កីឡាករ​របស់​ថៃ​ទាំង​ ៣ ​នាក់ ដែល​ត្រូវបាន​នាំ​យក​មកប្រកួត ក្នុង​កម្មវិធី​កីឡាប្រដាល់អន្តរជាតិ គុនខ្មែរប៉ុស្តិ៍លេខ៥ សុទ្ធតែ​ត្រូវបាន​អ្នក​ប្រដាល់​ជាម្ចាស់​ផ្ទះ​របស់​កម្ពុជា វ៉ៃ​ឱ្យ​សន្លប់​ដូចគ្នាចំណែក​កីឡាករ​ធ្លាប់​សាង​ភាពល្បី​ខ្លាំង កាលពី​ជាង​១០ ​ឆ្នាំ​មុន សំរិទ្ធ សុភាព ក៏បានចាញ់​ក្រោមកណ្តាប់ដៃ​ក្មេ​ងជំនាន់​ក្រោយ រិទ្ធី សុវណ្ណឃីម។

សម្រាប់ការ​​បង្ហាញ​ខ្លួនជា​លើកដំបូង នៅលើ​សង្វៀន TV5 កាលពី​យប់​ថ្ងៃអាទិត្យ កន្លងមក​នេះ សំរិទ្ធ សុភាព ដែល​ទើប​បានវិល​មកាន់​សង្វៀនជាថ្មី ក្រោយ​បាត់មុខ​អស់​រយៈពេល​ជាង​ ១០​ ឆ្នាំ​ នោះនៅតែមានចលនា​វាយចេញ​បាន​លឿន ជាពិសេស​ការទាត់ស្តាំ ប៉ុន្តែ​ការ​ធ្លាក់ចុះនូវគុណ​ភាព​កម្លាំង វាមិនអាច​​ឱ្យរូប​គេ មាន​បច្ចេក​ទេស​វាយចេញ​បានល្អ​ដូច​កាលពី​អតីត​កាល​នោះ​ឡើយ។

ផ្ទុយពីនេះ រិទ្ធី សុវណ្ណឃីម បើទោះបីជា​កីឡាករជំនាន់ក្រោយ កំពុងស្រវា​រក​ភាព​ល្បី ប៉ុន្តែ​រូបគេ មិនបាន​បង្ហាញ​ការខ្លាច​រអា​ដល់​រៀម​ច្បង សំរិទ្ធ សុភាព នោះ​ទេ។ សុវណ្ណឃីម បាន​ព្យាយម​តាមទាត់ និង​ម៉ាត់ មិនឈប់​ឈរ ទៅលើ សំរិទ្ធ សុភាព ហើយ​នៅទឹកទី​៤ រូប​គេ បាន​វាយចូល​ផ្ទៃមុខ​របស់ សុភាព យ៉ាងច្រើន ធ្វើឱ្យ​ខ្លាចាស់ខ្សោយថាមពល​រូប​នេះ កាន់តែ​មាន​ការ​ធ្លាក់​កម្លាំង។


ជាមួយ​ស្ថាន​ភាព​ដ៏​អំណោយ​ផល​នេះ រិទ្ធី សុវណ្ណឃីម បាន​បង្កើនការ​វាយ​សម្រុក​កាន់តែ​ខ្លាំង ក្នុង​គោល​បំណង​​ចង់​​ផ្តួលរៀមច្បង​ សំរិទ្ធ សុភាព ឱ្យ​សន្លប់ ប៉ុន្តែ សុភាព មិនបានបណ្តោយ​ឱ្យ​ភាព​អាម៉ាស់នេះ កើត​មានឡើងចំពោះរូបគេ​នោះ​ទេ ដោយ​កីឡាករចាស់​វស្សា​រូបនេះ បាន​ព្យាយាម​​វាយទប់ និងរំដោះ​ខ្លួន​រហូតចប់ការ​ប្រកួត​៥​ទឹកពេញ និងបាន​ចាញ់ រិទ្ធី សុវណ្ណឃីម ដោយពិន្ទុ។

តែទោះបីជា​យ៉ាង​ណា សំរិទ្ធ សុភាព មិន​បាន​បង្ហាញ​អារម្មណ៍តូច​ចិត្ត​ចំពោះការ​បរាជ័យក្រោម​ដៃ​ក្មេងជំនាន់​ក្រោយ​នោះ​ទេ ព្រោះ​កីឡាករ ធ្លាប់​យក​ឈ្នះ​ជើង​ខ្លាំង ឃីម ឌីម៉ា ក្នុងការ​ប្រកួត​ដណ្តើម​ពាន នៅសង្វៀន​ប៉ុស្តិ៍​លេខ៣ កាលពី​ជាង​១០​ឆ្នាំ​មុនរូប​នេះ បាន​ដឹង​ច្បាស់​រួច​ទៅ​ហើយ​ថា សមត្ថ​ភាពរបស់គេ​ពេលនេះ មិនអាច​ប្រកួត​ប្រជែងដោយពេញ​កម្លាំង ជាមួយ​អ្នកប្រដាល់​ជំនាន់​ក្រោយបាននោះ​ទេ គឺ​ការ​វិល​មក​កាន់​សង្វៀនជាថ្មី​នេះ បានត្រឹម​វាយ​យកតម្លៃ​ខ្លួន សម្រាប់​ទ្រទ្រង់​ជីវភាពតែប៉ុណ្ណោះ។


