លោកស្រី ហ៊ុន ស៊ីណាត អគ្គ​ទីប្រឹក្សា​ផ្ទាល់​សម្តេច​ព្រះអភិសិរីសុគន្ធ មហា​សង្ឃរាជ​គណ​ធម្មយុត្តិក​និកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​​ធ្វើការកោតសរសើរ​ទៅ​ដល់​គណៈកម្មាធិការ​ប្រតិបត្តិ​​របស់​សហព័ន្ធ​កីឡា​រាំកម្ពុជា ​ក្រោមការដឹកនាំ​របស់​លោកស្រី ញ៉ែម មរកត ព្រមទាំង​គ្រូ​បង្វឹក កីឡាករ កីឡាការិនី និង​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត ដែល​បាន​ខិតខំ​រួមគ្នា​អភិវឌ្ឍ​វិស័យ​កីឡា​មួយ​នេះឱ្យ​មានការ​រីកចម្រើន ដោយចាប់​ផ្តើម​ពីបាត​ដៃទទេមក។

ការ​លើក​ឡើង​បែបនេះ​របស់​លោក​ស្រី ហ៊ុន ស៊ីណាត ត្រូវបាន​ធ្វើ​ឡើង ក្នុង​ពេល​លោក​ស្រី បានចូល​រួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ជា​លើកដំបូង នៅ​ក្នុង​ពិធីបើក​ការ​ប្រកួត​កីឡា​រាំ​កម្ពុជា​ជ្រើស​រើស​ជើងឯក​ថ្នាក់ជាតិឆ្នាំ​ ២០២៣ នៅ​សាលដំបូល​ទូក​នៃមជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា កាលពីព្រឹក​ថ្ងៃទី​១១ ខែធ្នូ​នេះ។

លោក​ស្រី​បាន​ថ្លែង​ថា៖ «ខ្ញុំសូមសម្តែងការគាំទ្រកោតសរសើរ និង​ថ្លែង​សេចក្ដីអំណរ​យ៉ាង​ជ្រាល​​ជ្រៅ​ចំពោះ​លោក​ជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និង​ជា​ប្រធាន​សហ​ព័ន្ធ​​​​កីឡា​​​រាំ​កម្ពុជា ព្រមទាំង​ក្រុម​ការងារ​ប្រតិបត្តិ​ទាំង​អស់ដែលបាន​ខិតខំ​អភិវឌ្ឍ​វិស័យ​កីឡា​រាំ​​អន្តរ​ជាតិ​​នេះពី​បាត​ដៃ​ទទេ ហើយ​អ្នកដឹក​នាំសុទ្ធតែស្ត្រីទៀត ជាពិសេស​កន្លងមក​សហ​ព័ន្ធ​កីឡា​រាំ ​បាន​​ធ្វើ​​​ជា​ម្ចាស់​ផ្ទះ​​ស៊ីហ្គេមទទួលជោគជ័យយ៉ាងខ្លាំង ក្រោម​ការ​ដឹកនាំ​ដ៏ឈ្លាស​វៃ​របស់​​សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា»។


លោកស្រី ហ៊ុន ស៊ីណាត ពេលចូលរួមការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៣។ រូបថត NOCC

សម្រាប់​ការ​ប្រកួត​កីឡា​រាំ​​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ ​២០២៣ នេះ​ លោក​ស្រី ហ៊ុន ស៊ីណាត បានសម្តែងការ​អរគុណដល់ក្រ​សួងអប់រំ យុវជន និង កីឡា ដែល​មានគោលការណ៍​ឱ្យ​សហព័ន្ធកីឡារាំកម្ពុជា រៀបចំព្រឹត្តិការណ៍​ថ្នាក់ជាតិ​នេះ ក្នុង​គោល​បំណង​លើក​កម្ពស់​ សមត្ថភាព បច្ចេកទេសដល់កីឡាករកីឡាការិនីទាំងអស់ ដើម្បីត្រៀម​លក្ខណសម្បត្តិ ក៏​ដូច​ជា​ការ​​ប្រមូល​ធន​ធាន​​អត្តពលិក ដែល​មាន​សក្តានុពល​ចូល​រួម​ប្រកួត​​ជើងឯក​ថ្នាក់ជាតិ​​នេះ និង​ត្រៀម​ចូល​រួម​ប្រកួត​​កីឡា​រាំ​អន្តរ​ជាតិ​នា​នា​ខាង​មុខ។


លោក​ស្រី​បាន​បញ្ជាក់​ថា៖ «ការប្រកួតកីឡារាំនៅថ្ងៃនេះ គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​សមត្ថភាព ចំណេះ​ដឹង​បទពិសោធន៍ បច្ចេកទេសថ្មីៗ និង​​ទេព​កោសល្យ​​របស់​​កីឡាករកីឡាការិនី ដែល​បាន​ធ្វើ​ការ​ហ្វឹក​ហាត់​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លង​មក ដោយនាំ​យក​មក​ប្រកួត​​ប្រជែងនៅ​ក្នុង​ថ្ងៃនេះ ហើយ​ឆ្លៀត​ក្នុង​ឱកាស​​នេះ ខ្ញុំសូមផ្តាំផ្ញើ​ដល់​គណៈកម្មការរៀបចំ​ការ​ប្រកួត គណៈកម្មការ​បច្ចេកទេស គ្រូបង្វឹក ត្រូវ​ឈរ​លើ​ស្មារតី​ទទួល​ខុស​ត្រូវដាក់ពិន្ទុ​ឈរលើភាព​យុត្តិធ៌ម សុក្រឹត មិនលម្អៀងនិងមិន​ប្រកាន់​បក្ស​ពួក»។

