ក្រុមកម្ពុជាបំបែកកំណត់ត្រាគ្រាប់បាល់ស៊ុតបញ្ចូលទីម៉ាកាវ ក្រោមការសាទរខ្លាំង

ភ្នំពេញៈ ក្រុមធំជម្រើសជាតិកម្ពុជា បានរួមគ្នាបង្កើតកំណត់ត្រាការស៊ុតបាល់ទម្លុះសំណាញ់ទីទៅលើក្រុមជម្រើសជាតិម៉ាកាវ រហូតដល់ ៤ គ្រាប់ ដែលបានបំបែកកំណត់ត្រាចាស់ សម្រាប់ការជួបគ្នាកន្លងមក ហើយជាមួយជ័យជម្នះដ៏ធំនេះ បានធ្វើឱ្យអ្នកគាំទ្រពេញចិត្តខ្លាំង ចំណែកថ្នាក់ដឹកកំពូលៗរបស់កម្ពុជា ក៏បានបង្ហាញការសាទរ និងកោតសរសើរទៅដល់ក្រុមគោព្រៃកម្ពុជា ផងដែរ។
បើទោះបីជា ក្រុមជម្រើសជាតិកម្ពុជាធ្លាប់សាងបានកំណត់ត្រាល្អ សម្រាប់ការជួបក្រុមជម្រើសជាតិម៉ាកាវ ចំនួន ៦ លើកកន្លងមកដោយបានឈ្នះ ៤ ស្មើ ១ និងចាញ់ ១ លើក ប៉ុន្តែចំពោះការជួបគ្នាតាំងឆ្នាំ ២០០៨ មកនោះគឺកម្ពុជា អាចស៊ុតបាល់ទម្លុះសំណាញ់ទីក្រុមម៉ាកាវបានច្រើនបំផុតត្រឹម ៣គ្រាប់ និងឈ្នះគ្រាប់បាល់ច្រើនបំផុតត្រឹម ៣-០ នៅពេលក្រុមទាំង ២ នេះ បានប្រកួតជម្រុះបាល់ទាត់ពិភពលោកនៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៥។
តែទោះបីជាយ៉ាងណា សម្រាប់ការជួបគ្នាជាថ្មី នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីយប់ថ្ងៃទី ១១ ខែកញ្ញានេះក្រុមជម្រើសជាតិកម្ពុជា ពិតជាធ្វើបានយ៉ាងល្អបំផុត ដោយពួកគេ បានរួមគ្នាយកឈ្នះក្រុមម៉ាកាវ រហូតដល់ ៤-០ ហើយវាក៏ជាពេលដែលខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា រកបាន ២ គ្រាប់តែម្នាក់ឯងជាលើកដំបូង សម្រាប់ការលេងជាមួយក្រុមធំជម្រើសជាតិកម្ពុជាផងដែរ។
តាមរយៈការប្រកួតនេះម្ចាស់អាវលេខ ៩ សៀង ចន្ធា ដែលទើបបានចូលរួមជាមួយក្លិបលេងនៅលីគទី២ របស់ប្រទេសកាតា ឈ្មោះ Al Shahaniya បានជាង ១ ខែនោះ ពិតជាបង្ហាញគុណភាពលេងយ៉ាងល្អ ហើយរូបគេអាចរកបាន ២ គ្រាប់ ក្នុងរយៈពេលត្រឹម ៣ នាទី ដោយក្នុងនោះ កាន់ ពិសាល ជាអ្នកលើកបាល់កាត់នៅមុខទី ដើម្បីឱ្យ សៀង ចន្ធា លោតតែតបញ្ចូលទីគ្រាប់បាល់ទី១ នៅនាទីទី១៩។
ចំណែកគ្រាប់បាល់ទី២ គឺ សៀង ចន្ធាបានយកដើមទ្រូងទប់បាល់ទម្លាក់ពីការលើកពីចម្ងាយរបស់ខ្សែការពារ ស៊ិន សុផាណាត់ រួចហើយ ចន្ធា បានអូសបាល់នោះរំលងខ្សែការពាររបស់ក្រុមម៉ាកាវ ដោយគុណភាព និងស៊ុតប្រឡោះជើងអ្នកចាំទី Chi Hang Fong ចូលទីយ៉ាងល្អបំផុត នៅនាទីទី២១។ បន្ថែមលើនេះ ការបញ្ជូនបាល់របស់ លឹម ពិសុទ្ធ បានផ្តល់ឱកាសឱ្យ សឿយ វិសាល ស៊ុតបញ្ចូលទីថែម ១ គ្រាប់ទៀត នៅនាទីទី៣៩ ដើម្បីជួយឱ្យក្រុមកម្ពុជា នាំមុខ ម៉ាកាវ ៣-០ យ៉ាងរំភើបបំផុត នៅតង់ទី១។
