ភ្នំពេញៈ ការប្រើបច្ចេកទេសផ្តួលដៃគូឱ្យសន្លប់របស់កីឡាករជើងខ្លាំងលំដាប់ប្រទេស ឈុត សេរីវ៉ាន់ថង, ផល សោភ័ណ្ឌ, រឿង សោភ័ណ្ឌ, ធឿន ធារ៉ា និងការឈ្នះដោយពិន្ទុរបស់ បឺត សង្ឃឹម លើម្ចាស់ខ្សែក្រវាត់មកពីទីម័រខាងកើត ក្នុងការប្រកួត «Wurkz សេនាគុនខ្មែរពិភពលោក» កាលពីយប់ថ្ងៃទី ៥ ខែវិច្ឆិកា បានធ្វើឱ្យអ្នកគាំទ្រស្ទើរពេញមួយប្រទេស មានការអបអរ និងកោតសរសើរខ្លាំង ដល់អ្នកប្រយុទ្ធទាំង ៥ នាក់នេះថា ពិតជាបានបង្ហាញឱ្យឃើញពីភាពអស្ចារ្យរបស់ «គុនខ្មែរ» ក្នុងនាមជាម្ចាស់ក្បាច់គុន។
ប៉ុន្តែចំពោះការប្រកួតគូសំខាន់ប្រចាំមហាព្រឹត្តិការណ៍ រវាងជើងខ្លាំង ព្រំ សំណាង និងស្តេចប្រដាល់របស់មីយ៉ាន់ម៉ា Dave Leduc ដែលធ្វើនៅលើសង្វៀនប្រដាល់របស់ថោនស្ថិតនៅទីតាំងផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល កាលពីយប់ថ្ងៃទី ៥ ខែវិច្ឆិកា គឺបានបន្សល់ទុកនូវការរិះគន់ និងភាពមន្ទិលសង្ស័យពីអ្នកទស្សនាភាគច្រើនថា អាចជាការប្រកួតបែបសម្តែងទៅតាមការរៀបចំ បន្ទាប់ពីអ្នកទាំង ២ នេះ ត្រូវបានប្រកាសឱ្យស្មើពិន្ទុគ្នា ទៅតាមច្បាប់ប្រកួតរបស់ Mas Fight គឺបើប្រកួត ៩ នាទីពេញ គ្មានអ្នកសន្លប់ ត្រូវកំណត់ឱ្យស្មើគ្នា ដោយមិនផ្អែកទៅលើការផ្តល់ពិន្ទុទេ។
ការលើកឡើងបែបនេះ ក៏ព្រោះតែគេមើលឃើញថា ព្រំ សំណាង ហាក់មិនសូវហ៊ានចូលវ៉ៃប្តូរជាមួយនឹង Dave Leduc ហើយក៏គ្មានឃើញក្បាច់អ្វីដែលពិសេសដែរបើទោះបីជាមុនការប្រកួតនេះ ព្រំ សំណាង បានហ្វឹកហាត់ពង្រឹងទាំងបច្ចេកទេស និងគុណភាពកម្លាំងជាមួយគ្រូប្រដាល់គុនខ្មែររហូតដល់ ១០ នាក់ក្ដី។
តែទោះបីជាយ៉ាងណា លោក Tommy Kim ទីប្រឹក្សាទូរទស្សន៍ថោន និងជាតំណាង Mas Fight ប្រចាំនៅប្រទេសកម្ពុជា បានអះអាងថា ការប្រកួតរវាងព្រំ សំណាង និង Dave Leduc មិនមែនជាការសម្តែងទេ ហើយការប្រកួតរវាងអ្នកទាំង ២ នេះ ក៏ត្រូវបានផ្លាស់ប្តូរលក្ខខណ្ឌប្រកួតភ្លាមៗផងដែរដោយសារ Dave Leduc បានស្នើសុំវ៉ៃអំបោះឆៅ ជំនួសការវ៉ៃដោយការពាក់ហ្គង់វិញ ខណៈការផ្លាស់ប្តូរនេះ វាខុសទៅនឹងទម្រង់នៃការត្រៀមខ្លួនរបស់ ព្រំ សំណាង។
