ភ្នំពេញៈ លោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ទទួល​ជួយ​ការងារ​ដឹកនាំ​អគ្គលេខាធិការ នៃ​អគ្គលេខា​ធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ នឹង​ដឹកនាំ​ប្រតិភូ​កីឡា​ក្រសួង​មហាផ្ទៃ ចំនួន ៤៨ នាក់ ទៅ​ប្រទេស​កាណាដា ដើម្បី​ចូលរួម​ព្រឹត្តិការណ៍​កីឡា​កម្រិត​ពិភពលោក ដែល​កម្មវិធី​ប្រកួត​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី ២៨ ខែកក្កដា រហូតដល់​ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០២៣។ នេះ​បើតាម​លោក សរ សិទ្ធិ។​

បើ​យោងតាម​ក្រសួងមហាផ្ទៃ លោក​សរ សិទ្ធិ បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ដែល​លោក​ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ជួប​សំណេះសំណាល​ជាមួយ​គ្រូបង្វឹក កីឡាករ កីឡាការិនី នៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ ដែល​ត្រៀមខ្លួន​ចេញទៅ​ប្រកួត​កីឡា​នគរបាល និង​កង​ពន្លត់​អគ្គិភ័យ​ពិភពលោក លើកទី ២០ ឆ្នាំ ២០២៣ (The 20th World Police and Fire Games 2023) នៅ​ប្រទេស​កាណាដា កាលពី​ថ្ងៃទី ២០ កក្កដា។​

លោក​សរ សិទ្ធិ បានឱ្យដឹងថា ការរៀបចំ​កីឡា​នគរបាល និង​កង​ពន្លត់​អគ្គិភ័យ​ពិភពលោក គឺ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព សមត្ថភាព និង​ទេពកោសល្យ​របស់​កង​នគរបាល​នៃ​ប្រទេស​នីមួយៗ និង​តែងតែមាន​ប្រទេស​ជាង ៧០ បាន​ចាត់​បញ្ជូន​ប្រតិភូ​កីឡា​ចូលរួម​រៀងរាល់​ការប្រកួត ហើយ​ប្រទេស​កម្ពុជា​ធ្លាប់បាន​បញ្ជូន​ប្រតិភូ​កីឡា​ចូលរួម​ចំនួន ២ លើក ក្នុង​ចំណោម​ការរៀបចំ​ចំនួន ២០ លើក។​


បើតាម​លោក​អនុរដ្ឋលេខាធិការ កីឡាករ កីឡាការិនី​កម្ពុជា នឹងចូលរួម​ប្រកួត​លើ ១៣ ប្រភេទ​កីឡា រួមមាន​៖ កីឡា​វាយសី, កីឡា​លើក​ទំងន់​, កីឡា​យូដូ​, កីឡា​ជីជិតស៊ូ, កីឡា​ការ៉ាតេ​, កីឡាហែលទឹក​, កីឡា​វាយកូន​ឃ្លីលើតុ​, កីឡា​បាល់ទះ​ក្នុង​សាល, កីឡា​បាល់ទះ​ឆ្នេរខ្សាច់​, កីឡា​ចំបាប់​, កីឡា​ចំបាប់​កាច់ដៃ​, កីឡា​វាយកូនគោល​, កីឡា Bench Press និង​កីឡា Push Pull Lifting ៕