ភ្នំពេញ៖ ក្រុម​ភ្នំពេញ​ក្រោន របស់​កម្ពុជា ដែល​ទើប​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​​ប្រទេស​អូស្រ្តាលី កាលពី​ថ្ងៃទី​ ៧ ខែវិច្ឆិកា​នោះ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ដណ្តើម​យក​ ៣ ពិន្ទុ​ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ Macarthur FC ក្នុងវគ្គជម្រុះតាមពូល​នៃ​ពាន​រង្វាន់ AFC Cup នៅ​ពហុកីឡដ្ឋាន Campbelltown Sports នៃ​ទី​ក្រុង​ Sydney នា​រសៀល​ម៉ោង​ ៣ ថ្ងៃ​ព្រហស្បិ៍នេះ។

បើទោះបីជា​ក្រុម​ភ្នំពេញ​ក្រោន ​​បាន​យក​ឈ្នះ​​ក្រុម Macarthur រហូត​ដល់​ ៣-០ សម្រាប់​​​ការ​ប្រកួត​ជើង​ទី​១ នៅលើ​ទឹក​ដី​ខ្លួនឯង កាលពី​ថ្ងៃទី​​ ២៦ ខែតុលា ប៉ុន្តែ​គ្រូ​បង្គោល​​លោក Oleg Starynskyi បាន​អះអាង​​ថា ការ​ប្រកួត​លើក​នេះ ភ្នំពេញ​ក្រោន ​បានជួប​ការ​លំបាក​ច្រើន​ទាំងទៅលើការ​ធ្វើដំណើរ និង​ការសម្រប​ខ្លួន​ជាមួយ​អាកាស​ធាតុ។

ផ្ទុយ​ពីនេះ​​ក្រុម Macarthur FC បាន​និង​កំពុង​មានសម្ទុះខ្លាំង ក្នុង​ការ​ប្រជែង​យក​៣ពិន្ទុ​ពី​ក្រុម​ភ្នំពេញ​ក្រោន សម្រាប់​ការ​ប្រកួត​ដ៏​អំណោយ​ផល នៅលើ​ទឹក​ដី​របស់ពួក​គេ ដើម្បី​ប្រជែង​យក​ទីតាំង​លេខ​១​ប្រចាំពូល​ F នេះ​វិញ។​​


លោក Oleg Starynskyi បាន​និយាយក្នុង​សន្និសីទ​កាសែត នៅលើ​ទឹក​ដី​អូស្រ្តាលី កាលពី​ថ្ងៃទី​ ៨ ខែវិច្ឆិកា​ថា៖​ «អ្វីៗ​ដែលបាន​​កើត​ឡើងពី​មុន ​យើង​មិន​ផ្តោត​អារម្មណ៍​ទេ។ បើទោះបីជា ​យើងបាន​​ឈ្នះ​គេ ៣-០ នៅ​ក្នុង​ដី​របស់​យើង ប៉ុន្តែ​​ការ​ប្រកួតលើក​នេះ ជាការ​ប្រកួត​​ដ៏​ពិបាក​បំផុត»។

ការបោះឆ្នោតឃុំ-សង្កាត់កាលពីឆ្នាំ ២០១៧។ រូបថត ភ្នំពេញ ប៉ុស្តិ៍


គ្រូ​បង្គោល​ក្រុម​ភ្នំពេញក្រោន​រូបនេះ បាន​បន្ថែម​ថា៖ «ខ្ញុំ​រំពឹង​ថា វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដែល​លំបាក​ខ្លាំង ព្រោះ Macarthur គេ​ចំណេញ​ច្រើន​ សម្រាប់​ការ​ប្រកួត​ក្នុង​ដី​នេះ ប៉ុន្តែ​យើង​ក៏​ត្រូវ​រក្សា​គុណភាព​នៃ​ការ​លេង​របស់​យើង​ដូចគ្នា។ យើង​បាន​ធ្វើ​ដំណើរ​ច្រើន​ម៉ោង​ណាស់ ដើម្បី​មក​ដល់​ទី​នេះ ហើយ​មាន​ភាព​ខុស​គ្នា​ច្រើន​ទាំង​អាកាស​ធាតុ និង​ទីតាំង​ផង​ដែរ ដូច្នេះ​វា​ជា​រឿង​ពិបាក»។

តែទោះបីជា​យ៉ាង​ណា ​គ្រូ​បង្វឹក​ជនជាតិអ៊ុយ​ក្រែន លោក Oleg Starynskyi នៅ​តែ​ជឿជាក់​លើ​កូន​ក្រុម​របស់​លោក ក្នុងការ​ស្វែង​រក​បាន​លទ្ធផល​ល្អ​ជា​បន្ត​ទៀត ដើម្បី​អាច​ឈាន​ទៅ​បង្កើត​ប្រវត្តិសាស្រ្ត​រួមគ្នា គឺ​ការ​ក្លាយ​ជា​ក្លិប​បាល់​ទាត់​​នៅ​កម្ពុជា​ដំបូង​គេ ដែល​នឹង​អាច​បាន​ឡើង​ទៅ​លេង​នៅ​ជុំ​​​បន្ទាប់​នៃ​​ពាន​រង្វាន់ AFC Cup នេះ នៅ​ឆ្នាំ​ ២០២៤។

