ភ្នំពេញៈ កីឡាករ អេ អាំ​ម៉ា​រី​ន​ភូ​ថង បាន​ទួញ​យំ​បង្ហាញ​ភាព​សោកស្តាយ ដែល​រូបគេ​មិនអាច​ដណ្តើមបាន​ខ្សែក្រវាត់​ពី ឡុង សំណាង ប៉ុន្តែ ឃីម បូរ៉ា មិនបាន​បង្ហាញ​ការ​តូចចិត្ត និង​បាក់​ទឹកចិត្ត ចំពោះ​ភាពអយុត្តិធម៌ ជុំវិញ​ការ​កាត់សេចក្តី​បែប​លម្អៀង​របស់​ចៅក្រម​នោះទេ ចំណែក​ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម រឿង សោ​ភ័​ណ្ឌ​, ឡៅ ចន្ទ្រា​, ឡៅ ចិ​ត្ត្រា និង ម៉ឺន មេ​ឃា សុទ្ធតែ​បានឈ្នះ​អ្នក​ប្រដាល់​បរទេស​។​

សម្រាប់​ការប្រកួត ដែល​បាន​ធ្វើឡើង នៅលើ​សង្វៀន PNN កាលពី​ថ្ងៃទី​១០ ខែធ្នូ កន្លងមកនេះ អេ អាំ​ម៉ា​រី​ន​ភូ​ថង ត្រូវបាន​ដាក់ឱ្យ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ពី ឡុង សំណាង ដោយ​អ្នក​ទាំង​២​នេះ បានបង្ហាញ​ការតាំង​ចិត្ត​រៀងៗ​ខ្លួន​ថា នឹង​ប្រឹងប្រែង​វ៉ៃ​ឱ្យអស់​លទ្ធភាព បើទោះបីជា អាំ​ម៉ា​រី​ន បានចាត់ទុក ឡុង សំណាង ជា​និមិត្តរូប​របស់ខ្លួន​ក៏ដោយ​។​

តាមរយៈ​ការប្រកួត​ជាក់ស្តែង​ចំនួន​៥​ទឹក​ពេញ​នោះ ទាំង អាំ​ម៉ា​រី​ន និង ឡុង សំណាង មិន​ប្រើ​ក្បាច់​កែង ដែលជា​ជំនាញ​ពិត​របស់​ពួកគេ​នោះទេ ដោយ​អ្នក​ទាំង​២​នេះ​បាន​ត្រឹម​ប្រើ​ស្នៀត​ទាត់ ម៉ាត់ និង​ជង្គង់ ដើម្បី​វាយ​សង​គ្នា ហើយ​ក្នុងនោះ គេ​មើលឃើញថា ឡុង សំណាង បាន​វាយ​ចំ​គោលដៅ​ច្រើនជាង ទៅលើ​ការប្រើ​កណ្តាប់ដៃ តែ​រូបគេ ក៏​ចង់​ដង្ហក់​ខ្យល់​ក្រោម​ជង្គង់​របស់ អាំ​ម៉ា​រី​ន នៅ​ចុង​ទឹក​ទី​២ ផងដែរ​។​


តែ​ទោះបីជា​យ៉ាងណា ក្រោយ​ការប្រកួត​ចំនួន​៥​ទឹក​ពេញ ចៅក្រម​ទាំង​៥​នាក់ បានសម្រេច​សេចក្តី​ឱ្យ​អ្នកការពារ​ខ្សែក្រវាត់ ឡុង សំណាង ទទួលបាន​ជ័យជម្នះ​លើ អេ អាំ​ម៉ា​រី​ន​ភូ​ថង ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​តែម្តង ដែល​ការសម្រេច​នេះ​បានធ្វើឱ្យ ឡុង សំណាង នៅតែ​អាច​បន្ត​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​។​

