ភ្នំពេញ៖ ទោះបានចូល​ប្រឡូក​ក្នុង​អាជីព​ជា​ពិធីករ​ប្រដាល់​ក្រោយគេ ប៉ុន្តែ​​​ការព្យាយាម​ស្រាវ​ជ្រាវ​ដើម្បី​នាំ​​​យក​ពាក្យ​បច្ចេក​ទេស​នៃ​​ឈ្មោះ​ក្បាច់គុនខ្មែរ មក​អត្ថាធិប្បាយជាមួយ​​ទឹក​ដមសំឡេង​​ដ៏​​​ក្រអួន​ក្រអៅ និង​ឮច្បាស់ៗ​នោះ បាន​ជួយ​ឱ្យ​អេដមីន ស៊ី គឹមសង់ ​​ទទួល​បានការ​គាំ​ទ្រ និង​មាន​ប្រជាប្រិយខ្លាំង ហើយ​​បច្ចុប្បន្ន​​ គឹមសង់ បាន​​និងកំពុង​ដាក់​ចិត្ត​កាន់តែ​ខ្លាំងលើ​ការ​ងារ​មួយនេះ ដើម្បី​រួមចំណែក​ជួយ​​ផ្សព្វ​​ផ្សាយ​ប្រដាល់​គុនខ្មែរ ឱ្យកាន់តែ​មាន​ភាព​ផុស​ផុល​​ថែម​ទៀត​ទាំង​នៅ​ក្នុង​ប្រទេស និង​នៅ​លើ​ឆាក​​អន្តរ​ជាតិ។

យ៉ាង​ណាក៏​ដោយ ការ​ខិតខំប្រឹង​ប្រែង​អភិវឌ្ឍ​ខ្លួន ដោយ​ឆ្លង​កាត់ការ​ប្រមាថ​មើល​ងាយ​ស្ទើរ​រាប់​មិន​អស់ ដើម្បី​ក្លាយជា​ពិធីករ​ប្រដាល់ ដែល​មាន​ឈ្មោះ​បោះ​សំឡេង​ នាពេលនេះ ស៊ី គឹមសង់ បានទម្លាយ​ថា វា​មិនមែន​ជាការសម្រេច​ក្តីស្រមៃ តាម​គោលដៅ​ធំ ដែល​រូបគេ​ចង់បាន​តាំងពីកុមារ​ភាព​ គឺការ​ក្លាយជា​មគ្គទេសក៏​ទេសចរណ៍នោះ​ទេ ប៉ុន្តែ គឹមសង់ ក៏មិនសោយស្តាយ​ចំពោះជម្រើស​នេះ​ដែរ។

ជាកូន​កសិករ​ម្នាក់ ​រស់នៅភូមិត្រដក់ពង ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ កុមារ ស៊ី គឹមសង់ ​បានធំដឹង​ក្តី​ឡើង នៅ​ក្នុងគ្រួសារ​អ្នក​ប្រដាល់ ដែល​មាន​លោកឪពុក ​កែ សើ ជាគ្រូ​បង្វឹក​ប្រដាល់​តាមភូមិ ប៉ុន្តែ​នៅ​ក្នុងចំណោមកូន​ប្រុស​ទាំង​៣​នាក់នេះ គឺ​មាន​តែ​កូន​ទី​២ ស៊ី គឹមសុន ម្នាក់​ទេ ដែលបានដាក់​ចិត្ត​ហាត់ប្រដាល់​ខ្លាំង និង​បាន​ឡើង​មក​ប្រកួត​ថ្នាក់ជាតិ និង​តាមសង្វៀន​នៅ​​ភ្នំពេញ បានប្រមាណ​ ១០ ​ដង ចំណែក​កូន​ទី១ ស៊ី គឹមសាន្ត និងកូនពៅ ស៊ី គឹមសង់ បាន​ហាត់​​ប្រដាល់​ត្រឹម​​តែ​ការពារ​ខ្លួន​ប៉ុណ្ណោះ។


ក្រៅ​ពីការ​ហាត់ប្រដាល់​នេះ គឹមសង់ បាន​ជាប់​​​​ចិត្ត​​ខ្លាំង​ទៅ​លើការ​លេង​បាល់​ទាត់ និង​បាល់​ទះ ​ហើយ​ក៏​មាន​បំណង​ចង់​ចាប់​​យក​​ការ​លេង​បាល់​ទាត់ ជាអាជីព​ផងដែរ ប៉ុន្តែ​​លោក កែ សើ និង​អ្នក​ស្រី ហាក់ រ៉ុន ជា​ម្តាយ ​បាន​រារាំង​​បំណង​នេះ គឺ​អ្នកមានគុណ​​ទាំង ​២​ បាន​ជំរុញ​​ឱ្យ គឹមសង់ ផ្តោត​សំខាន់​ទៅលើ​ការ​សិក្សា​ជាធំ ដោយសារ​​កូន​ប្រុស​ពៅ​ម្នាក់នេះ ជា​ក្មេង​រៀន​​ពូកែ​ជាង​គេ នៅ​ក្នុង​ភូមិ។