លោក Oleg Starynskyi ​បាន​បញ្ជាក់​ថា៖​ «យើង​ចង់​ឡើង​ទៅ​កាន់​វគ្គ​បន្ត ដូច្នេះ​ការ​ប្រកួត​ថ្ងៃ​ស្អែកនេះ (ថ្ងៃ​នេះ)​ គឺ​ជា​ការ​ប្រកួត​ដ៏​សំខាន់​សម្រាប់​យើង។ នៅ​ពេល​នេះ​យើង​មាន​ឱកាស​ក្នុង​ការ​ឡើង​ទៅ​ជុំ​បន្ទាប់ ដូច្នេះ​យើង​សង្ឃឹមថា នឹង​អាច​ធ្វើ​វា​បាន ហើយ​វា​នឹង​ក្លាយ​ទៅ​ជា​រឿង​​ប្រវត្តិ​សាស្រ្ត​​ផង​ដែរ»។

ជាមួយ​ការ​ដាក់​គោលដៅ ដើម្បី​បាន​ឡើង​ទៅ​លេង​នៅវគ្គបន្ត​នៃពាន​ AFC Cup នេះ ភ្នំពេញ​ក្រោន ក៏​កំពុងមាន​ប្រៀប​លើ​ក្រុមចំនួន​ ៣ ​ទៀត ដែល​ឈរ​នៅពូល ​F ជាមួយ​គ្នា​នេះផង​ដែរ ព្រោះ​​ការ​ប្រកួតជើង​ទី​១ ចំនួន​ ៣ ​លើក​កន្លងមក​នេះ ភ្នំពេញ​ក្រោន បាន​ឈ្នះ​ទាំង​ ៣ ​ប្រកួត​ជាប់ៗ​គ្នា គឺ​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ DH Cebu របស់ហ្វីលីពីន និងក្រុម Macarthur របស់អូស្រ្តាលី ៣-០ ដូចគ្នា និង​ឈ្នះ​ក្រុម​ Shan United របស់មីយ៉ាន់ម៉ា ៤-០។

ជាមួយ​លទ្ធផល​ជាបណ្តោះ​អាសន្ន​នេះ បាន​ជួយ​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោន ឈរ​នៅលេខ​ ១​ ប្រចាំពូល​ F នេះ ដោយមាន ​៩ ពិន្ទុ​ពេញ និង​តាម​ពី​ក្រោយ​ដោយក្រុម Macarthur ដែល​មាន​ ៦ ពិន្ទុ ខណៈ​ក្រុម DH Cebu ឈរ​នៅលេខ ​៣ មាន ៣ ពិន្ទុ ប៉ុន្តែ​ក្រុម Shan United ​បាន​ចាញ់​ទាំង​​ ៣​ ប្រកួត ហើយកំពុង​ឈរ​នៅលេខ ​៤​ ចុងក្រោយ​គេ។ ហេតុនេះ​បើសិនជា ភ្នំពេញ​ក្រោន អាច​បន្តដណ្តើម​បាន ៣ ពិន្ទុ​ពី​ក្រុម Macarthur ទៀត នោះ​ពួក​គេ នឹងមាន​ភាគ​រយខ្ពស់បំផុត ដើម្បី​ឡើង​ទៅ​លេង​នៅវគ្គ​បន្ត ជាប្រវត្តិសាស្រ្ត។

តែទោះបីជា​យ៉ាង​ណា លោក Mile Sterjovski គ្រូ​បង្វឹក​ក្រុម Macarthur មាន​ការ​ជឿ​ជាក់​ថា ក្រុម​របស់​លោក​នឹង​ដណ្តើម​៣ពិន្ទុ​មក​វិញ។ លោក​បញ្ជាក់ថា៖​ «យើងដឹងថា ភ្នំពេញក្រោន ជាក្រុម​ដែល​ពិបាក​លេង​ជាមួយ ប៉ុន្តែនេះជា​ការ​ប្រកួត​នៅលើ​ទឹក​ដី​របស់​យើង ដោយ​​យើងបាន​ទន្ទឹង​រង់ចាំ ក្នុង​ការ​បង្ហាញ​ទម្រង់​លេង​ល្អ ហើយ​ខ្ញុំ​ឃើញ​កីឡាករ​យើង​ពិត​ជា​ស្រេក​ឃ្លាន​ជ័យជម្នះ ព្រោះ​វា​ជា​ការ​ចាំ​បាច់​សម្រាប់​ក្រុម​យើង គឺ​​យើង​នឹង​ដាក់​ក្រុម​ដែល​យើង​ជឿ​ថា នឹង​ធ្វើ​បាន​ល្អ ហើយ​ជួយ​ឱ្យ​យើង​ឈ្នះ»៕