កីឡាករ​លំដាប់លេខ​១ ​របស់​កម្ពុជា​ទាំង ​៤​ នាក់ រួម​មាន ផល សោភ័ណ្ឌ, លន បញ្ញា, យ៉េន ឌីណា និង មឿន សុខហ៊ុច សុទ្ធតែ​​បាន​បង្ហាញ​ការ​តាំង​ចិត្តខ្ពស់ ក្នុងការ​ប្រកួតដណ្តើម​យក​ឡាន​ខ្លាញ់​គោ​ទី​៣ ពី​ប៊ូសស្ត្រង ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ដីឡូតិ៍ក្បែរ​វត្ត​ស្ងួន​ពេជ្រ ខណ្ឌកំពូល នា​យប់​ម៉ោង​ ៧ ថ្ងៃព្រហស្បតិ៍នេះ ចំណែក​អ្នក​ល្បី ធឿន ធារ៉ា, ព្រំ សំណាង និង ពេជ្រ សម្បត្តិ ក៏​ត្រូវ​ដាក់​ឱ្យ​ប្រកួត​​អន្តរជាតិ ក្នុងពេលជាមួយគ្នា​នោះ​ផង​ដែរ។

នៅ​​ក្នុង​សន្និសីទសារព័ត៌មាន នៅក្នុងអគ្គនាយកដ្ឋាន​វិទ្យុ និងទូរទស្សន៍បាយ័ន បឹងស្នោរ កាលពី​ថ្ងៃទី​១៣ ខែធ្នូ លោក Chris Topher តំណាង​​ក្រុម​ហ៊ុន​ភេសជ្ជៈ​ប៉ូវ​កម្លាំងប៊ូសស្រ្តង និងតំណាង​អ្នក​រៀបចំ​ការ​ប្រកួត​របស់​សង្វៀន​បាយ័ន ​បាន​ហៅ​ការប្រកួត​នេះ​ថា ជា «មហា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ដ្រ​​​គុនខ្មែរ​ប្រកួតដណ្ដើមឡានខ្លាញ់គោទី៣ ពីប៊ូសស្រ្តង» ដែល​​​បាន​​រួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​លើក​កម្ពស់​វិស័យ​គុនខ្មែរ ទៅកាន់​ឆាក​អន្តរជាតិ ជា​ពិសេស​លើក​ស្ទុយ​​ជីវភាព​​របស់កីឡាករ ដែល​ធ្វើ​ឱ្យ​ពួកគេ កាន់តែ​មានកម្លាំង​ចិត្តខ្លាំង ក្នុងការ​ហ្វឹក​ហាត់ និង​ប្រកួត។

តាម​ការ​ប្រកាស នៅ​ក្នុងសន្និសីទសារព័ត៌មាន កាលពី​ថ្ងៃ​ពុធ​នោះ​ បាន​ឱ្យ​ដឹង​ថា ​ទាំង​កីឡាករ ផល សោភ័ណ្ឌ, លន បញ្ញា, យ៉េន ឌីណា និង មឿន សុខហ៊ុច សុទ្ធតែ​ត្រូវ​បាន​ដាក់ឱ្យប្រកួតជាមួយកីឡាករ​បរទេស ហើយ​អ្នក​ដែល​ទទួល​បាន​ជ័យ​ជម្នះ នឹងក្លាយជា​បេក្ខភាព ដែល​អាច​ឡើង​ទៅ​ប្រកួត​នៅវគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បីដណ្តើម​យក​ឡាន​ ប៉ុន្តែ​ការដណ្តើម​យក​ឡាន​នេះ ផ្តោត​តែកីឡាករ​ខ្មែរទេ។


ចំពោះ​រូបមន្ត និង​លក្ខខណ្ឌ​នៃ​ការប្រកួត​វិញ គឺ​បើសិនជា​កីឡាករ​កម្ពុជា ឈ្នះ​កីឡាករ​បរទេស​ទាំង​៤​នាក់ ឬ​ឈ្នះ​៣​នាក់ នោះ​គណៈកម្មការ នឹងធ្វើ​ការរាប់​នូវ​ចំនួន​អ្នកបោះឆ្នោត​ទៅលើ​ពួកគេ ដែល​ត្រូវបាន​ធ្វើឡើង តាមរយៈ​ផេ​ច​ហ្វេ​ស​ប៊ុ​ក «Boostrong»។ មានន័យថា បើ​បេក្ខភាព​២​នាក់ ដែល​ទទួលបាន​សំឡេង​បោះឆ្នោត​ច្រើនជាងគេ នឹងត្រូវ​ឡើងទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ​។​

