ភ្នំពេញៈ ប្រធានសហព័ន្ធកីឡា​បាល់​ទាត់​កម្ពុជា លោក សៅ សុខា (FFC) បាន​​ទម្លាយ​មូល​ហេតុ​ពិត ដែល​ឈាន​ទៅ​ដល់​​ការ​​បញ្ចប់​កិច្ចសន្យា​​លោក ​ Satoshi Saito ពីតួនាទីជា​នាយក​ប្រតិបត្តិ​នៃ​ក្រុម​ហ៊ុន​​ខេមបូឌាន​ព្រីមៀរលីគ (CPL) ដោយ​ត្រូវបាន​ CPL ប្រកាស​ជា​ផ្លូវ​ការ កាល​ពី​​ថ្ងៃទី​​៣១ ខែ​តុលា ឆ្នាំ​២០២៣ ស្របពេល​កិច្ចសន្យា​របស់​លោក Saito ក៏​ត្រូវ​អស់​សុពលភាព ​នៅ​ចុង​ឆ្នាំ​​២០២៣នេះ ​ផងដែរ។

បើ​ទោះបីជា CPL បាន​បញ្ជាក់​​ថា ​ការ​មិន​បន្ត​កុងត្រា​ថ្មី​​ដល់​លោក Satoshi Saito នេះ ដោយសារ​ CPL ​​ធ្វើ​​កំណែទម្រង់​លើ​រចនាសម្ព័ន្ធ​ម្ចាស់​ភាគ​ហ៊ុន ដោយ​ឱ្យ​មាន​ក្លិប​​ជា​​សមាជិក ​ក្លាយ​ជា​ម្ចាស់​ភាគ​ហ៊ុន​ភាគ​​ច្រើន​ ​ដើម្បី​ឱ្យ​​​មាន​សំឡេង​ភាគ​ច្រើន ​ក្នុង​ក្រុម​ប្រឹក្សា​ភិបាល​របស់​​ក្រុម​​ហ៊ុន ​ក្នុង​ការ​សម្រេច​ចិត្ត និង​គ្រប់​គ្រង​សកម្មភាព ដំណើរ​ការ​អភិវឌ្ឍ​លីគ ប៉ុន្តែ​អ្នកគាំទ្រ នៅតែ​មិនអស់​ចិត្ត និង​នៅតែ​មានចម្ងល់ពីបញ្ហា​នេះ។

អ្នកគាំ​ទ្រភាគ​ច្រើន​បាន​នាំ​គ្នា​បញ្ចេញ​មតិ​ថា ​ការ​មិន​បន្ត​កុង​ត្រា​ដល់ Satoshi Saito នេះ វាជា​ការ​គិត​ខុស ដែលនឹង​អាច​ធ្វើ​ឱ្យ​វិស័យបាល់​ទាត់នៅ​កម្ពុជា​ដើរ​ថយ​ក្រោយ ព្រោះ​បុរស​ជនជាតិ​ជប៉ុន​រូបនេះជា​អ្នក​ជំនាញ​ ដែល​​ធ្លាប់​ធ្វើជាអ្នក​​គ្រប់​គ្រង​ផ្នែក​ទី​ផ្សារ នៅក្លិប​ FC Barcelona, ជា​អនុ​​ប្រធាន​​នៃ​ការិយាល័យ​បេសកកម្ម​ពិសេស នៅ​សមាគម​កីឡា​បាល់​ទាត់​ជប៉ុន (JFA), ​ជា​នាយក​​ទីផ្សារ​​នៅសហព័ន្ធ​កីឡាបាល់​ទាត់​អាស៊ី (AFC) និង​ធ្លាប់​ធ្វើ​ជា​ទី​ប្រឹក្សា​​​​របស់​សហព័ន្ធ​កីឡា​បាល់​​ទាត់​ពិភពលោក (FIFA) ផងដែរ។


