ក្រុមវ៉ូវីណាមកម្ពុជា នៅតែមានសមត្ថភាពខ្លាំង ក្នុងការប្រជែងយកមេដាយជូនប្រទេសជាតិ បន្ទាប់ពីក្រុមនេះ បានឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធសរុបចំនួន ២០ ពីការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៧ ឆ្នាំ២០២៣ (The 7th WVVF World Vovinam Championships 2023) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលទើបបានបញ្ចប់ កាលពីល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា។
បើទោះបីជាការប្រកួតជើងឯកពិភពលោកនេះ មានអត្តពលិករាប់រយនាក់ បានចូលរួមប្រកួត តំណាងឱ្យប្រទេសចំនួន៣៥ ប៉ុន្តែតាមរយៈការប្រកួតតាំងពីថ្ងៃទី២៥ ខែវិច្ឆិកាមកនោះ ក្រុមអត្តពលិកវ៉ូវីណាមកម្ពុជា ទាំង ២៧ នាក់ បានប្រឹងប្រែងប្រកួតយ៉ាងស្វិតស្វាញ ហើយដណ្តើមបានមេដាយជាបន្តបន្ទាប់សរុបចំនួន២០ ក្នុងនោះមានមេដាយមាស ៦ ប្រាក់ ៥ និងមេដាយសំរឹទ្ធចំនួន ៩។
ជាមួយជោគជ័យនេះលោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានថ្លែងប្រាប់ថា៖ «ការដណ្តើមបានមេដាយមាស ៦ ប្រាក់ ៥ និងសំរឹទ្ធ៩នេះ វាជាលទ្ធផលដ៏ល្អមួយ ដែលកើតចេញពីការខិតខំប្រឹងរបស់ក្រុមអត្តពលិកយើងនិងគ្រូបង្វឹករបស់យើង ដោយម្នាក់ៗ បានយកចិត្តទុកដាក់ខ្លាំង ទៅលើការពង្រឹងសមត្ថភាពត្រៀមការប្រកួតជើងឯកពិភពលោកនេះ»។
លោកបានបន្ថែមថា៖ «បើទោះបីជា ក្នុងអំឡុងពេលនេះ ក្រុមវ៉ូវីណាមកម្ពុជា មិនស្ថិតនៅក្នុងការប្រមូលផ្តុំជាក្រុមជម្រើសជាតិដូចកាលត្រៀមខ្លួនប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្តែក្រុមអត្តពលិករបស់យើង បានខិតខំហ្វឹកហាត់ជាមួយគ្រូបង្វឹកដោយខ្លួនឯង ក្រោមការរៀបចំរបស់សហព័ន្ធ និងផ្តល់ទីលានហ្វឹកហាត់ដោយក្រសួងអប់រំហើយពួកគាត់អាចដណ្តើមបានមេដាយយ៉ាងច្រើនពីការប្រកួតជើងឯកពិភពលោកនេះ ដែលធ្វើឱ្យកម្ពុជា បានឈរនៅក្នុងចំណាត់ថ្នាក់លេខ៣ក្នុងចំណោមប្រទេសចូលរួមទាំង ៣៥ ខណៈលេខ១ បានទៅម្ចាស់ផ្ទះវៀតណាម និងលេខ២ បានទៅក្រុមអត្តពលិករបស់ប្រទេសអាល់ហ្សេរី»។
គួររំឭកថា សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅលើទឹកដីកម្ពុជា កាលពីខែឧសភា កន្លងមកនេះ ក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជា បានឈ្នះមេដាយមាស ១០ ប្រាក់ ៨ និងសំរឹទ្ធ ៩ ដើម្បីឈរនៅក្នុងចំណាត់ថ្នាក់លេខ១ ក្នុងចំណោមប្រទេសចូលទាំង ៧ ខណៈវៀតណាម ជាម្ចាស់ក្បាច់គុននេះ ឈរនៅចំណាត់ថ្នាក់លេខ ២ ដោយឈ្នះបានមេដាយមាស ៧ ប្រាក់ ១២ និងសំរឹទ្ធ១។
យ៉ាងណាមិញ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ក៏មានប្រភេទកីឡាវ៉ូវីណាមផងដែរ ហើយការសម្រេចបញ្ជូលកីឡាមួយនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់សហព័ន្ធកីឡាវ៉ូវីណាមពិភពលោក កាលពីពេលថ្មីៗនេះ ដោយក្នុងនោះប្រធានសហព័ន្ធកីឡាវ៉ូវីណាមអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមថៃ ជាអ្នកជួយសម្របសម្រួលជាមួយគណៈកម្មាធិការរៀបចំការប្រកួតស៊ីហ្គេមរបស់ប្រទេសថៃ នៅក្នុងការដាក់បញ្ចូលប្រភេទកីឡាជាជំហានទី២ក្រោយម្ចាស់ផ្ទះថៃ មិនព្រមដាក់បញ្ចូលកីឡាវ៉ូវីណាម កាលពីជំហានទី១។
ជាមួយការសម្រេចនេះ បានក្លាយជាក្តីសង្ឃឹមថ្មីមួយទៀត សម្រាប់ក្រុមវ៉ូវីណាមកម្ពុជា ក្នុងការឈានទៅដណ្តើមបានមេដាយមាសជូនកម្ពុជា ជាថ្មី ខណៈការប្រកួត World Vovinam Championships 2023 នេះ បានក្លាយជាពេលវេលាដ៏សំខាន់ ដែលជួយឱ្យពួកគេ បានវាស់ស្ទង់ និងពង្រឹងសមត្ថភាព បច្ចេកទេសបន្ថែម ហើយបើតាមលោក អ៊ូ រតនា បានឱ្យដឹងថា ខាងវៀតណាម ក៏នឹងរៀបចំការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ី នៅឆ្នាំ២០២៤ ដើម្បីបើកឱ្យមានការប្រកួតប្រជែងរបស់ក្រុមវ៉ូវីណាម មុនស៊ីហ្គេម នៅប្រទេសថៃមកដល់ផងដែរ។
ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជារូបនេះ បានបញ្ជាក់ថា៖ «ការប្រកួតជើងឯកពិភពលោកនេះ បានក្លាយជាកញ្ចក់ឆ្លុះមួយ សម្រាប់ត្រៀមចូលរួមការប្រកួតស៊ីហ្គេម នៅប្រទេសថៃ ដែលពេលនេះ ប្រភេទកីឡាវ៉ូវីណាម ត្រូវបានម្ចាស់ផ្ទះសម្រេចដាក់បញ្ចូលជាផ្លូវការហើយ ដោយនៅសល់តែការពិភាក្សាទៅលើចំនួនវិញ្ញាសាប៉ុណ្ណោះ ហើយខ្ញុំសង្ឃឹមថា ក្រុមវ៉ូវីណាមរបស់យើង នឹងនៅតែមានលទ្ធភាព ក្នុងការប្រជែងបានមេដាយមាសជូនប្រទេសជាតិ»៕