ភ្នំពេញៈ កំណត់​ត្រា​ដ៏​ល្អ​បំផុត​របស់​ក្រុម​បាល់ទះ​លេខ​ ១ ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​វិសា​ខា ដោយ​បាន​ឈ្នះ​គ្រប់​ពាន​រង្វាន់​ក្នុង​ស្រុក​ផ្តាច់​មុខ​តែ​ឯង​ក្នុង​រយៈ​ពេល​ជាង​ ៣​ ឆ្នាំនេះ​ ត្រូវ​បាន​បញ្ចប់​ត្រឹម​កា​រប្រកួត​ដណ្តើម​ពាន​រង្វាន់​ឯក​ឧត្ត​ម ស សុខា (Sar Sokha Challenge Cup) រដូវ​កាល​ទី​១ ឆ្នាំ​ ២០២៣ ​បន្ទាប់​ពី​ក្រុម​ប្រមូល​ផ្តុំ​ដោយ​កីឡា​ករ​ជម្រើស​ជាតិ​មួយ​នេះ បាន​ចាញ់​ក្រុម​ស្នង​ការ​ដ្ឋាននគរ​បាល​ខេត្ត​ព្រះ​សីហនុ​ ដោយ​លទ្ធផល ​៣​ សិត​ទល់​នឹង​ ២​ សិត ​(៣-២) នៅ​ក្នុង​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​។​

​​តាមរយៈ​ការ​ជួប​គ្នា​កន្លង​មក​ ក្រុម​ខេត្ត​ព្រះ​សីហនុបាន​ចាញ់​ក្រុម​វិសាខា ​ស្ទើរ​គ្រប់​ព្រឹត្តិ​ការណ៍ ហើយ​ការ​ប្រកួត​ពាន ​Sar Sokha Challenge Cup 2023 នេះ ក៏​គេ​មិន​រំពឹង​ថា ក្រុម​ខេត្ត​ព្រះ​សីហនុ បាន​ឡើង​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​នោះ​ដែរ​ ប៉ុន្តែ​តាម​រយៈ​ការ​ប្រកួត​ជាក់​ស្តែង​ ក្រុម​មួយ​នេះ ពិត​ជា​ធ្វើឱ្យ​គ្រប់​គ្នា​មា​នការ​ភ្ញាក់​ផ្អើល​ខ្លាំង ដោយ​ពួកគេ​បាន​ឈ្នះ​គ្រប់​ការ​ប្រកួត ​និង​បាន​បន្ត​យក​ឈ្នះ​ក្រុម​វិសា​ខា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ឈ្នះ​ពាន​យ៉ាង​រំភើប​បំផុត​។​

​​នៅ​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល ដែល​បាន​ចាប់​ដំណើរកា​រ​ពីថ្ងៃ​ទី​ ១ ដល់ទី​ ៤​ ខែសីហា ទាំង​ក្រុម​វិសាខា​ និង​ក្រុម​ខេត្ត​ព្រះ​សីហនុ ទទួល​បាន​លេខ​ ១​ រៀងៗ​ខ្លួន ​ដោយ​ក្នុង​នោះ ​វិសាខា បាន​យក​ឈ្នះ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ត្បូង​ឃ្មុំ ​ក្រុម​កង​ពលធំ​អន្តរាគ​មន៍​លេខ​៣ និង​ក្រុម​ក្រុម​បញ្ជា​ការ​ដ្ឋាន​អង្គរក្ស​ ៣-០ ដូច​គ្នា និង​ឈ្នះ​ក្រុម​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ ៣-​២​ រីឯ​ក្រុម​ខេត្ត​ព្រះ​សីហនុ បាន​យក​ឈ្នះ​ក្រុម​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​បាត់​ដំបង​ និង​ក្រុម​ស្នង​ការ​ដ្ឋាននគរ​បាល​ខេត្ត​កំពង​ឆ្នាំង ​៣-០​ ដូច​គ្នា និង​ឈ្នះ​ក្រុម​ខេត្ត​តាកែ​វ ៣-១​។​


