​​ក្រុម​ភ្នំពេញ​ក្រោន​របស់​កម្ពុជា នឹង​ត្រូវ​ធ្វើការ​ប្រកួតកាត់សេចក្តី​លើក​ចុងក្រោយ ក្នុង​វគ្គជម្រុះ​​តាមពូល​នៃពាន​រង្វាន់ AFC Cup ​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ដោយពួកគេ ត្រូវ​ជួបក្រុម​ម្ចាស់​ផ្ទះ Shan United របស់មីយ៉ាន់ម៉ា នា​យប់​ម៉ោង ៧ ចំណែក​​ក្រុមម្ចាស់​ផ្ទះ DH Cebu របស់​ហ្វីលីពីន ក៏ត្រូវ​ស្វាគមន៍​​ក្រុម​កំពុង​ឈរ​នៅលេខ​១ប្រចាំពូល Macarthur FC  របស់​អូស្រ្តាលី​ផង​ដែរ។

នៅមុនការជួបគ្នា ក្នុង​ពហុកីឡដ្ឋាន Thuwunna Stadium នៅទី​ក្រុង​ Yangon ប្រទេស​​មីយ៉ាន់ម៉ា ​នា​ព្រលប់​ថ្ងៃ​ទី​១៤ ខែធ្នូ​នេះ ក្រុម​ភ្នំពេញ​ក្រោន ធ្លាប់បាន​យក​ឈ្នះក្រុម Shan United រហូត​ដល់ ៤-០ សម្រាប់​ការ​ប្រកួ​តជុំទី​១ នៅពហុកីឡដ្ឋានជាតិ​អូឡាំពិក កាល​ពី​ថ្ងៃទី​៥ ខែតុលា ខណៈការ​ប្រកួត​៤​លើក​ទៀត ក្រុម​ភ្នំពេញ​ក្រោន បាន​ឈ្នះ​ ៣-០ និងចាញ់ ៥-០ ជាមួយ​ក្រុម Macarthur FC   និង​បានឈ្នះ​ក្រុម DH Cebu ទាំង​២​លើក ជាមួយ​លទ្ធផល ៤-០ និង​ ៣-០។

ជាមួយ​​លទ្ធផល​នេះ ក្រុម​ភ្នំពេញ​ក្រោន កំពុង​ឈរ​នៅលេខ​២​ ប្រចាំ​ពូល ​​F​ នេះ ដោយមាន​១២ពិន្ទុ ស្មើ​ជាមួយ​ក្រុម​លេខ​១ Macarthur FC របស់អូស្រ្តាលី ហើយការ​មាន​គ្រាប់បាល់​ចំណេញ​ចំនួន ៩ គ្រាប់ ​បាន​ជួយ​ឱ្យ​ភ្នំពេញ​ក្រោន មានឱកាស​អាច​ឡើង​ទៅប្រកួត​នៅ​វគ្គ Zonal semi-finals ក្នុងនាមជា​ក្រុម​ល្អជាង​គេ​ប្រចាំ​នៅតំបន់​​អាស៊ាន (A SEAN Zone) ស្ទើរ​ ១០០ ​ភាគរយ​ទៅហើយ។


ការ​មានភាគ​រយខ្ពស់​​បាន​ឡើង​ទៅ​វគ្គបន្ត​នេះ ដោយសារ​តែ​ក្រុម Teranganu របស់​ម៉ាឡេស៊ី ដែល​ឈរ​នៅលេខ​២​ប្រចាំ  A SEAN Zone បានបញ្ចប់ការ​ប្រកួត​ជម្រុះ​ក្នុងពូល​ G ទាំង ​​៦ ​លើក​របស់ពួកគេ ដោយឈ្នះ​៣ ស្មើ​៣ មាន​១២ពិន្ទុ គឺ​មានន័យ​ថា លុះ​ត្រាតែ​ក្រុម​ភ្នំពេញ​ក្រោន ភ្លាត់​ចាញ់​ក្រុម​ Shan United លើសពី ​៥​ គ្រាប់ ទើប  Teranganu អាចដណ្តើម​បាន​ឱកាស​ពី ភ្នំពេញ​ក្រោន ឡើង​ទៅវគ្គ​បន្ត ព្រោះ​ Teranganu មានគ្រាប់បាល់​ចំណេញ​ត្រឹម ​៤ ​គ្រាប់ គឺ​តិចជាង ភ្នំពេញ​ក្រោន ៥​គ្រាប់។

