កីឡាករ ធន់ អៀនឡេង បានក្លាយជាបេក្ខភាពទី២ បន្ទាប់ពី ពុទ្ធ សំបូរ ដែលបានក្លាយជាម្ចាស់ជើងឯក ក្នុងការប្រកួត «ជើងឯកគុនខ្មែរប៉ុស្តិ៍លេខ៥» បន្ទាប់ពីរូបគេបានយកឈ្នះលើមិត្តរួមជាតិ បាន លីម យ៉ាងលំបាកនោះ តែការសន្លប់របស់កីឡាករថៃ Fa Vanmey ក្រោមទម្ងន់ជើង ឃន សុម៉ាលី ត្រូវបានគេមើលឃើញថា វាហាក់មិនសូវទំនង ទៅនឹងទម្ងន់ទាត់ត្រូវនោះទេ។
តាមរយៈការប្រកួត នៅលើសង្វៀនប៉ុស្តិ៍លេខ៥ កាលពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា កន្លងមកនេះ ធន់ អៀនឡេង និង បាន លីម ដែលធ្លាប់បានជួបគ្នាជាច្រើនលើកមកហើយនោះ បានប្រើពេលចូល៣នាទី នៅក្នុងទឹកទី១ ដើម្បីទាត់សងគ្នា ប៉ុន្តែស្នៀតនេះ ហាក់មិនសូវទទួលបានផលប៉ុន្មានឡើយ។
យ៉ាងណាក៏ដោយ ចាប់ពីទឹកទី២ ដល់ទឹកទី៥ អ្នកទាំង២នេះ បានព្យាយាមប្រើកណ្តាប់ដៃ ជង្គង់ និងវាយកែងសងគ្នាយ៉ាងរន្ថើន បង្កើតឱ្យមានការភ្ញាក់ផ្អើល សម្រាប់អ្នកទស្សនា ហើយតាមរយៈការវាយសងគ្នាដោយស្នៀតចម្រុះនោះ ត្រូវបានគេមើលឃើញថា បាន លីម ចេញកណ្តាប់ដៃបានលឿនជាង ប៉ុន្តែ ធន់ អៀនឡេង បានវាយចេញច្រើនជាង និងមានផ្លែកែងធ្ងន់ៗជាង។
តាមរយៈការប្រកួតយ៉ាងស្វិតស្វាញនេះ បានធ្វើឱ្យចៅក្រមដាក់ពិន្ទុ មានការពិបាក ក្នុងការសម្រេចផងដែរ ព្រោះចំនួនវាយចំគោលដៅរបស់អ្នកទាំង២ មិនលើសខ្វះគ្នានោះទេ ហើយសម្បីតែពិធីករជាកីឡាករប្រដាល់ ឡុង សុវណ្ណឌឿន ក៏បាននិយាយបែបនេះដែរថា «ពិតជាមានការពិបាក ក្នុងការផ្តល់ពិន្ទុ»។ តែទោះបីជាយ៉ាងណា បន្ទាប់ពីការពិនិត្យមើលទៅលើការផ្តល់ពិន្ទុរបស់ចៅក្រមទាំង៥នាក់យ៉ាងល្អិតល្អន់ គឺគណៈកម្មការរៀបចំ បានប្រកាសឱ្យ ធន់ អៀនឡេង ឈ្នះពិន្ទុ។
ជាមួយជ័យជម្នះនេះ បានជួយឱ្យ ធន់ អៀនឡេង ទទួលបានប្រាក់រង្វាន់ចំនួន១,២លានរៀល ហើយរូបគេ ក៏បានក្លាយជាបេក្ខភាពម្នាក់ ដែលត្រូវដាក់ឱ្យប្រកួតអន្តរជាតិ នៅលើសង្វៀនបុស្តិ៍លេខ៥ ជាមួយការទទួលបានតម្លៃខ្លួនខ្ពស់ជាងមុនផងដែរ ចំណែក បាន លីម ក៏ទទួលបានប្រាក់រង្វាន់ចំនួន១លានរៀលផងដែរ ខណៈការប្រកួត «ជើងឯកគុនខ្មែរប៉ុស្តិ៍លេខ៥» ត្រូវបានអ្នកគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំសង្វៀនប៉ុស្តិ៍លេខ៥ លោក សេង កដិកា អះអាងថា ជាការជំរុញឱ្យកីឡាករកម្ពុជា ខំប្រឹងប្រកួតគ្នាអស់ពីសមត្ថភាព ដើម្បីបណ្តុះបានធនធានកីឡាករមានសមត្ថភាពល្អៗ សម្រាប់វ៉ៃតំណាងឱ្យកម្ពុជា។
ដោយឡែក សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិវិញ កីឡាករកម្ពុជា ឃន សុម៉ាលី បានទាត់ឱ្យអ្នកប្រដាល់ថៃ Fa Vanmey សុំចុះចាញ់ នៅចុងទឹកទី២។ តែទោះបីជាយ៉ាងណា ការសម្រេចចុះចាញ់របស់ Fa Vanmey ត្រូវបានគេមើលឃើញថា វាមិនសូវទំនង ព្រោះទម្ងន់ទាត់ឆ្វេងរបស់ សុម៉ាលី គឺត្រូវខ្សែរេញមុន រួចទើបទៅត្រូវពោះរបស់កីឡាករថៃម្នាក់នេះ ប៉ុន្តែ Fa Vanmey បែរជាបង្ហាញការចុកឆ្អល់ មិនអាចក្រោកឈរ ដើម្បីប្រកួតទៀតបាន។
ទង្វើរបស់កីឡាករ Fa Vanmey នេះ វាបានបង្ហាញពីការខ្លាច ចំពោះក្បាច់វាយចេញរបស់ ឃន សុម៉ាលី ព្រោះនៅមុនដួលនេះ Fa Vanmey បានទទួលរងការវាយកែង និងការម៉ាត់ពី សុម៉ាលី រាងធ្ងន់ដែរហើយ ហេតុនេះទើបគេ មិនព្រមក្រោកឡើង ដើម្បីប្រកួតបន្ត ដោយសារខ្លាចរងគ្រោះធ្ងន់ជាងនេះ។ តែទោះបីជាយ៉ាងណា គណៈកម្មការ មិនបានចាប់កំហុសកីឡាករថៃម្នាក់នេះទេ ដោយសម្រេចប្រគល់ជ័យជម្នះទៅឱ្យ ឃន សុម៉ាលី តែម្តង ដើម្បីបញ្ចប់បញ្ហា។
ចំណែកអ្នកប្រដាល់ រិន សារដ្ឋ របស់ក្លិបនាគនាំសំណាង បានយកឈ្នះអ្នកប្រដាល់ថៃ Vithiya Vin Uobun ដោយពិន្ទុ សម្រាប់ការប្រកួតក្នុងប្រភេទទម្ងន់ ៦៣,៥ គីឡូក្រាម ប៉ុន្តែ សូត្រ ខេវិន របស់ក្លិបបក្សីស្លាបដែក បានចាញ់អ្នកប្រដាល់ថៃ Chhuok Mongkhun ដោយពិន្ទុ ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម ខណៈការប្រកួតនេះ ត្រូវបានគេមើលឃើញថា ខេវិន មានសមត្ថភាពធ្លាក់ចុះជាងមុនឆ្ងាយ៕