ភ្នំពេញៈក្រុមអត្តពលិកប៉េតង់កម្ពុជាបានបញ្ចប់ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី៥ ឆ្នាំ ២០២៣ (5th Asian Petanque Championship 2023) នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយឈ្នះបានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ៤ ហើយប្រតិភូកីឡាកម្ពុជាបាននាំយកមេដាយទាំងនេះ មកដល់មាតុប្រទេសវិញកាលពីថ្ងៃទី ២១ ខែសីហា គឺបន្ទាប់ពីពួកគេបានប្រកួតយ៉ាងតានតឹងអស់ ៥ ថ្ងៃ។
ជាមួយសមិទ្ធផលជោគជ័យនេះ កីឡាការិនី អ៊ុន ស្រីយ៉ា ជាអ្នកដណ្តើមបានមេដាយមាសលើវិញ្ញាសាវាយយកពិន្ទុ ប៉ុន្តែក្រុមបុរសកម្ពុជាមិនអាចរក្សាមេដាយមាសដែលពួកគេធ្លាប់បានឈ្នះកាលពីឆ្នាំមុនទេដោយឈ្នះត្រឹមមេដាយប្រាក់ ក្រោយពីចាញ់ក្រុមថៃនៅវគ្គផ្តាច់ព្រ័ត្រ។ ចំណែកមេដាយសំរឹទ្ធចំនួន ៤ ទៀត ក្រុមប៉េតង់កម្ពុជា ដណ្តើមបាននៅលើវិញ្ញាសាវាយយកពិន្ទុរបស់កីឡាករ ថោង ឈឿន ព្រមទាំងវិញ្ញាសាប្រកួតជាក្រុមផ្នែកបុរសផ្នែកនារី និងផ្នែកយុវជន។
តាមរយៈលទ្ធផលនេះ កញ្ញា គិន សំណាង អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជាប្រតិភូដឹកនាំការប្រកួតនេះបានអះអាងថា នេះជាលទ្ធផលដ៏ល្អប្រសើរមួយ ដោយក្រុមប៉េតង់កម្ពុជាអាចដណ្តើមបានមេដាយនៅលើវិញ្ញាសាចំនួន ៥ ក្នុងចំណោមវិញ្ញាសាសរុបទាំង ៦ គឺមានតែវិញ្ញាសាវាយយកពិន្ទុផ្នែកយុវជនមួយទេដែលកម្ពុជាមិនអាចដណ្តើមបានមេដាយពីការប្រកួតនេះ។
ទោះជាយ៉ាងណា ប្រតិភូ និងអត្តពលិកប៉េតង់កម្ពុជា បានលើកឡើងស្រដៀងគ្នាថា ការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៥ ឆ្នាំ ២០២៣ នេះ គឺមានភាពតានតឹងខ្លាំង ដោយសារអត្តពលិកចូលរួមភាគច្រើនមានកម្រិតលេងរីកចម្រើនជាងមុន ដែលទាមទារឱ្យក្រុមប៉េតង់កម្ពុជា ត្រូវបង្កើនការហ្វឹកហាត់ឱ្យបានខ្លាំងថែមទៀត សម្រាប់ត្រៀមចូលរួមប្រកួតនាពេលខាងមុខ។