ជាមួយការ​​ជំរុញ​នេះ គឹមសង់ មិនសូវ​បាន​បញ្ចេញ​កម្លាំង​ច្រើន ក្នុងការ​ធ្វើពលកម្ម​រក​កម្រៃ​ទ្រ​ទ្រង់​​ក្នុង​គ្រួសារ​ដូច​បងប្រុស​ទាំង​ ២​ នាក់​របស់​ខ្លួន​នោះទេ ព្រោះ​ក្នុងគ្រួសារ​ទាំង​មូល សុទ្ធតែ​ចង់​​ឱ្យ គឹមសង់ រៀន​​បានខ្ពស់ និងមានការ​ងារ​ធ្វើល្អ។ ក៏ប៉ុន្តែ​ក្មេង​ប្រុសម្នាក់នេះ នៅតែ​​​ឆ្លៀត​ពេល​ទៅ​​រក​ការ​ងារ​ធ្វើ ជា​អ្នក​រត់តុ ផ្នែក​ចាប់​ទឹក​កក ជាមួយ​ក្រុម​ចុង​ភៅ​​រោងការ ដើម្បី​បាន​លុយ​យកមកសិក្សា និងជួយ​ដល់​គ្រួសារ។

រំឭក​ទៅ​ដល់​អតីត​កាលនេះ ស៊ី គឹមសង់ ​បាន​និយាយ​​ថា៖ «សម្រាប់​ជីវភាព នៅ​ក្នុង​គ្រួសារ​ខ្ញុំ មានការ​ពិបាក ប៉ុន្តែឪពុក​ម្តាយ​ខ្ញុំ មិនដែល​ឱ្យ​ខ្ញុំ​ពិបាក​ទេ គឺ​ពិបាក​តែ​បង​ៗ​របស់​ខ្ញុំ ដែល​​​ត្រូវ​ធ្វើការ​ងារជួយ​ដល់​គ្រួសារ ព្រោះ​ពួក​គាត់​ចង់​ឱ្យខ្ញុំ​រៀនសូត្រ​បាន​​ខ្ពង់​ខ្ពស់​​ដូចគ្នា។ ប៉ុន្តែ​​​នៅពេល​​រៀន​ដល់​ថ្នាក់​ទី​៧ ខ្ញុំ​បាន​យក​ពេល​ទំនេរ និង​ពេល​ខ្លះ​ត្រូវខាន​រៀនក៏​មាន ដើម្បី​ទៅ​ធ្វើ​ការងារ​ជាអ្នក​ចាប់ទឹកកក ដោយ ​១ ​​ថ្ងៃ​​បាន​​ ១២ ០០០ រៀល ព្រោះ​​ខ្ញុំ​មិន​ចង់​​ចាំ​តែ​សុំ​លុយម៉ែយក​ទៅ​រៀន​នោះ​ទេ»។

បាតុកម្ម​នៅ​មីយ៉ាន់ម៉ា ដែលមាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុមបាតុករ និង​ប៉ូលិស។ រូបថត AFP

ដោយមានការ​លើក​ទឹក​ចិត្តពី​ក្រុមគ្រួសារ​នេះ ក្មេងប្រុស គឹមសង់ បាន​ដាក់​ចិត្តរៀនសូត្រ​ខ្លាំង ទាំង​ការ​សិក្សា នៅសាលា​រដ្ឋ តាំងពី​ថ្នាក់ទី​១ ដល់​ទី​១២ ក្នុង​នាមជាសិស្ស​ពូកែ ហើយ​ជាមួយគ្នា​នោះ គឹមសង់ ក៏​បាន​ឆ្លៀត​​ពេល​​រៀន​ភាសាអង់គ្លេស នៅ​វត្តគុហនគរ ជាមួយ​ព្រះតេជគុណ បឿន ផងដែរ។

ជាមួយការ​ព្យាយាម​នេះ គឹមសង់ ​បាន​ក្លាយជា​ក្មេង​ជនបទ ដែលចេះ​និយាយ​ភាសា​អង់គ្លេស តាំងពី​នៅតូច និងអាច​រក​បាន​ចំណូល​​ខ្លះៗ តាម​រយៈការ​បកប្រែ​ឱ្យជនបរទេស ដែល​បាន​ដើរ​​កម្សាន្ត ទៅ​ដល់ភូមិ​ស្រុក​របស់​ខ្លួន ហើយចំណេះ​ដឹងនេះ ក៏បានជួយ​ឱ្យគេរក​បាន​ការងារ​​ធ្វើ​​ នៅពេល​រូបគេ បានចាកចេញពី​ស្រុកកំណើត មក​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ នៅភ្នំពេញ​ នា​ឆ្នាំ​ ២០១៣ ផងដែរ ដោយ​កាល​នោះ គឹមសង់ បាន​មកសុំ​ការ​ស្នាក់អាស្រ័យ​នៅ​វត្ត​សារាវ័ន កុដិលេខ ១៣។

