ក្រុមបាល់​ទះ​កម្ពុជា ​តាំង​ចិត្ត​យក​​ក្រុមយក្ស​ឥណ្ឌា សម្រាប់​ការ​​ប្រកួត​កីឡា​អាស៊ីនៅ​ចិន​ល្ងាច​នេះ

Content image - Phnom Penh Post
ប្រតិភូកីឡាបាល់​ទះកម្ពុជា ​ពេល​ថតជុំគ្នា នៅ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ មុន​ពេល​ចេញដំណើរ​ទៅ​​ហ្វឹកហាត់ នៅ​ប្រទេស​ចិន។ រូប​ថត សហការី

ភ្នំពេញ៖ ក្រុមជម្រើសជាតិ​បាល់​ទះកម្ពុជា នឹង​ត្រូវ​ធ្វើការ​ប្រកួតជម្រុះប្រចាំពូល ​C ជាមួយ​ក្រុម​ជម្រើស​​​ជាតិ​​ឥណ្ឌា ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី លើក​ទី​១៩ ឆ្នាំ​ ២០២២ (The 19th Asian Games 2022) ដែល​បាន​លើក​មក​ធ្វើ នៅ​ឆ្នាំ​២០២៣ នៅ​សាល China Textile City Sports Center Gymnasium នា​​ទី​ក្រុង Hangzhou ប្រទេស​ចិន ​ល្ងាចម៉ោង ​​៦ ថ្ងៃអង្គា​នេះ មុនពេល​ពួកគេ បន្ត​ទៅ​ជួប​ក្រុម​ជម្រើសជាតិ​កូរ៉េខាងត្បូង នៅថ្ងៃទី​ ២១ ខែកញ្ញា។

ក្រុមជម្រើសជាតិ​បាល់ទះកម្ពុជា ដែល​បាន​នឹងកំពុង​ធ្វើ​ការ​ហ្វឹក​ហាត់ ​នៅ​ប្រទេស​ចិន​ស្រាប់​នោះ បានចាត់​ទុក​ក្រុមជម្រើសជាតិ​ឥណ្ឌា ជា​ក្រុម​យក្ស​មួយនៅអាស៊ី ប៉ុន្តែ​សម្រាប់​ការ​បង្ហាញ​ខ្លួន ជា​លើកដំបូង ក្នុងព្រឹត្តិការណ៍​កីឡាអាស៊ី​នេះ ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​កម្ពុជា បានតាំង​ចិត្តខ្ពស់ ក្នុងការ​យក​ឈ្នះ​ ឥណ្ឌា ដើម្បី​ទទួល​បាន​​កៅអី ឡើង​ទៅវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជាបាន​ថ្លែង​ថា៖​ «យើង​​​​ត្រៀមខ្លួន​បាន​ល្អ​ ១០០​ ភាគ​រយ​ហើយ សម្រាប់ការ​ហ្វឹកហាត់​នៅប្រទេស​ចិន​ចូល​ ១ ​ខែមក​នេះ ហើយសង្ឃឹម​ថា ការ​ប្រកួតជាមួយ​ក្រុម​ជម្រើសជាតិឥណ្ឌា នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ យើង​នឹង​ធ្វើ​បាន​ល្អ ដើម្បី​​ដណ្តើម​យក​ជ័យជម្នះ​ជូនជាតិ»។

ការ​លើក​ឡើង​បែបនេះ ​របស់​លោក អាំង សិរីពិសិដ្ឋ ត្រូវ​បាន​ធ្វើ​ឡើង តាម​រយៈការ​ឡាយ​ផ្ទាល់ នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ។ ជាមួយគ្នា​នេះ ដោយសារ​ការ​ប្រកួត​នេះ មាន ១៩​ ក្រុម ចែកជា​ ៦ ពូល ហើយ​គេ​កំណត់​យក​ក្រុមលេខ​១ និងលេខ​២ តាមពូលនីមួយៗ ឡើង​ទៅវគ្គ ១៦​ ក្រុម​នោះ លោក សិរីពិសិដ្ឋ បានអះអាង​ទៀត​ថា ការដណ្តើម​យក​ជ័យជម្នះលើ​ក្រុមឥណ្ឌា សម្រាប់ការ​ប្រកួត​ នៅ​ថ្ងៃ​បើក​ឆាក​នេះ ពិតជាសំខាន់​ខ្លាំង​ណាស់ ដើម្បីកម្ពុជា អាច​បាន​ឡើង​ទៅវគ្គ​បន្ត។​

