ភ្នំពេញ៖ អ្នកប្រដាល់គុនខ្មែរ​បស់​កម្ពុជា ប៊ុន សុធា, វង្ស វិឆ័យ និង សោម វិឆ័យ ដែលបាន​បង្ហាញ​វត្តមាន​រួមគ្នាជាថ្មី នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ​នោះ សុទ្ធតែ​បាន​ប្រើបច្ចេក​ទេស​វ៉ៃ​កីឡាករ​ថៃ និង​ឡាវ ឱ្យ​សន្លប់​ដូចគ្នា។

សម្រាប់​ការប្រកួត​ «ប្រដាល់អន្តរជាតិ​គុនខ្មែរប៉ុស្តិ៍លេខ ៥» ដែល​ត្រូវបាន​ធ្វើ​ឡើង នៅ​សង្វៀន​ TV5 ព្រែកកំពឹស ​កាល​ពី​យប់​​ថ្ងៃ​អាទិត្យ ទី ​២៩ ខែតុលា កន្លងមក​នេះ អ្នក​ប្រយុទ្ធ​វាយ​មិន​ដក​ថយ ប៊ុន សុធា បានប្រើ​ពេល​ខ្លីបំផុត ក្នុងការ​ផ្តួលកីឡាករ​ចំណូល​​ថ្មី​របស់​ថៃ Somchai Yotakali ឱ្យ​សន្លប់​ធំ។

​តាម​រយៈការ​ប្រកួត​នោះ Somchai Yotakali ​​ហាក់​មិន​ហ៊ាន​វាយ​ដោយប្រឈម​ជាមួយ ប៊ុន សុធា នោះ​ទេ ដោយ​រូបគេ បាន​ព្យាយាម​ធាក់ មិន​ឱ្យ សុធា ចូលកៀក​ឡើយ ព្រោះ​ថៃ​ម្នាក់​នេះ បានដឹង​ច្បាស់​ណាស់​​ថា ប៊ុន សុធា ជា​កីឡាករ មានផ្លែ​កែង​ល្អ ហើយ​កីឡាករ​ថៃ​ច្រើន​នាក់​មក​ហើយ ដែលបានសន្លប់​ដោយ​ក្បាច់​មួយនេះ។


តែទោះបីជា​យ៉ាង​ណា ប៊ុន សុធា មិនបណ្តោយ​ឱ្យ Somchai Yotakali ​គេច​ផុត​នោះទេ ដោយ​រូប​គេ ​បាន​ព្យាយាម​តាម​វាយកែង ហើយ​នៅពេល​ថៃ​ម្នាក់នេះ បានទាត់​សងមក​វិញ​នោះ ប៊ុន សុធា បានចាប់​ជើង​​ជាប់ រួច​បានប្រើ​កណ្តាប់​ដៃស្តាំ​ម៉ាត់​ចូលពោះ បណ្តាល​ឱ្យ Somchai Yotakali ដួលសន្លប់ ត្រឹមនាទីទី១ ក្នុងទឹកទី​១ សម្រាប់ការ​ធ្វើ​ដំណើរ​មកកាន់ទឹក​ដី​កម្ពុជា ជា​លើកដំបូងនេះ​។

មន្ត្រី​ពេល​ចុះ​ពិនិត្យ​ទីតាំង​ដែល​គេ​លួច​ទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក​ពីថ្ងៃ​ ១៩ កុម្ភៈ​។ រូបថត សហការី


​ការ​ផ្តួលកីឡាករ​ថៃឱ្យ​សន្លប់យ៉ាង​លឿន​នេះ បានធ្វើ​ឱ្យ​អ្នកទស្សនា​ផ្ទាល់ ​មានការ​កោត​សរសើរ​​ខ្លាំង​ដល់ ប៊ុន សុធា ដោយមួយ​រយៈ​ចុងក្រោយ​នេះ​រូបគេ បាន​ផ្តួលកីឡាករ​បរទេស​ឱ្យ​សន្លប់​ធំជាបន្ត​បន្ទាប់ ហើយជាមួយ​គ្នា​នេះ ប៊ុន សុធា បាន​បង្ហោះសារ​បែបនេះ​ថា៖​ «ឈ្នះ​ហើយ​បាទ! ផ្តួលថៃឱ្យ​សន្លប់ នៅក្នុង​ទឹកទី ​១។ ខ្ញុំ​សូម​អគុណលោកគ្រូ ធន់ សុភា និង​ពុក​ម៉ែ​បង​ប្អូន​មិត្តភក្តិ​ទាំងអស់គ្នា និងគ្រួសារ (ប្រពន្ធកូន) សម្រាប់​ការ​ប្រកួត​ជាពិសេស លើក​ទី​៣៤​របស់​ខ្ញុំ នៅលើ​សង្វៀន TV5 នេះ»។

