ភ្នំពេញៈ ព្រឹត្តិការណ៍ប្រកួត «Krud Kun Khmer» របស់សង្វៀនប្រដាល់ទទក បានសម្រេច យកមណ្ឌលកីឡាខេត្តកំពង់ស្ពឺ ជាទីកន្លែងដែលត្រូវចាប់ផ្តើម សម្រាប់យុទ្ធនាការប្រកួតតាមខេត្ត រដូវកាលទី២ មុនពេលកម្មវិធីនេះ ត្រូវបន្តដំណើរទៅប្រកួត នៅតាមខេត្តប្រមាណ ២០ ទៀត ក្នុងប្រទេសកម្ពុជា។
ប្រធានផ្គូផ្គងរបស់សង្វៀនប្រដាល់ទទក លោក ម៉ុល នី បានប្រាប់កាលពីថ្ងៃទី១៦ ខែវិច្ឆិកាថា ការប្រកួតដណ្តើមខ្សែ ក្រវាត់ចំនួនខ្សែ ៦ កាលពីថ្ងៃទី៣ ខែកញ្ញា និងការប្រកួតម៉ារ៉ាតុងដណ្តើមខ្សែក្រវាត់ចំនួន ២ ប្រភេទទម្ងន់ រួមទាំងការប្រកួតយកខ្សែក្រវាត់ ១ ស្ថាប័នទៀត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ក៏ត្រូវបានរាប់ថា ជាការប្រកួតតាមខេត្តនៃកម្មវិធី Krudគុនខ្មែរ ផងដែរ គ្រាន់តែការប្រកួតនោះធ្វើនៅក្នុងរាជធានីភ្នំពេញ។
លោកបាននិយាយថា៖ «ព្រឹត្តិការណ៍ធំតាមខេត្តរបស់ Krud គុនខ្មែរ ត្រូវបានធ្វើឡើងតាំងពីប៉ុន្មានខែមុន គ្រាន់តែយើងធ្វើនៅភ្នំពេញ អ៊ីចឹងខេត្តកំពង់ស្ពឺ អាចចាត់ទុកថា ជាខេត្តដំបូងគេ សម្រាប់ការប្រកួតរដូវកាលទី២របស់យើង ហើយតាមគម្រោងយើងនឹងរៀបចំឱ្យមានការប្រកួតនៅតាមខេត្តប្រមាណ ២០ ទៀត ដើម្បីផ្សព្វផ្សាយ និងពង្រីកពីវិសាលភាពនៃក្បាច់គុនបុរាណខ្មែររបស់យើង»។
សម្រាប់ការប្រកួត នៅមណ្ឌលកីឡាខេត្តកំពង់ស្ពឺ ចំនួន ២ ថ្ងៃ នាថ្ងៃទី១៨ និងទី១៩ ខែវិច្ឆិកានេះ សង្វៀនប្រដាល់ទទក និងដៃគូសហការ បានជ្រើសរើសយកកីឡាករលំដាប់ខ្លាំង របស់កម្ពុជាចំនួន ២១ នាក់ និងអ្នកប្រដាល់បរទេស៧នាក់ មកពី ៥ ប្រទេសផ្សេងគ្នា មកប្រកួត សរុបមាន ១៤ គូ ក្នុងនោះមានការប្រកួតអន្តរជាតិចំនួន៧គូ ហើយក៏មានការប្រកួតម៉ារ៉ាតុងដណ្តើមពាន ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម ផងដែរ។
សម្រាប់កម្មវិធីប្រកួត នៅថ្ងៃទី១៨ ខែវិច្ឆិកា ដែលនឹងត្រូវធ្វើចាប់ពីយប់ម៉ោង ៧ ទៅនោះ មានការប្រកួតមិត្តភាពក្នុងស្រុកចំនួន ៣ គូ មុនពេលម្ចាស់មេដាយមាសស៊ីហ្គេម ឡៅ សៃណេត ប្រកួតជាមួយថៃ PhetBanann ក្នុងទម្ងន់ ៥១ គីឡូក្រាម រីឯ ឯម ឡេងលី ត្រូវប៉ះបារាំង MukChhazo ក្នុងទម្ងន់ ៧៣ គីឡូក្រាម ហើយ ធន់ ផានិត ត្រូវជួបកីឡាករមកពីប្រទេសថៃ AttachhaiSorsuksamrann ខណៈ អ៊ុង វីរៈ ត្រូវប្រឈមជាមួយអ៊ីរ៉ង់ FarhadKolivand ទម្ងន់ ៨១ គីឡូក្រាម។
