ភ្នំពេញៈ គណៈ​កម្មាធិការ​ជាតិអូឡាំ​ពិកកម្ពុជា (NOCC) បានសហការ​ជាមួយ AIA និង​ស្ថាប័ន​ពាក់​​​​ព័ន្ធ​​មួយចំនួន​ទៀត ដើម្បីរៀបចំព្រឹត្តិការណ៍រត់ប្រណាំងមួយ អបអរសាទរសមិទ្ធផល និង​ជោគ​ជ័យ​​នៃ​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដែល​កម្ពុជា បាន​ធ្វើ​ជាម្ចាស់​ផ្ទះ​កន្លង​មក ហើយ​ការ​ប្រកួតនេះ ក៏​ដើម្បីចូលរួមផ្សព្វ​ផ្សាយ​​​លើក​កម្ពស់​ការ​យក​ចិត្ត​ទុក​ដាក់ និង​ការ​យល់​ដឹង​ដល់​ស្ត្រី មាន​ជំងឺ​មហា​រីក​សុដន់​ (CANCER) ដែល​កំពុងរីក​រាលដាល នៅ​លើ​ពិភព​លោក។

តាម​ខ្លឹម​សារ ដែល​​ត្រូវ​បាន​ប្រកាស ក្នុង​សន្និសីទកាសែត នៅទី​ស្នាក់ការ NOCC កាលពី​ថ្ងៃទី​ ៥ ខែកញ្ញា បាន​ឱ្យ​ដឹង​​ថា ព្រឹត្តិការណ៍​រត់ប្រណាំង​នេះ មានឈ្មោះ​ថា AIA Pink Run ដែល​នឹង​ត្រូវ​ធ្វើ​ឡើង នៅ​​មុខ​វត្ត​បទុមវតី រាជធានី​ភ្នំពេញ នាព្រឹក​​ថ្ងៃទី​ ២២ ខែតុលា ឆ្នាំ​ ២០២៣ ដោយ​មានការ​រត់​ចម្ងាយ ​១០ គីឡូ​ម៉ែត្រ ៥ គីឡូម៉ែត្រ និង​ចម្ងាយ ​២,៥ គីឡូ​ម៉ែត្រ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បាន​ឱ្យ​ដឹង ​ក្នុងសន្និសីទ​កាសែត​នោះ​ថា ព្រឹត្តិការណ៍​រត់ប្រណាំង AIA Pink Run នេះ ​មិន​ត្រឹមតែ​ដើម្បី​អបអរសមិទ្ធផល​កីឡាស៊ីហ្គេម លើក​ទី​៣២ និងអាស៊ានប៉ារ៉ាហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ក៏​ដើម្បី​​អបអរ​ភាពជា​ដៃគូ​រវាង CAMSOC និង AIA ដែល​ទទួល​បានជោគ​ជ័យ សម្រាប់ការរៀបចំ​ព្រឹត្តិការណ៍​ជា​​ប្រវត្តិសាស្រ្ត​​នេះ​​ផងដែរ។


ជាមួយគ្នា​នេះ លោករំពឹង​ថា ប្រជា​ពល​​រដ្ឋកម្ពុជា នឹង​ចូលរួម​ការ​រត់ប្រណាំង​នេះ​បានច្រើន ហើយកីឡាករ​ជម្រើសជាតិកម្ពុជា ជាពិសេស​អត្តពលិក ដែល​ដណ្តើម​បានមេដាយ ក្នុង​ព្រឹត្តិការណ៍​​ស៊ីហ្គេម កន្លងមក​នេះ នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួ​ម​ការ​ប្រកួត​នេះ ប៉ុន្តែ​មានចំនួន​មិន​ច្រើន​ទេ ព្រោះ​កីឡាករ កីឡា​ការិនី​ជម្រើសជាតិ​មួយចំនួន​ធំ បាន​​ជាប់​បំពេញ​​បេសកកម្ម ការ​ហ្វឹកហាត់ នៅ​ប្រទេស​ចិន​ មិនអាច​វិលត្រឡប់​មក​ចូលរួមបាន។

អគ្គលេខាធិការ NOCC រូប​នេះ បាន​ថ្លែង​ថា៖​ «​យើង​នៅ​សល់​កីឡាករ កីឡាការិនី​តិចតួច​ប្រមាណ​១០០​នាក់​ទេ ដោយ​យើងនឹង​អញ្ជើញ​ឱ្យ​ពួកគាត់​មក​ចូលរួម​ក្នុងការ​រត់របស់​យើង​ ទាំង​​អ្នក​មាន​ជយលាភី និងមិន​បានជយលាភី ព្រមទាំង​ក្រុម​អត្តពលិក នៅ​ក្នុងសហព័ន្ធ​កីឡាជាតិ​មួយ​ចំនួន​ទៀត ដើម្បី​អបអរ​សមិទ្ធផល​ស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម​របស់​យើង ព្រោះ​ពួក​គាត់​ជា​តួឯក ក្នុងព្រឹត្តិការណ៍នេះតែម្តង អ៊ីចឹង​យើង​ត្រូវ​ធ្វើ​កិច្ចការ​នេះ​ឱ្យ​បានល្អ»។


