ភ្នំពេញៈ ក្រុមជម្រើសជាតិហែលទឹកពាក់ជើងទាកម្ពុជា ដែលទើបបានបំបែកកំណត់ត្រាឈ្នះបានមេដាយមាស ជាប្រវត្តិសាស្ត្រលើកដំបូង ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅលើទឹកដីខ្លួនឯងនោះ បាននាំយកសមិទ្ធផលជោគជ័យថ្មីមួយទៀត មកជូនប្រទេសជាតិ គឺការឈ្នះបានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ២ ពីការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣ ( 18th ASIAN FinswimmingChampinships2023) ដែលធ្វើនៅខេត្តភូកេត ប្រទេសថៃ។
តាមរយៈការប្រកួត ដែលបានចាប់ផ្តើមពីថ្ងៃទី២៤ និងបានបញ្ចប់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា កន្លងមកនេះ កីឡាការិនី កាំង មុយនីន ឈ្នះបានមេដាយមាស២ និងប្រាក់១ តែម្នាក់ឯង ចំណែកមេដាយសំរឹទ្ធ២ទៀត ដណ្តើមបានដោយកីឡាការិនីហែលជើងទា ឃឺន ប៊ុនពេជ្រមរកត ហើយលទ្ធផលនេះ បានជួយឱ្យកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៦ ក្នុងចំណោមប្រទេសចូលរួមទាំង១៧ ក្នុងព្រឹត្តិការណ៍ ASIAN FinswimmingChampinships2023 នេះ។
ការដណ្តើមបានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ២ ពីការប្រកួត ASIAN FinswimmingChampinshipsបានក្លាយជាសមិទ្ធផលថ្មីមួយទៀត បន្ថែមទៅលើកំណត់ត្រា ការឈ្នះបានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ៤ ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ កាលពីខែឧសភា ខណៈកីឡាការិនី កាំង មុយនីន នៅតែជាបេក្ខភាពដ៏សំខាន់ ក្នុងការប្រមាញ់បានមេដាយមាស។
លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានថ្លែងក្នុងពេលដឹកនាំប្រតិភូកីឡាហែលទឹកពាក់ជើងទា មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា៖ «នេះជាលើកទី១ហើយ ដែលក្រុមហែលទឹកពាក់ជើងទាកម្ពុជា បានចូលរួមការប្រកួត ASIAN FinswimmingChampinshipsប៉ុន្តែយើងទទួលបានលទ្ធផលដ៏ល្អ ជាទីមោទនភាព ដែលយើងនឹកស្មានមិនដល់ ធ្វើឱ្យប្រទេសចូលរួមភាគច្រើន មានការភ្ញាក់ផ្អើល និងកោតសរសើរពីកម្ពុជា»។
យ៉ាងណាក៏ដោយ លោក ហែម គីរី បានអះអាងថា ការឈ្នះបានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ២ ពីការប្រកួត ASIAN FinswimmingChampinships2023 នេះ វាបានកើតមានឡើង ដោយសារគ្រូបង្វឹក ជាពិសេសកីឡាករ កីឡាការិនី បានប្រឹងប្រែងហ្វឹកហាត់ឥតឈប់ ចាប់តាំងពីបញ្ចប់ការប្រកួតស៊ីហ្គេមមក ក្រោមការយកចិត្តទុកដាក់ពីលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាប្រធានសហព័ន្ធ។
លោកបានបន្ថែមថា៖ «កម្ពុជាទើបបង្កើតឱ្យមានកីឡាហែលទឹកពាក់ជើងទា បាន២ឆ្នាំទេ ប៉ុន្តែយើងទទួលបានលទ្ធផលដ៏ជោគជ័យ ហើយជោគជ័យលើកនេះ វាមិនមែននៅក្នុងតំបន់ទេ តែវាចូលទៅដល់ទ្វីបអាស៊ី អ៊ីចឹងកីឡាពាក់ជើងទានេះ បានក្លាយជាកីឡាមានសក្តានុពលមួយរបស់កម្ពុជា។ យើងពិតជាមានមោទនភាពខ្លាំង ដែលយើងបានពាំនាំជោគជ័យនេះមកជូនជាតិ គឺជាអ្វីមួយ ដែលយើងមិននឹកស្មានដល់»។