យ៉ាង​ណា​ក៏​ដោយ ការ​ទទួល​បានប្រាក់​ខែ​​ដំបូង​ចំនួន​ ១២០​ ដុល្លារ សម្រាប់​ការ​បម្រើ​ការងារ​ជា​អ្នក​ទទួលភ្ញៀវ នៅ​​ក្នុងសណ្ឋាគារ​មួយ​កន្លែង នៅ​ភ្នំពេញ វាមិនគ្រប់​គ្រាន់ សម្រាប់​ការ​ចំណាយ​ទៅលើ​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រផ្នែក​ទេសចរណ៍ នៅសាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ដែល​​ត្រូវបង់​ ៣៦០ ​ដុល្លារ ក្នុង​ ១ ឆ្នាំ​ នាពេលនោះ​ទេ ហេតុ​នេះ គឹមសង់ មាន​សុំម្តាយ​របស់​ខ្លួន ឱ្យ​ខ្ចី​លុយអង្គការ ដើម្បី​យក​មក​បំពេញ​បន្ថែម និងសម្រួល​ដល់ការ​ស្នាក់នៅ និង​ហូប​ចុក​ប្រចាំថ្ងៃ។

លោក Bill Cassidy និយាយជាមួយអ្នកកាសែត​ ខណៈចេញពីវិមានកាពីតូល។ AFP

ស៊ី គឹមសង់ បាន​និយាយ​ថា៖ «ម្តាយ​ខ្ញុំបានខ្ចី​លុយអង្គការ ដើម្បីទំនុក​បម្រុង​ការ​សិក្សា​របស់ខ្ញុំ​រយៈពេល​ ២ ​ឆ្នាំ​ដំបូង ប៉ុន្តែ​ខ្ញុំ​បាន​យក​លុយ​គាត់​បង់​សាលា​តែ​ឆ្នាំ​ទី​១ ​ម្តង​​ទេ ព្រោះចាប់ពី​ឆ្នាំ​ទី​២​ ដល់​ឆ្នាំ​ទី​៤ ខ្ញុំ​បាន​រក​លុយ​រៀន​ដោយ​ខ្លួនឯង ដោយ​បាន​មកពី​​ការ​ធ្វើ​ការងារ​ជា​អ្នកទទួលភ្ញៀវ​ផង និង​​បាន​មកពីការ​ជូនភ្ញៀវ​ទៅ​មើលការ​ប្រកួត​ដាល់ នៅតាម​សង្វៀន នា​ចុងសប្តាហ៍ផង ដោយ​ម្តងៗ​ភ្ញៀវឱ្យ​ចន្លោះពី​ ៥ ទៅជាង​ ១០ ដុល្លារ»។

ជាមួយការ​ស្វែង​រកចំណូលបន្ថែមនេះ បាន​​ជួយ​ឱ្យ គឹមសង់ អាច​មាន​លុយ​ទិញម៉ូតូជិះ​ទៅ​រៀន ជំនួសការ​ជិះ​កង់ ក្នុងពេល​គេ​​បាន​រៀន​ដល់​ឆ្នាំ​ទី​៣។ ចាប់តាំងពី​ពេលនោះ​មក ​គឹមសង់ តែង​មាន​មុខ​នៅតាម​សង្វៀន​​ប្រដាល់ ហើយវាក៏ជាពេល​ដែល​កំលោះ​រូបនេះ ​​បាន​មើល​ឃើញ​កាន់​តែ​ច្បាស់ ​ពី​ទុក្ខ​វេទនា​​របស់​អ្នក​ប្រដាល់ ដែល​មាន​របួស​ធ្ងន់ ដូចជា​បាក់ដៃ បាក់​ជើង បាក់​ឆ្អឹង និងបាក់​ក្តោងចម្រុះ ឬបែក​ធំ តែ​គ្មាន​អ្នក​ជួយ​។

គឹមសង់ បានបញ្ជាក់​ថា៖ «កាល​នៅ​ស្រុក ខ្ញុំ​គិតថា នៅពេល​កីឡាករ​មានរបួស​ធ្ងន់ នឹង​មាន​​អ្នក​ជួយ​យក​ទៅព្យាបាល និង​ឱ្យ​លុយ​ចាយ​សមរម្យ ប៉ុន្តែ​ធាតុ​ពិត វា​មិនដូច្នោះ​ទេ។ កីឡាករ​ខ្លះ ពេល​​​ពេទ្យ​ដេររបួស​ហើយ ជិះម៉ូតូ​ឌុប ឬតុកតុកទៅផ្ទះយ៉ាងកម្សត់ ហើយពេល​សួរ​ទៅ ​អ្នក​ខ្លះ​បាន​​លុយ​​​ ១០​ ម៉ឺន ទៅ ​២០ ម៉ឺនរៀល អាកន្លែងហ្នឹង​ហើយ ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មានការ​ខ្លោច​ចិត្ត​ ដោយ​ពេល​​នោះ ខ្ញុំ​បាន​សន្យា​ថា បើ​ថ្ងៃណា​មួយ ខ្ញុំ​បានចូល​ក្នុងគុនខ្មែរ ខ្ញុំ​នឹង​មិន​ឱ្យកីឡាករ​បាក់​បែក​ហ្នឹង មកលំបាក​រក​អីចាយ​គ្មានអ៊ីចឹង​ទេ»។