ឈានចូលតង់ទី២ ក្រុមម៉ាកាវ បានផ្លាស់ប្តូរកីឡាករចំនួន ៦ នាក់ ដើម្បីធ្វើការវាយលុកទៅលើក្រុមកម្ពុជាដែលបានផ្លាស់ប្តូរសមាសភាពចំនួន ៦ នាក់ដូចគ្នា ប៉ុន្តែការបង្កើតឱកាសម្តងហើយម្តងទៀតរបស់ម៉ាកាវ មិនទទួលបានលទ្ធផលល្អទេ។ ផ្ទុយទៅវិញការព្យាយាមវាយបករបស់ក្រុមកម្ពុជា បានផ្តល់ឱកាសឱ្យខ្សែប្រយុទ្ធទើបដាក់ឱ្យលេងនៅនាទីទី៧៦ រ៉ឹង ប៊ុនហៀង អាចរកបានគ្រាប់បាល់ទី៤ នៅនាទីទី៧៨ បន្ទាប់ពីរូបគេ បានទទួលបាល់ពីការបញ្ជូនយ៉ាងស្អាតរបស់ យ៉ើ មូស្លីម។
ជាមួយការយកឈ្នះក្រុមជម្រើសជាតិម៉ាកាវ ៤-០ នេះ បានធ្វើឱ្យអ្នកគាំទ្រកម្ពុជា មានការអបអរសាទរខ្លាំងដល់ក្រុមជម្រើសជាតិកម្ពុជា ហើយថ្នាក់ដឹកនាំមួយចំនួនជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងអតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ក៏បានអបអរដល់ជ័យជម្នះនេះផងដែរ។
លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានបង្ហោះសារអបអរដល់ក្រុមជម្រើសជាតិកម្ពុជា ស្រដៀងគ្នា ក្រោយការប្រកួតថា៖ «សូមអបអរសាទរ និងកោតសរសើរ ដល់ក្រុមបាល់ទាត់កម្ពុជា ដែលបានយកឈ្នះក្រុមបាល់ទាត់ម៉ាកាវ ក្នុងការប្រកួតកីឡាបាល់ទាត់មិត្តភាពអន្តរជាតិ ដោយលទ្ធផល៤ ទល់ ០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី ១១ កញ្ញា ២០២៣។ ជូនពរកីឡាករបាល់ទាត់កម្ពុជា បន្តទទួលបានភាពជោគជ័យជាបន្តបន្ទាប់ទៀត»។
ជាមួយគ្នានេះ លោក Felix Dalmas គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាបាននិយាយថា៖ «អ្វីដែលយើងចង់បាន គឺការវិវឌ្ឍនៃការលេងរបស់កីឡាករម្នាក់ៗ ឱ្យមានភាពប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ទៅតាមអ្វីដែលយើងអាចធ្វើទៅបាន។ អ៊ីចឹងការប្រកួតមិត្តភាពនេះ វាជាការប្រកួតប្រជែងដែលធ្វើឱ្យក្រុមរបស់យើង មានការវិវឌ្ឍទៅមុខ ព្រោះជាគោលដៅ យើងចង់ឱ្យកីឡាកររបស់យើងមានការតាំងចិត្ត និងឆន្ទៈក្នុងការប្រកួតដូចគ្នា»៕