សម្រាប់ការប្រកួត ASIAN FinswimmingChampinshipsនេះ ម្ចាស់មេដាយមាសជើងឯកពិភពលោកផ្នែកយុវនារី កាំង មុយនីន បានឈ្នះមេដាយមាស លើវិញ្ញសាហែលចម្ងាយ ១០០ ម៉ែត្រ (100m Bifins) ដោយប្រើថិរវេលា ៥០:៦៦ វិនាទី និងលើវិញ្ញាសា 200m Bifinsដោយប្រើពេល ១:៥១.៤១ នាទី រីឯការប្រកួត 400m Bifinsមុយនីន បានមេដាយប្រាក់។
ចំណែកមេដាយសំរឹទ្ធ២ទៀត ដណ្តើមបានដោយកីឡាការិនី ឃឺន ប៊ុនពេជ្រមរកត លើវិញ្ញសា 100m Bifinsជាមួយថិរវេលា ៥២:០៩ វិនាទី និងវិញ្ញាសា 200m Bifinsដោយប្រើពេល ១:៥៤.៩២ នាទី ប៉ុន្តែកីឡាករ ទួន ទិត្យសត្យា និងកីឡាករ លឹម សុខវឌ្ឍន៍នន្ទ ដណ្តើមមិនបានមេដាយពីការប្រកួត ASIAN FinswimmingChampinshipsនេះទេ។
តែទោះបីជាយ៉ាងណា ម្ចាស់មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ លើវិញ្ញាសា 200m Bifinsនិង 400m Bifinsកាំង មុយនីន ហាក់មិនទាន់ស្កប់ចិត្តចំពោះការដណ្តើមបានមេដាយមាស២ និងប្រាក់១ ពីការប្រកួត ASIAN FinswimmingChampinshipsនេះទេ ហើយអ្វីដែល មុយនីន មិនអស់ចិត្ត គឺការប្រកួត 400m Bifinsដែលកញ្ញា បានត្រឹមមេដាយប្រាក់ ដោយចាញ់កីឡាការិនីកូរ៉េខាងត្បូង នៅវគ្គផ្តាច់ព្រ័ត្រ។
កាំង មុយនីន បាននិយាយថា៖ «ការដណ្តើមបានមេដាយមាស២ និងប្រាក់១ ពីការប្រកួតជើងឯកអាស៊ីនេះ គិតថាល្អដែរហើយ ប៉ុន្តែវាជាលទ្ធផល ដែលមិនទាន់គាប់ចិត្តខ្ញុំទេ ព្រោះយើងនៅមានការខ្វះខាតច្រើន ដែលយើងត្រូវសិក្សាវាបន្ថែម។ ជាក់ស្តែងការប្រកួតចម្ងាយ៤០០ម៉ែត្រ ដែលជាវិញ្ញាសាគោលរបស់ខ្ញុំ តែខ្ញុំភ្លាត់បន្តិច នាំឱ្យចាញ់កីឡាការិនីកូរ៉េខាងត្បូងជាមួយថិរវេលាប្រកៀកគ្នាបំផុត ហើយនេះជាអ្វីដែលយើងត្រូវរៀនសូត្របន្ថែម សម្រាប់ត្រៀមការប្រកួតក្រោយៗទៀត»។
ដោយឡែក នៅក្នុងអំឡុងការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០២៣នោះដែរ សហព័ន្ធហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ បានបើកកិច្ចប្រជុំលើកដំបូង ដើម្បីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ (ប្រធាន អនុប្រធាន អគ្គលេខាធិការ និងសមាជិក) ដោយមានតំណាងសហព័ន្ធកីឡាក្រោមទឹកពិភពលោក (CMAS) ជាអ្នកពិនិត្យ និងសម្រេច ហើយជាលទ្ធផល លោក ហែម គីរី ត្រូវបានជ្រើសរើសជាអគ្គលេខាធិការ។
ជាមួយការទទួលបានតួនាទីថ្មី ជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍នេះ លោក ហែម គីរី បានបញ្ជាក់ថា៖ «វាជាមោទនភាពសម្រាប់ខ្ញុំផ្ទាល់ និងជាមោទនភាពសម្រាប់កម្ពុជាយើង ដែលយើងមានសមត្ថភាព ត្រូវបានជ្រើសតាំងជាអគ្គលេខាធិការ ព្រោះតួនាទីមួយនេះ វាជាចំណុចល្អសម្រាប់កម្ពុជា ដែលយើងនឹងមានលទ្ធភាពច្រើន និងការងារច្រើន ក្នុងការអភិវឌ្ឍវិស័យកីឡាហែលទឹកពាក់ជើងទានេះ ហើយតាមគម្រោងយើងនឹងរៀបចំឱ្យមានការប្រកួតកីឡាពាក់ជើងទាជើងឯកអាស៊ី ឱ្យបានជារៀងរាល់២ឆ្នាំម្តង និងការប្រកួតជើងឯកពាក់ជើងទាយុវជនអាស៊ី ឱ្យបានរៀងរាល់ឆ្នាំ»៕