ភ្នំពេញៈ នៅទី​បំផុត​ការ​ព្យាយាម​ ដោយប្រើ​ញើសឈាម​ស្រស់ៗ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​របស់ ចាន់ ប៊ុនហឿន បាន​រក​ឃើញ​ជោគ​ជ័យ​ដ៏​សំខាន់បំផុត នៅ​ក្នុងអាជីព​របស់​គេ​ហើយ បន្ទាប់ពី​កីឡាករ​កម្ពុជា​រូបនេះ បាន​ផ្តួល​កីឡាករ​ថៃ Sakunthai Aphichet ឱ្យ​សន្លប់​ធំ ដើម្បី​ឈ្នះ​បានខ្សែ​ក្រវាត់ពី​ការ​ប្រកួត Cambodia Kun Khmer KKIF ហើយនេះ​ក៏ជា​ខ្សែ​ក្រវាត់​ដំបូង ដែល​​ព្រឹត្តិការណ៍នេះ ដាក់ឱ្យ​មាន​ការ​ប្រកួតដណ្តើម​ផងដែរ។
    ​តាម​រយៈ​ការ​ប្រកួត​​របស់​សង្វៀន​បាយ័ន ដែល​ធ្វើ​នៅ​មាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី​ថ្ងៃទី​១៦ ខែធ្នូ កន្លង​មកនេះ ចាន់ ប៊ុនហឿន បាន​ចូល​វាយសម្រុក​ទៅលើ​កីឡាករ​ថៃ Sakunthai Aphichet ភ្លាមៗ តាម​រយៈការ​ម៉ាត់ និង​ចូលចាប់បុកជង្គង់ ជាពិសេស​ការ​វាយ​កែងឆ្វេង​របស់​គេ។
    បើទោះបីជា  កីឡាករ Sakunthai Aphichet អាច​បិទ និងគេច​ផុត​ពីការ​តាម​វាយកែង​នេះ បានជា​ច្រើន​លើក ប៉ុន្តែ​នៅ​ចុង​ទឹក​ទី​១ ចាន់ ប៊ុនហឿន បានវាយកែង​ចូល​ផ្ទៃ​មុខ​ ហើយ​នៅពេល Sakunthai Aphichet បាន​ស្ទុះស្ទារ​តាម​វាយ​សង​វិញ​នោះ ប៊ុនហឿន បានបុក​កែង​ឆ្វេង​ ចូល​ផ្ទៃមុខ​ពេញ បណ្តាល​ឱ្យ​ថៃ​ម្នាក់នេះ ដួល​សន្លប់​ធំ​តែម្តង។
    ការ​ផ្តួល​កីឡាករ Sakunthai Aphichet ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​១​នេះ បាន​ជួយ​ឱ្យ ចាន់ ប៊ុនហឿន ​ឈ្នះ​ខ្សែ​ក្រវាត់ អម​ជាមួយ​ប្រាក់​រង្វាន់​ចំនួន​១០​លាន​រៀល ជា​លើកដំបូង។ ប៊ុនហឿន បាន​បង្ហាញ​ការ​រីករាយខ្លាំង​បំផុត ចំពោះ​ការដណ្តើម​បានខ្សែ​ក្រវាត់​នេះ ព្រោះ​រូបគេ​បាន​​រង់ចាំ​អស់​រយៈពេល​៥​ឆ្នាំ​ហើយ ទម្រាំ​រក​ឃើញ​ជ័យជម្នះ​ដ៏​សំខាន់នេះ បន្ទាប់ពី​កីឡាករ​មានជីវភាព​ខ្សត់​ខ្សោយ​រូបនេះ បាន​ចាញ់ពិន្ទុ ឡៅ ចិត្ត្រា សម្រាប់ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ កាលពី​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨។
    ជាមួយគ្នា​នេះ ប្រពន្ធ​របស់ ចាន់ ប៊ុនហឿន ដែលបានចូលរួម​លើក​ទឹកចិត្ត​ប្តី​ដោយ​ផ្ទាល់  សម្រាប់ការ​ប្រកួត កាលពី​ថ្ងៃសៅរ៍​នោះ បាន​និយាយ​ថា៖​ «​ខ្ញុំពិតជារំភើបខ្លាំងណាស់​​រហូត​ដល់​ញ័រ​ខ្លួន និង​ឡើង​ចង់​យំ​ទៅ​ហើយ ចំពោះ​ការ​​ឈ្នះ​​បាន​ខ្សែ​ក្រវាត់​របស់គាត់»។
    ចំណែកលោក ស្រី ចាន់​ថន ប្រធាន​ក្លិប​​ប្រដាល់​គុនខ្មែរ​អន្តរជាតិ Kun Khmer International Fight Gym (KKIF) ដែលជាអ្នក​បង្កើតឱ្យមានការ​​​ប្រកួត Cambodia Kun Khmer KKIF នេះ ក៏​បានបង្ហោះសារអបអរ​ដល់ ចាន់ ប៊ុនហឿន ផងដែរ ដោយ​លោក​បាន​សរសេរ​ថា៖​ «ទីបំផុត​ការ​តាំង​ចិត្ត​របស់​គាត់ បាន​ដូច​បំណង​ហើយ។ ​ខ្ញុំ​បាទ​សូម​ចូលរួម​អបអរ​សាទរ​យ៉ាង​ពេញទំហឹង​ សម្រាប់​កីឡាករ​គុនខ្មែរ ចាន់ ប៊ុនហឿន ដែល​ទទួល​បាន​ខ្សែ​ក្រវាត់​ដំបូង​បំផុត ក្នុងអាជីព ក្រោយផ្ដួលកីឡាករថៃ»។
