ភ្នំពេញៈ អ្នក​ប្រដាល់​របស់ ​បេឡា​រុស Nikata Gerasismovich បាន​ តវ៉ា​ខ្លាំង​ ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​អា​ជ្ញា​កណ្តាល​ ដែល​បាន​ឱ្យ​រូប​គេ​ចាញ់​ជើង​ខ្លាំង​ ធឿន ធារ៉ា នៅក្នុ​ង​ទឹក​ទី​២ សម្រាប់​ការ​ប្រកួត​មិត្ត​ភាព​អន្តរ​ជាតិ ក្នុង​ព្រឹត្តិកា​រណ៍ ​Kun Khmer Grand Champion ​នៅលើ​សង្វៀន​ថោ​ន ​ចំណែក ពេជ្រ​ ប៊ុន​សិ​ដ្ឋ បាន​ស្មើ​ពិន្ទុ​ជាមួ​យ​ម្ចាស់​ជើង​ឯក​៧​សម័យ​កាល​របស់​ចិន ​ក្នុងពេល​ដែល​ម្ចាស់​មេដាយ​មាស​ស៊ី​ហ្គេម ឈុត ​សេរី​វ៉ាន់​ថង និង ឈឿង ល្វៃ បាន​ឈ្នះ​អ្នក​ប្រដាល់​រូ​ម៉ា​នី​ និង​ថៃ​។​

​តាមរ​យៈ​ការ​ប្រកួត ​កាល​ពី​ថ្ងៃទី​១០ ​ខែកញ្ញា​ជើង​ខ្លាំង​មាន​រហស្ស​នាម «​អ្នក​លេង​ពូថៅ​ដៃ​» ធឿន ធា​រ៉ា បាន​ក្លាយ​ជា​កីឡា​ករ​កម្ពុជា​ម្នាក់​គត់ ​ដែល​បាន​ផ្តួល​ដៃគូ​ឱ្យ​សន្លប់​ ក្នុង​ការប្រ​កួត​អន្ត​រជាតិ​ទាំង​៥​គូ ​ក្នុង​ថ្ងៃ​ជា​មួយ​គ្នានេះ​ ប៉ុន្តែ​ភាគី​របស់​កីឡា​ករ​បេឡា​រុស Nikata បាន​តវ៉ា​យ៉ាង​ខ្លាំង ​ទៅលើ​អាជ្ញាក​ណ្តាល​លោក ម៉ា​ក់ សា​មឿន ចំពោះ​ការ​សម្រេច​​ឱ្យ​ចាញ់ ​ធឿន ធារ៉ា នៅ​ក្នុង​ទឹក​ទី​២​។​

​ចំពោះ​ស្ថាន​ភាព​ប្រកួត​ជាក់​ស្តែង ដែ​លមាន​ត្រឹម​៣​ទឹក​នេះ ​Nikata ដែល​ធ្លាប់​បាន​ចាញ់​ជើង​ខ្លាំង​ ព្រំ សំណាង ដោយ​ពិន្ទុ​នោះ ​បាន​ព្យា​យាម​វាយ​បក​សង​ជា​មួយ​ ធឿន ធារ៉ា យ៉ាង​ល្អ ​ដោយ​អ្នក​ទាំង​២​នេះ ​បាន​ប្រើ​ក្បាច់​ពិសេសៗ​ វាយ​បក​សង​គ្នា តាំង​ពី​ទឹក​ទី​១ ​ប៉ុន្តែ​ការ​វាយ​ប្តូរ​គ្នា​យ៉ាង​រន្ថើន ​នៅ​ទឹក​ទី​២ គឺ​ Nikata ត្រូ​វបាន ធឿន ធារ៉ា ម៉ាត់​ឆ្វេង​ចូល​ចំ​ថ្គាម បណ្តាល​ឱ្យ​ដួល​ផ្ងារ​ក្រោយ​ទាំង​ជំហរ​។​