ចំណែកអ្នកប្រដាល់គុនខ្មែរ សោម វិឆ័យ មក​ពី​ក្លិប​ពន្លឺ​វិបុល​ដារិទ្ធ​ពោធិ៍សែនជ័យ បាន​ធ្វើ​ការ​ប្រកួត​ជាមួយ​អ្នកប្រដាល់ថៃ Kuldet Bunoi យ៉ាង​ស្វិតស្វាញ​បំផុត ព្រោះ​ដៃគូ​ម្នាក់នេះ មាន​ក្បាច់​ប្រកួត​ល្អដូចគ្នា ជាពិសេស​ស្នៀត​ជើង។ តែទោះបីជា​យ៉ាង​ណា វិឆ័យ មិន​បានបណ្តោយ​ឱ្យ​ថៃ​ម្នាក់នេះ អាច​ឈរវ៉ៃ​ដល់​៥ទឹកពេញ​​នោះ​ទេ។

បន្ទាប់ពី​បានវាយ​ប្តូរ​សង​គ្នា​យ៉ាងរន្ធើន​ ដោយ​ការ​​ទាត់ និង​ម៉ាត់​ នៅដើមទឹក​ទី​២​នោះ សោម វិឆ័យ ​បាន​ប្រើ​កណ្តាប់​ដៃ​ស្តាំ​វាយ​ចូល​ថ្គាម បណ្តាល​ឱ្យ Kuldet Bunoi ដួល​ទាំង​វង្វេង ហើយ​ត្រូវ​បាន​អាជ្ញាកណ្តាល​រាប់ជា​លើក​ទី​១ និង​បន្តរាប់ជា​លើក​ទី​២ ក្រោយពេល វិឆ័យ បាន​ប្រើ​ជង្គង់​ហោះ​លោត​បុកចំ​ទ្រូង​មួយ​ទំហឹង​នោះ ប៉ុន្តែ​​ថៃ​ម្នាក់​នេះ មិន​ព្រម​ចុះចាញ់ដូច​ងាយៗ ក្រោមការ​វាយ​ថែម​យ៉ាង​សន្ធាប់​របស់ វិឆ័យ នោះទេ។​

តែទោះបីជា​យ៉ាង​ណា ឈាន​ចូលទឹក​ទី​៣ សោម វិឆ័យ បាន​ផ្តោត​ទៅលើ​ការ​ទាត់ជើង​ក្រោម​វិញ​ម្តង ក្នុងពេល Kuldet Bunoi បាន​ព្យាយាម​ចូល​វាយ​លុក ក្នុង​បំណងចង់ស្តា​ដើម​នោះ ហើយ​នៅពេល​កីឡាករថៃ​រូបនេះ បាន​ទាត់សំដៅ​ដង​ខ្លួន គឺ​សោម វិឆ័យ បាន​ទាត់​ជន្ទល់​ជើង​ស្តាំ ធ្វើឱ្យ Kuldet Bunoi ដួល និងខូចជើង​ស្តាំ មិនអាច​​ក្រោក​ឈរ​បន្ត​ការ​ប្រកួត​បាន​ទៀត​នោះទេ។

ដោយឡែក អ្នកប្រដាល់ វង្ស វិឆ័យ ​របស់​ក្លិបបញ្ជាការដ្ឋានទ័ពពិសេស ដែល​ហាក់​ខ្សត់​​​​ទី​ផ្សារ​ប្រកួតមួយ​រយៈពេល​ចុងក្រោយនេះ ​បានប្រើកណ្តាប់​ដៃ​ម៉ាត់​ឱ្យ​កីឡាករ​ឡាវ Sy Theun សន្លប់​ធំ នៅ​ក្នុងទឹកទី​៥ បន្ទាប់​ពី​រូបគេ បាន​ម៉ាត់​ឱ្យ​​ដៃគូ​​នេះដួល និងត្រូវបាន​អាជ្ញា​កណ្តាល​​​រាប់​ជា​លើក​ទី​១ នៅក្នុងទឹក​ទី​២ ហើយបាន​រាប់​ចំនួន​២​លើក​ទៀត នៅ​ក្នុងទឹក​ទី​៣។

តែទោះបីជា​យ៉ាង​ណា កីឡាករ​ឡាវ Sy Theun ដែល​ឡើងមកជំនួស​ថៃ Super Kiatnakornthong រូបនេះ ហាក់​មិន​សូវ​មាន​សមត្ថភាព និង​ក្បាច់សម្លាប់​អ្វីជាដុំកំភួន​នោះ​ទេ ដោយ​រូប​គេ​បាន​ត្រឹម​ទប់ និង​វាយ​សង​ទៅលើ វង្ស វិឆ័យ មួយៗ ដែល​ធ្វើ​ឱ្យ​អាជ្ញាកណ្តាល​ធ្វើ​ការ​ព្រមាន និង​ចង់​បញ្ឈប់​ការ​ប្រកួត​របស់​គេ នៅក្នុងទឹកទី​៤​ផងដែរ។ ចំណែក​ការ​ប្រកួត​គូក្នុងស្រុក​វិញ កីឡាករ ឃន សុខនី ​បាន​ចាញ់ពិន្ទុ ផុន សុភត់ ហើយ ឡុង អាឆើត ​បានស្មើ​គ្នា​ជាមួយ ផុន តុបផេង៕