ភ្នំពេញៈ ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា (EFC) លោក ជា ច័ន្ទ​បរិបូរណ៍ បាន​​ប្រកាន់​ជំហរ ក្នុងការ​រក្សា​អនុវត្ត​នូវ​គោល​ការណ៍បែប​តឹង​រ៉ឹង ដែល​សហព័ន្ធបាន​កំណត់ ដើម្បី​ធ្វើ​យ៉ាង​ណា​​ឱ្យប្រភេទ​កីឡាបច្ចេក​វិទ្យា​​បែបទំនើប​មួយនេះ អាច​វិវឌ្ឍ​ខ្លួន​ទៅ​មុខ​ស្រប​តាមស្តង់ដាបែប​ជា​កីឡា​ គឺ​មិនមែន​ក្នុង​រូប​ភាពជា​ល្បែងស៊ីសង ដែល​​​បំផ្លាញទៅ​ដល់​អនាគត​កីឡាករ កីឡា​ការិនី​ជំនាន់​ក្រោយ។​

លោក ជា ច័ន្ទបរិបូរណ៍ បាន​ថ្លែង​ថា៖ «EFC មិន​មែនមើល​ត្រឹមការ​លេង​កីឡា​ទេ គឺយើង​គិត​ទៅ​ដល់​ការ​សិក្សា និងគិត​ទៅដល់​អនាគត​កីឡាករ កីឡាការិនី​របស់​យើង ព្រោះ​បើ​យើង​មិនគិតគូរ​បែប​នេះ​ទេ វិញ្ញាសា​មួយ​នេះ នឹងក្លាយជា​វិញ្ញាសា​បំផ្លាញ​អនាគត​កូនចៅ​របស់​យើង​ហើយបើ​យើង​បណ្តោយ គឺ​ថ្ងៃណា​មួយ វាគង់តែ​ប៉ះសាច់​ខ្លួនឯង​ទេ អ៊ីចឹង​ខ្ញុំ​ត្រូវ​រឹតបន្តឹង​ទាំង​អស់»។

នៅ​ក្នុង​គោល​ការណ៍​សំខាន់ៗ ដែល EFC បាន​កំណត់ គឺ​ជិត​ដល់​ថ្ងៃ​ប្រឡងឌីប្លូម និង​ប្រឡង​​​បាក់​ឌុប មិន​អនុញ្ញាត​ឱ្យ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​អ្វី​ទាំង​អស់។ ​គោលការណ៍​សំខាន់​មួយ​ទៀត គឺ​ការ​ប្រកួត​​ត្រូវ​តែ Fair Play ហើយ​កីឡាករ កីឡាការិនី​ណា ដែលជាប់​នៅ​ក្នុងបញ្ជីខ្មៅ គឺ​មិន​អនុញ្ញាតឱ្យ​ចូលរួម​ប្រកួតជា​ដាច់​ខាត រួមទាំង​អ្នក​ដឹកនាំ​ផងដែរ។ ចំណែក​ប្រាក់​រង្វាន់ ដែល​បាន​ហើយ ត្រូវ​តែ​ប្រគល់​​ទៅ​​ដល់​​ដៃ​កីឡាករ ឬ​ក្រុមប្រកួត អត់មាន​ជំពាក់​ទេ ហើយ​រង្វាន់ទាំង​អស់​នោះ ក៏​មិន​ចាំបាច់​ចែក​រំលែក​មកឱ្យ​​សហ​ព័ន្ធនោះ​ដែរ។


រដ្ឋលេខា​ធិការ​ក្រសួងព័ត៌មាន លោក ជា ច័ន្ទបរិបូរណ៍ បាន​បញ្ជាក់​ថា៖ «​នៅក្នុងការ​​ប្រកួត​ត្រូវតែ ​Fair play ជាដាច់​ខាត ហើយ​បើ​សិន​ការ​ប្រកួតមិន Fair play ខ្ញុំ​ដាក់​ចូល​បញ្ជីខ្មៅ​ទាំង​​អស់ អ៊ីចឹង​ដៃគូសហការណា​ក៏​ដោយ បើមក​ធ្វើ​បំពាន​នៅ​កម្ពុជា គឺ​ខ្ញុំដាក់ចូល​បញ្ជី​ខ្មៅ​​ហើយ​ហើយ​ការ​ធ្វើ​បែបនេះ​មិនមែនកាច​ទេ តែ​តឹង​តែង​ ដើម្បី​អនាគត​កីឡា E-sports នៅ​ក្នុងប្រទេស​កម្ពុជា​របស់​យើង»។​

ការ​បញ្ជាក់​ពី​ការកំណត់​គោល​ការណ៍​តឹងរ៉ឹង ដែល​ត្រូវ​ប្រើ​ក្នុង​វិស័យ​កីឡា E-sports នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ ត្រូវបាន​លោក ជា ច័ន្ទ​បរិបូរណ៍ លើក​ឡើង ​ក្នុង​សន្និ​សីទកាសែត នៅ​ទី​ស្តីការ​ក្រសួង​ព័ត៌​មាន កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា គឺ​ក្នុង​ពេល​ដែល EFC ប្រកាស​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន WOWNOW ដើម្បី​​រៀបចំ​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក WOWNOW &PRINCE MALL LEAGUE (WPML) រដូវ​កាល​ទី២ ឆ្នាំ២០២៣ លើវិញ្ញា​សា MOBILE LEGENDS:BANGBANG។