ទីឋាន​ធ្លាប់តែជា​វាល​ស្មៅ​បាន​ប្រែ​ក្លាយ​ជា​ផ្លូវ​ដី​ហុយ ដែល​បំផ្លាញ​អស់​ចំណី​សម្រាប់​ពពួក​គោ ក្របី​នៅ​លើ​ដែន​កោះ​វាល​ស្មៅ។ AFP

ជាមួយការ​អាណិត​អាសូរ​នេះ ស៊ី គឹមសង់ ​បាន​សម្រេច​​បង្កើត​ «​មូលនិធិគុនខ្មែរ» នៅ​ឆ្នាំ​ ២០១៦ ដើម្បី​កៀរគរសប្បុរសជន ជិត​ឆ្ងាយ​ ដើម្បី​ចូល​រួម​ជួយ​ឧបត្ថម្ភ​​ដល់​កីឡាករ ដែល​​​មានរបួស​ធ្ងន់​ និង​ក្លិប​ប្រដាល់ ដែលមានការខ្វះខាត ​បាន​៣០ករណីដែរ មុនពេល​ក្រុម​​មូល​និធិ​នេះ ​ត្រូវបាន​បិទដោយសារ​ការ​ផ្ទុះ​ឡើងនៃ​ជំងឺ​កូវីដ​​ ១៩។

ប៉ុន្តែ​កាលពីខែមីនា ឆ្នាំ​ ២០២៣ ​នេះ គឹមសង់ បានសម្រេច​បង្កើត​មូលនិធិគុនខ្មែរ ជាកញ្ចប់វិញ​ម្តង ដោយ​មានសមាជិក​ចូល​រួម​ ១៤​ នាក់ ហើយ​កញ្ចប់​ថវិកាជួយដល់​អ្នក​​មានរបួសធ្ងន់​ម្នាក់ បាន​កើន​ឡើង​ដល់ ១ លាន ​៦៧ ម៉ឺន​​រៀល​ហើយ។

គឹមសង់ បានបន្ថែម​ថា៖ «ខ្ញុំ​បាន​បង្កើត​មូលនិធិគុនខ្មែរ ដើម្បី​ជួយដល់​កីឡាករ កីឡាការិនី​​ដែល​​មាន​របួសធ្ងន់។ ខ្ញុំ​ទទួល​ស្គាល់​ថា បច្ចុប្បន្ន ពេល​កីឡាករ​មានរបួស ខាង​ស្ថានីយ​ទូរទស្សន៍​ គេជួយ​រ៉ាប់​រងការ​ចំណាយថ្ងៃ​ព្យាបាលឱ្យ ក៏ប៉ុន្តែ​ក្នុង​រយៈពេល​២ទៅ៣ខែ ក្រោយ​ការ​ព្យាបាល​រួច តើ​គាត់​ទៅ​ធ្វើ​អ្វី​កើត? អ៊ីចឹង​ក្រុម​មូលនិធិគុនខ្មែរ​របស់​ខ្ញុំ គឺ​មានកញ្ចប់​ថវិកា សម្រាប់​​ជួយ​​ដល់​គ្រប់​អ្នក​ប្រដាល់ ​ដែល​មានរបួសធ្ងន់​ទាំង​នោះ ដើម្បី​កុំ​ឱ្យ​ពួក​គាត់​មាន​អារម្មណ៍​ឯកា នៅពេល​ខ្លួន​ធ្វើ​អ្វី​មិន​កើត ឬ​ក៏​​ឡើង​ប្រកួត​មិនទាន់​បាន​វិញ»។

ជាមួយការ​ស្វះ​ស្វែង​ជួយ​ដល់​កីឡាករ​មានរបួស​ធ្ងន់នេះ ​បាន​​ជួយ​ឱ្យ គឹមសង់ ចាប់​ផ្តើម​ទទួល​បាន​កា​រ​គាំទ្រ​ពី​អ្នក​គាំ​ទ្រ ដែល​ធ្វើ​ឱ្យ​បុរស​ម្នាក់នេះ អាច​បង្កើត Page ផ្សព្វ​ផ្សាយ​ពី​ប្រដាល់ ដើម្បី​រកចំណូល​ ហើយ​មុខ​របរនេះ ​បាន​ក្លាយជា​ឆ្នាំង​បាយ​ធំចំពោះ គឹមសង់ នៅពេល​រូប​គេ​បាន​សម្រេច​ចិត្ត​ឈប់​ធ្វើ​ការងារ ជាអ្នក​ទទួល​ភ្ញៀវ នៅសណ្ឋាគារ នា​ឆ្នាំ​ ២០២១ ដោយ​សារ​​ការ​​ផ្ទុះឡើង​ខ្លាំងជំងឺកូវីដ ហើយក៏ស្របពេលដែល​ប្រពន្ធ​របស់​គេ​ យឹម មុន្នីរ័ត្ន សម្រាល​កូនស្រីដំបូង​ផងដែរ។