ទន្ទឹម​នឹង​នេះ លោក វ៉ាត់ ចំរើន បានបន្ថែម​ថា ការ​​រត់ប្រណាំង AIA Pink Run នេះ ​ក៏​ដើម្បី​​​​​​ចូលរួម​​លើក​កម្ពស់ការ​យកចិត្ត​ទុកដាក់ និងការយល់ដឹង​ដល់ស្ត្រី ដែល​មាន​ជំងឺ​មហា​រីក​សុដន់​​ផងដែរ ​ហេតុនេះ​គណៈកម្មការ​រៀបចំ នឹង​សហការជាមួយ​​ក្រុមគ្រូពេទ្យ​ជំនាញ ដើម្បី​រៀបចំ​ជា​កន្លែង​ពិនិត្យ​រកមើល​ជំងឺ​មហារីក​ជូនដល់ស្រ្តី​គ្រប់​រូប ដោយ​មិនគិត​ថ្លៃ​ចំនួន​៣​ថ្ងៃ គឺថ្ងៃទី​២០ ដល់​ទី​២២ ខែតុលា ឆ្នាំ​២០២៣ នៅទីតាំង​ប្រកួត​ផ្ទាល់​តែម្តង។

លោក ចំរើន បញ្ជាក់​ថា៖ «យើង​ផ្តោតការយក​ចិត្តទុកដាក់​ជួយ​ដល់​ស្រ្តី ព្រោះ​​ការ​ចូលរួម​របស់​ស្រ្តី ជា​គោល​ការណ៍​រួម​របស់​ចលនា​អូឡាំពិក​អន្តរជាតិ ហើយ​នៅ​ក្នុង​នោះ AIA បាន​មើល​ឃើញ​នៅចំណុច​ខ្លាំង​មួយ​ទៀត គឺ​ការ​ជួយ​ដល់​ស្រ្តី ​ដែល​មាន​ជំងឺ​មហា​រីក​សុដន់ ​ព្រោះ​ស្ត្រី​យើង​ភាគ​ច្រើន មាន​បញ្ហាជំងឺ​នេះ តែ​អ្នក​​ខ្លះមិន​បានដឹង​ថា គាត់​កើតជំងឺ​នេះ​ទេ អ៊ីចឹង​យើង​នឹង​​រៀបចំ​កន្លែងពិនិត្យ​រកជំងឺមហារីក​នេះជូន​ដល់​ស្រ្តី​គ្រប់រូប ដោយមិនគិតថ្លៃ និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់»។

លើសពីនេះ ការ​រៀបចំព្រឹត្តិការណ៍​​​រត់ប្រណាំង AIA Pink Run ក៏​ផ្តោតសំខាន់​ទៅលើ​ការ​ប្រមូល​ប្រាក់កម្រៃ ដើម្បី​ជួយ​ដល់​ការ​ងារសប្បុរសធម៌​ ព្រម​ទាំង​ជួយ​ដល់​​កីឡាករ កីឡាការិនី​​ ដែល​មាន​បញ្ហារបួស និង​ព្រឹទ្ធាចារ្យ​កីឡា ឬអ្នក​កីឡាចាស់ៗ ដែលមានជំងឺ​ឈឺថ្កាត់​ផងដែរ ដោយ​​សកម្ម​ភាព​នេះ NOCC តែង​បាន​ធ្វើ​ជា​ប្រចាំ តាម​រយៈការ​រៀបចំព្រឹត្តិ​ការណ៍​កីឡា​ជា​ច្រើន​ឆ្នាំមក​នេះ។

លោក វ៉ាត់ ចំរើន បញ្ជាក់​ថា៖ «យើងមិន​មែន​ធ្វើតែ​កីឡា​ទេ ប៉ុន្តែ​យើងមានគោលដៅ​ផ្សេង​ទៀត ក្នុងការ​ជួយ​ដល់​សង្គម និង​ស្រ្តី​របស់​យើង​ថែម​ទៀត ហើយនៅរាល់​ព្រឹត្តិការណ៍​ទេសចរណ៍ ឬ​កីឡា​មហាជន និងកីឡា​កម្សាន្ត​​​ទាំង​អស់ គឺ​​យើងយក​ផល​កម្រៃ​បានពី​ការ​រៀបចំ​ហ្នឹង ​ទៅ​ជួយ​ដល់​ការងារ​សប្បុរសធម៌ អ៊ីចឹង​​​ទោះ​​បានតិច ឬច្រើន​ យើង​រៀបចំ​ជួយ​ទៅមន្ទីរពេទ្យ​ និង​ដាក់​ចូល​ទៅ​ក្នុង​មូល​និធិ​សម្រាប់​ជួយ​ដល់អ្នក​​កីឡា ដែលនេះជា​អំពើសប្បុរ​សធម៌​ នៅ​ក្នុង​ចលនា​កីឡា​របស់​យើង ដើម្បី​ជួយ​​ដល់​​សង្គម​ជាតិ​»៕