ភ្នំពេញ៖ ការ​ជួបគ្នា​រវាង​​ស្តេច​ប្រដាល់​របស់​ប្រទេស​មីយ៉ាន់ម៉ា​ Dave Leduc និង​ជើង​ខ្លាំង​របស់​កម្ពុជា ព្រំ សំណាង ក្នុង​ព្រឹត្តិការណ៍ « Wurkz សេនាគុនខ្មែរពិភពលោក» នៅ​ទីតាំងផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល​ នា​​យប់​ម៉ោង​ ៧ ថ្ងៃអាទិត្យ​នេះ បាន​​ក្លាយជាព្រឹត្តិការណ៍​​ប្រកួត​​ដ៏ធំ​ប្រចាំ​នៅ​ក្នុងតំបន់អាស៊ាន ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ជាមួយគ្នា​នេះ លោក Tommy Kim ដែលជា​ទីប្រឹក្សា​របស់​ទូរទស្សន៍​ថោន និង​ជាអ្នក​តំណាង​របស់​ស្ថានប័ន IPCC ប្រចាំ​នៅ​កម្ពុជា ​បាន​​ធ្វើ​ការ​កោត​សរសើរទៅ​ដល់​កីឡាករ Dave Leduc និងក្រុម​ការងារ​របស់​គេ ដែលបាន​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ជួយ​ផ្សព្វ​ផ្សាយ​ប្រដាល់​គុនខ្មែរ ទៅ​កាន់​ពិភព​លោក សម្រាប់​ការ​ធ្វើ​ដំណើរ​មក​ប្រកួត​នៅ​​ប្រទេស​កម្ពុជា ជា​លើកដំបូង​នេះ។

លោក Tommy Kim បាន​​ថ្លែង​ក្នុង​សន្និសីទ​កាសែត កាលពីថ្ងៃសៅរ៍​ថា៖​ «​ខ្ញុំ​ពិត​ជា​សប្បាយ​រីក​រាយ ដែល​លោក Dave Leduc បាន​មក​ប្រកួត​ក្នុង​កម្ម​វិធី​​របស់​យើង ហើយ​ព្រឹត្តិការណ៍​​នេះ វា​មិន​មានត្រឹម​ជា​ការ​ប្រកួត​មិត្ត​ភាព​នោះ​ទេ ប៉ុន្តែ​លោក​បានជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ​​របស់​​យើង​ទៅ​កាន់ពិភព​លោក ហើយ​យើង​ទាំង​អស់​គ្នា​ពិតជា​អរគុណ​ដល់​លោក Dave Leduc និង​ក្រុមការងារ​ ដែល​បាន​ជួយ​ផ្សព្វផ្សាយ​គុន​ខ្មែរ​​យ៉ា​ងខ្លាំងក្លា ​តាម​រយៈ​មហា​ព្រឹត្តិការណ៍​​​ប្រចាំ​នៅ​ក្នុងតំបន់​អាស៊ាន​មួយ​នេះ»។


នារី​​រក​ស៊ី​ផ្លូវភេទ (ឆ្វេង) ​នៅ​​ផ្ទះបន​​​ដ៏​ធំ​បំផុត​ប្រចាំ​ប្រទេស ទទួល​វ៉ាក់សាំង​ប្រឆាំង​កូវីដ។ AFP

លោក Tommy Kim ​បាន​ឱ្យ​ដឹង​ទៀត​ថា តាម​រយៈ​ព្រឹត្តិការណ៍​ប្រកួត « Wurkz សេនាគុនខ្មែរពិភពលោក»​នេះ កីឡាករ Dave Leduc បានអញ្ជើញ​ពិធី​ករ​​ដ៏​ល្បី​ឈ្មោះ​របស់​ស្ថាប័ន UFC គឺ​លោក Andrew Whitelaw និង​ លោក Christopher Garridor មក​ធ្វើ​ការ​អត្ថាធិប្បាយ​​ក្នុងកម្ម​វិធី​​នេះ ដើម្បីផ្សព្វ​ផ្សាយ​គុនខ្មែរ ទៅ​កាន់ពិភព​លោក ដោយ​ពិធីករ​​ទាំង​២​នេះ​ ក៏​បាន​​ស្ម័គ្រ​ចិត្ត​​មក​ធ្វើ​អត្ថាធិប្បាយ​ដោយមិនគិត​កម្រៃ​ទៀត ដែលវាជាមោទនភាពខ្លាំង​សម្រាប់​គុន​ខ្មែរ​។