បន្ទាប់ពី​ការបរាជ័យ ក្នុង​ការដណ្តើម​ខ្សែក្រវាត់​ពី ឡុង សំណាង នេះ អេ អាំ​ម៉ា​រី​ន បាន​អង្គុយ​ទួញ​យំ នៅក្រៅ​សង្វៀន ដោយសារតែ​រូបគេ​មិនអាច​ដណ្តើមបាន​ខ្សែក្រវាត់ បំពេញ​បំណង​ម្តាយ​របស់គេ​បាន ហើយ​អ្វីដែល​គួរឱ្យ​ចម្លែក​នោះ អាំ​ម៉ា​រី​ន បាន​បញ្ជាក់ថា រូបគេ​មិនដឹង​ខ្លួនឯង​ប្រកួត​បែបណា​នោះទេ ដែល​ចំណុច​នេះ​ត្រូវបាន​គេ​ប៉ាន់​ស្មានថា អាចមកពី អាំ​ម៉ា​រី​ន វង្វេង នៅពេលដែល ឡុង សំណាង ដួល​សង្កត់ពីលើ នៅ​ដើម​ទឹក​ទី​៣​។​


កីឡាករ ឡុង សំណាង ឈ្នះការប្រកួតរក្សាតំណែងជាម្ចាស់ខ្សែក្រវ៉ាត់។ រូបថត PNN

យ៉ាងណាក៏ដោយ​អ្នកស្រី សាំង សុ​ម៉ាលី ជា​ម្តាយបង្កើត​របស់ អេ អាំ​ម៉ា​រី​ន​ភូ​ថង បានចាត់ទុក​ការបរាជ័យ​ការដណ្តើម​ខ្សែក្រវាត់​នេះ ជា​បទពិសោធន៍​ជូរចត់​មួយ​ចំពោះ អាំ​ម៉ា​រី​ន ដែល​កើតចេញពី​ការ​វ៉ៃ​មិន​អស់ពី​សមត្ថភាព ដោយសារ​មានការ​យោគយល់​ទៅលើ ឡុង សំណាង ជា​កីឡាករ​ខ្មែរ​ដូចគ្នា​។​

អ្នកស្រី បាន​និយាយថា​៖ «​នេះ​ជា​មេរៀន​របស់ អាំ​ម៉ា​រី​ន ដែល​ហាម មានចិត្ត​សន្ដោស​នៅលើ​សង្វៀន​។ បើ​វ៉ៃ​ហើយ​មានចិត្ត​សន្ដោស មានចិត្ត​អាណិត គឺ​ចប់​ហើយ ព្រោះ​ខ្ញុំ​ដឹងថា ការប្រកួត​នេះ កូន​របស់ខ្ញុំ​វ៉ៃ​មិនទាន់​អស់ពី​សមត្ថភាព​ទេ​។ ខ្ញុំ​ដឹង​ច្បាស់​ចរិត​កូន​របស់ខ្ញុំ ហើយ​ខ្ញុំ​មិន​ពេញចិត្ត​គាត់​ត្រង់​ហ្នឹង និង​មានចិត្ត​ខឹង​គាត់​ទៀត ព្រោះ​ជាធម្មតា​កូន​របស់ខ្ញុំ មិនមែន​វ៉ៃ​បែបនេះ​ទេ​»​។​

​ប្រពន្ធ​របស់លោក អេ ភូ​ថង រូបនេះ បាន​បន្ថែមថា​៖ «​ខ្ញុំ​តែង​ប្រាប់​កូន​របស់ខ្ញុំ​ថា ឡើង​វ៉ៃ កុំឱ្យ​មាន​ភាព​ស្តាយក្រោយ ហើយ​ពេលនេះ ខ្ញុំ​ជឿថា អាំ​ម៉ា​រី​ន ស្តាយក្រោយ​ខ្លាំង ហើយ​គេ​ពិតជា​យំ ព្រោះ អាំ​ម៉ា​រី​ន បំពេញ​បំណង​របស់ខ្ញុំ​មិនបាន​។ កូន​ខ្ញុំ​ម្នាក់នេះ​ខ្លាច​ជាងគេ គឺ​ពេល​ខ្ញុំ​អន់ចិត្ត ព្រោះ អាំ​ម៉ា​រី​ន ស្រឡាញ់​ខ្ញុំ​ណាស់​»​។​