«ចំណែកកូនក្មួយ ចៅៗ​ជា​កីឡាករ កីឡាការិនី​ទាំងអស់ ត្រូវ​ខិតខំ​យក​ចិត្ត​ទុក​ដាក់​គោរព​​បទ​បញ្ជា​ប្រកួតនានាដែល​សហព័ន្ធ​កីឡារាំកម្ពុជា ក៏​ដូច​ជា​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​​កម្ពុជា បាន​ចែងឡើង គឺ​រក្សា​​ស្មារតី​សាមគ្គីភាព គោរពដៃគូរបស់ខ្លួន​ក្នុង​ពេល​ប្រកួត ប្រឹង​ប្រែង​បញ្ចេញឱ្យ​​អស់​ពី​សមត្ថភាពដើម្បី​ឈាន​ទៅ​ដណ្តើម​មេដាយ​សម្រាប់​ខ្លួន​ឯង ពិសេស​ត្រៀម​ខ្លួន​ចេញ​ទៅ​ប្រកួត​លើ​ឆាកអន្តរជាតិ និងត្រៀមធ្វើជាម្ចាស់ផ្ទះ ការ​ប្រកួត​កីឡាយុវជនអាស៊ី ឆ្នាំ​ ២០២៩​​ ​ប្រកប​ដោយ​ជោគជ័យ»។ លោកស្រី ហ៊ុន ស៊ីណាត បានបញ្ជាក់យ៉ាងដូច្នេះ។

ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២៣ ដែលបានធ្វើពិធីបើក កាលពីព្រឹកថ្ងៃទី ១១ ខែធ្នូ នេះ។ រូប ថត NOCC

បន្ថែម​លើ​នេះ ​ប្រធានសហព័ន្ធ លោកស្រី ញ៉ែម មរកត បានស្នើ​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំង​អស់ ត្រូវ​បន្តរក្សាឱ្យ​បាន​នូវ​សាមគ្គីភាពផ្ទៃក្នុង ដោយ​បាន​ថ្លែង​ថា៖​ «ក្នុង​នាម​សហព័ន្ធកីឡា​រាំកម្ពុជា ខ្ញុំ​សូម​មន្ត្រី​ថ្នាក់ដឹកនាំ គណៈកម្មាធិការប្រតិបត្តិ លោកគ្រូ អ្នកគ្រូបង្វឹក និង​កីឡាករ កីឡា​ការិនី​បន្ដ​រក្សា​សាមគ្គីភាព​ផ្ទៃក្នុងសហការគ្នា បង្កើន​ភាព​ស្និទ្ធស្នាល​ស្វាហាប់ ក្នុង​ការ​ងារជំនាញកីឡារាំឱ្យ​កាន់​តែ​ខ្លាំងក្លា និងឆន្ទៈមោះមុត ដើម្បី​​ឆ្ពោះ​​ទៅ​​រក​​ភាព​​ជោគជ័យ​​ក្នុង​​ការ​​ប្រកួត​កីឡា​រាំ​អន្តរ​ជាតិ​នានា នៅពេលខាងមុខនេះ»។

តាម​របាយការណ៍​របស់​​អ្នក​ស្រី ហង់ ស៊ីមន អគ្គលេខា​ធិការ​សហព័ន្ធ​កីឡារាំកម្ពុជា បាន​ឱ្យ​ដឹង​ថា ការប្រកួតកីឡារាំជើងឯក​​ថ្នាក់ជាតិឆ្នាំ ២០២៣ ​នេះមានការ​ប្រកួត​ចំនួន​ ២៣ វិញ្ញាសា រួមមានវិញ្ញាសា​រាំគូ Latin Dance និង វិញ្ញាសា Standard Dance ដែលមានប្រតិភូ  គ្រូ​បង្វឹក និង​កីឡាករ កីឡាការិនី ចំនួន ៥០​ នាក់ មកពីក្លិ​បចំនួន​ ៦ ក្នុងនោះមានក្លិបក្រសួង​មហាផ្ទៃ ក្លិប​កងទ័ព​ជើងទឹក ក្លិប​ខេត្តកណ្ដាល ក្លិប​ខេត្ត​កំពង់ចាម ក្លិប Joy School ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ នៅក្នុងនាពេលនេះ។

ការប្រកួតកីឡារាំជ្រើសរើស​ជើងឯក​​ថ្នាក់ជាតិឆ្នាំ ២០២៣ ​នេះ ត្រូវបាន​ធ្វើ​ឡើង​តែ ១ ​ថ្ងៃ​នេះ​ទេ ដោយពិធីបិទការ​ប្រកួត នឹង​ត្រូវ​ធ្វើ​ឡើង នៅរសៀល​ថ្ងៃទី​១១ ខែធ្នូ​នេះដដែល ក្រោម​អធិបតី​ភាព​ដ៏ខ្ពង់ខ្ពស់​របស់​លោកស្រី​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នង​ការ​សមាគមកាយឫទ្ធិនារី​កម្ពុជា៕

លោកស្រី ហ៊ុន ស៊ីណាត ពេលចូលរួមការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ ២០២៣។ រូបថត NOCC