ភ្នំពេញៈ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ លោក តែម ម៉ឺន បានសម្រេច​ចាប់ដៃ​ជាមួយ​ស្ថា​ប័ន International Professional Combat Council (IPCC) ជា​ផ្លូវការ ដើម្បី​រួមគ្នា​អភិវឌ្ឍ និង​ផ្សព្វផ្សាយ «​គុន​ខ្មែរ​» ទៅកាន់​ពិភពលោក ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ព្រោះ IPCC ជា​ស្ថាប័ន​អន្តរជាតិ​ដ៏​ធំ​មួយ ដែលមាន​សមាជិក​ជាង​ ១០០ ​ប្រទេស ហើយ​ផ្តោត​ខ្លាំង​ទៅលើ​ការជួយ​ផ្សព្វផ្សាយ និង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត សម្រាប់​ប្រភេទ​កីឡា មាន​អត្តសញ្ញាណ​ច្បាស់លាស់​។

​​ចំពោះ​កិច្ចសហការ​នេះ ស្ថាប័ន IPCC បានទទួល​វិញ្ញាបនបត្រ​ទទួលស្គាល់​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៣ រួចហើយ ដោយ​បញ្ជាក់ថា IPCC​បាន​សិទ្ធិពេញលេញ ក្នុងការ​នាំយក​គុន​ខ្មែរ ទៅ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក ហើយ IPCC ក៏​អាចដឹកនាំ​, ជ្រើសរើស​កីឡាករ​, ផ្សព្វផ្សាយ និង​រៀបចំ​ព្រឹត្តិការណ៍ KUN KHMER នៅ​គ្រប់​ប្រទេស ដែលជា​សមាជិក​របស់​ខ្លួន ដោយ​គោរព​តាម​ធម្មនុញ្ញ និង​បទបញ្ជា​ប្រកួត​របស់​គុន​ខ្មែរ​។

​លោក តែម ម៉ឺន បាន​អះអាងថា កម្ពុជា នឹង​ទទួលបាន​អត្ត​ប្រយោជន៍​ច្រើន ពី​ការសហការ​ជាមួយ​ស្ថាប័ន IPCC នេះ ដើម្បី​ផ្សព្វផ្សាយ​ក្បាច់គុន​បុរាណ​ខ្មែរ ទៅកាន់​ឆាក​អន្តរជាតិ ខណៈ​បច្ចុប្បន្ន គុន​ខ្មែរ ក៏​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍ និង​មាន​ភាពល្បីល្បាញ​ផងដែរ ហើយ​ជាមួយគ្នានេះ ក្រុម​អ្នកជំនាញ​របស់ IPCC ក៏​នឹង​មក​សិក្សា​បន្ថែម​ពី​គុន​ខ្មែរ នៅ​កម្ពុជា ជាពិសេស​នៅ​អង្គរវត្ត ដើម្បី​បានដឹង​ពី​ប្រភព​ឫសគល់​នៃ​ក្បាច់គុន​ដ៏​ចំណាស់​នេះកាន់តែច្បាស់​ថែមទៀត​។​


​លោក​បាន​ប្រាប់​កាលពី​ថ្ងៃទី​១៨ ខែកក្កដា ថា​៖ «​យើង​មាន​គោល​គំនិត និង​គោលបំណង​ដ៏​សំខាន់ ក្នុងការ​បង្ហាញ​នូវ​កេរ្តិ៍ឈ្មោះ និង​អត្តសញ្ញាណ​ក្បាច់គុន​ដូនតា​របស់​យើង ទៅកាន់​ពិភពលោក​ឱ្យបាន​ច្រើន ដើម្បី​ឱ្យគេ​ស្គា​ល់ពី​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​របស់​យើង តាមរយៈ IPCC នេះ​។ យើង​ក៏​ចង់​ឱ្យគេ​ស្គា​ល់ពី​ប្រទេស​របស់​យើង ដែល​បាន​ឆ្លងកាត់​ច្រើន​យុគសម័យ ហើយ​រហូតមក​ដល់ពេលនេះ ជា​យុគសម័យ ដែលមាន​សន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​»​។​

​លោក គឹម ស្រ៊ុន​កុសល ទីប្រឹក្សា​ស្ថានីយទូរទស្សន៍​ថោ​ន និង​ជា​តំណាង​ស្ថាប័ន IPCC ប្រចាំ​ប្រទេស​កម្ពុជា បានឱ្យដឹងថា គិត​មកដល់ពេលនេះ ស្ថាប័ន​អន្តរជាតិ IPCC បាន​ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ នៅលើ​ឆាក​អន្តរជាតិ បាន​ច្រើន​ដែរ​ហើយ ដោយ​ស្ថាប័ន​នេះ បានរៀបចំ​ឱ្យមាន​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​កម្រិត​ពិភពលោក ដែលមាន​រំលេច​ពាក្យ «Kun Khmer» នៅតាម​ប្រទេស​ផ្សេងៗ នៅក្នុង​តំបន់ និង​នៅ​ប៉ែក​អឺរ៉ុប ផងដែរ​។​


​ជាមួយគ្នានេះ IPCC ក៏បាន​សហការ​ជាមួយ​ស្ថានីយទូរទស្សន៍​ថោ​ន រៀបចំ​ឱ្យមាន​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក IPCC Kun Khmer World Champion នៅ​កម្ពុជា ជាពិសេស​ព្រឹត្តិការណ៍ TECHO SANTEPHEAP Kun Khmer World Champion កាលពី​ថ្ងៃទី​១៦ ខែកក្កដា ដោយបាន​នាំយក​កីឡាករ​បរទេស​ល្បីៗ​មក​ប្រកួត​ជាមួយ​ជើង​ខ្លាំង​របស់​កម្ពុជា ខណៈ​កម្មវិធី​នេះ មាន​អ្នកទស្សនា​តាម​ការផ្សាយ​ផ្ទាល់​ជាង​៥០​ម៉ឺន​នាក់ ដែលជា​កំណត់ត្រា​ថ្មី​មិន​ធ្លាប់មាន​។​

​លោក គឹម ស្រ៊ុន​កុសល បានបញ្ជាក់​៖ «IPCC បាន​ជួយ​យើង​ច្រើន​ហើយ ហើយ​ពេលនេះ​សហព័ន្ធ បានទទួល​ស្គាល់ IPCC ជា​ផ្លូវការ គឺ​បានន័យថា ចាប់​ពេលនេះ​តទៅ IPCC អាច​ពង្រីក​វិសាលភាព​របស់គាត់ ដោយ​អាច​ប្រើពាក្យ​គុន​ខ្មែរ ដោយ​ផ្លូវការ​បាន​។ លើសពីនេះ​បើសិនជា​យើង​ចង់​រៀបចំ Kun Khmer Championship នៅ​ប្រទេស​ណាមួយ គឺ​គាត់​អាចជួយ​សម្របសម្រួល​ឱ្យ​យើង​បាន ព្រោះ IPCC មាន​បណ្តាញ​ច្រើន និង​មាន​រចនាសម្ព័ន្ធ​ក្នុងការ​រៀបចំ​រួចរាល់​អស់ហើយ អត់​ពិបាក​ទេ​»៕