ភ្នំពេញៈ កីឡាករជើង​ខ្លាំង​មានរហស្សនាម «អ្នក​លេងពូថៅ​ដៃ» ធឿន ធារ៉ា បាន​បង្ហាញ​ការ​តាំង​ចិត្ត​​ខ្ពស់ ក្នុងការ​ដណ្តើមយកជ័យជម្នះ​ចំនួន​ ៣​ លើកជាប់ៗ​គ្នា ពីការ​ប្រកួត Kun Khmer World Cup 2023 នៅ​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា​នេះ ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់​ក្នុង​​ប្រភេទ​ទម្ងន់​ ៧២ គីឡូក្រាម និង​ការ​ទទួល​បានកាដូយក្ស គឺ​រង្វាន់​ឡាន​​ថ្មី​​​សន្លាង​១​គ្រឿង​ទៀតពី​ម្ចាស់​ឧបត្ថម្ភ​​ធំ។


បើទោះបីជា ធឿន ធារ៉ា ធ្លាប់បាន​ឈ្នះ​ខ្សែ​​ក្រវាត់ Thai Fight នៅប្រទេស​​ថៃ និង​ធ្លាប់​ឈ្នះ​​បាន​ខ្សែ​ក្រវាត់​កម្រិតពិភពលោកមួយចំនួន​ទៀត ពី​ការ​ប្រកួតនៅ​ក្នុង​ទឹក​ដី​ខ្លួនឯង ប៉ុន្តែ ធារ៉ា បាន​បង្ហាញ​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ចំពោះ​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ខ្សែ​ក្រវាត់​ ដែល​មាន​កីឡាករ​​ជើង​ខ្លាំង​ ៨​ ប្រទេស​ចូលរួម​នេះ។ 

ធឿន ធារ៉ា បាន​និយាយ​ថា៖​ «​ខ្ញុំមិន​ដែល​គិត និងនឹក​ស្មាន​ថា បានចូលរួម​ប្រកួតកម្ម​វិធី​ធំ ដែល​មាន​ប្រាក់​រង្វាន់ច្រើន​បែបនេះ​ទេ ហើយ​ខ្ញុំនឹង​ធ្វើ​ឱ្យកក្រើក​ម្តង​ទៀត ដើម្បី​ឱ្យគេ​ស្គាល់​គុន​ខ្មែរ​របស់​យើងច្បាស់​ជាង​នេះ។ ខ្ញុំប្តេជ្ញា​ចិត្ត​ថា នឹង​ខំប្រឹង​ធ្វើ​ឱ្យ​អស់ពី​សមត្ថ​ភាព ដើម្បី​យក​​ឡាន និង​ខ្សែ​ក្រវាត់នេះឱ្យបាន»។


សម្រាប់​ការ​ប្រកួត​នេះ ធឿន ធារ៉ា នឹង​ទទួល​បាន​ប្រាក់​​រង្វាន់​សរុប​ចូល​ ២០០​ លានរៀល បើ​​សិន​ជា​រូប​គេក្លាយជា​ម្ចាស់​ជើងឯក ​ ក្នុង​ការ​ប្រកួត Kun Khmer World Cup ដែល​រៀបចំ​ដោយ​​សង្វៀន​ថោន នៅរាជធានីភ្នំពេញ នា​យប់​ថ្ងៃព្រហស្បតិ៍​​នេះ ព្រោះ​រង្វាន់​ឡាន​ថ្មី ពី Ganzberg មាន​តម្លៃ​ចូល​ ៤ ម៉ឺន​ដុល្លារ ហើយ​ប្រាក់រង្វាន់​សម្រាប់ការ​ឈ្នះ​ខ្សែ​ក្រវាត់ ប្រមាណ​​ ១ ម៉ឺន​ដុល្លារ។


