ភ្នំពេញៈ ក្រោយពី​ប្រដាល់​គុន​ខ្មែរ ទទួលបាន​ជោគជ័យ ចំពោះ​ការ​ដណ្ដើមបាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ យ៉ាងច្រើន ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​​៣២ ឆ្នាំ​២០២៣ កាលពី​ខែឧសភា នៅលើ​ទឹកដី​ខ្លួនឯង ជា​ប្រវត្តិសាស្ត្រលើកដំបូង ក្នុងចំណោម​ប្រទេស​ចូលរួម​ចំនួន​ ៦ ​នោះ កម្ពុជា​បាន​កំពុងតែបន្ត​បោះជំហាន​ពង្រីក​ការ​​ផ្សព្វផ្សាយ ដើម្បី​ជំរុញ​ឱ្យ​ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិ «​គុន​ខ្មែរ​»​ នេះ មានការ​ទទួល​ស្គាល់​ពី​ចលនា​អូឡាំពិក​អាស៊ី និង​អូឡាំពិក​ពិភពលោក​បន្ថែមទៀត​។​

 ​សហព័ន្ធ​គុន​ខ្មែរ​អន្តរ​ជាតិ និង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដែលមាន​ការជួយ​គាំទ្រ​ពេញទំហឹង​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ហៅ​កាត់​ថា NOCC និង​ក្រសួង​អប់រំ យុវ​​ជន និង​កីឡា​នោះ បាននិងកំពុង​រួមគ្នា រៀបចំ​នូវ​ផែនការ​ដ៏​ជាក់លាក់​មួយ ដើម្បី​ដាក់​ប្រភេទ​កីឡា​អត្តសញ្ញាណ​ជាតិ «​គុន​ខ្មែរ​» ឱ្យមាន​ការទទួល​ស្គាល់​ពី​ចលនា​អូឡាំពិក​អាស៊ី មុននឹង​បន្តទៅ​សម្រេច​គោល​ដៅ​ធំ គឺ​ការដាក់បញ្ចូល​គុន​ខ្មែរ ទៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក​ហ្គេម​របស់​ពិភពលោក​។ 

​ជាមួយ​ផែនការ​វែងឆ្ងាយ ក្នុងការ​រុញ «​គុន​ខ្មែរ​» ឱ្យទៅដល់​ការ​​ប្រកួត​អូឡាំពិក​នេះ កម្ពុជា បានទទួល​ជោគជ័យ​រួចហើយ សម្រាប់​ការដាក់​ប្រភេទ​កីឡា​គុន​ខ្មែរ ទៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ កាលពី​ខែឧសភា ក្នុងពេលដែល​កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន​នេះ ជា​ប្រវត្តិសាស្ត្រ​លើកដំបូង ហើយក៏​ជា​ពេលដែល​ក្រុម​អត្ត​ព​លិ​ក​គុន​ខ្មែរ ដណ្តើមបាន​មេដាយ​លើសគេ គឺ​មាស​ ១៤ ប្រាក់ ​៣ និង​សំរឹទ្ ធ​២ ជូន​ប្រទេសជាតិ នៅក្នុង​ចំណោម​ប្រទេស​ចូលរួម​សរុប​ចំនួន ​៦​ ផងដែរ​។​


​បន្ថែម​ទៅលើ​ភាពជោគជ័យ​នេះ ការរៀបចំ​ឱ្យមាន​ការ​​ប្រកួត​គុន​ខ្មែរ​ជ្រើសរើស​ជើង​ឯក​ពិភពលោក លើក​ទី​៤ ឆ្នាំ​ ២០២៣ (The 4th World Kun Khmer Championship 2023) នៅលើ​ទឹក​​ដី​អង្គរ ខេត្តសៀមរាប ពីថ្ងៃ​ទី​ ២៦ ដល់ទី​ ២៨ ខែវិច្ឆិកា​នេះ បាន​ក្លាយជា​មូលដ្ឋាន​យ៉ាងសំខាន់​សម្រាប់​កម្ពុជា ក្នុងការ​​ផ្សព្វផ្សាយ​គុន​ខ្មែរ ក៏ដូចជា​ចាប់ផ្តើម​អនុវត្ត​នូវ​ផែនការ​ជាក់​​លាក់ ដើម្បី​បោះជំហាន​ក្នុង​ការជំរុញឱ្យ​ចលនា​អូឡាំពិក​អាស៊ី និង​អូឡាំពិក​ពិភពលោក ទទួលស្គាល់​គុន​ខ្មែរ​។​

