ភ្នំពេញៈ វីរកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា នឹងត្រូវឡើងប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក Atomweight Submission Grappling World Championship ក្នុងព្រឹត្តិការណ៍ ONE Fight Night ដែលរៀបចំដោយស្ថាប័ន ONE Championship នៅប្រទេសសិង្ហបុរី នាថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ហើយការប្រកួតដណ្តើមខ្សែក្រវាត់ចំនួន២ប្រភេទទម្ងន់ទៀត ក៏ត្រូវបានធ្វើឡើង ក្នុងពេលជាមួយគ្នានោះផងដែរ។
សម្រាប់ការប្រកួតជាលើកដំបូងឱ្យ ONE Championship នេះ ម្ចាស់មេដាយមាសកីឡាអាស៊ី និងស៊ីហ្គេមរបស់កម្ពុជា ខាន់ ចេសា ត្រូវបានដាក់ឱ្យប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោកជាមួយដៃគូចាស់របស់នាង គឺកីឡាការិនីរបស់អាមេរិក Danielle Kelly ដោយអ្នកទាំង២នេះ ត្រូវប្រកួតដោយប្រើជំនាញចាប់ក្លេ តាមបែប Grappling មិនមែនជាការប្រកួតតាមបែបក្បាច់គុនចម្រុះ MMA នោះទេ។
ការវិលមកជួបគ្នា ក្នុងព្រឹត្តិការណ៍ ONE Fight Night នៅលើទឹកដីប្រទេសសិង្ហបុរីនេះ បានក្លាយជាពេលវេលាដ៏សំខាន់មួយរបស់ Danielle Kelly ដែលត្រូវសងសឹកជាមួយ ខាន់ ចេសា ព្រោះការជួបគ្នា ក្នុងព្រឹត្តិការណ៍ «Who’s Number One» ឬ «នរណាលេខ១» ដែលរៀបចំដោយស្ថាប័នកីឡា FloGrappling នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលយប់ថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០២១ Danielle Kelly បានចាញ់ ខាន់ ចេសា។
យ៉ាងណាក៏ដោយជ័យជម្នះរបស់ ខាន់ ចេសា លើកីឡាការិនី Danielle Kelly ក្នុងការប្រកួតក្នុងព្រឹត្តិការណ៍ «Who’s Number One» នាពេលនោះ គឺទទួលបានដោយលំបាក ក្រោមការប្រកួតយ៉ាងស្វិតស្វាញបំផុត ដោយ ខាន់ ចេសា បានព្យាយាមប្រើបច្ចេកទេសចាប់ក្លេ ដើម្បីយកប្រៀបលើ Danielle Kelly តែបន្តិចប៉ុណ្ណោះ។
ការចាញ់ក្រោមដៃ ខាន់ ចេសា នោះ បានធ្វើឱ្យកីឡាការិនីរបស់អាមេរិក Danielle Kelly មិនអស់ចិត្តនោះទេ ដោយនាងសុំប្រកួតសងសឹកជាមួយ ចេសា ម្តងទៀត បើទោះបីជានាង មានទម្ងន់ស្រាលជាង ចេសា បន្តិចក៏ដោយ ព្រោះប៉ុន្មានចុងក្រោយនេះ Kelly មានការវិវឌ្ឍខ្លួនគួរឱ្យកត់សម្គាល់ ហើយការប្រកួតឱ្យ ONE ចំនួន៣លើកកន្លងមកនេះ Kelly ទទួលបានលទ្ធផលល្អមែនទែន។
ចាប់តាំងពីបានចុះកុងត្រាជាមួយ ONE កាលឆ្នាំ២០២២ កីឡាការិនីវ័យ២៧ឆ្នាំ Kelly បានប្រកួតស្មើជាមួយកីឡាការិនី Mei Yamaguchi ដែលជាម្ចាស់ខ្សែក្រវាត់ Atomweight MMA World Championship ២សម័យ មុនពេលនាងទទួលបានជ័យជម្នះលើកីឡាការិនី Mariia Molchanova ជាម្ចាស់ជើងឯកពិភពលោក Combat Sambo World Champion ៤សម័យកាល និងឈ្នះកីឡាការិនី Ayaka Miura ជាម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Women’s Strawweight MMA World Title។
ទោះបីជាយ៉ាងណា ខាន់ ចេសា ក៏ទើបដណ្ដើមបានមេដាយមាសពីការប្រកួតជើងឯកពិភពលោក IBJJF Gi World Title ឆ្នាំ២០២៣ ក្នុងប្រភេទទម្ងន់ Featherweight កាលពីខែមិថុនា ផងដែរ ហើយសម្រាប់ការចូលរួមប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា កាលពីខែឧសភា កន្លងមកនេះ ខាន់ ចេសាបានឈ្នះមេដាយមាស១ និងប្រាក់១ ខណៈបច្ចុប្បន្ន ខាន់ ចេសា ក៏កំពុងបង្កើនការហ្វឹកហាត់ខ្លាំង នៅអាមេរិក។
ក្រៅពីការប្រកួតជាមួយ Danielle Kelly នៅ ONE នេះ ចាន់ ចេសា ក៏ត្រូវចូលរួមប្រកួតការពារមេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី នៅប្រទេសចិន នៅចុងខែកញ្ញា និងដើមខែតុលា ឆ្នាំ២០២៣នេះផងដែរ ហើយតាមរយៈការត្រៀមខ្លួននេះ ចេសា នៅតែមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ជាមួយ Kelly នៅ ONE Championship នេះ៕