ប៉ុន្តែ​បើ​កីឡាករ​កម្ពុជា ឈ្នះ​កីឡាករ​បរទេស​ត្រឹម​ ២​ នាក់ គឺ​អ្នក​ទាំង ២​ នោះ ត្រូវ​ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ ដណ្តើមយក​ឡាន​តែម្តង ដោយ​មិនចាំបាច់​រាប់​ការបោះឆ្នោត​របស់​អ្នកគាំទ្រ​ទេ ហើយ​បើសិនជា ក្នុងចំណោម​កីឡាករ​កម្ពុជា​ទាំង​ ៤​ នាក់​នេះ ឈ្នះ​កីឡាករ​បរទេស​បានតែ​១​នាក់ គឺ​ម្នាក់​នោះ នឹង​ទទួលបាន​ឡាន​តែម្តង​។​


ជាមួយ​លក្ខខណ្ឌ​នៃ​ការ​ប្រកួតនេះ​ទាំង ផល សោភ័ណ្ឌ, លន បញ្ញា, យ៉េន ឌីណា និង មឿន សុខហ៊ុច សុទ្ធតែ​បាន​ប្តេជ្ញា​ចិត្តខ្ពស់ ក្នុងការ​ប្រកួត ជាពិសេស​ការដណ្តើម​ឱ្យបានជ័យជម្នះ ក្នុង​ការ​ប្រកួត​ជម្រុះជាមួយ​កីឡាករ​បរទេស ដោយ​ក្នុង​នោះ  យ៉េន ឌីណា ត្រូវជួប​​អ្នក​ប្រដាល់​រស្ស៊ី Kirill Orlov រីឯ មឿន សុខហ៊ុច ​ត្រូវ​ប៉ះ​កីឡាករ​របស់អ៊ូហ្គាន់ដា Award Kazimba ហើយ ផល សោភ័ណ្ឌ ត្រូវ​តទល់​នឹង Sajjad Zubaidi របស់​ប្រទេសអ៊ីរ៉ាក់ ខណៈ លន បញ្ញា ត្រូវ​ប្រឈម​នឹងថៃ Sipsongpana Kiatwinai។

សម្រាប់​ការ​ប្រកួត​នេះ កីឡាករ ផល សោភ័ណ្ឌ បាន​និយាយ​ថា៖​ «​ខ្ញុំ​នឹង​ធ្វើ​ឱ្យ​បងប្អូន​ឃើញ​ច្បាស់ សម្រាប់ការ​ប្រកួត នៅជុំ​ទី​១ ​តែម្តង គឺអ្វីដែល​ជា​ទម្រង់វាយ​បែបកាចៗ និង​វ៉ៃ​តាម​បែប IQ ដែល​មិន​ធ្លាប់​ឃើញ គឺ​បង​ប្អូន នឹង​បានឃើញ នៅ​ក្នុងការ​ប្រកួតដណ្តើម​ឡាននេះ»។

ចំណែក លន បញ្ញា បាននិយាយ​ថា៖​ «​ខ្ញុំ​បានខិតខំហ្វឹកហាត់​ ១០០​ ភាគ​រយ សម្រាប់ការ​ប្រកួត​ដណ្តើម​ឡាន​នេះ ហើយខ្ញុំ​នឹង​ប្រឹង​ប្រែង​ប្រកួត​ឱ្យបាន​ល្អ ដើម្បីយកជ័យ​ជម្នះ​លើ​កីឡាករ​បរទេស ដើម្បីបាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយបើសិនជា​ខ្ញុំ​ដណ្តើម​បានឡាន​នេះ ខ្ញុំ​នឹង​យក​លុយ​​តម្លៃខ្លួន​របស់​ខ្ញុំ ទៅ​ទិញ​ហ្គង់​ចំនួន ​១០០ គូ និងអង្ករ យកទៅ​ចែក​ជូនដល់​បណ្តា​ក្លិប​ចំនួន ​១០ ដែល​កំពុងមានការ​ខ្វះ​ខាត»។