    សម្រាប់​ការ​ប្រកួត កាលពី​ថ្ងៃសៅរ៍​នោះ​ដែរ ជើងខ្លាំងជាម្ចាស់មេដាយមាសស៊ីហ្គេម ឈុត សេរីវ៉ាន់​ថង បានពោលពាក្យ​សរសើរ​ពី​ភាព​វ៉ៃ​ឆ្លាត​របស់​កីឡាករ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​របស់ម៉ាឡេស៊ី Mohd Azhi Bin Nazman ដែល​​បាន​វ៉ៃ​ឱ្យ​រូបគេ បែកចុង​ចិញ្ចើម​ខាង​ស្តាំ តាំងពី​ទឹក​ទី​១។ ប៉ុន្តែ វ៉ាន់​ថង បាន​តាមវាយ​កែង​បណ្តាល​គូ​ប្រកួត​ម្នាក់នេះ បែក​ចិញ្ចើម​ខាង​ស្តាំ​វិញ នៅទឹក​ទី​២ ហើយ​ក្រោយ​ការ​ប្រកួត​ត្រឹម​៣ទឹក​ដ៏​តានតឹងនេះ​បានបញ្ចប់ គឺ​ចៅ​ក្រម​បាន​ផ្តល់ពិន្ទុ​ឱ្យ ឈុត សេរីវ៉ាន់ថង ឈ្នះដោយពិន្ទុ​ជាឯកច្ឆន្ទ។
ប្រកៀកស្មាគ្នា ក្នុងពេល​រង់ចាំ​គ្រូពេទ្យ​ដេរមុខ​របួស​បែក​នេះ ឈុត សេរីវ៉ាន់ថង បាន​និយាយ​ថា៖​ «​គាត់ជា​កីឡាករ​ល្អមែន​ទែន និយាយ​ឱ្យ​ចំ​ទៅ គាត់ជា​កីឡាករ​ស្វិត ហើយធន់ ចំណែក​អាវុធ​របស់​គាត់ គឺ​​យើងពិបាកក្នុងការ​​ទប់​​ជាមួយគាត់ ដោយសារ​គាត់​ចេញ​ចូល​លឿន រីឯ​ដៃ​របស់​គាត់​ក៏​ល្អ។ កីឡាករ​ផ្សេងៗ យើង​អាច​ញាក់​វ៉ៃ​បាន ប៉ុន្តែ​គាត់​ម្នាក់នេះពិបាក​ណាស់ ដោយសារគាត់វ៉ៃ​ឆ្លាត អ៊ីចឹង​អ្នក​ឆ្លាត​ប៉ះអ្នក​ឆ្លាត គឺ​បែក​ទាំង​២នាក់បែបនេះ​ឯង»។
ចំណែក​កីឡាករ​របស់ម៉ាឡេស៊ី Mohd Azhi Bin Nazman ក៏​បានពោលពាក្យ​សរសើរ​ពីគុណ​ភាព​អ្នកប្រយុទ្ធ​របស់គុនខ្មែរ​ផងដែរ ដោយ​រូបគេ​បានបញ្ជាក់​​ថា៖ ​«ការ​ប្រកួត​គុនខ្មែរ​នេះ ពិតជា​មានការ​ពិបាក​ខ្លាំង ព្រោះ​ដៃគូ​របស់​ខ្ញុំ គាត់​ខ្លាំង ប៉ុន្តែ​វា​មិនជាបញ្ហាអ្វី​នោះ​ទេ ចំពោះ​ខ្ញុំ ដែលជា​អ្នក​​ប្រដាល់»។
ចំណែក ឡុង សំណាង បាន​យក​ឈ្នះកីឡាករ​ថៃ Wongaon Teerawat ដោយពិន្ទុ ប៉ុន្តែ​កូនសិស្ស​របស់​លោក ឡុង សាវ័ន្ត រូបនេះ បាន​បង្ហាញការមិនពេញ​ចិត្ត​ទៅ​នឹង​ដៃគូ​របស់​ខ្លួន ដែល​បង្ហាញ​កាយវិការមិនពេញ​ចិត្ត ចំពោះការ​កាត់សេចក្តីនេះ បើទោះបីជាជំនួប​នេះ Wongaon Teerawat ត្រូវ​បាន ឡុង សំណាង ដេញ​​តាម​វ៉ៃពេញ​រេញ ស្ទើរ​៣​ទឹក​ពេញ​ក៏​ដោយ។
ឡុង សំណាង បាន​និយាយ​ ក្រោយការ​ប្រកួត​ថា៖​ «​វា​មានការពិបាក​ដែរ ព្រោះ​គាត់​ថយ​ច្រើន​ពេល ដល់អ៊ីចឹង​យើងត្រូវចំណាយ​កម្លាំង​ច្រើន ក្នុងការ​តាម​វាយ។ គាត់​អត់​ហ៊ានឈរ​​វ៉ៃ​ចំ​ជាមួយ​យើង​ទេ ហើយ​ចុង​ក្រោយ​ឃើញ​គាត់​មិន​ពេញ​ចិត្តនឹង​លទ្ធផលទៅ​ទៀត! ខ្ញុំ​មិនដឹងគាត់​គិត​យ៉ាង​ម៉េច បើ​គាត់រត់ពេញ​រេញ ហើយមកបង្ហាញ​អារម្មណ៍​មិនទទួលស្គាល់ការ​ពិត​បែប​នេះ»៕