ភ្នំពេញ៖ ក្រុមមូលនិធិគុនខ្មែរ ដែល​ត្រូវ​បាន​ផ្តួច​ផ្តើម​ឱ្យមាន​ឡើងដោយ​អេដមីន​ប្រដាល់ ​កំពុង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង លោក ស៊ី គឹមសង់ នោះ បាន​បង្កើន​កញ្ចប់​ទឹក​ប្រាក់កាន់តែ​ច្រើន ក្នុង​ការ​ជួយ​ដល់គ្រប់​​កីឡាករ កីឡាការិនី​ប្រដាល់គុនខ្មែរ ដែល​មានរបួស​ធ្ងន់ ដូចជាបាក់ដៃ បាក់ឆ្អឹង និងបាក់​ក្តោងច្រមុះជាដើម នៅ​ក្នុងអំឡុងពេល​ហ្វឹក​ហាត់ និង​ប្រកួត។

បើ​តាម​លោក ស៊ី គឹមសង់ ដែលជា​អ្នក​ផ្តួច​ផ្តើម​បង្កើតឱ្យមាន​មូល​និធិគុនខ្មែរ​នេះ បាន​ឱ្យ​ដឹង​ថា មូលនិធិ​នេះ ត្រូវបាន​បែក​ចែកជា ២ ផ្នែក ទី១​ មូល​និធីគុនខ្មែរ ដែល​កើត​ចេញពី​ការ​ប្រមូល​ផ្តុំ​អ្នក​ស្ម័គ្រចិត្ត​ពីគ្រប់ទិសដៅ ក្នុងការ​ចូលរួមជួយ​ដល់​កីឡាករ កីឡាការិនី​ប្រដាល់ ពេល​មានរបួស ហើយ​​មូលនិធិ ដែល​បង្កើត​ឡើង ចន្លោះពី​​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ​ ២០១៩​ នេះ គ្មាន​មេដឹកនាំ​ទេ តែជាការ​ចូលរួមជួយ​ទាំង​អស់​គ្នា ទៅ​តាម​លទ្ធ​ភាព​​ជាក់​ស្តែង ចំណែក​ថវិកា​ប្រមូល​ផ្តុំ​បាន ក៏ទៅតាម​ហ្នឹង​ដែរ។

លោក​បាន​បញ្ជាក់៖ «ចំពោះ​ក្រុមមូលនិធិគុនខ្មែរ ​ពីមុន គឺ​នៅពេលកីឡាករ កីឡាការិនី​ប្រដាល់ណាម្នាក់ មានរបួសធ្ងន់ យើង​មានក្រុម​ សម្រាប់​​រៃអង្គាស​ថវិកា​ពីសប្បុរសជន ដោយ​យើ​ង​មានការ​ប្រកាស នៅលើ​ផេចហ្វេសប៊ុក ហើយ​អ្នកណា​ចូលរួម យើង​កត់​ឈ្មោះ​គាត់​ទៅតាម​លំដាប់លំដោយ ដើម្បីប្រមូល​ថវិកា​ទាំងអស់​ យកមក​ឱ្យ​ខ្ញុំ ដើម្បី​យក​ទៅជួយ​ផ្ទាល់ដល់​កីឡាករ កីឡាការិនី ដែល​មាន​របួសនោះទាំង​អស់តែម្តង ដោយ​ជំនាន់​នោះ មានអ្នក​របួស​ធ្ងន់ច្រើនណាស់»។


អ្នកអត្ថាធិប្បាយ ដែល​មានឪពុកជា​គ្រូ​ប្រដាល់​តាមភូមិ​រូបនេះ បានបន្ថែម៖ «នៅ​ក្នុង​រយៈពេល​ជាង​៣​ឆ្នាំ​នោះ ខ្ញុំ​បានចូលរួមជួយ​ដល់​កីឡាករ កីឡាការិនី​មានរបួស​ធ្ងន់ រួមទាំង​ក្លិប ដែលមាន​ការ​ខ្វះ​ខាត់ បានចូល ​៣០ ករណី ហើយ​កាល​នោះ ​មូលនិធិ​របស់​យើង ​មាន​សមាជិក​ចូលរួមច្រើនណាស់ ព្រោះ​រាល់​អ្នកស្ម័គ្រ​ចិត្ត ដែលបានចូលរួម​ជួយ យើង​​បានដាក់​ចូល​ក្នុងក្រុម​ហ្នឹង​ទាំង​អស់ ប៉ុន្តែ​នៅ​ពេល​សម័យកូវីដ​ ១៩ ក្រុម​នេះ បានបែក​​គ្នា​អស់»។


បន្ទាប់ពី​ មូលនិធិគុនខ្មែរ ដំណាក់កាលទី​១ ត្រូវបាន​បែក​ខ្ញែក គឺ​មូលនិធិគុនខ្មែរ នៅ​ក្នុងដំណាក់កាលទី​២ ត្រូវបាន​បង្កើត​ឡើង នៅ​ខែមីនា ឆ្នាំ​ ២០២៣ ដែល​មានអេដមីន គឹមសង់ ជាអ្នក​ផ្តួច​ផ្តើម​ដដែល។ មូលនិធិនេះ មាន​អ្នកចូលរួម​១៤​នាក់ ដោយ​អ្នកទាំង​១៤ ​នេះ មាន​ភារកិច្ច​ត្រូវចំណាយ​ថវិកា ទៅតាម​អ្វីដែល​ខ្លួនបានកំណត់​ក្នុងការជួយរៀងៗ​ខ្លួន ដែលមានចាប់ពី​ ៥ ម៉ឺន​រៀល ​រហូត​ដល់​ ៤០ ម៉ឺន​រៀល ហើយចំនួន​ទឹកប្រាក់នៃ​ការជួយនេះ នឹង​មានការកើន​ឡើង ទៅតាម​ចំនួន​កីឡាករ កីឡាការិនី ដែល​មានរបួសធ្ងន់ ក្នុង ​១ ខែៗ។