នៅ​ក្នុង​អំឡុងពេល ដែល​វិបត្តិសេដ្ឋកិដ្ឋមានការ​ធ្លាក់ចុះ​ខ្លាំងនោះ គឹមសង់ បាន​ព្យាយាម​ធ្វើវីដេ​អូ​ខ្លីៗ​ទាក់ទង​នឹងការ​ប្រកួត​ប្រដាល់​គុនខ្មែរគូធំៗ​ បង្ហោះនៅលើ​ផេចហ្វេសប៊ុក ដើម្បី​រក​ចំណូល​​តាមយូធូប ដោយ​​វីដេអូ​ខ្លះ មាន​អ្នក​ចូលមើល​សរុប​​ជាង១លាននាក់ ហើយ​ជាមួយ​ភាព​លេច​ធ្លោ​នេះ បុរស​ម្នាក់​ឈ្មោះ រដ្ឋា បាន​ទាក់​ទង​មក គឹមសង់ ឱ្យ​ឡើង​និយាយជាអេដមីន នៅលើ Page ប្រដាល់មួយ ដោយ​មានគាត់​ផ្ទាល់ ជាអ្នកដាក់ការ​ផ្សាយពាណិជ្ជកម្ម ដើម្បី​ផ្តល់​ប្រាក់​កម្រៃជាប្រចាំខែ​ឱ្យ​ទៅ គឹមសង់។​​

រំឭកដល់​ការ​ងារដំបូង ជាអេដមីន​នេះ គឹមសង់ បាន​និយាយ​ថា៖ «​បង រដ្ឋា ​ឱ្យ​ខ្ញុំ​ឡើង​និយាយ​ជាអេមីន ដោយសារគាត់​ឮ​សំឡេង​​ខ្ញុំ​ល្អ ហើយរាល់វីដេអូ​របស់​ខ្ញុំ បង្ហោះ​នៅលើ​​យូធូប ក៏​មាន​អ្នក​ចូល​មើល​ច្រើនទៀត តែដោយសារ​ខ្ញុំ​មិន​ចូល​ចិត្ត និងមិន​អាច​ទទួលយក​បាន​ពីការរិះ​គន់​ធ្ងន់ៗ​របស់​អ្នកគាំ​ទ្រ​មួយចំនួន ដែល​បានឃើញ​ស្រាប់​ហើយ​នោះ គឺ​ខ្ញុំ​បាន​ប្រកែក​ជាមួយ​គាត់​ មិនព្រម​​ធ្វើដាច់​ខាត ហើយ​ពេល​នោះ ខ្ញុំ​ក៏មាន​អារម្មណ៍​ខ្មាសអៀន ព្រោះ​មិន​ធ្លាប់​​និយាយ​»។

តែទោះបីជា​យ៉ាង​ដោយសារ​មានការជំរុញ និង​លើក​ទឹក​ចិត្ត​ម្តង​ហើយ​ទៀតពី​លោក ទី រដ្ឋា គឹមសង់ ​បាន​​សម្រេច​ចិត្ត​ធ្វើការជាអេដមីន ហើយ​ដោយសារ​អ្នកគាំ​ទ្រ​មួយ​ចំនួន​ បានស្គាល់ គឹមសង់ ​តាម​រយៈ​ការ​បង្កើតមូលនិធិគុនខ្មែរស្រាប់​​នោះ បាន​ធ្វើ​ឱ្យការងារ​ថ្មី ជាអេដមីន​ប្រដាល់​របស់ គឹមសង់ ទទួលបានការគាំ​ទ្រ​ច្រើនគួរសម។

បន្ថែម​លើ​នេះ នៅ​ក្នុងអំឡុង​ខែតុលា ឆ្នាំ​ ២០២១ គឹមសង់ បាន​ទទួលការ​ងារធំ​មួយ គឺ​ការ​ចូលរួម​ធ្វើពិធីករ ឬអ្នក​អត្ថាធិប្បាយ នៅ​ក្នុងកម្មវិធី​គុនខ្មែរ​អល​ស្តារ ដែល​ត្រូវបាន​បង្កើត​ឡើង ជា​លើកដំបូង ដោយ​លោក ស៊ន អេលីត។ ប៉ុន្តែ​ការ​ឈាន​ជើងចូលប្រជែង​ជាអត្ថាធិប្បាយ ក្នុង​ព្រឹត្តិការណ៍​ធំ​នេះ គឹមសង់ បាន​ទទួល​ការ​ប្រមាថខ្លាំង ពី​​អ្នកគាំ​ទ្រ​មួយចំនួន ដោយ​អ្នក​ខ្លះ​បានប្រើពាក្យ​ជេរប្រទេច​ក៏មាន។​

គឹមសង់ បានសង្កត់​ធ្ងន់​ថា៖ «សម្រាប់ការ​ចូលធ្វើជាអ្នកអត្ថាធិប្បាយ កម្មវិធី​​គុនខ្មែរ​អល​ស្តារពី​វគ្គ​ ១ និង​វគ្គ​ ២ គឺ​មាន​អ្នក Comment ជេរខ្ញុំ​ដល់​ឆ្មប ហើយមានអ្នក​ខ្លះ​ទៀត ​គេ​យករូប​ខ្ញុំទៅ​ផ្ទឹម​ជាមួយពិធីករ​ល្បីៗ រួចនិយាយដៀលត្មះ ដោយ​​​ឱ្យម្ចាស់កម្មវិធី​​​ដក​ខ្ញុំចេញ​ទៅ។ ខ្ញុំ​មាន​ការ​​ឈឺ​ចាប់​ខ្លាំង ​ហើយ​បើក្រៅពី​ខ្ញុំ ប្រហែលជាឈប់​បាត់យូរ​ហើយ ព្រោះ​យើង​ស្អប់ការ​ប្រមាថ​ នៅ​តាម​ហ្វេស​ប៊ុក​​ហ្នឹង តែបែរ​ជា​មកជួបរឿងនេះទាល់​តែបាន»។