ទន្ទឹម​នឹង​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែល​បានអនុញ្ញាត​ឱ្យ​កីឡាករ Dave Leduc និង​ភរិយា ព្រមទាំង​ ព្រំ សំណាង ទៅចូល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារ នៅ​​វិមានសន្តិភាព កាលពី​ថ្ងៃទី​២ ខែវិច្ឆិកា​នោះ គឺ​លោក ​បានសរសើរ​ និង​អរគុណ​​ដល់ Dave Leduc ដែល​​​បាន​សិក្សា​ស្វែង​យល់អំពី​ប្រវត្តិ​ក្បាច់គុន​បុរាណ​ខ្មែរ និងគាំ​ទ្រដល់​គុនខ្មែរ។

លោក​នាយក​រដ្ឋមន្រ្តី បាន​បន្ថែមថា ពិតមែន​តែ​ប្រទេស​នីមួយៗ ​មាន​វប្បធម៌​ប្រពៃណី និង​​ប្រភេទ​​កីឡា​​ផ្សេងៗ​​គ្នា​​ក៏​​ពិតមែន ​តែ​ព្រឹត្តិការណ៍​ប្រកួត ​នៅ​​កម្ពុជា​លើក​នេះ គឺជាការបង្ហាញពី​ការ​គោរព​​គ្នា​​ទៅ​វិញ​ទៅ​មក និង​​ជា​​ការ​​ចូលរួម​​ចំណែក​​ក្នុង​​ការ​រឹត​​ចំណង​​មិត្ត​ភាព​រវាង​កម្ពុជា-មីយ៉ាន់ម៉ា លើ​ផ្នែក​ក្បាច់​គុន​​ប្រពៃណី​របស់​ប្រទេស​ទាំង​២។ មួយ​វិញ​ទៀត ក៏​ជា​ផ្នែកមួយ​​នៃ​​កា​រ​​លើក​​​កម្ពស់​ការ​យល់ដឹងអំពីគុនខ្មែរ នៅក្នុងមជ្ឈដ្ឋានជាតិ និង​ការ​ផ្សព្វ​​ផ្សាយ​​អំពី​គុន​ខ្មែរ​ឱ្យ​ពិភព​លោក​បាន​ស្គាល់កាន់តែ​ច្បាស់។

ចំណែក​កីឡាករ Dave Leduc ​បាន​និយាយ​ ក្នុង​សន្និសីទ​កាសែត​នោះ​ថា ​រួមគេ​ និង​ភរិយា ព្រម​ទាំង​​ក្រុមការងារ ពិតជា​ទទួល​បានការ​ស្វាគមន៍​យ៉ាងកក់ក្តៅបំផុត សម្រាប់​ការធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា ជាលើកដំបូង​នេះ ​ហើយ​​​គេ​មិនគិត​ដល់​ថា ប្រជាជន​កម្ពុជា មានភាពរួសរាយរាក់​ទាក់​ខ្លាំង​​បែបនេះ​នោះ​ទេ។

ស្តេច​ប្រដាល់​របស់មីយ៉ាន់ម៉ា​រូបនេះ បាន​បញ្ជាក់ថា៖​ «​ខ្ញុំពិតជា​មាន​​​ការ​ភ្ញាក់​ផ្អើលខ្លាំង​​នូវ​អ្វីដែល​ប្រជាជនកម្ពុជា បាន​ស្វាគមន៍ និងគាំ​ទ្រ​ដល់ពួក​យើង​ ហើយ​ខ្ញុំ​រំពឹង​ថា ការ​ជួប​ជាមួយ ព្រំ សំណាង លើក​នេះ នឹង​ក្លាយជា​ជំនួប​​ដ៏​ល្អ​ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្ញុំ ព្រោះ​នេះជា​ព្រឹត្តិការណ៍ដ៏​ធំ​ប្រចាំ​នៅ​កម្ពុជា ដោយ​ការ​ប្រកួត​នេះ នឹង​ធ្វើ​ឱ្យ​ចំណង​មិត្ត​ភាព​របស់​កម្ពុជា និង​មីយ៉ាន់ម៉ា កាន់តែ​មាន​ភាព​រឹងមាំយូរ​អង្វែង»។

ក្រៅ​ពីការ​ប្រកួត​ដ៏ទាក់​ទាញ​រវាង ព្រំ សំណាង និង Dave Leduc នេះ គឺ​កីឡាករជើង​ខ្លាំង​ប្រចាំ​ស្រុក​ខ្មែរ​​ចំនួន​៥​នាក់​ទៀត រួម​មាន ធឿន ធារ៉ា, រឿង សោភ័ណ្ឌ, បឺត សង្ឃឹម, ឈុត សេរីវ៉ាន់ថង និង ផល សោភ័ណ្ឌ ក៏ត្រូវ​ដាក់​ឱ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​កម្រិត​ខ្លាំង មកពី៥ប្រទេស​ផ្សេងៗគ្នា នាយប់​​ថ្ងៃអាទិត្យ​នេះដែរ ដែលនឹងចាប់​ផ្តើម​ពី​យប់ម៉ោង​៧​តទៅ៕