យ៉ាងណាក៏ដោយ ជាមួយគ្នានេះ អ្នកស្រី សាំង សុ​ម៉ាលី ក៏​កំពុង​ជួប​ទុក្ខ​ក្រៀមក្រំ ហើយ​ទួញ​យំ​ដូច អេ អាំ​ម៉ា​រី​ន ផងដែរ​។ ទាំង​ទឹកភ្នែក​រលីងរ​រលោង សុ​ម៉ាលី បាន​បញ្ជាក់ថា​៖ «​ម៉ាក់​ខ្ញុំ នៅផ្ទះ កំពុង​សង្គ្រោះបន្ទាន់ អស់សង្ឃឹម​ដូចគ្នា តែ​ខ្ញុំ​មិនបាន​ប្រាប់​កូន​ខ្ញុំ​ឱ្យដឹង​នោះទេ​។ ខ្ញុំ​បាន​ប្រាប់​គ្រូពេទ្យ​ថា ធ្វើ​យ៉ាងម៉េច​ក៏ដោយ ឱ្យ​ម៉ាក់​ខ្ញុំ អាចរ​ស់បាន ១​ទៅ​២​អាទិត្យ​ទៀត ប៉ុន្តែ​ប្រហែលជា​មិនអាច​នោះទេ​»​។​

​ចំណែក ឡុង សំណាង បាន​និយាយថា​៖ «​ខ្ញុំ​មិន​រំពឹងថា នឹង​ឈ្នះ អេ អាំ​ម៉ា​រី​ន នោះទេ ព្រោះ​ខ្ញុំ​ចាញ់​ប្រៀប​កម្ពស់ ពិបាក​ចូល​ប្រើ​ជង្គង់ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​សង្ឃឹម គឺ​ការប្រឹងប្រែង​ប្រកួត​របស់ខ្ញុំ ដោយ​ខ្ញុំ​ខំ​ចូល​វ៉ៃ​ដៃ និង​ទាត់​ភាគច្រើន តាម​អ្វីដែល​អាចធ្វើ​ទៅបាន​។ តែ​ទោះបីជា​យ៉ាងណា នៅ​ចុង​ទឹក​ទី​២ បើសិនជា​នៅសល់​នាទី​ច្រើន ខ្ញុំ​អាច​ពិបាក​ខ្លាំង ព្រោះ​ចូល​ជង្គង់​ពេញៗ​ច្រើន​»​។​

ដោយឡែក សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​វិញ ម្ចាស់​មេដាយមាស​ស៊ី​ហ្គេម ឆ្នាំ​២០២៣​ទាំង​៤​នាក់​រួមមាន ឡៅ ចន្ទ្រា​, ឡៅ ចិ​ត្ត្រា​, រឿង សោ​ភ័​ណ្ឌ និង ម៉ឺន មេ​ឃា សុទ្ធតែ​ទទួលបាន​ជ័យជម្នះ​ទៅលើ​កីឡាករ​បរទេស ដោយ​ក្នុងនោះ ឡៅ ចន្ទ្រា បានឈ្នះ​ថៃ Denpanum​នៅ​ទឹក​ទី​២ រីឯ ឡៅ ចិ​ត្ត្រា បាន​ផ្តួល​អ៊ីរ៉ង់ AbbasiSoleiman​ឱ្យ​សន្លប់​នៅ​ទឹក​ទី​១​។​

ចំណែក​ជើង​ខ្លាំង រឿង សោ​ភ័​ណ្ឌ បានឈ្នះ​កីឡាករ​ម៉ាឡេស៊ី Wiliam Wayne ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ហើយ ម៉ឺន មេ​ឃា បានឈ្នះ​អ្នក​ប្រដាល់​របស់​ម៉ា​រ៉ុ​ក Omar El Ouers​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ដូចគ្នា ប៉ុន្តែ​ម្ចាស់​មេដាយមាស ឃីម បូរ៉ា ត្រូវបាន​ប្រកាស​ឱ្យ​ចាញ់​កីឡាករ​ថៃ Rongsaengtawan​ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ ៤-១​។​