តែទោះបីជា​យ៉ាង​ណា ធឿន ធារ៉ា បាន​មើល​ឃើញ​ថា ផ្លូវ​ដែល​រូបគេ​ត្រូវឆ្លង​កាត់ ដើម្បី​អាច​ឈាន​ទៅទទួលបាន​ឡាន និងខ្សែ​ក្រវាត់នេះ គឺ​មានការពិបាក​ខ្លាំង ព្រោះ​​បេក្ខភាព​ជា​កីឡាករ​បរទេស​ចំនួន ​៧ នាក់​ទៀត ដែល​ត្រូវ​ចូល​រួម​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់នេះ ​គឺ​ភាគ​ច្រើនជា​ម្ចាស់​ខ្សែ​ក្រវាត់ ​និងជា​ជើងខ្លាំង​ប្រចាំ​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ ដូច ធារ៉ា ដែរ ប៉ុន្តែគ្មាន​វត្តមាន​កីឡាករ​ថៃនោះ​ទេ។


នៅ​ក្នុង​ការ​នេះ ធឿន ធារ៉ា នឹងត្រូវ​ធ្វើការ​ប្រកួត​ជម្រុះតាមបែប​ម៉ារ៉ាតុង ជាមួយ​កីឡាករ​របស់​សាធារណរដ្ឋឆែក Michael កីឡាករ​ប្រេស៊ីល Machaado Bento អ្នក​ប្រដាល់​អ៊ុយ​ក្រែន White Shark អ្នកប្រយុទ្ធ​របស់​អាល្លឺម៉ង់ Kocheise កីឡាករអ៊ីរ៉ង់ Keramat អ្នក​ប្រដាល់ចិន Area Code និង​ Shin Htit Orsitphyo របស់មីយ៉ាន់ម៉ា ដោយ​អ្នកទាំង ​៨ នាក់នេះ ​ត្រូវ​ធ្វើ​ការ​ប្រកួត​​ជម្រុះ​ចាញ់ធ្លាក់ៗ ពី​ ៨ នាក់ សល់ ​៤ នាក់ រួច​យក​ ២​ នាក់ ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ​តែម្តង គឺ​មាន​​ន័យ​ អ្នក​ណា​ឈ្នះ​​៣​ប្រកួតជាប់ៗគ្នា ទើប​បាន​ក្លាយជា​ម្ចាស់ខ្សែ​ក្រវាត់។ ប៉ុន្តែ​ចំពោះ​រង្វាន់​ឡាន​ថ្មី គឺ Ganzberg ដាក់​សម្រាប់តែ ធឿន ធារ៉ា ម្នាក់​ទេ។ 

ចំពោះ​បេក្ខភាព​ទាំង​ ៨ នាក់នេះ ធឿន ធារ៉ា ធ្លាប់​ស្គាល់​ច្បាស់​តែ​កីឡាករប្រេស៊ីល Machaado Bento ម្នាក់​ទេ ព្រោះ​រូបគេ​ធ្លាប់បានផ្តួល​ឱ្យ​សន្លប់ នៅក្នុងទឹកទី​២ សម្រាប់ការ​ជួបគ្នា​កន្លងមក ប៉ុន្តែ​ក្រោយមក Bento​ បាន​ឈ្នះខ្សែក្រវាត់រ៉ាតចាដាំណើន ដែលជា​កម្រិត​ខ្សែ​ក្រវាត់​ខ្ពស់បំផុត​របស់ថៃ ចំណែក​បេក្ខភាព​ចំនួន​៦នាក់​ទៀត ធារ៉ា មិន​ធ្លាប់ជួប និងស្គាល់​ពី​សមត្ថភាព​នោះ​ទេ ហើយនេះជាអ្វី​ដែល​រូបគេនៅ​មានការបារម្ភ និងពិបាក​ក្នុង​ការ​រៀបចំ​ស្នៀត ដែល​ត្រូវ​វ៉ៃ។

