ភ្នំពេញៈ ក្រុមកីឡាវ៉ូវីណាមកម្ពុជា ដែលទើបបានបំបែកកំណត់ត្រាឈ្នះបានមេដាយមាស ១០ ប្រាក់ ៨ និងសំរឹទ្ធ ៩ ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ នៅលើទឹកដីខ្លួនឯង កាលពីខែឧសភាកន្លងមក បាននិងកំពុងហ្វឹកហាត់ ពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែខ្លាំងថែមទៀត ដើម្បីត្រៀមចូលរួមការប្រកួតជើងឯកពិភពលោក នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២២ ខែវិច្ឆិកា ដល់ថ្ងៃទី ២ ខែធ្នូ ខាងមុខ។
លោក កៅ មករា គ្រូបង្វឹកកីឡាវ៉ូវីណាមកម្ពុជា បានប្រាប់កាលពីថ្ងៃទី ១៨ ខែតុលាថា សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នឹងបញ្ជូនក្រុមកីឡាករ កីឡាការិនីរបស់ខ្លួន ចំនួន ២៨ នាក់ (ស្រី ១១ នាក់) ព្រមទាំងគ្រូបង្វឹក ៥ នាក់ ថ្នាក់ដឹកនាំ និងគ្រូពេទ្យចំនួន ៦ នាក់ ឱ្យទៅចូលរួមការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកនៅប្រទេសវៀតណាមលើកនេះ ដោយអ្នកទាំងអស់នេះ នឹងត្រូវប្រកួតប្រជែងលើវិញ្ញាសាចំនួន ២៦ ក្នុងនោះវិញ្ញាសាប្រយុទ្ធចំនួន ១០ និងវិញ្ញាសាសម្តែងមានចំនួន ១៦។
យ៉ាងណាក៏ដោយ លោក កៅ មករា មិនទាន់អាចបង្ហាញបញ្ជីឈ្មោះកីឡាករ កីឡាការិនី ទាំង ២៨ នាក់ ដែលត្រូវបានជ្រើសរើសឱ្យប្រមូលផ្តុំ សម្រាប់ត្រៀមការប្រកួតជើងឯកពិភពលោកនាពេលខាងមុខទេ ក៏ប៉ុន្តែលោកបានបង្ហើបថា នៅក្នុងចំណោមអ្នកទាំង ២៨នាក់នេះ គឺសហព័ន្ធបានជ្រើសរើសបន្ថែមតែ ៤ ប្រភេទវិញ្ញាសាដែលខ្វះប៉ុណ្ណោះ។ ចំណែកអ្នកផ្សេងទៀត គឺសុទ្ធតែជាអ្នកធ្លាប់បានសាងស្នាដៃ ដណ្តើមបានមេដាយជូនជាតិកន្លងមក ជាពិសេសអ្នកធ្លាប់ឈ្នះមេដាយនៅស៊ីហ្គេម។
គ្រូបង្វឹករូបនេះបានបន្ថែមថា៖ «យើងបានធ្វើតេស្តជ្រើសរើសបន្ថែមតែ ៤ វិញ្ញាសាទេ ដែលបានបញ្ចប់ កាលពីព្រឹកថ្ងៃទី ១៨ ខែតុលា ចំណែកអ្នកមានសមិទ្ធផលខ្ពស់ៗ ដែលទើបដណ្តើមបានមេដាយនៅស៊ីហ្គេមកាលពីពេលថ្មីៗនេះ គឺមានឈ្មោះទាំងអស់ សម្រាប់ការត្រៀមចូលរួមប្រកួតជើងឯកពិភពលោក នៅប្រទេសវៀតណាមខាងមុខ»។
ទោះបីជាយ៉ាងណា ចំពោះម្ចាស់មេដាយស៊ីហ្គេម ២ សម័យកាល អេ វិរៈខាំឈិតភូថង (ម៉ឺន មេឃា) និងប្អូនប្រុសរបស់គេ អេ អាំម៉ារីនភូថង មិនមានឈ្មោះ នៅក្នុងការប្រមូលផ្តុំលើកនេះទេ ដោយសារកូនប្រុសរបស់លោក អេ ភូថង ទាំង ២ នេះ ជាប់ប្រកួតគុនខ្មែរ ឱ្យដៃគូសហការរបស់ពួកគេ។ ចំណែកអ្នកបានឈ្នះមេដាយមាសស៊ីហ្គេមផ្សេងៗទៀត ជាពិសេសកីឡាការិនី ប៉ាល់ ឆរស្ម៊ី ដែលឈ្នះបានមេដាយមាស ៤ ប្រាក់ ១ និងសំរឹទ្ធ ១ តែម្នាក់ឯងនោះ ព្រមទាំងកីឡាការិនីឆ្នើម ពៅ សុខា សុទ្ធតែមានវត្តមានសម្រាប់ការត្រៀមចេញទៅប្រកួតជើងឯកពិភពលោកនាពេលខាងមុខ។
ជាមួយគ្នានេះ លោក កៅ មករា បានបង្ហាញក្តីសង្ឃឹម និងជឿជាក់ថា ក្រុមកីឡាករ កីឡាការិនីវ៉ូវីណាមកម្ពុជា នឹងអាចដណ្តើមបានមេដាយមាសជូនជាតិជាមិនខានឡើយ ព្រោះសម្រាប់ការចេញទៅប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកកន្លងមក គឺក្រុមនេះ តែងតែឈ្នះបានមេដាយមាស មិនដែលខានឡើយ ខណៈបច្ចុប្បន្នពួកគេមានសមត្ថភាពកាន់តែល្អ និងមានទំនុកចិត្តកាន់តែខ្ពស់ក្នុងការប្រកួតប្រជែង បន្ទាប់ពីបានបង្កើតកំណត់ត្រាឈ្នះមេដាយមាសយ៉ាងច្រើន កាលពីស៊ីហ្គេម ឆ្នាំ២០២៣នេះ។
គ្រូបង្វឹកកីឡាវ៉ូវីណាមកម្ពុជា លោក កៅ មករា បានបញ្ជាក់ថា៖ «សម្រាប់ការប្រកួតជើងឯកពិភពលោក នៅប្រទេសវៀតណាមខាងមុខ យើងដឹងតែអាចឈានទៅដណ្តើមយកមេដាយមាសបានហើយ គ្រាន់តែមិនទាន់ច្បាស់ថា យើងបានប៉ុន្មានមេដាយមាស ព្រោះពេលនេះ គុណផលកីឡារបស់កីឡាករ កីឡាការិនីយើង កាន់តែល្អប្រសើរហើយ»៕