«ប៉ុន្តែ​បង ស៊ន អេលីត នៅតែ​លើក​ទឹក​ចិត្តខ្ញុំ​ឱ្យ​ធ្វើ ដោយ​គាត់​និយាយ​ថា គាត់មិនដក​ខ្ញុំ​ទេ គឺ​គាត់​​ចង់​បណ្តុះ​ធនធាន​ថ្មី ហើយ​​ខ្ញុំក៏​បានដឹង​ខ្លួនឯង​ថា គេ​ជេរ​ហ្នឹង​ត្រូវ​ហើយ ព្រោះគេ​មិន​សូវ​​​​ស្គាល់​យើង តែ​យើង​បាន​ចូល​ក្នុង​កម្ម​វិធី​ធំ ដែល​វាមិន​ទាន់​ស័ក្តិសម​នឹងសមត្ថ​ភាព​​យើង ដោយ​ការ​​​និយាយ​របស់​យើង មិនទាន់រលូន ​ និង​និយាយ​ដដែលៗ គឺ​ខ្ញុំ​​ទទួល​ស្គាល់កំហុស​ខ្លួន​ឯង តែ​​ខ្ញុំ​បាន​​តាំងចិត្ត​ថា ខ្ញុំ​មិន​អាច​​ថយ​ក្រោយ​នោះ​ទេ គឺ​ខ្ញុំនឹង​រក​កន្លែងណាមួយ ដើម្បី​ឱ្យ​គេ​ចាប់ខ្ញុំ​បាន និងគាំ​ទ្រខ្ញុំ»។ គឹមសង់ បានបន្ថែម​។

ជាមួយការដាក់​គោលដៅដ៏មុតមាំ​នេះ បុរសកូន​២ គឹមសង់ ​បាន​ព្យាយាម​ដុស​ខាត់​ជំនាញ​នេះ ដោយបាន​យក​ប្រពន្ធ​របស់​ខ្លួន ជាអ្នក​តាម​ចាប់​កំហុសឆ្គងរបស់​ខ្លួន ​នៅ​​រាល់​ការ​​អត្ថាប្បាយ​ម្តងៗ ហើយ​ គឹមសង់ ក៏​តែង​តែ​សុំ​ការ​ណែនាំពីពិធីករ​ប្រដាល់​ល្បី​ឈ្មោះ លោក ស៊ីថូ ណាថាន់ ដែល​ជា​និមិត្ត​រូប​របស់​គេ​ផងដែរ គឺ គឹមសង់ តែង​​យក​គំរូ​ការ​និយាយល្អ​របស់ ស៊ីថូ ណាថាន់ ​មក​អភិវឌ្ឍ​​សមត្ថ​ភាព​ខ្លួនឯង។

មិនយូរប៉ុន្មាន ការ​ព្យាយាម​របស់ គឹមសង់ បាន​​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ បានមើល​ឃើញ​ពី​តម្លៃ​របស់​គេ ហើយ​អ្វីដែល​ធ្វើ​ឱ្យអ្នក​ស្នេហាវិស័យ​កីឡាប្រដាល់គុនខ្មែរ មានការចាប់​ចិត្ត និងគាំ​ទ្រ​ខ្លាំង​នោះ គឺ​ការ​គាស់រំលើង​យក​ពាក្យ​បច្ចេក​ទេស​ទាក់ទង​ទៅនឹង​ឈ្មោះ​ក្បាច់គុន​ខ្មែរ សម័យ​ដើម មក​ធ្វើ​ការ​អត្ថាធិប្បាយ​របស់ គឹមសង់។

គឹមសង់ បាន​បញ្ជាក់​ថា៖ «ខ្ញុំចាប់​ផ្តើម​ទទួលការគាំទ្រខ្លាំង ពេល​ខ្ញុំ​ធ្វើពិធីករ ការ​ប្រកួត​គុនខ្មែរ​អល​ស្តារ​ វគ្គ​ ៤ នៅ​សង្វៀន​ថោន ដោយកាលនោះ ​ខ្ញុំ​បាន​គាស់រំលើង​ឈ្មោះ​ក្បាច់​គុនពីសម័យដើម​របស់​ខ្មែរ​​យក​មក​និយាយ ហើយ​​មកដល់ពេលនេះ ខ្ញុំ​សឹងតែចេះ​ពី​ចុង​ជើង​ដល់​ចុងសក់ អ៊ីចឹង​​អ្នកគាំ​ទ្រ​បាន​ឱ្យតម្លៃ​ដល់​យើង»។