​លោក វ៉ា​ត់ ចំរើន រដ្ឋលេខា​ធិ​​ការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ NOCC បាន​ថ្លែង ក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​ ២០ ខែវិច្ឆិកា​ថា កម្ពុ​ជាមាន​គោល​បំណង​ច្បាស់លាស់​ណាស់ ក្នុង​ការរៀបចំ​ការប្រកួត​គុន​ខ្មែរ​ជើងឯក​ពិភពលោក លើក​ទី​ ៤​ នេះ គឺ​ធ្វើយ៉ាងណា​ឱ្យ​គុន​ខ្មែរ​ផ្សព្វផ្សាយ​ទៅលើ​ពិភពលោក អំពី​បទបញ្ជា​នៃ​ការប្រកួត​មួយ មាន​លក្ខណៈ​ជា​អន្តរជាតិ ដែល​គ្រប់​ប្រទេស​ចូលរួម​អាច​ទទួលយកបាន​ទាំងអស់គ្នា ហើយ​ជា​ជំហាន​បន្ទាប់ គឺ​ការ​ដាក់​គុន​ខ្មែរ ចូលទៅក្នុង​កម្រិត​ទ្វីប ដើម្បីឱ្យ​ចលនា​អូឡាំពិក​ក្នុង​ទ្វីបអាស៊ី ទទួលស្គាល់​។​


​លោក ថ្លែងថា​៖ «​នៅក្នុង​តំបន់​អាស៊ី យើង​បាន​ដាក់ចូល​ដោយ​ជោគជ័យ និង​ទទួល​ស្គា​ល់ហើយ អ៊ីចឹង​ប៉ុន្មាន​ឆ្នាំ​ទៅមុខ​នេះ យើង​ត្រូវ​ធ្វើយ៉ាងណា​ឱ្យ​កម្រិត​អាស៊ី ទទួល​​ស្គាល់ ហេតុនេះ​ជា​គោលដៅ ក្នុងពេល​កម្ពុជា​ធ្វើជា​ម្ចាស់​​ផ្ទះការ​ប្រកួត​កីឡា​យុវជន​អាស៊ី ឆ្នាំ​ ២០២៩ យើង​ត្រូវតែ​ដាក់ឱ្យ​មានគុន​ខ្មែរ នៅក្នុង​នោះ ដើម្បីឱ្យ​គុន​ខ្មែរ​របស់​យើង ក្លាយជា​កីឡា​មួយ​ក្នុងចំណោម​ចលនា​អូឡាំពិក​អាស៊ី ហើយ​ទៅ​អនាគត យើង​ត្រូវធ្វើ​ការបញ្ចូល​គុន​ខ្មែរ ទៅក្នុង​ការ​ប្រកួត​កម្រិត​អូឡាំពិក​ហ្គេម​»​។​

​លោក មៀម រ៉ា ប្រធាន​សហ​ព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ បានឱ្យដឹងថា ការទទួលបាន​ជោគ​ជ័យ​យ៉ាង​ផុលផុស សម្រាប់​ការប្រកួត​គុន​ខ្មែរ ក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​ ២០២៣ បានធ្វើឱ្យ​ចំនួន​ប្រទេស​ជាច្រើន​ទៀត ចាប់​​ផ្តើម​ស្គាល់ «​គុន​ខ្មែរ​» កាន់តែច្បាស់ និង​បាន​ចូលរួម​ជាស​មា​​ជិ​ក​របស់​សហព័ន្ធ​គុន​ខ្មែរ​អន្តរ​ជាតិ ដោយ​ចាប់ផ្តើម​ពី ​២៩ ​ប្រ​ទេស មុន​ស៊ី​ហ្គេម ឡើងដល់​ជាង​ ៦០ ​ប្រទេស នាពេល​បច្ចុប្បន្ន​។​