​ដោយ​មើល​ឃើញ​ថា Nikata មាន​អា​កា​រ​វង្វេង ​ក្រោក​ឡើង​មិន​ចង់​រួច​នោះ ​លោក​អាជ្ញា​កណ្តាល​ ម៉ាក់ សាមឿន បា​ន​រាប់​ទៅ​លើ​កីឡាករ​របស់​បេឡា​រុស​រូបនេះ​ រហូតដល់​៨ ​នៅតែ​មិន​ទាន់​ងើប​រួច​ទៀត​។ ឃើញ​បែបនេះ ​លោក សា​មឿន បាន​ជួយ​លើក ​Nikata ឡើង​ក្នុង​បំណង​បញ្ឈប់​ការ​ប្រកួត​ តែ​កីឡា​ករ​​រូបនេះ បាន​បង្ហាញ​កាយ​វិការ​មិន​ទទួល​យក ​ជា​ហេតុ​នាំឱ្យ ​លោក​ សាមឿន រាប់​ថែម​ចំនួន​២​ដង​ទៀត​ ហើយ​ក៏​សម្រេច​បញ្ឈប់​តែ​ម្តង​ នៅ​ពេល Nika​ta មិន​បាន​បង្ហាញ​កាយ​វិកា​រ ឬ​ងក់​ក្បាល​តប​ទៅ​នឹង​ការ​រាប់​ដល់​គ្រប់​១០​របស់​លោក​នោះ​។​

​ទោះបីជា​យ៉ាង​ណា ប​ន្ទាប់ពី​សម្រេច​ឱ្យ​ចាញ់​នេះ Nikata និង​អ្នក​ឱ្យ​ទឹក​របស់គេ​ បានធ្វើ​ការតវ៉ា​ភ្លាមៗ​ ដោយ​មិន​ព្រម​ទទួលយ​ក​ការ​កាត់​សេច​ក្តី និង​ការ​ពន្យល់​ពី​ច្បាប់​ប្រកួត​របស់លោ​ក​អាជ្ញា​កណ្តាល​ ម៉ាក់ ​សាមឿន ​នោះ​ទេ ដែល​បង្កើត​ឱ្យ​មាន​ភាព​ចលា​ចល នៅ​សង្វៀន​​ប្រកួត​​ផងដែ​រ​។​


​ជា​មួយ​សក​ម្មភាព​បែប​នេះ​ លោក សាមឿន បាន​សួរនាំ​​ទៅកាន់​​ចៅក្រម ​និង​ប្រធាន​គណៈវិ​និច្ឆ័យ​ប្រចាំ​ការ​ប្រកួត​នេះ​ ដើម្បី​សម្រេច​ជាថ្មី ​ចំពោះ​ការតវ៉ា​​នេះ ប៉ុន្តែ​ប្រធាន​គណៈវិ​និច្ឆ័យ ​នៅតែ​ប្រកាន់យ​ក​ការ​សម្រេច​នេះ​ដដែល ដោយ​កំណត់​ឱ្យ ​ធារ៉ា ជា​អ្នក​ឈ្នះ ​ព្រោះ​តាម​រយៈ​ការ​ចាក់​ផ្សាយ​រូប​ភាព​យឺតៗ បាន​បង្ហាញ​ច្បាស់​ថា N​ikata ពិត​ជា​វង្វេង និង​មិន​បាន​បង្ហាញ​ការ​យល់​ព្រម​ប្រកួត​បន្ត ​ចំពោះ​ការរា​ប់​របស់​លោក​ ម៉ាក់ សាមឿន ពិត​មែន​។​

​ដោយ​ឡែក​ការ​ជួប​គ្នា ក្នុង​ទម្ងន់​៥៧​គីឡូ​ក្រាម​ ជា​លើកដំ​បូង​រវាង​កីឡាករ​វាយ​មិន​ដក​ថយ ​ពេជ្រ ប៊ុន​សិ​ដ្ឋ និង​ម្ចាស់​ជើង​ឯក​៧​សម័យ​កាល​របស់​ចិន Lan Shanteng បាន​ក្លាយ​ជាការ​ប្រកួត​ ដែល​មាន​ភាព​ទាក់​ទាញ​បំផុត ព្រោះ​អ្ន​ក​ទាំង​២​នេះ បាន​ឈរ​វាយ​ប្តូរ​គ្នា​៣​ទឹក​ពេញ ​និង​ចូល​គោល​ដៅ​ធ្ងន់ៗ​ដូចគ្នា​ ដែលមាន​ការ​ពិបាក ​ក្នុង​ការ​ដាក់​ពិន្ទុ​។​