លោក Tommy Kim បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ក្រោយការប្រកួតថា៖ «ខ្ញុំមានអារម្មណ៍រំភើបចង់ស្រក់ទឹកភ្នែក ព្រោះកីឡាករទាំងអស់វ៉ៃតំណាងគុនខ្មែរ និងជាវីរបុរសខ្មែរពិតប្រាកដ គឺទាំង ឈុត សេរីវ៉ាន់ថង, បឺត សង្ឃឹម, ផល សោភ័ណ្ឌ, រឿង សោភ័ណ្ឌ, ធឿន ធារ៉ា ជាពិសេស ព្រំ សំណាង គាត់ជាវីរបុរស ព្រោះគាត់បានទទួលយកគ្រប់លក្ខខណ្ឌទាំងអស់ គឺគាត់អត់ខ្លាចទេ ដែលចង់បង្ហាញថា គុនខ្មែររបស់យើង វ៉ៃតាមរបៀបណា ក៏យើងអត់ខ្លាចដែរ»។
លោកបន្ថែមថា៖ «Dave Leduc គាត់បានស្នើវ៉ៃអំបោះឆៅ ដោយសារគាត់ឱ្យតម្លៃគុនខ្មែរ និងក្បាច់គុនរបស់មីយ៉ាន់ម៉ា Lethwei ដែលមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយ ហើយពីបុរាណកាលមក វ៉ៃអត់មានពាក់ហ្គង់អីទេ អ៊ីចឹង Dave បានស្នើឱ្យវ៉ៃអំបោះឆៅ ដើម្បីតំណាងឱ្យប្រវត្តិសាស្ត្រពីបុរាណកាលនៃក្បាច់គុនទាំង ២ ហេតុនេះ ព្រំ សំណាង បានទទួលយក គឺគាត់មានទឹកចិត្តមួយថា ជាអ្នកប្រយុទ្ធគុនខ្មែរពិតប្រាកដ ដោយយើងទទួលគ្រប់លក្ខខណ្ឌរបស់ Dave»។
ជាមួយការទទួលយកលក្ខខណ្ឌនៃការប្រកួតអំបោះឆៅនេះ ព្រំ សំណាង ត្រូវបាន Dave Leduc ម៉ាត់ចូលមុខបណ្តាលឱ្យដួលទាំងជំហរហើយទម្ងន់ដៃដ៏ធ្ងន់របស់ Dave ក៏បានបន្សល់ស្នាមបែក និងពកនៅលើផ្ទៃមុខរបស់ សំណាង ផងដែរ ប៉ុន្តែការវាយកែង នៅនាទីចុងក្រោយរបស់ ព្រំ សំណាង ក៏បានធ្វើឱ្យស្តេចប្រដាល់របស់មីយ៉ាន់ម៉ា បែកនៅចុងចិញ្ចើមខាងឆ្វេង ហូរឈាមសស្រាក់ដូចគ្នា។
ចំពោះលទ្ធផលនេះ លោក Tommy Kim បានបញ្ជាក់ថា៖ «លទ្ធផលស្មើនេះ ធ្វើឱ្យប្រទេសទាំង ២ កាន់តែរីករាយ និងមិនមានការអាក់អន់ចិត្តទេ ហើយការប្រកួតនេះមិនមែនជាការសម្តែងឡើយ គឺបែក និងហូរឈាមពិតៗ ដែលកើតចេញពីកម្លាំងចិត្តនៃការប្រកួតរវាងវីរបុរសទាំង ២ នេះ គឺ Dave ក៏ជាវីរបុរសរបស់ Lethwei ហើយព្រំ សំណាង ក៏តំណាងឱ្យគុនខ្មែរ។ គាត់ព្យាយាមវ៉ៃផ្តាច់ទៅ ផ្តាច់មក ហើយខ្ញុំពិតជាមានការរំភើប ដោយការប្រកួតនេះទទួលបានជោគជ័យ»។