​យ៉ាងណាក៏ដោយ សម្រាប់​ការប្រកួត​គុន​ខ្មែរ​ជើងឯក​ពិភព​​លោក លើក​ទី​ ៤ ឆ្នាំ​ ២០២៣ នៅ​សៀមរាប​នេះ មាន​ប្រទេស​ចំនួន​ ១៧ បាន​ចូលរួម ក្នុងនោះ​មាន​ប្រទេស Mauritius រុស្ស៊ី ឥណ្ឌា កា​ហ្សា​ក់​ស្ថាន អ៊ី​រ៉ង់ ជប៉ុន ហ្វីលីពីន ឥណ្ឌូ​នេ​ស៊ី កា​មា​រ៉ូ​ន អូស្ត្រាលី ថៃ ម៉ាឡេស៊ី បារាំង អា​ហ្ស​ង់​ទីន វៀតណាម ឡាវ និង​ម្ចាស់ផ្ទះ​កម្ពុជា ហើយ​ព្រឹត្តិការណ៍​នេះ មានការ​ប្រកួត​ទាំង​ពាក់កណ្តាល​អាជីព និង​អាជីព សរុប​ ២៤​ គូ ក្នុងនោះ​មានការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ចំនួន​ ៤ ​ប្រភេទ​ទម្ងន់​ផងដែរ​។​

​លោក មៀម រ៉ា បាន​បន្ថែមថា​៖ «​មាន​ប្រទេស​ច្រើន​ទៀត បាន​សុំចូល​រួមការ​ប្រកួត​នេះដែរ ព្រោះ​ពួកគាត់​បាន​ហាត់​ត្រៀម​តាំងពី​ដើមឆ្នាំ ដល់​ចុងឆ្នាំ ប៉ុន្តែ​ដោយសារ​យើង​មាន​ពេល​រៀបចំ​ខ្លី ក្នុងការ​រៀបចំ ព្រោះ​ជាប់រវល់​ការប្រកួត​ស៊ី​ហ្គេម ទើប​យើង​ធ្វើ​ត្រឹម​ ១៧ ​ប្រទេស​សិន ប៉ុន្តែ​នៅ​ឆ្នាំ​ ២០២៥ យើង​នឹងធ្វើ​ឱ្យបាន​ធំ ដែល​អាចមាន​ប្រទេស​ចូលរួម​ច្រើនជាង​នេះ ២ ​ទៅ ​៣ ​ដង ព្រោះ​ទិសដៅ​របស់​យើង គឺ​ឱ្យ​គុន​ខ្មែរ ទទួលស្គាល់​ពី​អូឡាំពិក​អាស៊ី ហើយ​ក្តី​ស្រមៃ​ធំ​គឺ​ចូលរួម​ក្នុងការ​​ប្រកួត​អូឡាំពិក​ពិភពលោក​»​។​

​ទន្ទឹមនឹងនេះ លោក វ៉ា​ត់​ ចំរើន ដែលជា​ស្ថាបនិក និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​គុន​​ខ្មែរ​អន្តរជាតិ​ផង​នោះ បាន​បង្ហើប​ថា បើសិនជា​កម្ពុជា ទទួលបាន​ជោគជ័យ សម្រាប់​ការរៀបចំ​ការប្រកួត​គុន​ខ្មែរ​ជើងឯក​ពិភពលោក​នេះ ឱ្យបាន​ទៀងទាត់​ជា​រៀងរាល់ឆ្នាំ  នោះ​ការដាក់ «​គុន​ខ្មែរ​» ចូលទៅក្នុង​កម្រិត​អាស៊ី និង​អូឡាំពិក​ពិភពលោក មិនជា​បញ្ហា​ទេ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ការធ្វើឱ្យ​ព្រឹត្តិការណ៍​នេះ​ទទួលបាន​ជោគជ័យ បានន័យថា ការធ្វើឱ្យមាន​ការគោរព​នូវ​បទបញ្ជា​ការប្រកួត​រប​ស់​អន្តរជាតិ និង​គោរព​តាម​ធម្មនុញ្ញ​អូឡាំពិក ព្រោះ​អាហ្នឹង​ជា​រឿង​សំខាន់ ហើយ​ឥឡូវ​យើង​មាន​ប្រទេស​ចូលរួម​ជា​សមាជិក​ជាង ៦០​ ហើយ អ៊ីចឹង​ថ្ងៃក្រោយ​យើង​មាន​ចាប់ពី​ ៧៥ ​ប្រទេស​ឡើង គឺ​យើង​នឹង​ទទួលបាន​ការគាំទ្រ​ក្នុងការ​រុញ​គុន​ខ្មែរ ចូលទៅក្នុង​ការប្រកួត​អូឡាំពិក​ហើយ​»​។

