ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត ដែលនឹងចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧ ឆាប់ៗនេះ បានសម្តែងការអរគុណចំពោះទឹកចិត្តរបស់អ្នកប្រដាល់ជើងខ្លាំង Dave Leduc ដែលស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ) ហើយលោកបានបើកភ្លើងខៀវចាំស្វាគមន៍ ការមកប្រកួតរបស់ស្តេចប្រដាល់មីយ៉ាន់ម៉ារូបនេះ នៅប្រទេសកម្ពុជា ដែលគ្រោងធ្វើនៅចុងឆ្នាំ ២០២៣នេះ។
ការបង្ហាញពីការអរគុណរបស់លោក ហ៊ុន ម៉ាណែត ទៅកាន់កីឡាករ Dave Leduc នេះ ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី ១៥ ខែសីហាបន្ទាប់ពី Dave Leduc បានបង្ហោះសារអបអរដល់រូបលោក ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសកម្ពុជា ហើយកីឡាកររូបនេះក៏បានបង្ហាញពីក្តីស្រឡាញ់ចំពោះប្រទេសកម្ពុជា និងប្រដាល់គុនខ្មែរ ដោយ Dave Leduc បានអះអាងថា រូបគេនឹងធ្វើដំណើរមកប្រកួតបែបគុនខ្មែរនៅប្រទេសកម្ពុជា នាចុងឆ្នាំ ២០២៣ នេះ។
កីឡាករ Dave Leduc បានបង្ហោះសារជាភាសាខ្មែរ នៅលើផេចហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី ១៤ ខែសីហាថា៖ «ខ្ញុំសូមអបអរសាទរ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តំណែងជានាយករដ្ឋមន្ត្រីថ្មី នៃប្រទេសកម្ពុជា។
នៅចុងឆ្នាំនេះ ខ្ញុំមកលេងប្រទេសកម្ពុជាដ៏ស្រស់ស្អាតហើយត្រូវទៅប្រកួតក្រោមគុនខ្មែរ ហើយនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រយុទ្ធដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា និងអាស៊ីអាគ្នេយ៍នៅពេលដែលខ្ញុំមកដល់កម្ពុជា»។ ជាមួយការបង្ហោះសារនេះ Dave Leduc បានអះអាងថា រូបគេមានអ្នកតាមដានរាប់លាននាក់ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានប្រជាជនចំនួន ៥៤ លាននាក់ ចំណែកប្រទេសកម្ពុជា ក៏មានប្រជាជនប្រមាណ ១៦លាននាក់ ហេតុនេះ Dave Leduc ជឿជាក់ថា ប្រជាជនរបស់ប្រទេសទាំង ២ នេះ នឹងចូលរួមលើកទឹកចិត្តដល់ការប្រកួតនេះ ដើម្បីអបអរសាទរមិត្តភាពដ៏អស្ចារ្យ រវាងមីយ៉ាន់ម៉ា និងកម្ពុជា តាំងពីបុរាណកាលមក។
ស្តេចប្រដាល់របស់មីយ៉ាន់ម៉ារូបនេះបន្ថែមថា៖ «ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក នឹងនិយាយអំពីព្រឹត្តិការណ៍នេះ ព្រោះវានឹងក្លាយជាការប្រយុទ្ធចូលនិវត្តន៍របស់ខ្ញុំ។ តើឯកឧត្ដម (ហ៊ុន ម៉ាណែត) ចូលចិត្តសិល្បៈក្បាច់គុនឬទេ? ប្រសិនបើចូលចិត្ត នោះពិតជាមហាកិត្តិយស សម្រាប់ខ្ញុំ សម្រាប់គូប្រជែងរបស់ខ្ញុំ និងប្រជាជនកម្ពុជាទាំងអស់ ប្រសិនបើឯកឧត្ដមមានវត្តមានអញ្ជើញចូលរួមជាភ្ញៀវមហាកិត្តិយស នៅទីក្រុងភ្នំពេញ»។