ដោយឡែក សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិចំនួន ៥ គូទៀត គឺទាំង ធឿន ធារ៉ា, រឿង សោភ័ណ្ឌ, បឺត សង្ឃឹម, ឈុត សេរីវ៉ាន់ថង និងផល សោភ័ណ្ឌ សុទ្ធតែបានបង្ហាញភាពខ្លាំងរៀងៗខ្លួន ដោយក្នុងនោះ ធឿន ធារ៉ា បានម៉ាត់ឱ្យម្ចាស់ខ្សែក្រវាត់មកពីប្រេស៊ីល DANIEL TORRES សន្លប់ក្នុងទឹកទី២ រីឯរឿង សោភ័ណ្ឌ បានម៉ាត់ និងវាយកែងបណ្តាលឱ្យកីឡាករអេស្ប៉ាញ MIKEL JESUA បែកធំ នៅលើចិញ្ចើមស្តាំរហូតគ្រូពេទ្យបញ្ឈប់នៅចុងទឹកទី១។
ចំណែកម្ចាស់មេដាយមាសស៊ីហ្គេម ឈុត សេរីវ៉ាន់ថង បានវ៉ៃអ្នកប្រដាល់របស់រុស្ស៊ី MAZORIEV SHARIF ឱ្យសន្លប់ក្នុងទឹកទី២ រីឯ ផល សោភ័ណ្ឌ បានទាត់កីឡាករចិន LI TIANTAO ឱ្យខូចដៃក្នុងទឹកទី២ ដូចគ្នា។ ឯម្ចាស់មេដាយមាសស៊ីហ្គេម ២ សម័យកាល បឺត សង្ឃឹម បានវ៉ៃជើងខ្លាំងទីម័រខាងកើត TIMUR ឱ្យរាប់តាំងពីទឹកទី១ តែដៃគូម្នាក់នេះ បានតស៊ូរហូតដល់ ៣ ទឹកពេញ និងបានចាញ់ត្រឹមពិន្ទុ។
ជាមួយការប្រកួតនេះ លោក Tommy Kim បញ្ជាក់ថា៖ «ខ្ញុំមើលឃើញថា កីឡាករជាកូនខ្មែរ ដែលបានឡើងមកប្រកួត គឺយកបេះដូងមកវ៉ៃពិតមែន ចំណែកកីឡាករបរទេស ដែលយើងយកមកមិនមែនជាប្រភេទអ្នកប្រដាល់អន់ៗនោះទេ គឺសុទ្ធតែជាម្ចាស់ខ្សែក្រវាត់ មកគ្រប់អស់ហើយ ប៉ុន្តែចុងក្រោយ នៅតែសន្លប់ក្រោមថ្វីដៃកីឡាករគុនខ្មែររបស់យើង ហើយនេះជាមោទនភាពខ្លាំងបំផុត»។
សម្រាប់ការប្រកួត «Wurkz សេនាគុនខ្មែរពិភពលោក» នេះមានអ្នកទស្សនាផ្ទាល់រាប់ពាន់នាក់ និងមានអ្នកតាមដាន តាមរយៈការផ្សាយផ្ទាល់ជិត ៨០ ម៉ឺននាក់ ដែលចំនួននេះ ត្រូវបានលោក Tommy Kim ចាត់ទុកថា ជាចំនួនដ៏ច្រើន មិនធ្លាប់មាន នៅក្នុងប្រវត្តិប្រដាល់គុនខ្មែរនោះទេ។
ជាមួយជោគជ័យនេះ តំណាងស្ថាប័ន IPCC ប្រចាំកម្ពុជា លោក Tommy Kim បានថ្លែងអំណរគុណដល់អ្នកទស្សនា ជាពិសេសប្រជាជនកម្ពុជា ដែលមានបេះដូងតែ ១ ក្នុងការជួយគុនខ្មែរ។ «យើងមានបេះដូងតែ ១ ស្រឡាញ់គុនខ្មែរតែ ១ យើងផ្សព្វផ្សាយគុនខ្មែរ យើងលើកស្ទួយគុនខ្មែរ ហើយយើងនឹងបន្តអភិរក្ស និងការពារគុនខ្មែររបស់យើងទៅដល់កូនចៅជំនាន់ក្រោយទៀត។ ជាមួយគ្នានេះ ខ្ញុំអាចបង្ហើបបានថា នៅចុងខែវិច្ឆិកានេះ នឹងមានព្រឹត្តិការណ៍ធំ ដែលផ្ទុះខ្លាំងជាងការប្រកួតនេះទៅទៀត»៕