ធឿន ធារ៉ា បានបញ្ជាក់ថា៖ «​ដៃគូ​ប្រកួត​មកពី​ ៧​ ​ប្រទេស​ផ្សេង​គ្នា​នេះ សុទ្ធតែ​ល្អៗ ដោយ​ខ្ញុំ​​ធ្លាប់​​ស្គាល់​ច្បាស់តែ ១ នាក់​ ទេ ហេតុ​នេះវាមានការ​ពិបាក ​ព្រោះ​យើង​មិនដឹង​​ត្រូវ​ប្រើ​ក្បាច់​អ្វីឱ្យ​ច្បាស់​​លាស់ អ៊ីចឹង ​មាន​តែ​ប្រើបច្ចេក​ទេស ទៅតាមស្ថាន​ភាពជាក់​ស្តែង គឺ​បើ​គូណា​បុក​បាន យើង​​​បុក តែបើ​ប៉ះ​អ្នក​រឹង យើង​មានតែ​​វាយ​តាម​​បច្ចេក​ទេស យកពិន្ទុ​វិញ​។ ខ្ញុំនឹង​ខំប្រឹង​​ធ្វើ​​​​ឱ្យ​អស់​ពី​​សមត្ថ​ភាព គឺ​ទោះ​ចាញ់ ឬឈ្នះ ត្រូវ​ប្រកួត​ឱ្យ​ល្អ​មើល»។

ជាមួយគ្នានេះ លោក អេ ភូថង គ្រូ​បង្វឹក ធឿន ធារ៉ា បានចាត់​ទុក​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ខ្សែ​ក្រវាត់ ដែលមានកីឡាករ​ ៨​ នាក់នេះ​ថា ជា​ព្រឹត្តិការណ៍​ដ៏ធំ​​ មិន​ធ្លាប់​មាន​នៅ​កម្ពុជា ហើយ​អតីត​កីឡាករជើង​ខ្លាំង​របស់​កម្ពុជា​រូបនេះ មានការ​ភ្ញាក់​ផ្អើលទៅ​នឹង​ប្រាក់រង្វាន់សរុប ដែល ធឿន ធារ៉ា នឹង​ទទួលបាន បើសិនជា​រូបគេក្លាយជា​ម្ចាស់​ជើង​ឯក។ 

លោក អេ ភូថង បាន​បញ្ជាក់​ថា៖ «តាំង​តែពី​ខ្ញុំ​ចេះ​​ប្រកួតមក ​មិនដែល​មាន​ការ​ប្រកួតណា មានប្រាក់​រង្វាន់​សរុប​ដល់​២០០​លាន​រៀល​បែបនេះ​ទេ! វាស័ក្តិសម​ហើយ សម្រាប់ការ​ព្យាយាម​របស់ ធឿន ធារ៉ា ហើយបើ​គាត់​យក​បាន គឺ​ឈ្មោះ​របស់​គាត់ នឹង​ត្រូវចារ​ជាប្រវត្តិសាស្រ្ត​របស់​គុនខ្មែរ ហើយ​ក្លិប​របស់​យើង ក៏​ត្រូវ​បានចារជាប្រវត្តិសាស្រ្ត​ដូចគ្នា»។

ក្រៅពីការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ ទម្ងន់​ ៧២ គីឡូក្រាម ​រវាង​ជើង​ខ្លាំង​មកពី​ ៨ ប្រទេស​នេះ សង្វៀន​ថោន ក៏​រៀបចំឱ្យ​មានការ​ប្រកួត​មិត្តភាព​អន្តរជាតិ រវាងជើង​ខ្លាំង ពេជ្រ សម្បត្តិ ជាមួយ​ម្ចាស់មេដាយមាសអ៊ុយ​ក្រែន Studniev Bohdan ក្នុងទម្ងន់​ ៦០ គីឡូក្រាម និងជំនួប​រវាង អេ អាំម៉ារីនភូថង និង​ជើង​ខ្លាំង​របស់​ថៃ Poonsak ក្នុងទម្ងន់​៦៥គីឡូក្រាម​ផងដែរ ចំណែក​ ២ គូ​ទៀត ជាការ​ប្រកួតសន្សំពិន្ទុ​ដណ្តើម​ខ្សែ​ក្រវាត់ប្រចាំពូល​A៕