តាម​ខ្លឹមសារ ដែល​ត្រូវបាន​ប្រកាស ក្នុង​សន្និសីទ​កាសែត​​នោះ បានឱ្យ​ដឹង​ថា ការ​ប្រកួត​ពាន WPML 2023 ​កំណត់ទទួល​យក​ក្រុម​ចូលរួម​​ចំនួន​៥១២ហើយ​ក្រុម​ទាំងនេះ ត្រូវ​ប្រកួត​ជម្រុះ​​យក​ត្រឹម​៨​ក្រុម​ទេ ដើម្បី​ឡើង​ទៅលេង​នៅវគ្គ​បន្ត​ជាមួយ​ក្រុម MPL ចំនួន​៧​ទៀត សរុប​​១៥​ក្រុម។ ក្រុមទាំង​១៥នេះ ត្រូវ​ចែក​ជា​៣ពូល ហើយត្រូវ​ប្រកួត​សន្សំពិន្ទុ ដោយ​លេង​លក្ខណៈ Best Of 1 រយៈពេល ៣ ថ្ងៃគឺ​ថ្ងៃទី១០ ដល់​ទី១១ និង​ថ្ងៃទី១៧ ខែ​សីហា ឆ្នាំ២០២៣។

បន្ទាប់ពី​បញ្ចប់​ការ​ប្រកួតវគ្គ Group Stage នេះ គឺ​​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ និង​លេខ​២ នៅតាម​ពូលទាំង​៣ ត្រូវ​​បន្តការ​ប្រកួត​លក្ខណៈ Best Of 3 ដើម្បី​រក​ក្រុម​ឈ្នះ​ឡើង​ទៅប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ នៅ PRINCE MALL ក្រុង​ព្រះសីហនុ ជា​មួយ​នឹង​ក្រុម​ដែល​ឈ្នះ MPL។

ជាមួយ​គ្នា​នេះ លោក Li Jinhe ស្ថាបនិក​កម្មវិធី WPML និង​ជានាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន WOWNOW បាន​និយាយ​ថា៖​«WOWNOW និង PRINCE MALL បាន​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​WPML កាលពី​ឆ្នាំ​មុន ក្នុង​គោល​ដៅ​លើក​កម្ពស់​វិស័យ​កីឡា E-sports នៅ​កម្ពុជា ឱ្យ​កាន់តែ​មាន​ការ​រីកចម្រើន ហើយ​ឆ្នាំ​នេះ​យើង​បានយកបទ​ពិសោធន៍​នៃ​ការ​ប្រកួត​រដូវ​កាលទី​១ មក​​កែ​​ច្នៃបន្ថែម ដើម្បី​ធ្វើ​ឱ្យការ​ប្រកួត​រដូវ​កាលទី​២​នេះ កាន់តែ​មាន​យុត្តិធម៌ និង​មាន​ជំនាញ​ច្បាស់​​លាស់​ថែម​ទៀត»។

ទន្ទឹម​នឹង​នេះ លោក ជា ច័ន្ទបរិ​បូរណ៍ បាន​ដាក់​ក្តីសង្ឃឹម​ថា ការ​ប្រកួត WPMLនឹងដំណើរ​ការ​ទៅ​បានរលូន តាម​លក្ខខណ្ឌ និង​គោលការណ៍​កំណត់​របស់ EFC ដើម្បី​​​រួម​ចំណែក​​យ៉ាង​ពិតប្រាកដ ក្នុងការ​អភិវឌ្ឍ​កីឡា E-sports នៅ​កម្ពុជា ឱ្យកាន់តែ​មាន​ការ​រីកចម្រើន ដើម្បី​អាច​ឈាន​ទៅ​រកការ​ទទួលបាន​ជោគ​ជ័យ​ម្តង​ទៀត ក្នុងការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ បន្ទាប់ពី​ក្រុម E-sports កម្ពុជា បាន​បង្កើត​កំណត់ត្រា​​ឈ្នះ​​មេដាយ​មាស សម្រាប់​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ កាលពី​ខែឧ​សភា កន្លងមក​នេះ។

លោក​បញ្ជាក់ថា៖ «ពិតណាស់​ ​យើង​ទើប​តែ​ទទួល​បានជោគជ័យ ស៊ីហ្គេម នៅ​លើ​ទឹក​ដី​ខ្លួនឯង ប៉ុន្តែ​យើង​ចង់​ទទួល​បានជោគ​ជ័យ​ នៅ​លើ​ទឹក​ដី​របស់គេ​វិញ​ម្តង អ៊ីចឹង​ស៊ីហ្គេម ឆ្នាំ​២០២៥ វត្ថុបំណង​របស់​ខ្ញុំ និង EFC ក៏​ដូចជា​គ្រួសារ​កីឡា E-sports ត្រូវ​តែ​ជោគ​ជ័យ នៅលើ​ទឹក​ដី​របស់​គេជា​បន្ត​ទៀត។ ​យើង​ត្រូវ​ហ្វឹក​ហាត់ គោរព​វិន័យ និង​ត្រូវបណ្តុះបណ្តាល​​គ្រប់បែប​យ៉ាង​ទាំង​អស់ ដើម្បី​ឱ្យក្លាយ​ទៅជា​កីឡា​មួយ ដែលបានបំពេញ​នូវ​វត្ថុបំណង​ និង​ក្តី​ស្រមៃ​របស់​យើង​ទាំង​អស់​គ្នា ជាពិសេស​ជា​មោទនភាព​សម្រាប់​ប្រទេសជាតិ​យើង»៕