ភ្នំពេញៈ កីឡាករ​ចំនួន​ ៤៤​ នាក់ មកពី​ប្រទេស​ចំនួន​ ៦ ​ផ្សេងគ្នា រួមមាន​ម្ចាស់ផ្ទះ​កម្ពុជា ថៃ អ៊ីរ៉ង់ អា​ហ្ស​ង់​ទីន ចិន និង​តួ​ក​គី ត្រូវបាន​ម្ចាស់​សង្វៀន​ប្រដាល់​ទ​ទក សម្រិតសម្រាំង​នាំយកមក​ប្រកួត​គ្នា ក្នុង​ព្រឹត្តិការណ៍ Krud Kun Khmer នៅ​ទីតាំង​សួន​នាង​ប្រាជ្ញ​បារមី ជិត​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ នា​ពិធី​បុណ្យអុំទូក  អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប ពីថ្ងៃ​ទី​ ២៦ ដល់ទី​ ២៨ ខែវិច្ឆិកា​។

ចំពោះ​កីឡាករ​ទាំង​ ៤៤​ នាក់​នេះ ​ត្រូវបាន​រៀបចំ​ឱ្យមាន​ទាំង​ការប្រកួត​មិត្តភាព ក្នុងស្រុក និង​អន្តរជាតិ ជា​លក្ខណៈ​ពាក់​ហ្គ​ង់ និង​អំបោះឆៅ ព្រមទាំង​ការប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើមពាន និង​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់ ហើយ​បេក្ខភាព​ចូលរួម​ទាំងអស់​សុទ្ធតែ​លំដាប់​ជើង​ខ្លាំង​។​

ប្រធាន​ផ្គូផ្គង​របស់​សង្វៀន​ប្រដាល់​ទ​ទក លោក ម៉ុ​ល នី បាន​ប្រាប់​កាលពី​ថ្ងៃទី​ ២៣ ខែវិច្ឆិកា​ថា​៖ «​នេះ​ជា​ព្រឹត្តិការណ៍​ប្រកួត​ធំ​មួយ ដែល​យើង​បានរៀបចំ​ឡើង ដើម្បី​អបអរសាទរ​ដល់​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ហើយ​កីឡាករ​ទាំងអស់ ទាំង​ខ្មែរ និង​បរទេស គឺ​យើង​បាន​សម្រិតសម្រាំង​យក​សុទ្ធតែ​អ្នកមាន​សមត្ថ​ភាពល្អ យកមក​ប្រកួត ដើម្បី​ញ៉ាំងឱ្យ​ព្រឹត្តិការណ៍​របស់​យើង​មាន​ភាព​ទាក់ទាញ គឺ​ខ្ញុំ​អាច​និយាយបានថា គ្រប់​គូ​ទាំងអស់ នឹងមាន​ការប្រកួត​ដ៏​ជក់ចិត្ត​»​។


​តាម​កម្មវិធី​ប្រកួត​ទាំង​ ៣ ​ថ្ងៃ ដែល​សង្វៀន​ប្រដាល់​ទ​ទក បានកំណត់​រួចរាល់​ហើយ​នោះ គឺ​នៅ​ថ្ងៃទី​ ២៦ ខែវិច្ឆិកា មានការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​៣​គូ ដោយ​ក្នុងនោះ មឿ​ន សុខ​ហ៊ុ​ច ត្រូវ​ប្រកួត​៥​ទឹកជា​មួយ​ថៃ ស៊ុប​ភើ​អិ​ច វីន​អូ​ប​ល ក្នុង​ទម្ងន់​ ៦៣,៥​គី ឡូក្រាម រីឯ គឹម វាសនា ត្រូវ​វ៉ៃ​អំបោះឆៅ​៣​ទឹក ជាមួយ​ជើង​ខ្លាំង​របស់​ថៃ ផា​យ៉ាក់ សាមុយ ក្នុង​ទម្ងន់​៦៩​គីឡូក្រាម ហើយ បញ្ញា ហូ​យ​ហាក់ ត្រូវ​តទល់​នឹង​អ៊ីរ៉ង់  Reza Mehdi ក្នុង​ទម្ងន់​៦០​គីឡូក្រាម ជា​លក្ខណៈ​ពាក់​ហ្គ​ង់​តូច​។


ចំណែក​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម សុខ រិ​ទ្ធ​, បាន លីម​, ធន់ អៀន​ឡេង និង រិ​ទ្ធ វិបុល ត្រូវ​ដាក់ឱ្យ​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើមពាន ក្នុង​ទម្ងន់​៥៤​គីឡូក្រាម​។ អ្នក​ទាំង​៤​នេះ តម្រូវឱ្យធ្វើ​ការចាប់​ឆ្នោត​មុន​ការប្រកួត ហើយ​អ្នកឈ្នះ​ក្នុងការ​ប្រកួត​ត្រឹម​៣​ទឹក​នោះ ត្រូវ​ឡើងទៅ​ជួបគ្នា​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​យកពាន និង​ប្រាក់រង្វាន់​១​ពាន់​ដុល្លារ ខណៈ​កីឡាករ​កម្ពុជា​៤​នាក់​ទៀត ត្រូវ​ដាក់ឱ្យ​ប្រកួត​មិត្តភាព ក្នុង​ថ្ងៃ​នោះដែរ​។

