ភ្នំពេញៈ ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​ហូ​ឡង់ Jelle Goselink ​ដែល​ទើបបាន​ធ្វើដំណើរ​មកដល់​ប្រទេស​កម្ពុជា ក្នុង​សប្តាហ៍​នេះ បានបង្ហាញ​ការតាំង​ចិត្ត និង​មហិច្ឆតា​ខ្ពស់ ក្នុង​ការជួយ​ដល់​ក្រុម​ភ្នំពេញ​ក្រោ​ន ឱ្យ​បន្ត​ឈ្នះ​ពាន នៅ​លី​គ​កំពូល​កម្ពុជា និង​ទទួលបាន​លទ្ធផល​ល្អ សម្រាប់​ការប្រកួត​ពានរង្វាន់ AFC Cup តំណាងឱ្យ​កម្ពុជា​ផងដែរ​។​

កីឡាករ​វ័យ​២៤​ឆ្នាំ មាន​កម្ពស់ ​១,៨៩​ ម៉ែត្រ Jelle Goselink​ បានបង្ហាញ​ភាពសប្បាយ​រីករាយ​ខ្លាំង ក្នុងការ​មក​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ក្រោម​ការដឹកនាំ​របស់​គ្រូ​បង្គោល​អ៊ុយ​ក្រែ​ន លោក Oleg Starynskyi​ ព្រោះ​គេ​បាន​មើលឃើញ ថា អ្នកគាំទ្រ​នៅ​កម្ពុជា ពិតជា​មាន​ភាព​រួសរាយ ហើយ​និង​មានចិត្ត​ស្រឡាញ់​បាល់ទាត់​ដូច​រូបគេ​ដែរ ដែល​បាន​ក្លាយជា​យុវជន​លេង​ឱ្យ​ក្លិប USV Elinkwijk​ នៅ​ឆ្នាំ​២០១៣ មុននឹង​ផ្លាស់​ទៅលេង​ឱ្យ ក្លិប Almere City រហូតដល់​ឆ្នាំ​២០១៩​។​

ក្នុង​បទ​ស​ម្ពា​សន៍​ដំបូង​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោ​ន Jelle Goselink ​បាន​និយាយថា​៖ «​នៅពេលដែល​ខ្ញុំ​ និយាយ​ជាមួយ​គ្រូបង្វឹក ខ្ញុំ​ពិតជា​រីករាយ ព្រោះ​គាត់​បានបង្ហាញ​ពី​រចនាសម្ព័ន្ធ​នៅទីនេះ ដូចជា​ក្រុម ក្លិប និង​ប្រទេស​កម្ពុជា ហើយ​អ្វីៗ​ទាំងអស់​គឺ​ល្អ ដូច្នេះ​ខ្ញុំ​ពិតជា​រីករាយ​ណាស់ ដែល​បាន​ចុះ​កុងត្រា​ជាមួយ​ភ្នំពេញ​ក្រោ​ន ព្រោះ​ទីនេះ (​កីឡដ្ឋាន​ស្មា​ត​អ​អេស​អិន​) ពិតជា​ល្អ​ណាស់ វា​ដូចជា​កីឡដ្ឋាន នៅ​ប្រទេស​អង់គ្លេស ដែលមាន​កន្លែង​អង្គុយ​នៅ​ជិត​ទីលាន ដោយ​ខ្ញុំ​គិតថា នឹង​ផ្តល់​បរិយាកាស​ដ៏​ល្អ សម្រាប់​អ្នកគាំទ្រ​»​។​


បើទោះបីជា​ទើបបាន​ចូលរួម​ហ្វឹកហាត់​ ជាមួយ​ក្រុម​ភ្នំពេញ​ក្រោ​ន កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា តែ Jelle Goselink​ បាន​អន្ទះសា ក្នុងការ​បង្ហាញ​សមត្ថភាព នៅ​ចំពោះមុខ​អ្នកគាំទ្រ​កម្ពុជា ហើយ​ការជួប​ក្រុម​មិន​ធ្លាប់​ចាញ់ ព្រះខ័ន​រាជ​ស្វាយរៀង នៅ​កីឡដ្ឋាន​ស្មា​ត​អ​អេស​អិន នា​ល្ងាច​ម៉ោង ​៦ ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ នឹង​ក្លាយជា​ការប្រកួត​ដំបូង ដែល Jelle Goselink​ អាច​បង្ហាញ​វត្តមាន ខណៈ​ជំនួប​ដ៏​ធំ​នេះ វា​ក៏​ជា​ពេលដែល ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន ត្រូវ​ជម្រះបញ្ជី​ជាមួយ​ក្រុម​ស្វាយរៀង ដែល​ពួកគេ​បាន​ចាញ់ ២-១ សម្រាប់​ការប្រកួត​ជុំ​ទី​១ ​នៃ​លី​គ​កំពូល កាលពី​ថ្ងៃទី​១១ ខែសីហា​។​