តែ​ទោះបីជា​យ៉ាងណា ជាមួយ​ការ​កាត់សេចក្តី​នេះ បានធ្វើឱ្យ​អ្នកគាំទ្រ​ភាគច្រើន ធ្វើការ​រិះគន់​ខ្លាំង​ទៅលើ​ចៅក្រម​ទាំង​៤​នាក់ ដែល​សម្រេច​ឱ្យ ឃីម បូរ៉ា ចាញ់ ព្រោះ​តាមរយៈ​ការប្រកួត​ចំនួន​៣​ទឹក​នេះ គេ​មើលឃើញថា បូរ៉ា ឈ្នះ​ទឹក​ទី​១ និង​ទី​២ ឯ​កីឡាករ​ថៃ ឈ្នះ​បានតែ​ទឹក​ទី​៣​មួយ​ទេ ហេតុនេះ​អ្នកឈ្នះ​គួរ​ណាស់​តែ ឃីម បូរ៉ា​។​

ជាមួយគ្នានេះ ម្ចាស់​មេដាយមាស ឃីម ឌី​ម៉ា ដែលជា​បងប្រុស​របស់ ឃីម បូរ៉ា ក៏បាន​បង្ហោះ​សារ​រិះគន់​ដល់​ចៅក្រម ដែល​បាន​កាត់សេចក្តី​ឱ្យ​ប្អូន​របស់ខ្លួន​ចាញ់​ផងដែរ​។ ឌី​ម៉ា បាន​ប្រដូច​ចៅក្រម​ទាំងនោះ​ថា «​ជា​មនុស្ស​មាន​ភ្នែក តែ​គ្មាន​ខួរ រោម​ស​តែ​ក្បាល​ខ្មៅ​» ហើយ​ជាមួយគ្នានេះ លោក ម៉ា ស៊ី​ថេត ផលិតករ​កម្មវិធី​ប្រដាល់​របស់ PNN បាន​ទទួលស្គាល់ថា ឃីម បូរ៉ា ពិតជា​វ៉ៃ​បានល្អ តែ​បែរជា​បាន​លទ្ធផល​បែបនេះ តែ PNN បានស្នើ​សុំ​ទៅ​សហព័ន្ធ​កីឡា​គុន​ខ្មែរ រួចហើយ ដើម្បី​ធ្វើការ​ពិនិត្យមើល​វីដេអូ និង​លទ្ធផល​នៃ​ការប្រកួត​នេះ​ឡើងវិញ​។​

តែ​ទោះបីជា​យ៉ាងណា ចំពោះ ឃីម បូរ៉ា មិនបាន​បង្ហាញ​ការ​តូចចិត្ត​ចំពោះ​អយ​ត្តិ​ធម៌​នេះ​ទេ ដោយ​គេ​បាន​និយាយថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ពិបាក​យក​បន្តិច ព្រោះ​នៅ​ទឹក​ទី​១ និង​ទី​២ ខ្ញុំ​មាន​តែមប្រិ៍​ជាងគេ ហើយ​នៅ​ទឹក​ទី​៣ ខ្ញុំ​ទទួលស្គាល់ថា ខ្ញុំ​ចាញ់​គាត់ អ៊ីចឹង​ខ្ញុំ​គិតថា ២​ទឹក​ទល់​១​ទឹក ពិតជា​ខ្ញុំ​ហើយ ប៉ុន្តែ​នេះ​ជាការ​ដាក់ពិន្ទុ​របស់​ចៅក្រម​។ តែ​ទោះយ៉ាងណា សម្រាប់​ការប្រកួត ដែល​មិន​អស់ចិត្ត​បែបនេះ ខ្ញុំ​ជួប​ច្រើន​ហើយ អ៊ីចឹង​ខ្ញុំ​គិតថា បើ​វា​ចប់​ហើយ ឱ្យ​វាច​ប់​ទៅ​ចុះ​»៕