​​យ៉ាង​ណាមិ​ញ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់ក​ណ្តាល​ផ្តាច់​ព្រ័ត្រ ​កាលពី​ថ្ងៃទី​៥ ​ខែសីហា ក្រុម​លេខ​១​ពូ​ល​A វិសាខា បាន​ទម្លាក់​ក្រុម​លេខ​២​ពូ​ល​A ខេត្ត​តាកែវ​ ដោយ​ការ​យក​ឈ្នះ ៣​-០ ចំណែក​ក្រុម​ខេត្ត​ព្រះ​សីហនុ ក៏បាន​យក​ឈ្នះ​ក្រុម​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស ៣-០ ដូ​ចគ្នា ​ដើម្បី​ឡើងទៅ​​ជួបគ្នា នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ​ដែល​ត្រូវបា​ន​ធ្វើ​ឡើង ​នៅក្នុង​វិមាន​ពហុ​កីឡ​ដ្ឋាន​ជាតិ ​កាល​ពី​យប់​ថ្ងៃទី​៦ ខែ​សីហា​។


​​នៅក្នុ​ង​ការ​ប្រកួត​ដ៏​ស្វិត​ស្វាញ​នេះ ​ក្រុម​វិសាខា បាន​យកឈ្នះ​ក្រុម​ខេត្ត​ព្រះសីហនុ ជាមួ​យ​គ្រាប់​បាល់ ​២៥-១៦ នៅ​សិត​ទី​១ ដែល​ធ្វើឱ្យ​គ្រប់​គ្នា​គិត​ថា វិសាខា​ នឹង​បន្ត​ឈ្នះ​២​សិត​ទៀត ​ដើម្បី​លើក​ពាន​ ជា​មួយ​ឈ្នះ​៣​សិត​ដាច់​តែ​ម្តង​ ប៉ុន្តែ​អ្វីៗ​បាន​ប្រែ​ប្រួល ​បន្ទា​ប់ពី​ក្រុម​ខេត្ត​ព្រះ​សីហនុ ​បាន​យ​កឈ្នះ ​២៥-១៩ នៅ​សិត​ទី​២​វិញ​។ ទោះ​យ៉ាង​ណា ​នៅ​សិត​ទី​៣ វិសាខា បា​នឈ្នះ ២៥-២២​ វិញ ប៉ុន្តែ​២​សិត​ចុង​ក្រោយ​ ក្រុម​ខេត្ត​ព្រះ​សីហនុ បាន​យក​ឈ្នះ ​២៥-២៣ ​និង ​១៥-១១​ ដើម្បី​លើក​ពាន​យ៉ាង​រំភើប​បំផុត​។ រីឯ​ក្រុម​បញ្ជាកា​រដ្ឋាន​អង្គរ​ក្ស បាន​យ​កឈ្នះ​ក្រុម​ខេត្ត​តាកែវ​ ៣-០ ដើម្បី​ទទួល​បាន​លេខ​៣​។​

​​ការ​យក​ឈ្នះ​ក្រុម​វិសាខា ៣-២​ ដើម្បី​លើក​ពាន Sar Sokha Challenge Cup 2023 របស់​ក្រុម​ខេត្ត​ព្រះសី​ហ​នុ បានធ្វើ​ឱ្យ​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល និង​ស្ទើរតែ​មិន​ជឿ ​ចំពោះ​លទ្ធផល​​នេះ ហើ​យ​សូម្បី​លោក សោម​ ចំណាប់ ដែល​ជា​គ្រូប​ង្វឹក ក៏​សឹង​តែ​មិន​ជឿថា​ កូន​ក្រុម​របស់​លោក​អាច​ធ្វើ​បា​នល្អ​បែប​នេះ​ដែរ​។​

​លោក ​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​ពិតជា​មានការ​​កោតសរ​សើ​រ​ទៅដល់​កូន​ក្រុម​របស់​ខ្ញុំ ដែល​ធ្វើ​បានល្អ​​មែនទែ​ន ​ដើម្បី​យក​ឈ្នះ​លើ​ក្រុម​វិសាខា ​៣-២ ​នៅក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ហើយ​ការ​ឈ្នះ​ពាន​នេះ វា​ជា​លទ្ធ​ផល​ហួស​ពី​ការរំពឹ​ងទុក​រប​ស់ខ្ញុំ​ ប៉ុន្តែ​យើង​បាន​ប្រឹងប្រែ​ង​ហ្វឹក​ហាត់​ខ្លាំង​រៀងរា​ល់​ព្រឹក​-​ល្ងាច ដើម្បី​ត្រៀម​រាល់​ការ​ប្រកួត ដែល​សហព័​ន្ធ​កីឡាបា​ល់ទះ​​កម្ពុជា បាន​រៀប​ចំ​»​។​