ជាមួយគ្នានេះ ម្ចាស់​អាវ​លេខ ​៩ Jelle Goselink​ ដែល​បាន​ប្រកប​អាជីព​បាល់ទាត់ នៅ​ក្លិប Helmond Sport នៃ​លី​គ​ទី​២​របស់​ហូ​ឡង់ ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៣ មុននឹង​ផ្លាស់​មកលេង​ឱ្យ​ក្រុម​លី​គ​កំពូល​របស់​ឥណ្ឌូនេស៊ី Borneo Samarinda ​នៅ​ឆ្នាំ​២០២៣​នេះ បានបង្ហាញ​មហិច្ឆតា​ខ្ពស់ ក្នុង​ការជួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ឱ្យ​ទទួលបាន​លទ្ធផល​ល្អ សម្រាប់​ការធ្វើដំណើរ​មក​ប្រកប​អាជីព​បាល់ទាត់ នៅ​កម្ពុជា ជា​លើកដំបូង​នេះ​។


​ខ្សែប្រយុទ្ធ Jelle Goselink​ មិន​ត្រឹមតែ​មានបំណង​ជួយ ភ្នំពេញ​ក្រោ​ន ឱ្យ​បន្ត​លើក​ពាន នៅ​លី​គ​កំពូល​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​រូបគេ ​ក៏បាន​តាំងចិត្ត​ជួយ ក្រុម​សិង្ហ​ក្រហម ឱ្យ​ទទួលបាន​លទ្ធផល​ល្អ នៅក្នុង​ការប្រកួត​ពាន​រង្វាន់ AFC Cup ផង ដែរ ខណៈពេល​នេះ ភ្នំពេញ​ក្រោ​ន កំពុង​ឈរ​នៅ​លេខ​២ ប្រចាំ​ពូ​ល​F ដោយមាន​៩​ពិន្ទុ ស្មើ​ជាមួយ​ក្រុម Macarthur FC របស់​អូស្ត្រាលី ដោយ​ក្រុម​ទាំង​២​ នេះ បានឈ្នះ​៣ និង​ចាញ់​១ ​ប្រកួត​ដូចគ្នា គ្រាន់តែ Macarthur មាន​គ្រាប់​បាល់​ចំណេញ​ច្រើនជាង​ចំនួន ​៦ ​គ្រាប់​។​

Jelle Goselink​ បាន​បញ្ជាក់ថា​៖ «​គោលដៅ​របស់ខ្ញុំ គឺ​លេង​ឱ្យបាន​ល្អ ដើម្បី​ជួយ​ដល់​ក្រុម​ភ្នំពេញ​ក្រោ​ន ហើយ​ខ្ញុំ​សង្ឃឹមថា យើង​អាច​ទទួលបាន​សមិទ្ធផល​ជាច្រើន​ជាមួយគ្នា ដូចជា​ជួយ​ក្រុម​ឱ្យ​លើក​ពាន និង​ធ្វើឱ្យ​បានល្អ នៅក្នុង​ការប្រកួត​ពាន AFC Cup​។ ចំណែក​សារ​របស់ខ្ញុំ​ទៅ​អ្នកគាំទ្រ គឺ​ខ្ញុំ​សង្ឃឹមថា នឹង​បាន​ជួប​ពួកគាត់​ឆាប់ៗ​នេះ ដើម្បី​ទទួលបាន​សមិទ្ធផល​ល្អៗ​ជាមួយគ្នា ក៏ដូចជា​ធ្វើឱ្យ​បានល្អ​សម្រាប់​រដូវ​កាល​នេះ​»៕