វើឱ្យ​វិស័យ​កីឡា​រត់ប្រណាំង នៅក្នុង​ប្រទេស​របស់​យើង មានការ​រីកចម្រើន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ ព្រមទាំង​លើកស្ទួយ​កិត្យានុភាព​នៃ​ព្រឹត្តិការណ៍​កីឡា​ម៉ា​រ៉ា​តុង​របស់​យើង នៅលើ​ឆាក​អន្តរជាតិ ហេតុនេះ​ក្នុងនាម​ជា​អ្នករៀបចំ និង​ឯកឧត្តម វ៉ា​ត់ ចំរើន តែងតែ​យកចិត្តទុកដាក់​ថា យើង​ត្រូវ​ពង្រឹងគុណភាព​ការរៀបចំ នៅក្នុង​ស្រុក និង​ធ្វើការ​ប្រកួតប្រជែង​គុណភាព​ជាមួយ​ប្រទេសជិតខាង នៅក្នុង​តំបន់ ដែលមាន​រៀបចំ​ព្រឹត្តិការណ៍​បែបនេះ​ដែរ​»៕