Content image - Phnom Penh Post
ក្រុម​បាល់​ទះ​ជម្រើសជាតិ​កម្ពុជា បានថតជុំ​គ្នា នៅប្រទេស​ចិន ហើយ​ល្ងាច​ថ្ងៃ​អង្គារ​នេះ ពួកគេ ត្រូវ​ប្រកួត​ជាមួយ​ក្រុមជម្រើសជាតិ​ឥណ្ឌា។ រូប​ថត សហការី

ប្រធាន​ប្រតិភូ​កីឡាបាល់​ទះ​កម្ពុជា លោក អាំង សិរីពិសិដ្ឋ ​បាន​​បញ្ជាក់​ថា៖​ «​យើង​បានខកខានចូលរួម​​ការ​ប្រកួត​កីឡាអាស៊ី​នេះ ៥៣ ​ឆ្នាំ​ហើយ អ៊ីចឹង​​​ការ​បង្ហាញ​ខ្លួន​លើក​នេះ គឺ​ក្នុង​​នាម​ជា​ថ្នាក់​ដឹកនាំ និង​ក្រុមកីឡាករ​ទាំង​អស់ បាន​ប្តេជ្ញា​​ចិត្ត​ដណ្តើម​យកជ័យជម្នះ ដើម្បី​កិត្តិយសជាតិ ហើយការ​ជួបក្រុម​ឥណ្ឌា​នេះ វាជា​ការ​ប្រកួត​ដ៏​សំខាន់ គឺ​មាន​ន័យ​ថា បើ​សិនជា​យើង​ទទួលបានជ័យជម្នះ យើង​នឹង​បាន​ឡើង​ទៅវគ្គ​បន្ត ហេតុ​​នេះ​ហើយ​ទើប​យើង​បាន​​តាំង​ចិត្ត​ទាំង​​អស់​គ្នា​ថា ត្រូវដណ្តើម​យក​ជ័យជម្នះ​ឱ្យបាន»។

សម្រាប់ការ​ទៅចូល​រួម​ការ​ប្រកួតកីឡាអាស៊ី ឆ្នាំ ​២០២៣ នៅ​ចិន​នេះ សហព័ន្ធ​កីឡា​បាល់​ទះ​កម្ពុជា បាន​សម្រិតសម្រាំង​យក​កីឡាករ​ឆ្នើមៗ​​ ១២​ នាក់ ឱ្យ​ទៅ​ចូលរួម ក្នុង​នោះ​មានកីឡាករ សួន ចាន់ណារ៉ូ, វឿន វាសនា, ផុល រតនៈ, សឿន ហេង, គួច ម៉ុម, ប៊ន ណារិទ្ធ, ពិន សារ៉ុន, មឿន ម៉េងឡាយ, ខឹម សុវណ្ណដារ៉ា, ធី ម៉េងហួង, មួន និមល និង ឌិន ស៊ីដែន ​​ក្រោមការ​ដឹកនាំ​របស់លោក អាំង សិរីពិសិដ ជា​​ប្រធាន​ប្រតិភូ​ ព្រម​ទាំង​គ្រូ​បង្គោលជនជាតិ​ចិន លោក លី ជូន និង​គ្រូជំនួយ​​គុយបា លោក ហ្វ្រីអូល បារីយូស បិតតុ៕

Content image - Phnom Penh Post
សមាសភាពកីឡាករ​ជម្រើសជាតិ​បាល់​ទាត់​ឥណ្ឌា ដែលចូលរួម​ការ​ប្រកួត​កីឡា​អាស៊ី លើក​ទី​១៩ នៅ​ប្រទេស​ចិន លើក​នេះ។ រូប​ថត សហការី

ព័ត៌មានថ្មីៗ