ដោយឡែក នៅ​ថ្ងៃទី​ ២៧ ខែវិច្ឆិកា មានការ​ប្រកួត​ចំនួន​ ៨ ​គូ ដោយ​ក្នុងនោះ​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឃីម ឌី​ម៉ា ត្រូវ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជាមួយ​ម្ចាស់​ខ្សែក្រវាត់​មកពី​អា​ហ្ស​ង់​ទីន Yonny Alen ក្នុង​ទម្ងន់​៦០​គីឡូក្រាម រីឯ​ម្ចាស់​មេដាយមាស ឃីម បូរ៉ា ជា​ប្អូនប្រុស ត្រូវ​ប្រឈម​ជាមួយ​ជើង​ខ្លាំង​ទម្ងន់​៦០​គីឡូក្រាម​របស់​ថៃ ម៉េ​ក​ណាំ បាងកក​អាឡៃ​យន្ត ដែល​គេ​ម្នាក់នេះ ធ្លាប់​ឈ្នះ សុខ ធី ចំនួន​២​លើក​មកហើយ​។​

ចំណែក​ជើង​ខ្លាំង​ជំនាញ​ប្រើ​កណ្តាប់ដៃ ធន់ រិទ្ធី ត្រូវ​វ៉ៃ​អំបោះឆៅ​៣​ទឹកជា​មួយ​អ្នក​ប្រយុទ្ធ​របស់​ចិន​ឈ្មោះ ឡាន់ ជា​ឆឺ​ន ក្នុង​ទម្ងន់​៧៣​គីឡូក្រាម ហើយ ធន់ វណ្ណា ត្រូវ​ជួប​ថៃ ផាន់​ពេជ្រ​.​អ​.​ពិ​ទិ​ក សម្រាប់​ការប្រកួត​៥​ទឹក ក្នុង​ទម្ងន់​៦០​គីឡូក្រាម ខណៈ​៤​គូ​ទៀត ជាការ​ប្រកួត​មិត្តភាព​ក្នុងស្រុក លក្ខណៈ​អំបោះឆៅ និង​ពាក់​ហ្គ​ង់​តូច​។​

យ៉ាងណាមិញ សម្រាប់​ការប្រកួត នៅ​ថ្ងៃទី​ ២៨ ខែវិច្ឆិកា​វិញ ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម​ថ្មីថ្មោង ឈឿង ល្វៃ ត្រូវ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ជាមួយ​អ្នក​ប្រដាល់​មកពី​តួ​ក​គី Unal Burak ខណៈ ចាន់ ប៊ុន​ហឿន ត្រូវ​ប្រកួត​មិត្តភាព​ជាមួយ​អ៊ីរ៉ង់ Poya Bayrami ហើយ​ម្ចាស់​មេដាយមាស លន បញ្ញា ត្រូវ​ជួប​ថៃ ហ្វា​មឿង​ម៉ៃ​.​ស​.​សា​ម៉ៃ រីឯ អ៊ូច ធា​រិ​ទ្ធ​, វ៉ាន់ វឿន​, ធន់ ផានិត និង សូត្រ សុ​ឃីម ត្រូវ​ដាក់ឱ្យ​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើមពាន អមដោយ​ប្រាក់រង្វាន់​១​ពាន់​ដុល្លារ ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​។​

ទាក់ទង​ទៅនឹង​សមាសភាព​កីឡាករ​បរទេស​ទាំង​១០​នាក់ ដែល​ត្រូវបាន​នាំយកមក​ប្រកួត នៅក្នុង​ពិធីបុណ្យ​អុំទូក​នេះ លោក ម៉ុ​ល នី បាន​បញ្ជាក់ថា​៖ «​យើង​បាន​សម្រិតសម្រាំង​យក​សុទ្ធតែ​កីឡាករ​បរទេស​កម្រិត​លំដាប់ៗ មក​ប្រកួត ដើម្បីឱ្យ​ស័ក្តិសម​ទៅនឹង​កីឡាករ​កម្រិត​A របស់​កម្ពុជា​យើង អ៊ីចឹង​ការប្រកួត​នេះ វា​នឹង​ក្លាយជា​ទស្សនីយភាព​ដ៏​ជក់ចិត្ត​សម្រាប់​អ្នកគាំទ្រ​ជាមិនខាន​ឡើយ​»​។​

ចំពោះ​ការប្រកួត​ដណ្តើម​ខ្សែក្រវាត់​វិញ លោក ម៉ុ​ល នី បាន​សង្កត់ធ្ងន់ថា​៖ «​ទាំង​ដៃគូ​របស់ ឃីម ឌី​ម៉ា និង ឈឿង ល្វៃ សុទ្ធតែជា​កីឡាករ​លំដាប់​ជើង​ខ្លាំង ធ្លាប់​ឈ្នះ​បាន​ខ្សែក្រវាត់​ហើយ​ពិតណាស់ ពួកគាត់​ក៏មាន​មហិច្ឆតា​ចង់បាន​ខ្សែក្រវាត់​នេះ​ដូចគ្នា អ៊ីចឹង​ការប្រកួត​នេះ នឹងមាន​ភាព​តានតឹង​ខ្លាំង ហើយ​ឱកាស​ឈ្នះ​បាន​ខ្សែក្រវាត់ មាន​ដូចគ្នា គឺ​មិនអាច​ថា អ្នកណា​មានប្រៀប​ជាង​អ្នកណា​ដាច់​នោះទេ​»៕