ចំណែកនៅថ្ងៃទី១៩ ខែវិច្ឆិកាវិញ កីឡាករ សុវណ្ណភូមិ រុងរឿង ត្រូវដាក់ឱ្យប្រកួតគូបើកឆាកជាមួយ ឃន សុខនី មុនពេល ពុទ្ធ សំបូរ, ផាន់ ផានណាត់, សូត្រ សុឃីម និង ម៉ន សាម៉េត ត្រូវចាប់ឆ្នោត និងប្រកួតម៉ារ៉ាតុងដណ្តើមពាន ក្នុងទម្ងន់៦០គីឡូក្រាម។ ជាមួយគ្នានេះ ចាន់ ប៊ុនហឿន ត្រូវជួបប្រេស៊ីល Carlos Teixeira ទម្ងន់ ៦៥ គ.ក្រ ហើយ ធន់ រិទ្ធី ត្រូវជួបអ៊ីរ៉ង់ ShaHinទម្ងន់៧៣គ.ក្រ ខណៈម្ចាស់មេដាយមាសស៊ីហ្គេម ឡៅ ចិត្ត្រា ត្រូវតទល់នឹងកីឡាករម៉ារ៉ុក OussamaElkouche ក្នុងទម្ងន់ ៦៥ គីឡូក្រាម។
ចំពោះសមាសភាពកីឡាទាំងអស់នេះ លោក ម៉ុល នី បានអះអាងថា៖ «គ្រប់កីឡាករទាំងអស់ មិនថាខ្មែរ ឬបរទេស គឺយើងបានសម្រិតសម្រាំងយកសុទ្ធតែកីឡាករមានកម្រិតល្អ និងសមត្ថភាពខ្ពស់មកប្រកួត ព្រោះគ្រាន់តែគូបើកឆាករវាងកីឡាករខ្មែរគ្នាឯង ក៏យើងយកកីឡាករមានតម្លៃខ្លួន ចាប់ពី ១ លានរៀល ឡើងមកប្រកួតដែរ ហើយអ្នកទាំងអស់នេះ សុទ្ធតែធ្លាប់ប្រកួតអន្តរជាតិផងដែរ គឺយើងផ្គូផ្គងបានល្អ ដើម្បីតម្រូវតាមការចង់បានរបស់អ្នកគាំទ្រ ដែលចង់ឃើញការប្រកួតមានភាពស្វិតស្វាញ និងជក់ចិត្តខ្លាំង»។
សម្រាប់ការរៀបចំការប្រកួតតាមខេត្ត រដូវកាលទី២ ក្នុងកម្មវិធី Krud Kun Khmer នេះ សង្វៀនប្រដាល់ទទក និងដៃគូឧបត្ថម្ភរបស់ខ្លួន មានការជឿជាក់ថា នឹងទទួលបានការគាំទ្រកាន់តែខ្លាំងពីទស្សនិកជន នៅតាមខេត្តនីមួយៗ ព្រោះពេលនេះ ការប្រកួតប្រដាល់គុនខ្មែរ កាន់តែមានភាពផុសផុលខ្លាំង ដោយមានមើលច្រើន ទាំងនៅតាមសង្វៀនផ្ទាល់ និងតាមរយៈការផ្សាយផ្ទាល់។
លោក ម៉ុល នី បានបញ្ជាក់ថា៖ «យើងធ្លាប់ទទួលបានជោគជ័យ និងគាំទ្រខ្លាំង សម្រាប់ការប្រកួតតាមខេត្ត នារដូវកាលទី១ ហើយតាមរយៈសម្ទុះរបស់អ្នកគាំទ្រនៅពេលនេះ ខ្ញុំគិតថា ការប្រកួតរដូវកាលទី២របស់យើង នឹងទទួលបានការគាំទ្រកាន់តែខ្លាំង ដោយការគាំទ្រនេះ ព្រោះបាននាំយកសុទ្ធតែកីឡាករលំដាប់ ទាំងខ្មែរ និងបរទេស មកប្រកួត គឺមិនធ្វើឱ្យអ្នកទស្សនាខកចិត្តនោះឡើយ»៕