Shaw (ក្រោម) របស់ Man United ផ្ដួលខ្លួនឈូសកាត់​បាល់​ពី Konate (លោត) របស់ RB Leipzig អំឡុងការ​ប្រកួតវគ្គ Group Stage នៅ UCL នាពេល​កន្លង​មក។​

ជាមួយការ​ទាញ​បានប្រជាប្រិយភាព​នេះ គឹមសង់ តែងតែ​​​នាំយក​​ព្រឹត្តិការណ៍ប្រដាល់​​ធំៗ មក​ធ្វើ​ការ​ឡាយ​​បន្ត នៅលើ​ផេចហ្វេសប៊ុក «អេដមីន គឹមសង់» របស់​ខ្លួន ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​ការ​ឡាយ​ផ្ទាល់​របស់ គឹមសង់ ផ្ទុះ​ខ្លាំង​បំផុត​នោះ គឺ​ពេល​ដែល​ជើង​ខ្លាំង ធឿន ធារ៉ា បាន​​ផ្តួល​ថៃ SaiyokSakchainrong ក្នុងទឹក​ទី​១ ដើម្បី​ឈ្នះខ្សែ​ក្រវាត់ Thai Fight ជា​លើកដំបូង កាលពី​ថ្ងៃទី​ ២៤ ខែធ្នូ ឆ្នាំ ២០២២។

«​អ្វីដែល​គេ​ស្គាល់​ខ្ញុំ​កាន់តែ​ខ្លាំង គឺ​ពេល​ខ្ញុំ​ឡាយ​គូ ធឿន ធារ៉ា និង Saiyok ព្រោះការ​ឈ្នះ​ខ្សែ​ក្រវាត់​របស់ ធឿន ធារ៉ា ជាប្រវត្តិសាស្រ្ត​ សម្រាប់ប្រដាល់​គុនខ្មែរ ហើយ​ក៏ជាប្រវត្តិសាស្រ្ត ដែល​មាន​អ្នក​ចូល​មើល​ច្រើន​បំផុត មិន​ធ្លាប់មាន​ ដោយ​កាលនោះ ពេល​ខ្ញុំ​ឡាយ មាន​អ្នក​ចូល​មើល​​ជាង ​២៣០K គឺខ្ញុំបាន​​រួមចំណែក​ជួយ​ឱ្យគុន​ខ្មែរ មានការ​ផ្ទុះ​ខ្លាំង ហើយពេលនោះ ខ្ញុំក៏​បានរៃលុយ​ឱ្យ ធឿន ធារ៉ា បានចូល​៥​លាន​រៀល​ផងដែរ»។ គឹមសង់ បានបញ្ជាក់​។

ជាមួយការ​ទទួល​បានប្រជាប្រិយ​ភាព​នេះ បាន​ជួយ​ឱ្យ ស៊ី គឹមសង់ ទទួល​បានឱកាស​ទៅ​ធ្វើពិធីករ​ប្រដាល់ ក្នុង​កម្មវិធី​ Kun Khmer All Stars លើក​ទី​៧ ​នៅ​ទីក្រុង​ប៉ារីស ​ប្រទេស​បារាំង​ ជា​លើកដំបូង កាល​ពី​​ថ្ងៃទី​ ២៤ ខែមិថុនា ឆ្នាំ​ ២០២៣ ហើយក្នុងរយៈពេល​ជាង​កន្លះ​ឆ្នាំ​ចុងក្រោយ​នេះ គឹមសង់ បានទម្លាយ​ថា គេ​អាច​រក​បានចំណូល​ច្រើនគួរសម ដើម្បី​ធ្វើ​ឱ្យជីវភាព​គ្រួសារ​ប្រសើរ ​ដោយពេលនេះ គឹមសង់ រក​ពេល​ធ្វើ​ការ​ងារ​ឱ្យ​គេមិន​បាន​ផង។

តែទោះបីជា​យ៉ាងណា ​សម្រាប់ជំនាញ​ជាពិធីករ​ប្រដាល់​នេះ គឹមសង់ បានអះអាង​ថា រូប​គេ​នៅមិនទាន់​ជោគជ័យ នៅឡើយ​ទេ គឺ​ការអត្ថាធិប្បាយ​នៅក្រោមសង្វៀន ​អាចទទួល​យក​បាន ប៉ុន្តែចំពោះ​ការ​ឡើង​និយាយផ្ទាល់ ​នៅលើ​សង្វៀន គឺរូបគេ​​នៅ​ញ័រ និងភ័យ ព្រោះ​​ទើប​​ទទួលបាន​ឱកាស ​ឡើង​និយាយនៅលើ​សង្វៀន​​បាន​៥ដង​ទេគិតមក​ដល់ពេលនេះ។​