តែទោះបីជា​យ៉ាង​ណា ចំពោះ​បញ្ហា​​ទាំងអស់នេះ លោក សៅ សុខា បាន​ធ្វើ​ការ​ស្រាយ​បន្លឺ​​ថា៖ «ខ្ញុំសូម​ជម្រាប​អស់​លោក លោកស្រី ដែលកំពុងខ្វល់ខ្វាយ និង​ការ​មិន​បន្ត​កិច្ច​សន្យា​ជាមួយ​គាត់ (លោក Satoshi Saito) ដោយសារ​គាត់​បាន​​សន្យាជាមួយ​​យើង​ថា ​ក្នុង​១​រដូវ​កាល គាត់​រក​អ្នក​ឧបត្ថម្ភឱ្យ​បាន​យ៉ាងតិច ៣ ០០០ ​០០០$ សម្រាប់​​ការ​រៀបចំ​ការ​ប្រកួត CPL​ ប៉ុន្តែ​​គាត់​​មិន​​អាច​​ធ្វើ​បានតាមសន្យា»។

ជាមួយគ្នា​នេះ លោក សៅ សុខា បានបន្ថែម​ថា CPL ត្រូវផ្តល់ប្រាក់ខែឱ្យ​ លោក Saito រាប់សែន​ដុល្លារ ជាថ្នូរនឹងការ​​ជួលគាត់មកបំពេញ​ការងារ ក្នុងតួនាទី​ជា​នាយក​ប្រតិបត្តិ​របស់ CPL ហើយ​ដើម្បី​មាន​លុយ​ជួល​លោក Saito គឺ​សហព័ន្ធ បាន​​បង្កើតក្រុមហ៊ុន​​ខេមបូឌាន​ព្រីមៀរ​លីគ ដោយ​​បង្កើត​ភាគ​ហ៊ុន​ និង​ម្ចាស់​ភាគ​ហ៊ុនជាច្រើន គឺជាម្ចាស់ក្លិប ​ដែល​មាន​ក្រុមលេងក្នុង CPL។


​ប្រធាន​សហព័ន្ធ​រូបនេះ បានបញ្ជាក់​ថា៖​ «គាត់ (លោក Saito) មិន​អាច​រក​អ្នក​ឧបត្តម្ភ​បាន​​តាម​ការ​សន្យា​ គាត់​​មក​​ចាយ​លុយ​យើង ដែល​ខ្ញុំ​ផ្ទាល់​ជា​អ្នក​រក​អ្នក​ឧបត្ថម្ភ ចាប់ពីឆ្នាំ២០១៨មកពីក្រុម​ហ៊ុន​ទូរ​ស័ព្ទ​មិត្តហ្វូន ៥០០ ០០០ $ ក្នុង​១ឆ្នាំ។ យើងប្រគល់លុយហ្នឹង​ឱ្យ​ទៅ​គាត់ បូកបន្ថែម​លើ​ថវិកា ​ដែល​បាន​មក​ពី​ភាគ​​ហ៊ុន​​ក្នុង​​ក្រុមហ៊ុន League ទៀត»។

លោក សៅ សុខា បានបញ្ជាក់​បន្ថែមថា៖ «ខ្ញុំ​សួរ​អស់លោកថា យើងជួលគាត់ឱ្យ​មក​ជួយ​យើង ​សំខាន់រឿងរកលុយ ជា​ថ្នូរ​នឹង​ប្រាក់​ខែ​រាប់​សែនដុល្លារ ដើម្បីអភិវឌ្ប​បាល់ទាត់​ ចុះ​គាត់​ចាយ​លុយ​យើងអស់ គាត់រកលុយមិនបាន ហើយ​បើ​រក​​បាន​​បន្តិចបន្តួចនោះ ក៏​គាត់​ប្រើ​ឈ្មោះ​ខ្ញុំ​ដែរ»​។

ជាមួយគ្នា​នេះ លោក សៅ សុខា បាន​ទម្លាយ​ឱ្យ​ដឹង​ទៀត​ថា ពេលនេះ​លោក​បាន​ជួល​ក្រុម​ហ៊ុន​អន្តរ​ជាតិ​ឱ្យ​ធ្វើការពិនិត្យ (អូឌីត) ទៅលើ​​​ការ​ចំណាយ ហើយ​លទ្ធផល នឹង​​ត្រូវ​ប្រកាស​ជាផ្លូវការ ដើម្បី​ដឹង​ច្បាស់​ថា តើ​លោក Saito ចំណាយត្រឹមត្រូវ ​តាម​គោល​ការណ៍ថវិកា​ឬអត់?