លោក ស៊ី គឹមសង់ បានបន្ថែម​ថា៖ «បើទោះបីជា ​មូលនិធិគុនខ្មែរ ជាកញ្ចប់ នេះ ទើបតែ​ត្រូវបាន​បង្កើតឡើង នៅឆ្នាំ​ ២០២៣ ​នេះ ប៉ុន្តែ​ចំនួន​ទឹក​ប្រាក់ ដែល​ជួយ​ដល់​កីឡាករ កីឡាការិនី​មានរបួសធ្ងន់ក្នុង​ម្នាក់ៗ​ គឺ​ពីដំបូង​​បានម្នាក់ ​​១ លាន ២០ ម៉ឺនរៀលនាក់ ប៉ុន្តែ​រហូត​ដល់​ពេលនេះ​ ចំនួន​ទឹក​ប្រាក់ បាន​កើន​ដល់ ​​​១ លាន ៦៧ ម៉ឺន​រៀល សម្រាប់​អ្នកមាន​របួសធ្ងន់ ១ នាក់ ហើយគិត​ត្រឹម​ពេលនេះ ​យើង​បានជួយ​ដល់​កីឡាករ កីឡាការិនី​មានរបួស​ធ្ងន់បាន ​១២​ ករណី​ហើយ»។

សីតុណ្ហភាពក្នុង​ក្រុង​ប៉េកំាង​​បាន​​ធ្លាក់​ចុះ​ទាប​បំផុត​ពុំ​ធ្លាប់​មាន​អំឡុង​ពេល ៣ ​ទសវត្សរ៍ ​តែ​​វា​មិន​បាន​បញ្ឈប់​ក្រុម​យុវចាស់​ពី​ការ​ជ្រមុជ​ទឹក​កនោះទេ។ រូបថត AFP

ជាមួយគ្នានេះ បុរស​មានដើម​កំណើត នៅខេត្តកំពង់​ធំ ស៊ី គឹមសង់ បាន​បង្ហាញ​មហិច្ឆតា ក្នុងការ​ប្រមូល​ថវិកា​ពីសប្បុរស​ធម៌​ឱ្យ​បានកាន់តែ​ច្រើន​ថែម​ទៀត ដើម្បី​ជួយ​ដល់​កីឡាករ កីឡាការិនី​ប្រដាល់មានរបួស​ធ្ងន់​ ជាបន្ត​បន្ទាប់​ទៀត ព្រោះពិធីករ​ប្រដាល់​រូប​នេះ បាន​មើល​ឃើញ​ថា ការ​ជួយ​សម្រួល​ពីស្ថានីយទូរទស្សន៍​ផ្សេងៗ លើ​ថ្លៃ​ព្យាបាល​ដល់​កីឡាករ កីឡាការិនី ដែល​​មាន​របួស​ធ្ងន់ ដូចជាបាក់​ដៃ បាក់​ឆ្អឹង បាក់ជើង និងបាក់ក្តោងច្រមុះ ជា​ដើមនោះ នៅមិន​ទាន់​បាន​ជួយ​ឱ្យ​ពួកគេ មាន​ភាពកក់ក្តៅ​គ្រប់​គ្រាន់នៅឡើយ​ទេ។

អេដមីន គឹមសុង បានបញ្ជាក់​ថា៖ «ខ្ញុំ​ទទួល​ស្គាល់​ថា ពេល​កីឡាករ​មានរបួស ខាង​ស្ថានីយ៍​ទូរទស្សន៍​ បាន​ជួយ​រ៉ាប់​រងលើ​ការ​ចំណាយ សម្រាប់ថ្លៃ​ព្យាបាលឱ្យ ក៏ប៉ុន្តែ​សួរ​ថា ក្រោយ​ការ​ព្យាបាល​ដូចជា​របួស​បាក់​ដៃ បាក់ជើង និងបាក់​ក្តោងច្រមុះ ជាដើម តើ​គាត់​ទៅ​ធ្វើ​អ្វី​កើត ក្នុងរយៈពេល ​២ ទៅ ​៣ ​ខែ​ហ្នឹង អ៊ីចឹង​ក្រុម​មូលនិធិគុនខ្មែរ​របស់​ខ្ញុំ គឺ​មានកញ្ចប់​ថវិកា សម្រាប់​ជួយ​ដល់​គ្រប់​កីឡាករ កីឡាការិនី​ ដែល​មានរបួសធ្ងន់​ទាំង​នោះ ដើម្បី​កុំ​ឱ្យ​ពួក​គាត់ មាន​អារម្មណ៍ឯកា នៅពេល​ខ្លួន​ធ្វើ​អ្វី​មិនទាន់​កើត ឬ​​​ឡើង​ប្រកួត​មិនទាន់​បាន​ ហើយការជួយនេះ វាកើតចេញពី​ទឹក​ចិត្ត​អាណិត​អាសូរ ចំពោះ​ពួក​ខ្ញុំ ទៅ​ដល់​កីឡាករ កីឡាការិនី​របស់​យើងតែម្តង»៕