ភ្នំពេញៈ ការប្រកួតពានរង្វាន់បាល់ទះ «សម្តេចក្រឡាហោម ស ខេង» ឆ្នាំ ២០២៣ នឹងចាប់ដំណើរការ នៅថ្ងៃទី ៩ ខែវិច្ឆិកានេះ ដើម្បីស្វែងរកក្រុមម្ចាស់ជើងឯក ខណៈអ្នកជំនាញរបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា បានអះអាងថា ព្រឹត្តិការណ៍ប្រកួតនេះ នឹងមានភាពកក្រើកខ្លាំង ដោយសារចំនួនក្រុមចូលរួមក៏ច្រើន ចំណែកប្រាក់រង្វាន់វិញ គឺមានការកើនឡើងជិត ២ ដង បើធៀបទៅនឹងការប្រកួតកាលពីឆ្នាំមុន។
លោក អាំង សិរីពិសិដ្ឋ ជាអនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាបានថ្លែងថា៖ «ការប្រកួតពានសម្តេចក្រឡាហោម ស ខេង នៅឆ្នាំនេះ នឹងមានការគាំទ្រកាន់តែច្រើន ព្រោះចំនួនក្រុមចូលរួម មានការកើនឡើង ជាពិសេសការប្រកួតឆ្នាំនេះ មានការឧបត្ថម្ភគាំទ្រពីក្រុម Khmer Beverages ដែលធ្វើឱ្យពាននេះលេចរូបរាងឡើង នឹងកាន់តែកក្រើកក្នុងពិភពបាល់ទះនៅកម្ពុជា»។
តាមការប្រកួត នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី ៥ ខែវិច្ឆិកា បានឱ្យដឹងថា ការប្រកួត «ពានបាល់ទះសម្តេចក្រឡាហោម ស ខេង» ឆ្នាំ ២០២៣ នេះ មានក្រុមចូលរួមចំនួន ២៩ ក្រុម មកពី ២៥ រាជធានី-ខេត្ត គឺមានការកើនឡើងជាងការប្រកួតកាលពីឆ្នាំ២០២២ ដែលមានតែ ២១ ក្រុម ដោយកាលនោះ ក្រុមវិសាខា បានក្លាយជាម្ចាស់ជើងឯក ក្រោយយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ (B) ដោយលទ្ធផល ៣ សិតទល់ ២ សិត នៅវគ្គផ្ដាច់ព្រ័ត្រ។
ប៉ុន្តែសម្រាប់ការប្រកួត «ពានសម្តេចក្រឡាហោម ស ខេង» ឆ្នាំនេះ ក្រុមវិសាខា ក៏ដូចជាក្រុមក្រសួងមហាផ្ទៃ បានសម្រេចដាក់ក្រុមកម្រិត B របស់ខ្លួនមកប្រកួត រីឯក្រុមកម្រិត A របស់ក្រុមទាំង ២ នេះ បានទៅឈរចាំប្រកួតនៅលីគបាល់ទះពានរង្វាន់ «សម្តេចតេជោ ហ៊ុន សែន» ដោយស្វ័យប្រវត្តិ ហើយក្រុមកងពលធំអន្តរាគមន៍លេខ៣ និងក្រុមបញ្ជាការដ្ឋានអង្គរក្ស ក៏មានឈ្មោះនៅក្នុងការប្រកួតលីគបាល់ទះកម្ពុជា រួចហើយដែរ។
យ៉ាងណាមិញ សម្រាប់ក្រុមទាំង២៩ ដែលបានចូលរួមការប្រកួតឆ្នាំ២០២៣នេះ ត្រូវបានបែកចែកការប្រកួតជា៨ពូល ដោយក្នុងនោះពូលA មានក្រុមស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បាល់ទះសេកុង ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ក្រុមលោកតាឌីខេត្តព្រះវិហារ រីឯពូលB មានបញ្ជាការដ្ឋានកងអង្គរក្សស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សមាគមបាល់ទះវិសាខា (B) និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។
ចំណែកពូលC មានក្រុមស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ រដ្ឋបាលរាជធានីភ្នំពេញ សមាគមក្រសួងមហាផ្ទៃ (B) ហើយពូលD មានក្រុមស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ស្នងការដ្ឋាននគរបាលខេត្តកែប ខណៈពូលE មានក្លិបស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងក្រុមស្នងការដ្ឋាននគរបាលខេត្តសៀមរាប។
ចំពោះពូលFវិញ មានក្លិបអាចារ្យលាក់ខេត្តកំពង់ធំ ក្លិបឫទ្ធិសែនខេត្តកំពង់ឆ្នាំង ក្លិបកីឡាបាល់ទះខេត្តតាកែវ ក្លិបស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ពូលG មានក្លិបស្នងការដ្ឋាននគរបាលខេត្តក្រចេះ ក្លិបបាល់ទះខេត្តកំពង់ស្ពឺ ក្លិបស្នងការដ្ឋាននគរបាលខេត្តកោះកុង ហើយពូលH មានក្លិបយុវជនបក្សីឆ្លងដែន ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តកំពត។
សម្រាប់ពូលទាំង៨នេះ នឹងត្រូវធ្វើការប្រកួតជម្រុះ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ដើម្បីយកក្រុមលេខ១ និងលេខ២តាមពូលទាំង៨ ឡើងទៅប្រកួតវគ្គខ្វែង១៦ក្រុមចុងក្រោយ នៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា រួចបន្តយកក្រុមឈ្នះឡើងទៅប្រកួតវគ្គ៨ក្រុមចុងក្រោយ នៅថ្ងៃទី១៧ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៨ និងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៩ ខែវិច្ឆិកា។
ដោយឡែកសម្រាប់ប្រាក់រង្វាន់វិញ គឺមានការកើនឡើងជិត២ដង បើប្រៀបធៀបទៅនឹងការប្រកួតកាលពីឆ្នាំ២០២២ ដែលក្រុមម្ចាស់ជើងឯក វិសាខា ទទួលបានត្រឹម២០លានរៀល ព្រោះឆ្នាំនេះ ក្រុមម្ចាស់ជើងឯកនឹងទទួលបានរហូតដល់៥០លានរៀលរីឯក្រុមលេខ២ បាន២០លានរៀល និងក្រុមលេខ៣ បាន១០លានរៀលហើយបន្ថែមលើនេះ ក៏មានការផ្តល់ប្រាក់រង្វាន់ជាច្រើនទៀត ទៅដល់កីឡាករ ដែលលេងបានល្អជាងគេ នៅតាមជំនាញនីមួយៗទៀតផង។
ជាមួយការបង្កើនប្រាក់រង្វាន់នេះ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកក្រុមហ៊ុន Khmer Beverages ដែលជាអ្នកឧបត្ថម្ភធំ សម្រាប់ការប្រកួតបាល់ទះពានសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣នេះ បានថ្លែងថា៖ «យើងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការចូលរួមជួយវិស័យបាល់ទះរហូតដល់១០ឆ្នាំ ព្រោះបើយើងចង់ឱ្យវិស័យនេះ អាចឈានទៅប្រកួតប្រជែងក្នុងកម្រិតពិភពលោកបាន ទាល់តែយើងខំប្រឹងបណ្តុះបណ្តាលធនធាន ហើយការងារនេះអាចដំណើរទៅបានល្អ វាទាល់តែយើងមានការចូលរួមជួយទាំងអស់គ្នា ទើបបាន»៕