​លោក​បន្ថែមថា​៖ «​ជា​ផែន​​ការ​យុទ្ធសាស្ត្រ​វែងឆ្ងាយ​របស់​យើងទាំងអស់គ្នា គឺ​រុញ​គុន​ខ្មែរ ចូលទៅក្នុង​ការប្រកួត​អូឡាំពិក​ហ្គេម ឆ្នាំ​ ២០៣២ នៅ​ប្រទេស​អូស្ត្រាលី គឺ​យើង​កំពុងធ្វើការ​នេះ និង​កំពុង​ពង្រឹង​សហព័ន្ធ​គុន​ខ្មែរ​នៅ​អូស្ត្រាលី ដើម្បីឱ្យ​សហព័ន្ធ​គុន​ខ្មែរ​នៅ​អូស្ត្រាលី មាន​ភាពរឹងមាំ​ល្អ ហើយ​ចូល​រួមចំណែក​ជាមួយ​ម្ចាស់ផ្ទះ​អូស្ត្រាលី ក្នុងការ​ដាក់​គុន​ខ្មែរ ទៅក្នុង​ការប្រកួត​អូឡាំពិក​ហ្គេម​នោះ ដែល​នេះ​ជាម​ហិ​ច្ឆ​​តា​របស់​យើង និង​ដើម្បី​ពង្រីក​សក្តានុពល​របស់​យើង​ទៅលើ​ឆាក​អន្តរជាតិ​»​។

​ដោយឡែក នៅ​ថ្ងៃទី​ ២៥ ខែវិច្ឆិកា នៅមុន​ការប្រកួត​គុន​ខ្មែរ​ជើងឯក​ពិភពលោក​នេះ សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ នឹងធ្វើ​មហាសន្និបាត​បូកសរុប​ការងារ​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក ហើយ​សហព័ន្ធ​គុន​​ខ្មែរ​អន្តរជាតិ មាន​គោលការណ៍​ដាក់ចេញ​ឱ្យ​ប្រទេស​ជា​សមាជិក ត្រៀម​លទ្ធភាព ដើម្បី​ធ្វើជា​ម្ចាស់​​ផ្ទះ ជា​បន្តបន្ទាប់​គ្នា ព្រោះ​ការ​​ធ្វើបែបនេះ នឹងធ្វើ​ឱ្យ «​គុន​ខ្មែរ​» កាន់តែ​ទទួលបាន​ការគាំទ្រ​ខ្លាំង នៅលើ​ឆាក​អន្តរជាតិ​។​

​លោក ចំរើន បាន​និយាយថា​៖ «​នៅ​ឆ្នាំ​ ២០២៥ ជា​ខួប​លើក​ទី ​៥ នៃ​ការប្រកួត​គុន​ខ្មែរ​ពិភពលោក ដែល​យើង​ត្រូវ​ត្រៀម​ធ្វើឱ្យបាន​ធំ និង​មាន​ភាព​អធិកអធម ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ និង​ល្បីល្បាញ​។ បន្ទាប់ពីនោះ យើង​ចាប់ផ្តើម​អំពាវនាវ​ដល់​ប្រទេស​ជា​សមាជិក ដែលមាន​លទ្ធភាព ដើម្បី​រៀបចំ​ការប្រកួត​នេះ​បន្ត ព្រោះនេះ​ជា​ទស្សន​វិស័យ និង​គោលការណ៍​រដ្ឋ​បាល​ទំនាក់ទំនង​អន្តរជាតិ ដើម្បី​ពង្រីក​សក្តានុពល​ការរៀប​ចំ​ព្រឹត្តិការណ៍​គុន​ខ្មែរ​ពិភពលោក ឱ្យបាន​ទៀងទាត់​ជា​រៀងរាល់ឆ្នាំ និង​កាន់តែ​ធំ​ឡើងៗ​»​។​