គឹមសង់ និយាយ​ថា៖ «ខ្ញុំត្រូវពង្រឹង​ការ​អត្ថាធិប្បាយ នៅលើ​សង្វៀន ឱ្យ​ដូច​នៅ​ខាង​ក្រោម ហើយ​ខ្ញុំ​ចង់​ពង្រឹង​ការ​​អត្ថាធិប្បាយជាភាសា​អង់​គ្លេសឱ្យបាន​ល្អ​ផងដែរ ដើម្បី​ធ្វើ​ឱ្យ​ការ​​អត្ថា​ធិប្បាយ​របស់ខ្ញុំ ​កាន់តែ​ប្រសើរ។ ខ្ញុំ​ចង់​បង្កើត​អ្វី ​ដែលកាន់តែ​អស្ចារ្យ ជាពិសេស​ការ​​យក​ពាក្យ​គន្លឹះ​នៃ​​ក្បាច់គុន​ដូនតា​យើង មក​ប្រើ​ឱ្យ​អស់​តែ​ម្តង ដើម្បីកុំ​ឱ្យបាត់​ឈ្មោះ ព្រោះ​ការងារ​ជាពិធីករ​នេះ ជាការ​រួមចំណែក​យ៉ាងសំខាន់​មួយ ក្នុងការ​ជួយ​ផ្សព្វ​ផ្សាយ​គុនខ្មែរ មិនត្រឹមតែ​នៅ​ក្នុង​ប្រទេស​​នោះ​ទេ ប៉ុន្តែ​នឹង​ធ្វើ​ឱ្យគុនខ្មែរ កាន់តែ​ល្បី​​រន្ទឺ​ នៅលើ​ឆាក​អន្តរជាតិ»។

តែទោះបីជា​យ៉ាង​ណា ស៊ី គឹមសង់ បានទម្លាយពីអារម្មណ៍​ពិត​របស់​ខ្លួន​ថា ការ​ចាប់​យក​អាជីព​ជា​អ្នក​អត្ថាធិប្បាយប្រដាល់នេះ មិនមែនជា​គោលដៅ​ធំរបស់​គេ​នោះ​ទេ ព្រោះ​ក្តី​ស្រមៃ​របស់គេ គឺ​ចង់​ក្លាយជា​មគ្គុទ្ទេសក៍​ទេសចរណ៍ ដ៏​ឆ្នើម​ម្នាក់ ទៅ​តាមជំនាញ​​សិក្សា​របស់​ខ្លួន នៅ​មហាវិទ្យាល័យ ប៉ុន្តែ គឹមសង់ មិន​បាន​សោក​ស្តាយ​នោះ​ទេ។

ក្រុមហ៊ុន​ Coca-Cola ​បន្ថយ​​សម្ពាធ​ដោយ​កាត់​បន្ថយ​ការ​ចំណាយ​ ដោយសារការរីករាលដាលវីរុសកូវីដ ១៩។ រូបថត AFP

​«ខ្ញុំ​មាន​​គោល​ដៅ​រៀន​ពី​ប្រវត្តិសាស្រ្ត ឱ្យ​បាន​ជ្រាលជ្រៅ ដើម្បី​​និយាយឱ្យ​ភ្ញៀវ​បរទេស​ស្គាល់ពី​កម្ពុជា ប៉ុន្តែ​ពេល​រៀនចប់ ខ្ញុំ​បែរជា​ក្លាយជា​អ្នក​ផ្សាយ​ប្រដាល់។ ប៉ុន្តែ​ការ​បោះបង់​គោលដៅ​ក្លាយជា​មគ្គុទ្ទេសក៍​ទេសចរណ៍ មកក្លាយជា​អ្នក​ផ្សាយ​ប្រដាល់ដូច​រាល់​ថ្ងៃ​នេះ ខ្ញុំ​អត់​ស្តាយ​ក្រោយ​ទេ ព្រោះ​ខ្មែរ​យើង ឬបុគ្គល​ម្នាក់ៗ មាន​តួនាទីជួយជាតិ ទៅតាម​អ្វីដែល​អាច​ធ្វើ​ទៅ​បាន»។

ស៊ី​ គឹមសង់ បាន​បន្ថែម​ថា៖ «ពីមុន​ខ្ញុំចង់ជួយ​ជាតិ តាម​រយៈការ​ផ្សព្វ​ផ្សាយ​វប្បធម៌ជាតិ​ច្បាស់​ៗ ឱ្យ​បរទេស​ស្គាល់​ពី​ទឹក​ដី​កម្ពុជា ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​បានជួយផ្សាយ​គុនខ្មែរ និងជួយ​កីឡាករ ដែល​មានរបួស​ធ្ងន់ ក៏ដូច​ជា​គាស់​រំលើង​គុនខ្មែរឱ្យគេ​មើល​វិញ ហើយ​​ចាប់​ផ្តើម​ពី ធឿន ធារ៉ា បាន​ឈ្នះ​ខ្សែ​ក្រវាត់នៅ​ថៃមក គឺ​​បង​ប្អូន​យើង បាន​ជួយ​ចែក​រំលែក​ការ​ផ្សាយ​គុនខ្មែរធ្វើ​ឱ្យ​មានអ្នកគាំ​ទ្រ​ប្រដាល់​ភ្លូកទឹក​ភ្លូក​ដី អ៊ីចឹង​ខ្ញុំ​មានអារម្មណ៍​សប្បាយ​ចិត្ត បើទោះបីជា​ខ្ញុំមិនបាន​ក្លាយ​ជា​មគ្គុទ្ទេសក៍ទេសចរណ៍ តាម​ក្តី​ស្រមៃ តាំងពី​នៅតូចក៏​ដោយ»៕