​យ៉ាង​ណាក៏​ដោ​យ​​គ្រូបង្វឹ​ក​ក្រុម​ស្នងការ​ដ្ឋាននគរបា​ល​ខេត្ត​ព្រះសី​ហនុ ​រូបនេះ​ បាន​ឱ្យដឹង​ថា លោក​បាន​ព្យាយា​ម​សង្កេត​មើល​ពី​បច្ចេកទេ​ស​លេង​របស់​ក្រុម​វិសាខា គ្រប់​ការ​ប្រកួត​ ដើម្បី​បានដឹ​ង​ពី​ចំណុចខ្លាំ​ង​ និង​ចំណុច​ដែល​លោក​ត្រូវ​រៀប​ចំ​ក្រុម ដើម្បី​បំបែក​ក្បូន​លេង​របស់ ​វិសាខា សម្រាប់​ការ​ជួប​គ្នា​លើក​នេះ​។​

​លោក ​សោម ​ចំណាប់ ​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​បាន​សង្កេត​ឃើញថា​ បច្ចេក​ទេស​លេង​របស់​វិសាខា ​ល្អ ​ព្រោះ​ការប្រ​កួត​ស៊ី​ហ្គេម កន្ល​ងមក​នេះ ​គាត់​ទទួល​បាន​មេដាយប្រា​ក់​។ ការលេ​ង​របស់​គាត់​លឿន ហើយ​ការ​វាយ​របស់​គាត់​ខ្ពស់ៗ​​លើ​រនាំង ដូ​ច្នេះហើ​យ​ខ្ញុំ​បាន​ដាក់​កីឡា​ករ​ខ្ពស់ៗ​របស់​ខ្ញុំ ឱ្យ​លោត​បាំង​ត្រង់ៗ​ឡើង​ទៅ​លើ ហើ​យ​បើក​១​ច្រក​ និង​បិទ​១​ច្រក ​ដើម្បី​ការពារ​។ ចំពោះ​ការដេ​ញ​វាយ​បាល់​លឿន ខ្ញុំ​​បានឱ្យ​កី​ឡាករ​របស់​ខ្ញុំ​តាម​ពីមុខ​ឱ្យ​ជាប់ ដោយ​សល់​កីឡាក​រ​ម្នាក់ ​សម្រាប់​ទុក​ចាប់​ដូច​គ្នា​ អ្នក​ណា​ល្អ​ជាង អ្នក​ហ្នឹង​ឈ្នះ​»​។

​ចំណែក​កីឡាក​រ ឌឹ​ន ស៊ី​ដែន បាន​និយាយ​ថា​៖ «​ការ​ឈ្នះ​ពាន​នេះ មិ​នមែ​នជា​ការ​ចៃ​ដ​ន្យ​នោះទេ ​គឺ​​វា​បាន​កើត​មាន​ឡើ​ង ដោយ​ការ​ខិតខំ​ប្រឹង​ប្រែង​រប​ស់​ក្រុម​ស្នងការ​ដ្ឋាននគរ​បាល​ខេត្ត​ព្រះសី​ហនុ​ ទាំ​ងមូល​។ បើទោះបី​ជា​ក្រុម​របស់​យើង មិ​នទា​ន់​ល្អ ​ប៉ុន្តែ​ពួក​យើង​មាន​ការ​ប្រឹង​ប្រែង​លេង​អស់ពី​សមត្ថភា​ព និង​លេង​ដោយ​ការយ​ល់​ចិត្ត​គ្នា ទើប​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ នៅ​ពេល​នេះ​»​។

​ផ្ទុយ​ពីនេះ​កីឡា​ករ​ ផុល រតនៈ របស់​ក្រុម​វិសាខា ​បាន​សម្តែង​ការ​សោក​ស្តាយ​ខ្លាំង​ និង​បាន​សូម​ទោស​ដល់​អ្នក​គាំទ្រ ​ដែល​ពួក​គេមិន​អាច​ដណ្តើម​បាន​ពាន​ ដោ​យសារ​ចាញ់​ក្រុម​ខេត្ត​ព្រះសី​ហនុ នៅ​វគ្គ​ផ្តា​ច់ព្រ័ត្រ​នេះ​។ ​«​យើង​មានកា​រ​សោកស្តាយ​​មែនទែ​ន ព្រោះ​​យើង​បានដា​ក់​ចិត្ត​មោះមុ​ត​ហើយ​ថា នឹង​យក​ពាន​ជូន​ក្លិប និង​អ្ន​កគាំទ្រ​របស់​យើ​ង ​ប៉ុន្តែ​ចុង​ក្រោយ​យើង​បាន​រង​បរា​ជ័យ​»​។