ដោយឡែក ចំពោះ​ការ​បញ្ចេញ​មតិយោបល់ (Comments) ​របស់​អ្នកគាំ​ទ្រ​បាល់​ទាត់​មួយ​ចំនួន ដោយ​សុំ​ឱ្យ​លោក លាលែង​ពី​តួនាទី​ជា​ប្រធានសហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​នោះ លោក សៅ សុខា បាន​ឆ្លើយ​តប​បែបនេះថា៖​ «ខ្ញុំនឹងប្រកាសលាលែង តាម​ការ​ចង់​បាន​របស់​អស់​លោក។ ខ្ញុំ​សូម​ជម្រាប​ជូន​ថា ខ្ញុំមិនមែន​សុំ​មក​​ធ្វើ​ប្រធាន​បាល់ទាត់ ដោយខ្លួនឯងទេ តែមុន​ឆ្នាំ​២០០៦ ហេដ្ឋា​រចនា​សម្ព័ន្ធ​បាល់​ទាត់ ដែល​ដាំ​ស្មៅ​ មាន​តែ​ពហុកីឡដ្ឋានជាតិ១គត់ តើ​សព្វថ្ងៃ​មាន​ប៉ុន្មាន?​»។

ប្រធាន FFC ដដែលនេះ បានរំឭក​ពីអតីតកាល​របស់បាល់​ទាត់​កម្ពុជាទៀត​ថា ​ក្រុម​​ជម្រើស​​ជាតិ ​ប្រកួត​ម្តងៗ​ចាញ់​គេ​​លើសពី ​១០​-០ ក៏មានដែរ។ កីឡាករគ្មានប្រាក់ខែ គ្មាន League គ្មាន​ការ​រៀបចំ​ប្រកួតអន្តរជាតិ។ ម៉្យាងទៀតកីឡាបាល់ទាត់ក្នុង​១ក្រុម ​ដែល​ចេញ​ទៅ​ប្រកួត នៅក្រៅប្រទេសចំនួន​៣៤​នាក់ សំបុត្រយន្តហោះ តាមឆ្ងាយជិត គឺ​បើ​គ្មាន​ចាប់ពី១០​ម៉ឺន​ដុល្លារ​ឡើងទៅទេ មិនអាចចេញដំណើរ​បានឡើយ ហើយ​មុន​នឹងចេញ​ទៅ​ប្រកួត​ ត្រូវ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​ទៀត ដោយ​តម្លៃហូបចុកក្នុង​១​ថ្ងៃ​គឺ​៥ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ និង​​នៅការ​ចំណាយលើ​​សម្ភារ​ផ្សេងៗ​ទៀត។

​ចំពោះ​ខ្ទង់ចំណាយ​ដ៏​ច្រើននេះ លោក សៅ សុខា បានសង្កត់​ធ្ងន់​ថា៖​ «តើ​យើង​បាន​លុយ​មក​ពី​ណា (ដើម្បីចំណាយ)? តើ​អ្នក​ណា​ជា​អ្នក​រក​លុយនោះ? កុំច្រឡំ​លុយ​​រដ្ឋ​​មាន​មិន​បាន​​១០ភាគ​រយ​​នៃ​ការ​ចំណាយសរុប​ផង។ កុំយកកីឡាផ្សេង មក​ប្រៀប​ធៀប​នឹងកីឡា​បាល់​ទាត់ ព្រោះ​​ចំនួនមនុស្ស​ក៏​ខុស​គ្នា ហេដ្ឋារចនាសម្ព័ន្ធ​ក៏ខុសគ្នា ការចំណាយក៏ខុសគ្នា។ ខ្ញុំ​គ្មាន​ប្រយោជន៍​​ជា​លុយ​កាក់ មុខ​មាត់​អី​ពីបាល់ទាត់​នោះ​ទេ ខ្ញុំមានតែលះបង់ និងចំណាយ សូម​កុំ​ច្រឡំ​​មុន​​នឹង​​និយាយ​ដល់​ឈ្មោះខ្ញុំ សូមមើលកិច្ច​ការ ​ដែល​ខ្ញុំ​ប្រឹង​ធ្វើនោះផង ខ្ញុំមិនល្ងង់ឡប់​ ហើយ​​​​ក៏​មិន​មែន​មនុស្ស​បំផ្លាញ​ជាតិ​ដែរ»៕