ភ្នំពេញក្រោន រកឃើញជ័យជម្នះដ៏សំខាន់ លើវិសាខា មុនធ្វើដំណើរទៅជួបក្រុមហ្វីលីពីន

ភ្នំពេញៈ ក្រុមភ្នំពេញក្រោន បានទទួលជោគជ័យមួយដំណាក់កាលទៀត នៅក្នុងការប្រកួតប្រជែងដ៏តានតឹងនៃលីគកំពូលកម្ពុជា បន្ទាប់ពីពួកគេ ដណ្តើមបាន៣ពិន្ទុដ៏មានន័យពីក្រុមវិសាខា ចំណែកក្រុមព្រះខ័នរាជស្វាយរៀង បឹងកេត និងក្រុម Tiffy Army ក៏ដណ្តើមបានជ័យជម្នះ សម្រាប់ការប្រកួតប្រជែងសប្តាហ៍ទី៥នេះផងដែរ ប៉ុន្តែក្រុមណាហ្គាវើលដ៍ នៅមិនទាន់រកឃើញភាពប្រសើរវិញ នៅឡើយទេ។
តាមរយៈការប្រកួត នៅកីឡដ្ឋានព្រីសន៍ កាលពីយប់ថ្ងៃទី ១៧ ខែកញ្ញា ក្រុមម្ចាស់ផ្ទះវិសាខា និងភ្នំពេញក្រោន បានធ្វើការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញបំផុត តាមរយៈការវាយបកគ្នាទៅវិញទៅមក ដើម្បីបង្កើតឱកាសក្នុងការរកគ្រាប់បាល់ ប៉ុន្តែការស៊ុត និងតែតសំដៅទីជាច្រើនលើក នៅក្រោមតំណក់ទឹកភ្លៀងរបស់ក្រុមទាំង ២ នេះ គឺមានគ្រាប់កើតឡើងតែ ១ គត់ ដែលជាគ្រាប់បាល់របស់ខ្សែបម្រើប្រេស៊ីល Rodrigues Roldao Denilson។
ការលោតតែតបាល់បញ្ចូលទី នៅនាទីទី១៨ ពីការលើកបាល់ឱ្យយ៉ាងស្អាតរបស់ យ៉ើ មូស្លីម នេះ បានក្លាយជាគ្រាប់បាល់ដ៏មានន័យបំផុតរបស់ Rodrigues Roldao Denilson ព្រោះនេះជាគ្រាប់បាល់ដំបូងរបស់គេ សម្រាប់ការធ្វើដំណើរមកលេងឱ្យក្រុមភ្នំពេញក្រោននេះ ហើយវាក៏ជាលើកដំបូង សម្រាប់ម្ចាស់អាវលេខ ២៧ នេះផងដែរ ដែលបានលេង នៅក្នុងជម្រើស ១១ នាក់ដំបូង។
ចំពោះការរកបានគ្រាប់បាល់ ជាលើកដំបូង សម្រាប់ការមកប្រកបអាជីពបាល់ទាត់ ជាលើកដំបូង នៅកម្ពុជានេះ ខ្សែបម្រើ Rodrigues Roldao Denilson បានបង្ហោះសារ ក្រោយការប្រកួតថា៖ «នេះជាជ័យជម្នះ ការប្រកួតក្រៅទឹកដីដ៏អស្ចារ្យ សម្រាប់លេងនៅក្នុងស្រុក (កម្ពុជា) ហើយក៏ជាពេលដែលខ្ញុំ រកបានគ្រាប់បាល់។ អរគុណព្រះជាម្ចាស់ សម្រាប់ការឈ្នះបាន៣ពិន្ទុបន្ថែម»។
ជាមួយ ការរកបានគ្រាប់បាល់របស់ Denilsonនេះដែរ បានក្លាយជាជ័យជម្នះយ៉ាងសំខាន់ របស់ភ្នំពេញក្រោន ដែលជួយឱ្យពួកគេ ឡើងទៅឈរនៅលេខ ២ ជាបណ្តោះអាសន្ន មាន ១២ ពិន្ទុ ហើយតាមរយៈលទ្ធផលនេះ បានធ្វើឱ្យភ្នំពេញក្រោន កាន់តែមានទំនុកចិត្ត ក្នុងការត្រៀមខ្លួនប្រកួតវគ្គចែកពូលពាន AFC Cup ដោយពួកគេ នឹងត្រូវប្រកួតបើកឆាកប្រចាំពូលF ជាមួយក្រុមម្ចាស់ផ្ទះ DH Cebu របស់ហ្វីលីពីន នៅថ្ងៃទី ២១ ខែកញ្ញានេះ មុនពេលស្វាគមន៍ក្រុម Shan United របស់មីយ៉ាន់ម៉ា និងក្រុម Macarthur របស់អូស្ត្រាលី នៅក្នុងដីខ្លួនឯងវិញ នាខែតុលា សម្រាប់លេងនៅជើងទី១។
ដោយឡែកក្រុមព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមអង្គរថាយហ្គឺរ ៥-២ ដើម្បីបន្តឈរនៅលេខរៀងទី១ ក្នុងនាមជាក្រុមតែមួយគត់ ដែលបានឈ្នះទាំង ៥ ប្រកួតជាប់ៗគ្នា មាន ១៥ ពិន្ទុពេញ។ ចំណែកក្រុមបឹងកេត បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ២-០ ដើម្បីឡើងមកឈរនៅលេខ ៣ មាន ១៣ ពិន្ទុ លើក្រុមវិសាខាវិញ ដែលធ្លាក់ទៅឈរនៅលេខ ៤ មាន ៩ ពិន្ទុដដែល។
ចំណែកក្រុម Tiffy Army បានយកឈ្នះក្រុមព្រៃវែងអេហ្វស៊ី ៣-០ ដើម្បីឡើងមកឈរនៅលេខ ៥ មាន ៧ ពិន្ទុ ស្មើក្រុមព្រៃវែង។ ប៉ុន្តែក្រុមណាហ្គាវើលដ៍ នៅមិនទាន់រកឃើញភាពប្រសើរវិញនៅឡើយទេ ខណៈពួកគេ បានត្រឹមស្មើក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ១-១ នោះ ហើយលទ្ធផលនេះ បានធ្វើឱ្យ ណាហ្គា បន្តឈរនៅលេខ ៧ ដដែល មានត្រឹម ៤ ពិន្ទុ៕