ភ្នំពេញៈ ក្រុមក្រសួងមហាផ្ទៃ (B) បានរួមគ្នាវាយបកយកឈ្នះក្រុមរដ្ឋបាលរាជធានីភ្នំពេញ ដោយលទ្ធផល ៣-១ ដើម្បីក្លាយជាម្ចាស់ជើងឯក នៃការប្រកួតបាល់ទះពានរង្វាន់ «សម្តេចក្រឡាហោម ស ខេង» ឆ្នាំ ២០២៣ ហើយកីឡាករចំនួន ៥ នាក់របស់ក្រុមនេះ ក៏បានឈ្នះពានរង្វាន់ជាលក្ខណៈឯកត្តជនផងដែរ។
តាមរយៈការប្រកួតផ្តាច់ព្រ័ត្រ នៅក្នុងវិមានពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស សុខា ជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា កាលពីយប់ថ្ងៃទី ១៩ ខែវិច្ឆិកា កន្លងមកនេះ ក្រុមរដ្ឋបាលរាជធានីភ្នំពេញបានយកឈ្នះក្រុមក្រសួងមហាផ្ទៃ (B) ដោយគ្រាប់បាល់ ២៥-១៦ នៅក្នុងសិតទី១ ដែលធ្វើឱ្យក្រុមនេះមានការជឿជាក់កាន់តែខ្លាំង ក្នុងការឈានទៅឈ្នះពាន ព្រោះនៅក្នុងវគ្គជម្រុះប្រចាំពូលC ពួកគេធ្លាប់បានយកឈ្នះក្រុមក្រសួងមហាផ្ទៃ ៣-១ ម្តងហើយ។
ប៉ុន្តែអ្វីៗមានការប្រែប្រួលខ្លាំង សម្រាប់ក្រុមរដ្ឋបាលរាជធានីភ្នំពេញ ដោយពួកគេបែរជាបង្ហាញការលេងមិនសូវយល់ចិត្តគ្នាវិញ ដែលធ្វើឱ្យក្រុមក្រសួងមហាផ្ទៃ ដណ្តើមបានជ័យជម្នះ៣សិតជាប់ៗគ្នា ជាមួយគ្រាប់បាល់ ២៥-២៣, ២៥-២០ និង ២៥-២០ ដើម្បីក្លាយជាម្ចាស់ជើងឯក អមដោយប្រាក់រង្វាន់ចំនួន ៥០ លានរៀលយ៉ាងរំភើបបំផុត ខណៈក្រុមរដ្ឋបាលរាជធានីភ្នំពេញ បានថវិកា ២០ លានរៀល។
ជាមួយគ្នានេះ កីឡាករចំនួន ៥ នាក់របស់ក្រុមក្រសួងមហាផ្ទៃ (B) ក៏ទទួលបានពានរង្វាន់ឯកត្តជនផងដែរ ដោយក្នុងនោះ កីឡាករ ម៉ុក រ៉ាណាក់ បានឈ្នះពានកីឡាករធ្វើរនាំងល្អ (Best Middle Blocker) កែវ ស្រេងលីហួរ ឈ្នះពានរង្វាន់អ្នកលើកបាល់ល្អជាងគេ (Best Setter) ឈួន ប្រសិទ្ធ ឈ្នះពានរង្វាន់កីឡាករការពារល្អជាងគេ (Best Libero) ម៉ន សុខនាងឈ្នះពានកីឡាករវាយឆ្វេងល្អជាងគេ (Best Opposite) និងកីឡាករ ឆោម ទីណាឈ្នះពានរង្វាន់ កីឡាករវាយស្តាំល្អជាងគេ (Best Outside Hitter) ខណៈអ្នកឈ្នះបានពានរង្វាន់ឯកត្តជននេះ១ ទទួលបានប្រាក់រង្វាន់ ៨០ ម៉ឺនរៀល។
យ៉ាងណាក៏ដោយ លោក អ៊ូ សុផល គ្រូបង្វឹករបស់ក្រុមក្រសួងមហាផ្ទៃ (B) បានសារភាពក្រោយការប្រកួតថា មុននឹងដណ្តើមបានពាន ជាលើកដំបូងនេះ ក្រុមរបស់លោកបានជួបការលំបាកខ្លាំង ដោយសារពូល C សម្បូរដោយក្រុមខ្លាំងៗ ដូចជាក្រុមរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ហើយនៅក្នុងក្រុមក្រសួងមហាផ្ទៃ មានកីឡាករក្មេងៗភាគច្រើន ដែលទើបចូលហ្វឹកហាត់បាន ១ ឆ្នាំនៅខ្វះបទពិសោធន៍ និងមានអារម្មណ៍មិនសូវនឹងនរ ក្នុងការប្រកួតផង។