តែទោះបីជា​យ៉ាង​ណា គេ​មិនគិត​ថា ​ក្រុម​ភ្នំពេញ​ក្រោន បណ្តោយ​ឱ្យ​ការមាន​លទ្ធផល​ដ៏​អាក្រក់បែបនេះកើត​ឡើងនោះទេ។ បើទោះបីជាពួកគេ មានភាគ​រយតិច ក្នុងការ​ប្រជែង​យក​លេខ​១ ពី​ក្រុម Macarthur FC ប៉ុន្តែ ភ្នំពេញ​ក្រោន បានដាក់​គោលដៅ​​បន្ត​យក​ឈ្នះ​​ក្រុម​ Shan United នៅ​យប់នេះ បើទោះបីជាដឹង​​ថា ការ​ប្រកួតនេះ មានការ​លំបាក ដោយ​សារ Shan United កំពុងមានទឹក​ចិត្ត​ប្រកួត​ខ្លាំង ក្រោយពួកគេ ​ឈ្នះ​​ជើងឯក នៅ​លីគកំពូល​មីយ៉ាន់ (Myanmar National League) ឆ្នាំ​២០២៣នេះ​​ក៏​ដោយ។


លោក Oleg Starynskyi ​គ្រូ​បង្គោល​ក្រុម​ភ្នំពេញក្រោន ​បាន​និយាយ​ក្នុងសន្និសីទ​កាសែត នៅប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃពុធ ម្សិលមិញ​ថា៖​ «ការប្រកួតចុងក្រោយ​ប្រចាំ​ពូល​F ក្នុង​ពាន​រង្វាន់ AFC Cup នេះ ពិតជាសំខាន់ ហើយ​ក៏​ជា​រឿង​រំភើប​ផងដែរ សម្រាប់​យើង​ក្នុង​ការ​ត្រៀម​ខ្លួន​ទៅ​ជុំ​បន្ទាប់»។

គ្រូ​បង្វឹក​សញ្ជាតិអ៊ុយក្រែន​រូបនេះ បាន​បន្ថែម​ថា៖ «Shan United​ ទើប​ក្លាយជា​ម្ចាស់​ជើងឯក​​លីគកំពូល​​​មីយ៉ាន់ម៉ា ហើយ​ពួកគេ​ក៏​មិន​អាច​ឡើង​ទៅ​ជុំ​បន្ទាប់​បាន​​ដូចគ្នា ដូច្នេះ​​ក្រុម​នេះ នឹង​មិន​មាន​សម្ពាធ​អ្វី​ទេ​ ក្នុងការ​លេង​ជាមួយ​យើង​ ហើយ​​​​​ក្រុមនេះ ក៏មានគុណ​ភាពលេង​ល្អ ជាមួយ​កីឡាករល្អៗ​របស់​គេ ដែល​អាច​នឹង​ធ្វើ​ឱ្យ​ពួក​យើង មានការពិបាកផង​ដែរ។ តែទោះបីជា​យ៉ាង​ណា ​គោល​ដៅ​របស់​យើង ​គឺ​មិន​ត្រឹម​តែ​ការ​ឡើង​ទៅ​វគ្គ​បន្ត​នោះទេ ប៉ុន្តែ​​យើង​ចង់​បាន​ពិន្ទុ​បន្ថែម​ទៀត ​សម្រាប់​ជួយ​ក្រុម​នៅ​កម្ពុជា ​ក្នុង​ពាន​រង្វាន់ AFC Cup នា​ឆ្នាំ​ក្រោយៗទៀត»៕

សកម្ម ភាពប្រកួតរវាងក្រុមភ្នំពេញក្រោន (ពណ៌ ក្រហម) និង ក្រុម Shan United កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២៣។ រូប ថត AFC