​លោកថ្លែងថា​៖ «​កិច្ចប្រជុំ​នេះ នៅក្នុង​មហាសន្និបាត​នេះ ពិតជា​សំខាន់​មែនទែន ដោយ​យើង​នឹង​សម្រេច​គោលដៅ​សំខាន់​របស់​គុន​ខ្មែរ​អន្តរជាតិ ទៅ​ថ្ងៃ​អនាគត ហើយ​យើង​នឹងដាក់​គោលការណ៍​យុទ្ធសាស្ត្រ​របស់​គុន​ខ្មែរ ទៅឱ្យ​ប្រទេស​ផ្សេងៗ​ទៀត យកទៅអនុវត្ត​ជា​ពិសេស​យើង​ត្រៀម​បញ្ចូល​ប្រទេស​មួយចំនួន នៅតាម​ទ្វីប​នីមួយៗ ឱ្យធ្វើជា​អនុប្រធាន ដើម្បីឱ្យ​ពួកគាត់​ធ្វើការ​ជាមួយ​យើង នៅតាម​តំបន់ និង​ទ្វីប ព្រោះនេះ​ជាការ​ផ្តល់នូវ​កិត្តិ​យស​ដល់​ពួកគាត់ ក្នុងការ​ចូលរួម ​ដឹកនាំ​គុន​ខ្មែរ នៅលើ​ភពផែនដី​នេះ​»​។​

​លោក តែម ម៉ឺន ប្រធាន​សហ​​ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ក្រើនរំឭក​ទៅដល់​មន្ត្រី​បច្ចេកទេស និង​កីឡាករ កីឡាការិនី​កម្ពុជា ដែល​ត្រូវ​ចូលរួម​ការប្រកួត​គុន​ខ្មែរ​ពិភពលោក នៅ​ខេត្តសៀមរាប​នេះ ត្រូវបំពេញ​តួនាទី​ឱ្យបាន​ល្អ ដើម្បី​រក្សា​នូវ​សេចក្តីថ្លៃថ្នូរ​របស់​កម្ពុ​ជា ក្នុងនាម​ជា​ម្ចាស់ផ្ទះ ក៏ដូចជា​ទាក់​​ទាញ​អ្នកចូលរួម​មកពី​គ្រប់​បណ្តា​ប្រទេស​ឱ្យ​ដក់ចិត្ត​ស្រឡាញ់ និង​បន្ត​ជួយ​គាំទ្រ​ដល់​គុន​ខ្មែរ​។ 

​លោក​ថា​៖ «​យើង​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​គោរព​វិន័យ និង​បទ​​បញ្ជា​ប្រកួត​ឱ្យបាន​ខ្ពស់ ព្រោះនេះ​ជាការ​ប្រកួត ដែល​ផ្តោត​សំខាន់​ទៅលើ​ការផ្សព្វផ្សាយ​គុន​ខ្មែរ ដូច្នេះ​យើង​ត្រូវ​រក្សា​នូវ​សេចក្តីថ្លៃថ្នូរ បង្ហាញ​ពី​វិន័យ អត្តចរិត និង​ក្រមសីលធម៌ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ឱ្យ​បានល្អ​ត្រចះ​ត្រចង់​ទៅកាន់​ពិភពលោក ហើយ​ប្រែក្លាយ​ការប្រកួត​នេះ ទៅជា​ចំណងមិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​ជាមួយ​បណ្តា​ប្រទេស ដែល​បាន​ចូលរួម ដើម្បី​កម្ពុជា ឈានទៅ​សម្រេច​គោលដៅ​ធំ គឺ​ការដាក់​គុន​ខ្មែរ ចូលទៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក​ហ្គេម​»៕