លើសពីនេះ Dave Leduc បានបង្ហាញពីអារម្មណ៍ពិតរបស់ខ្លួនបែបនេះថា៖ «ទោះបីជាខ្ញុំ ជាជនជាតិបរទេសក៏ដោយ ក៏ខ្ញុំស្រឡាញ់ និងគោរពកម្ពុជាផងដែរ ហេតុនេះហើយ បានជាខ្ញុំព្រមប្រកួតក្រោមគុនខ្មែរបុរាណ ព្រោះខ្ញុំដឹងពីប្រវត្តិសាស្ត្រពិត! ខ្ញុំចង់ចាប់ដៃឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត។ សង្ឃឹមថា ឯកឧត្ដម អាចពិចារណា តាមការអញ្ជើញរបស់ខ្ញុំ សូមទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំ»។
ឆ្លើយតបទៅនឹងសំណើ និងទឹកចិត្តរបស់កីឡាករ Dave Leduc នេះលោក ហ៊ុន ម៉ាណែត បានសរសេរបង្ហោះតបវិញ បែបនេះថា៖ «សួស្ដីលោក Dave Leduc! សូមអរគុណលោក ចំពោះទឹកចិត្តស្រឡាញ់ប្រទេសកម្ពុជា និងក្បាច់គុនបុរាណខ្មែរ (គុនខ្មែរ)។ សូមជូនពរលោកទទួលបានជោគជ័យ។ រង់ចាំជួបគ្នានាចុងឆ្នាំនេះ ពេលដែលលោកមកកាន់ប្រទេសកម្ពុជា»។
សម្រាប់គម្រោងធ្វើដំណើរមកប្រកួត នៅប្រទេសកម្ពុជា ជាលើកដំបូងនាចុងឆ្នាំ ២០២៣ នេះ កីឡាកររបស់មីយ៉ាន់ម៉ា Dave Leduc នៅតែមាន បំណងប្រកួតជាមួយជើងខ្លាំង ព្រំ សំណាង ដដែល បន្ទាប់ពីការជួបគ្នារបស់អ្នកទាំង ២ នៅលើទឹកដីប្រទេសស្លូវ៉ាគី កាលពីខែឧសភា កន្លងទៅ ត្រូវបានលុបចោលវិញ ហើយការរៀបចំឱ្យមានការប្រកួតជាថ្មីនៅកម្ពុជានេះត្រូវបានលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បង្ហើបថា នឹងរៀបចំ នៅលើសង្វៀនថោន។
លោក តែម ម៉ឺន បានប្រាប់កាលពីថ្ងៃទី ១៥ ខែសីហាថា៖ «ការប្រកួតនេះ ជាគម្រោងសហការរៀបចំរបស់សហព័ន្ធជាមួយសង្វៀនថោន ដែលនឹងធ្វើនៅខែវិច្ឆិកា ឆ្នាំ ២០២៣ នេះហើយបើសិនជាថ្នាក់ដឹកនាំរបស់យើង (ហ៊ុន ម៉ាណែត) លោកបានចូលរួមពិតមែន នោះការប្រកួតអន្តរជាតិនេះ នឹងក្លាយជាព្រឹត្តិការណ៍ធំ និងពិសេសបំផុត ដោយសហព័ន្ធ និងដៃគូសហការ នឹងរៀបចំនីតិវិធីរដ្ឋបាល និងពិធីការឱ្យបានល្អបំផុត ដើម្បីស្វាគមន៍ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសរបស់យើង»។
លោកបន្ថែមថា៖ «ជាមួយគ្នានេះ យើងក៏នឹងមានការស្នើសុំយោបល់ពីថ្នាក់ដឹកនាំឱ្យបានសមរម្យផងដែរ ព្រោះព្រឹត្តិការណ៍អន្តរជាតិ ដែលកីឡាករបរទេសមកប្រកួតក្នុងក្របខ័ណ្ឌច្បាប់កីឡាគុនខ្មែរបែបនេះគឺយើងពិតជាមានមោទនភាពខ្លាំង ដើម្បីយើងធ្វើការផ្សព្វផ្សាយ និងអភិរក្សក្បាច់គុន ដែលជាកេរដំណែល វប្បធម៌ដូនតារបស់យើងនេះ ដោយយើងនឹងខិតខំរៀបចំព្រឹត្តិការណ៍នេះឱ្យបានល្អហើយយើងក៏បានយកចិត្តទុកដាក់បំពាក់បំប៉នដល់កីឡាករ ព្រំ សំណាង គឺធ្វើយ៉ាងណាឱ្យគាត់ពង្រឹងសមត្ថភាពឱ្យបានល្អ សម្រាប់ត្រៀមការប្រកួតដ៏សំខាន់មួយនេះ»៕