​ទោះបីជា​យ៉ាង​ណា សមាជិក​ក្រុម​ជម្រើសជា​តិ​រូប​នេះ បាន​បន្ថែ​មថា​៖ «​កា​រ​បរាជ័យ​មួយ​នេះ វា​បាន​ក្លាយជា​​បទពិ​សោ​ធន៍​​មួយ ​ដើម្បី​ឱ្យ​យើង​ដឹង​នៅក្នុង​ចិត្ត​ម្នាក់ៗ​ថា យើង​មិន​ខ្លាំង​រហូត​ទេ និង​មិន​មែន​លេខ​១​រហូត​ទេ គឺ​ទាល់តែ​យើង​ប្រឹង​ហ្វឹក​ហាត់ និង​បង្កើន​សមត្ថភា​ព​របស់​យើង​ ទើប​យើង​អាច​រក្សា​តំណែង​លេខ​១​របស់​យើង​បាន​។ ប្រសិន​បើ​នៅក្នុង​ចិត្ត យើង​ដាក់​ថា ​យើង​ជា​ក្រុម​លេខ​១ គឺ​យើង​អាច​នឹង​ខ្សោយ​ជាងគេ​​វិញ នៅ​ថ្ងៃ​ណាមួ​យ ​ប៉ុន្តែ​ប្រ​សិ​នបើ​យើង​ដាក់ខ្លួន​​ថា​ យើង​ជា​ក្រុម​លេខ​២ គឺ​វា​ប្រៀប​ដូ​ចជា​ទឹក​មិនទា​ន់​ពេញ​កែវ​អ៊ីចឹង ​ដែល​យើង​ត្រូវបំ​ពេញ​​បន្ថែម​​រហូត​»​។​

​សម្រាប់​ការ​ប្រកួត​​ពានរ​ង្វាន់​ Sar Sokha Challenge Cup 2023​នេះ វា​បាន​ក្លាយជា​​របត់​ថ្មី​បំផុត​ ដែល​សហព័​ន្ធ​កីឡាបា​ល់ទះ​កម្ពុជា​ អ​នុញ្ញា​តឱ្យ​ក្លិប​នីមួយៗ ដាក់​បញ្ចូល​កី​ឡាករ​ប​រទេស ហើយ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​រវាង​ក្រុម​វិសា​ខា និង​ក្រុម​ខេត្ត​ព្រះ​សី​ហនុ ​ដែល​សុទ្ធ​តែមាន​កីឡា​បរទេស​ចូល​រួម​នោះ​ គឺ​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មែន​ទែន​ ដោយ​មាន​អ្នកគាំ​ទ្រ​ផ្ទាល់​ជិត​៥​ពាន់​នាក់ និង​អ្នក​ទស្ស​នា​តាម​ការ​ផ្សាយ​ផ្ទាល់​ជាង​៤​ម៉ឺន​នាក់​។​

​លោក​ អាំង​ សិរី​ពិសិដ្ឋ អគ្គលេ​ខាធិ​ការ​សហព័​ន្ធ​កីឡាបា​ល់ទះ​កម្ពុជា បាន​ថ្លែងថា​៖ «​ចំពោះ​ពានរ​ង្វាន់​ឯកឧ​ត្តម ​ស សុ​ខា រដូវ​កាល​ទី​១​នេះ ជា​ព្រឹត្តិ​ការណ៍​ដ៏​អស្ចារ្យ ដែ​ល​ធ្វើឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល ពី​សម្ទុះ​អ្នក​គាំទ្រ​ដ៏​ច្រើន បន្ទាប់ពី​ព្រឹត្តិ​ការណ៍​​ស៊ី​ហ្គេម បាន​បញ្ចប់ ​ហើយ​វា​ជា​លើក​ដំបូង​ ដែល​យើង​បានអ​នុញ្ញា​ត​ឱ្យ​ក្លិប​នីមួយៗដាក់ប​ញ្ចូល​កីឡាក​រ​បរ​ទេស ​ដើម្បី​ជាការ​រំ​ញោចដល់​បណ្តា​ក្លិប​ទាំងអ​ស់​ឱ្យ​រៀបចំ​ក្រុមឱ្យបាន​គ្រប់​ជ្រុង​ជ្រោយស​ម្រាប់​ត្រៀម​ចូលរួម​ព្រឹ​ត្តិការណ៍​ផ្សេងៗ​ទៀត ដែល​សហ​ព័ន្ធ នឹង​រៀបចំ​ឱ្យមាន​ឡើងជា​បន្ត​បន្ទាប់​ នៅក្នុង​ឆ្នាំ​២០២៣​នេះ​»៕