ស្រដៀងគ្នានេះ អតីតជើង​ខ្លាំង​របស់​ថៃ Banda Sak ដែល​ធ្លាប់បង្កើតព្យុះភ្លៀងនៅ​លើសង្វៀន​ស្រុកខ្មែរ កាលពី​ ៤​ ឆ្នាំ​មុននោះ ក៏​ត្រូវបាន​កីឡាករវ័យ​ក្មេង​របស់​កម្ពុជា ធន់ អៀនឡេង វ៉ៃឡើងចង់​ទក់សាច់​ផងដែរ ព្រោះ​សម្រាប់ការ​បង្ហាញ​ខ្លួន នៅលើ​សង្វៀន TV5 កាលពី​ថ្ងៃអាទិត្យ​នោះ Banda Sak មិន​មាន​ក្បាច់ពិសេសអ្វី ដើម្បី​វ៉ៃ​ទប់​ទល់ជាមួយ អៀនឡេង ក្រៅ​តែពីការ​ឈរ​ទប់​ ព្រមទាំង​ការចូលចាប់បុកជង្គង់ រួមជាមួយ​ការ​ទាត់ និងម៉ាត់​មួយៗ​នោះ​ទេ។

ការ​ធ្លាក់ចុះ​នូវ​គុណភាព និងសមត្ថ​ភាព​ប្រកួត​នេះ បានជំរុញ​ឱ្យ ធន់ អៀនឡេង បង្កើន​ការ​វាយសម្រុក​ឥតឈប់ឈរ ជាមួយការ​ទាត់ ម៉ាត់ ពិសេស​ការ​បុកជង្គង់ និងវាយ​កែង​របស់​គេ ហើយ​នៅទឹក​ទី​៤ អៀនឡេង បាន​ចូលចាប់បុកជង្គង់​ចូលពេញៗ រួច​បានទាត់សំដៅ​កញ្ចឹងក​ចំនួន៦ជើងជាប់ៗគ្នា បណ្តាល​ឱ្យ​ Banda Sak ទន់ជង្គង់ និង​ត្រូវ​បាន​អាជ្ញាកណ្តាលរាប់ ជាលើក​ទី​១។ ក្រោយការរាប់នេះ អៀនឡេង បាន​ទាត់​ថែម​២ជើង​ទៀត ហើយ​ដោយឃើញ​​ថា Banda Sakអស់​លទ្ធភាព​តដៃនោះ អាជ្ញាកណ្តាល សម្រេច​បញ្ឈប់​ការ​ប្រកួត​របស់គេ​​តែម្តង។

បន្ទាប់ពីចាញ់​ដោយសន្លប់ ក្រោមស្នាដៃ​កីឡាករ​វ័យ​ក្មេង​របស់​កម្ពុជា ធន់ អៀនឡេង នេះ អតីតជើង​ខ្លាំង​របស់​ថៃ Banda Sak បាននិយាយថា៖ «វា​ពិតជារលកក្រោយច្រានរលកមុនមែន!បើទោះបីជា តាក់ទិក​នៃការប្រកួត មាន​ភាព​ប្រហាក់ប្រហែលគ្នា​មែន ប៉ុន្តែ​ការ​ថមថយ​កម្លាំងទៅ​តាម​អាយុ វាជាបញ្ហាសំខាន់ ដែល​ធ្វើ​ឱ្យ​ខ្ញុំ មានការ​លំបាក ក្នុងការទប់ទល់ជាមួយ ធន់ អៀនឡេង ដែលនៅក្មេង និង​មានកម្លាំង​ពេញ»។

ចំណែក​ជើង​ខ្លាំង​វាយមិនដក​ថយ ប៊ុន សុធា នៅតែមានបច្ចេកទេស​ប្រើកែង​បានល្អ ក្នុងការ​ផ្តួល​កីឡាករ​ថៃ PhatPhanthoek ឱ្យ​សន្លប់ ដោយការ​ប្រកួត​នេះ សុធា បានវាយកែង​ស្តាំចូល​មុខពេញ ​បណ្តាល​ឱ្យកីឡាករ​​ថៃដួលទាំងជំហរ និងត្រូវបានអាជ្ញាកណ្តាល​រាប់​ចំនួន​២​លើក នៅក្នុងទឹក​ទី​៣ មុនពេល​រាប់​ម្តង​ទៀត នៅដើមទឹកទី​៤ និងឈានទៅដល់​ការបញ្ឈប់ការ​ប្រកួត​តែម្តង ខណៈPhatPhanthoek អស់​លទ្ធភាព​តបតជាមួយ  ប៊ុន សុធា ទៀត​នោះ។

ចំពោះ​កីឡាករ​កម្ពុជា ខាំ កូនខ្លា វិញ បាន​តាមទាត់ ម៉ាត់ និង​វាយកែង​ទៅលើអ្នក​ប្រដាល់​​ថៃYorthPhat ជាបន្តបន្ទាប់ ខណៈដៃគូម្នាក់នេះ មិនសូវហ៊ាន​ចូលវ៉ៃប្តូរ​នោះ ហើយនៅពាក់កណ្តាលទឹកទី​៣ កណ្តាប់ដៃ​ស្តាំ​របស់ កូនខ្លា បានវាយ​ចូលពោះពេញ​ទំហឹង បណ្តាល​ឱ្យ​ថៃម្នាក់នេះ ដួល​ដេក មិនអាច​ក្រោក​រួច​នោះ​ទេ ខណៈនៅ​មុនដួលនេះ YorthPhatក៏​ត្រូវបាន ខាំ កូនខ្លា ទាត់ និង​វាយ​កែងចូល​មុខ​យ៉ាងដំណំផងដែរ៕

កីឡាករកម្ពុជា ធន់ អៀនឡេង បានទាត់អ្នកប្រដាល់ចាស់វស្សារបស់ថៃ Banda Sak នាជំនួប កាលពីថ្ងៃអាទិត្យ។ រូបថត សហការី