​បើ​ទោះបី​ជា ពេជ្រ ប៊ុន​សិ​ដ្ឋ ជា​អ្នក​ដើរ​ចូល​វាយ ​និង​វាយ​ចេញ​បាន​ច្រើន​ជាង ​ប៉ុន្តែ​ការ​វាយ​សង​ពី​កីឡាករ​លំដាប់ Top3​ របស់​ចិន Lan Shanteng គឺ​ចូល​ពេញៗ និង​ធ្ងន់ៗ​ ហើយ​ក៏បាន​បន្សល់​ស្នាម​បែក​ នៅ​លើ​ក្តោង​ច្រមុះ​របស់ ​ប៊ុន​សិ​ដ្ឋ ផង​ដែរ​ ហើយ​ចុង​ក្រោយ​ពួក​គេ​ត្រូវបាន​សម្រេច​ឱ្យ​ស្មើ​ពិន្ទុ​គ្នា ​ដែល​អាច​ទទួល​យក​បាន​ទាំង​២​ភាគី​ សម្រាប់​ការ​ប្រកួត​លើក​នេះ​។​

​ជា​មួយ​គ្នានេះ​ ម្ចាស់​មេដាយ​មាស​​ស៊ី​ហ្គេម ឈុត​ សេរី​វ៉ាន់​ថង ក៏​បាន​ធ្វើ​ការងា​រ​ធ្ងន់​ផង​ដែរ​ ក្នុងការ​ប្រកួត​ជា​មួយ​កីឡា​ករ​រូ​ម៉ា​នី Silviu Vites ក្នុង​ទម្ងន់​៦០​គីឡូ​ក្រាម​ ដោយ​អ្នក​ទាំង​២​នេះបាន​វាយ​ប្តូរ​សង​គ្នា​ចូល​គោល​ដៅ​ពេញៗ​ និង​ធ្ងន់ៗ​ដូចគ្នា​។ តែ​ទោះបី​ជា​យ៉ាងណា ​ចៅក្រ​ម​បានស​ម្រេច​ឱ្យ ​ឈុត សេរី​វ៉ាន់​ថង ជា​អ្នក​ឈ្នះ ​សម្រាប់​ការ​វិល​មកកា​ន់​សង្វៀន​ជាថ្មី​​របស់​គេ​លើក​នេះ​។​

​ចំណែ​ក​​ម្ចាស់​មេដា​យមា​ស ឈឿង ល្វៃ បាន​​យកឈ្នះ​​អ្នក​ប្រយុទ្ធ​របស់​ថៃ Tetchmai Chor Narongsak ដោយ​ពិន្ទុ​ ក្នុង​ការ​ប្រកួត​ទម្ងន់​៧២​គីឡូ​ក្រាម ហើយ​ជាមួយ​ជ័យ​ជម្នះ​នេះ ​ឈឿង ​ល្វៃ នឹង​ទទួល​បាន​ឱកាស​ប្រកួត​​ដណ្តើម​​ខ្សែក្រវា​ត់ ​ក្នុង​ព្រឹត្តិ​ការណ៍ នៅ​សង្វៀន​ថោ​ន នាពេល​​ឆាប់ៗ​​ខាងមុខនេះ​។ រីឯ​កីឡា​ករ ​គោរម​ ច័ន្ទ​រាជា​ ក៏បាន​​ឈ្នះ​អ្នក​ប្រដាល់​ថៃ​ Rober​t Sor.Mongkogarnchang នៃ​ការ​ប្រកួត​ទម្ងន់​៥៤​គីឡូ​ក្រាម ​ក្នុង​ព្រឹត្តិកា​រណ៍ ​Kun ​Khmer Grand Cha​mpion នេះ​ផង​ដែរ​៕