ភ្នំពេញៈ ប្រធានក្លិបប្រដាល់គុនខ្មែរអន្តរជាតិ Kun Khmer International Fight Gym (KKIF) លោក ស្រី ចាន់ថន បាននិងកំពុងនាំយក «គុនខ្មែរ» ទៅផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក ហើយលោកក៏កំពុងពិនិត្យរកមើលទីតាំងដ៏សមរម្យមួយសម្រាប់បង្កើតឱ្យមានការប្រកួតប្រដាល់គុនខ្មែរនៅលើទឹកដីប្រទេសមហាអំណាចមួយនេះផងដែរ ដើម្បីពង្រីកវិសាលភាពគុនខ្មែរ ឱ្យបានកាន់តែខ្លាំងថែមទៀត។


នៅពេលនេះ លោក ស្រី ចាន់ថន រួមទាំងកីឡាករ ឈឿង ល្វៃ និងគ្រូជំនួយរបស់ក្លិប KKIF លោក ស្រី រាជបុត្រ បានកំពុងស្ថិតនៅទីក្រុង ក្រុងឡុងប៊ិច រដ្ឋ California ដើម្បីចូលរួម និងផ្សព្វផ្សាយគុនខ្មែរ នៅក្នុងកម្មវិធី «ពិព័រណ៍ធុរកិច្ច និងពាណិជ្ជកម្មកម្ពុជា» លើកទី១ ប្រចាំឆ្នាំ២០២៣ ដែលធ្វើនៅ The Holiday Inn បន្ទាប់ពីអ្នកទាំង៣ បានធ្វើដំណើរទៅដល់ទីនោះ កាលពីថ្ងៃទី៧ ខែវិច្ឆិកា។

លោក ស្រី ចាន់ថន បានប្រកាស នៅលើហ្វេសប៊ុកផ្លូវការរបស់លោកថា៖ «ការមកសហរដ្ឋអាមេរិកលើកនេះ ខ្ញុំនិងក្រុមការងារមានគោលបំណងសំខាន់ៗ គឺដើម្បីផ្សព្វផ្សាយគុនខ្មែរ នៅក្នុងកម្មវិធី “ពិព័រណ៍ធុរកិច្ច និងពាណិជ្ជកម្មកម្ពុជា” ហើយខ្ញុំក៏ត្រូវមកទទួលលិខិតទទួលស្គាល់គុនខ្មែរ ពីអភិបាលរបស់រដ្ឋកាលីហ្វ័រនីញ៉ាផងដែរ»។


ចំពោះគោលបំណងធំមួយទៀត សម្រាប់ការធ្វើដំណើរទៅអាមេរិកនេះដែរ លោក ចាន់ថន បានបន្ថែមថា៖ «ខ្ញុំមកពិនិត្យមើលទីតាំងដើម្បីធ្វើកម្មវិធីគុនខ្មែរនៅទីនេះ ក្នុងពេលឆាប់ៗខាងមុខ។ ដូច្នេះខ្ញុំសង្ឃឹមថា បងប្អូននឹងបន្តគាំទ្រគុនខ្មែរ និងកីឡាករគុនខ្មែរបន្តទៀត ដើម្បីផ្តល់ឱកាសឱ្យខ្ញុំ និងកីឡាករគុនខ្មែររបស់យើងបាននាំគុនខ្មែរ ទៅកាន់ឆាកអន្តរជាតិ និងធ្វើឱ្យបរទេសទទួលស្គាល់គុនខ្មែរថា ជាក្បាច់គុនដ៏អស្ចារ្យមួយនៅក្នុងពិភពលោក»។


ចំពោះកម្មវិធី«ពិព័រណ៍ធុរកិច្ចនិងពាណិជ្ជកម្មកម្ពុជា»លើកទី១ ប្រចាំឆ្នាំ២០២៣ នៅទីក្រុងឡុងប៊ិចនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៩ និងទី១០ ខែវិច្ឆិកានេះ ហើយលោក ស្រី ចាន់ថន បានឱ្យដឹងថា កម្មវិធីនេះមានប្រតិភូទៅពីកម្ពុជាជាង៣០០នាក់ ព្រមទាំងមានបរទេស និងខ្មែរសញ្ជាតិអាមេរិករាប់រយនាក់ ត្រូវចូលរួម ព្រោះនេះជាវេទិកាតែ១គត់ សម្រាប់អាជីវកម្មកម្ពុជាបង្ហាញផលិតផល និងសេវាកម្មរបស់ពួកគេ នៅលើឆាកអន្តរជាតិ ព្រមទាំងចែករំលែកចំណេះដឹង និងការច្នៃប្រឌិត ដែលត្រួសត្រាយផ្លូវ សម្រាប់ការលើកកម្ពស់វិស័យពាណិជ្ជកម្ម។


ទន្ទឹមនឹងនេះ លោក ស្រី ចាន់ថន បានបញ្ជាក់ថា កម្ពុជា ទទួលបានអត្ថប្រយោជន៍ចំនួន៤ សម្រាប់ការចូលរួម «ពិព័រណ៍ធុរកិច្ច និងពាណិជ្ជកម្មកម្ពុជា» នៅអាមេរិកនេះ គឺទី១ ផ្សព្វផ្សាយគុនខ្មែរទៅកាន់ថ្នាក់ដឹកនាំ និងប្រជាជនអាមេរិក និងទៅកាន់ពិភពលោក ទី២ បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក ទី៣ បង្ហាញផលិតផលក្នុងស្រុករបស់ខ្មែរទៅកាន់ប្រមុខដឹកនាំប្រចាំរដ្ឋ និងអ្នកចូលរួម ហើយទី៤ ទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកលេង និងវិនិយោគនៅប្រទេសកម្ពុជា។

ជាមួយការបង្កើតឱ្យមានក្លិបប្រដាល់គុនខ្មែរអន្តរជាតិ ដើម្បីរួមចំណែកលើកកម្ពស់ និងផ្សព្វផ្សាយគុនខ្មែរនេះដែរ លោក ស្រី ចាន់ថន បាននាំយកកីឡាករបរទេសឱ្យមកហ្វឹកហាត់ប្រដាល់គុនខ្មែរជាបន្តបន្ទាប់ ព្រមទាំងបានកៀរគរអ្នកមានទ្រព្យមួយចំនួន ឱ្យមកជួយគុនខ្មែរផងដែរ ខណៈពេលនេះ ក្លិប KKIF បានកំពុងរៀបចំការប្រកួត «អាណាចក្រថ្នាលគុនខ្មែរ» ដើម្បីពង្រឹងសមត្ថភាពអ្នកបន្តវេន។

ចំពោះការបង្កើតឱ្យមានការប្រកួត «អាណាចក្រថ្នាលគុនខ្មែរ»នេះ លោក ស្រី ចាន់ថន ធ្លាប់បានបញ្ជាក់ថា៖ «គោលដៅសំខាន់ នៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីផ្តល់ឱកាសឱ្យកីឡាករថ្នាលល្អៗ តាមបណ្តាក្លិបផ្សេងៗ ដែលគ្មានទីផ្សារប្រកួត បានធ្វើការល្បងសមត្ថភាពគ្នា ដើម្បីចម្រាញ់រកអ្នកមានទេពកោសល្យៗ បន្តទៅប្រកួតនៅក្នុងកម្មវិធីធំរបស់KKIFជាជំហានបន្ទាប់ទៀត។ជាមួយគ្នានោះអ្នកលេចធ្លោខ្លាំងនឹងត្រូវបញ្ជូនទៅប្រកួតកម្មវិធីលំដាប់ៗនៅក្រៅប្រទេស»៕