ចំពោះ យ៉េន ឌីណា វិញ បាន​និយាយ​ថា៖​ «​នេះជា​លើកទី​១ ដែល​ខ្ញុំ​មាន​ឱកាស​បាន​ប្រកួត​ដណ្តើម​​ឡាន ហេតុ​នេះ​ខ្ញុំ​​បាន​ព្យាយាម​ហ្វឹក​ហាត់ពេញ​ល្អ​ណាស់ ហើយ​អ្វី​ដែលជា​ការ​តាំង​ចិត្ត​របស់​ខ្ញុំ គឺ​ឡើង​ទៅ ដឹងតែ​វ៉ៃ​ហើយ មិន​ធ្វើ​ឱ្យ​បងប្អូន​អស់សង្ឃឹម​នោះ​ទេ»។ 

ជាមួយ​គ្នា​នេះ មឿន សុខហ៊ុច ក៏បាន​អះអាង​ថា បានត្រៀមខ្លួនបាន​ល្អ​ ១០០​ ភាគ​រយ​ ផងដែរ សម្រាប់ការ​ប្រកួត​ដណ្តើម​ឡាន ជា​លើកដំបូង​នេះ ដោយគេ​រំពឹង​ថា នឹង​អាច​​យក​ឈ្នះ​លើ​កីឡាករ​បរទេសបាន។ សុខហ៊ុច បាន​​បន្ថែម​ថា៖ ​«បើ​ខ្ញុំ​បាន​ឡើង​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យអស់ពី​សមត្ថ​ភាព ដណ្តើម​ឡាន​នេះឱ្យ​បាន»។ 

ដោយឡែកសម្រាប់ការ​ប្រកួត​មិត្ត​ភាពអន្តរជាតិវិញ ជើង​ខ្លាំង​របស់​កម្ពុជា ពេជ្រ សម្បត្តិ ​ត្រូវ​​ប្រកួតជាមួយ​កីឡាករ​របស់លីបង់ Rahmoun Majd រីឯ ព្រំ សំណាង ​ត្រូវជួបអ្នក​ប្រដាល់​របស់កាណាដា Jordin Henwood ក្នុងទម្ងន់​ ៨០ គីឡូក្រាម ហើយ​អ្នក​លេងពូថៅ​ដៃ ធឿន ធារ៉ា ​ត្រូវ​ប្រឈមជាមួយកីឡាករ​សាច់​តាន់​របស់អ៊ីរ៉ង់ Hassan Vahdani ចំណែកកីឡាករ​ថ្នាល ពេជ្រ សិង្ហៈ និង ប្រាក់ ចិត្ត្រា ក៏​ត្រូវដាក់​ឱ្យប្រកួតដណ្តើម​ប្រាក់​លាន ក្នុង​កម្មវិធី «ប៊ូស​ស្រ្តង​ជួយ​គុនខ្មែរ អ្នក​ខ្លាំង​ពូកែ ប៊ូសស្រ្តងឱ្យឡាន» នេះ​ដែរ។

ជាមួយគ្នា​នេះ លោក តែម ម៉ឺន ប្រធានសហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ ​បាន​ថ្លែង​ថា៖​«​នេះជា​ព្រឹត្តិការណ៍​ដ៏​ធំ ហេតុនេះ​សហព័ន្ធ ប្តេជ្ញាចិត្ត​ ដោយយកឱ្យ​អស់ពី​កម្លាំង​កាយ​ចិត្ត ក្នុង​ការ​សហការ​ជាមួយស្ថានីយទូរទស្សន៍បាយ័ន និងអ្នកពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​នេះ ឱ្យ​ទទួលបានជោគ​ជ័យ និង​ទទួលបានការគាំ​ទ្រ​ពីប្រជាពលរដ្ឋ​យើង នៅ​ទូទាំង​ប្រទេស​កម្ពុជា»៕

ការប្រកួត​របស់​សង្វៀន​បាយ័ន​ឈ្មោះ​ថា «មហា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ដ្រ​​​គុនខ្មែរ​ប្រកួតដណ្ដើមឡានខ្លាញ់គោទី៣ ពីប៊ូសស្រ្តង»។រូប សហការី