លោកបានបន្ថែមថា៖ «នៅពេលយើងលេងជាមួយក្រុមរដ្ឋបាលរាជធានីភ្នំពេញ កីឡាករវ័យក្មេងរបស់យើង មានភាពពុះកញ្រ្ជោលខ្លាំង ធ្វើឱ្យចាញ់ នៅក្នុងពូល តែសម្រាប់ការប្រកួតជាបន្តបន្ទាប់ទៀត ពួកគេធ្វើបានល្អ ចំណែកការអាចយកឈ្នះក្រុមរដ្ឋបាលរាជធានីភ្នំពេញ វិញ នៅវគ្គផ្តាច់ព្រ័ត្រនេះ ដោយសារយើងដឹងពីចំណុចខ្សោយរបស់ដៃគូ ពិសេសយើងបានទប់អារម្មណ៍កីឡាករវ័យក្មេងរបស់យើង មិនឱ្យលេងដោយភាពឆេវឆាវដូចមុន គឺយើងឱ្យគាត់លេងដោយរីករាយ និងមានទំនុកចិត្ត មិនឱ្យបារម្ភទៅលើការចាញ់ច្រើនពេកនោះទេ គឺបើឈ្នះ ឬចាញ់ ត្រូវលេងដោយបច្ចេកទេស»។
ផ្ទុយពីនេះកីឡាករ រ៉ុង សុខជា ដែលបានឈ្នះពានរង្វាន់ឯកត្តជនចំនួន២តែម្នាក់ឯង គឺពានជាកីឡាករវាយស្តាំល្អជាងគេ និងពានជាកីឡាករឆ្នើមជាងគេនោះ បានបង្ហាញការសោកស្តាយខ្លាំង ដែលក្រុមរដ្ឋបាលរាជធានីភ្នំពេញ មិនអាចរក្សាភាពខ្លាំង ដើម្បីឈ្នះពាន ខណៈមិត្តរួមក្រុមរបស់គេ ឧក រដ្ឋា ក៏បានឈ្នះពានជាកីឡាករធ្វើរនាំងល្អ (Best Middle Blocker) ផងដែរ។
កីឡាករ រ៉ុង សុខជា បានបញ្ជាក់ថា៖ «ខ្ញុំសប្បាយចិត្ត ដែលបានជាប់ជាកីឡាករវាយស្តាំល្អជាងគេ និងពានរង្វាន់កីឡាករឆ្នើមជាងគេ ប៉ុន្តែខ្ញុំមានការសោកស្តាយ ដែលក្រុមរបស់ខ្ញុំ មិនទទួលបានលេខ ១។ ខ្ញុំគិតថា ក្រុមយើង នឹងទទួលបានលេខ ១ ហើយ ព្រោះនៅសិតទី១ យើងបានស៊ីគេយ៉ាងស្រួល ហើយយើងក៏ធ្លាប់ឈ្នះក្រុមហ្នឹង កាលវគ្គជម្រុះក្នុងពូលដែរ ប៉ុន្តែនៅសិតទី២ ទី៣ និងទី៤ ក្រុមរបស់ខ្ញុំដូចជាបែក លេងអត់សូវត្រូវគ្នាទេ គឺធ្វើឱ្យយើងភ្លាត់ស្នៀតចាញ់គេវិញ ដ៏គួរឱ្យសោកស្តាយបំផុត»។
ដោយឡែកក្រុមបញ្ជាការដ្ឋានអង្គរក្ស (B) ដែលបានចាញ់ក្រុមរដ្ឋបាលរាជធានីភ្នំពេញ ៣-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ បានយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ៣-១ ជាមួយគ្រាប់បាល់ ២៥-២៣,១៦-២៥,២៥-២០ និង ២៧-២៥ ដើម្បីទទួលបានលេខ ៣ អមដោយប្រាក់រង្វាន់ចំនួន ១២ លានរៀល។
ប៉ុន្តែក្រុមវិសាខា ដែលធ្លាប់ឈ្នះពាន កាលពីឆ្នាំ ២០២២ នោះ បានធ្លាក់នៅត្រឹមវគ្គជម្រុះក្នុងពូល ដោយបានចាញ់ទាំង៣ប្រកួតជាប់ៗគ្នា ព្រោះឆ្នាំនេះ វិសាខា បានដាក់ក្រុមយុវជនអាយុក្រោម ១៨ ឆ្នាំរបស់ខ្លួនឱ្យចូលលេង ខណៈការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ ២០២៣ មានក្រុមចូលរួមរហូតដល់ ២៩ ក្រុម គឺមានការកើនឡើងជាងកាលពីឆ្នាំ ២០២២ ដែលមាន ២១ ក្រុម ហើយការចូលរួមឧបត្តមគាំទ្ររបស់ក្រុមហ៊ុន Khmer Beverages ក៏ធ្វើឱ្យការប្រកួតលើកនេះ មានប្រាក់រង្វាន់កាន់តែច្រើន និងមានការប្រកួតប្រជែងកាន់តែស្វិតស្វាញផងដែរ៕