កញ្ញា គិន សំណាង បានថ្លែងថា៖ «ខ្ញុំសង្កេតឃើញថា ការប្រកួតនៅឆ្នាំនេះ មានភាពតានតឹង ព្រោះមានអត្តពលិកសុទ្ធតែពូកែៗ ហើយចំនួនប្រទេសចូលរួមក៏មានច្រើន រហូតដល់ ១៥ ប្រទេស។ ទោះយ៉ាងណា យើងអាចរៀនសូត្រពីបទពិសោធន៍ថ្មីៗក៏ដូចជាបានស្គាល់ទីលានរបស់គេថែមទៀតព្រោះទីលាននៅទីនោះ ស្ថានភាពដីខុសពីយើងខ្លះដែរអ៊ីចឹងយើងគួរតែរឹតបន្តឹងបន្ថែមទៅលើការហ្វឹកហាត់របស់អត្តពលិកយើងជាពិសេសក្រុមយុវជនដើម្បីឱ្យពួកគាត់មានជំនាញលេងនៅលើប្រភេទដីផ្សេងៗទៀតកាន់តែបានល្អ»។
ទាក់ទងទៅនឹងស្ថានភាពទីលានប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីឆ្នាំ ២០២៣ នេះ កីឡាការិនីជាម្ចាស់មេដាយមាស អ៊ុន ស្រីយ៉ា បានទទួលស្គាល់ថា ពិតជាមានភាពខុសប្លែកពីទីលានប្រកួតនៅកម្ពុជាដែលមានស្ថានភាពរឹង ព្រោះទីលានប្រកួតនៅប្រទេសម៉ាឡេស៊ីនោះ ខ្លះរឹង ខ្លះទន់ ជ្រាយ និងខ្លះទៀតមានស្ថានភាពរឹង ទន់ ជ្រាយ នៅលាយឡំគ្នា ខណៈការប្រកួតមានភាពតានតឹង ដោយសារសម្បូរអ្នកមានសមត្ថភាពខ្លាំង។
កីឡាការិនី អ៊ុន ស្រីយ៉ា បានថ្លែងថា៖ «បើទោះបីជាការប្រកួតជើងអាស៊ីនេះ មានចំនួនប្រទេសចូលរួមតិចជាងការប្រកួតជើងឯកពិភពលោក ប៉ុន្តែប្រទេសនៅក្នុងតំបន់អាស៊ីភាគច្រើនមានកម្រិតលេងខ្ពស់ និងមានអ្នកខ្លាំងច្រើន។ យ៉ាងណាក៏ដោយ ពួកយើងបានប្រឹងប្រែងខ្លាំងដើម្បីប្រជែងយកមេដាយ ហើយពួកយើងនឹងខិតខំប្រឹងប្រែងហាត់បន្ថែមដើម្បីរកមេដាយបន្តទៅទៀតមិនឱ្យបងប្អូនខកចិត្តទេ»។
ទន្ទឹមនឹងនេះ លោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡាដែលបានទៅចូលរួមការប្រកួត Asian Petanque Championship 2023 នេះដែរ បានទទួលស្គាល់ថា សមត្ថភាពប្រកួតប្រជែងរបស់អត្តពលិកមកពីតាមបណ្តាប្រទេសផ្សេងៗថា ពិតជាមានការរីកចម្រើន ធ្វើឱ្យក្រុមប៉េតង់កម្ពុជា មានការលំបាកក្នុងការដណ្តើមយកមេដាយដូចដែលកម្ពុជាទទួលបាននេះ។
ជាមួយសម្ទុះរីកចម្រើននៃវិស័យកីឡាប៉េតង់នៅក្នុងតំបន់នេះ លោក ផាត់ បញ្ញាសុជាតក៍ បានបញ្ជាក់ថា៖ «បើនិយាយពីភាពរីកចម្រើនរបស់អត្តពលិកនៃប្រទេសនីមួយៗ ដែលបានចូលរួមការប្រកួតនេះ គឺមានការរីកចម្រើនខ្លាំងជាលំដាប់ ដូច្នេះជាចំណាប់អារម្មណ៍របស់ខ្ញុំ តាងនាមឱ្យក្រសួងអប់រំ គឺយើងត្រូវជំរុញសមត្ថភាពរបស់អត្តពលិកយើង ដោយឱ្យពួកគាត់ ប្រឹងប្រែងហ្វឹកហាត់បន្ថែម ដើម្បីត្រៀមទប់ទល់ជាមួយប្រទេសជាច្រើន នៅក្នុងការប្រកួតក្រោយៗទៀត»៕