​ភ្នំពេញៈ ជុំវិញ​ដំណើរ​ការវិវឌ្ឍ​ដ៏​វែងឆ្ងាយ នៃ​វិស័យ​កីឡា​រាំ នៅ​ប្រទេស​កម្ពុជា​នេះ លោកស្រី ញ៉ែម មរកត រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​បរិយាយ​ទាំង​អារម្មណ៍​ក្តុកក្តួល និង​អួលដើមក​ថា កីឡា​រាំ បាន​ផ្តើមចេញពី​បាតដៃ​ទទេ ក្រោម​ការលះបង់​ប្រកប​ដោយ​ឆន្ទៈ​របស់​អ្នកពាក់ព័ន្ធ​ទាំងអស់ ដោយមាន​ថ្នាក់​ដឹក​នាំ សុទ្ធតែ​ស្ត្រី និង​មាន​គ្រូបង្វឹក​បុរស​តែ​ ១ ​នាក់​ទេ​។​


​លោកស្រីបានបញ្ជាក់​ទាំង​ទឹកភ្នែក​ថា​៖ «​ទម្រាំ​ទទួលបាន​លទ្ធផល​រីកចម្រើន​ដូច​ពេល​​នេះ គឺ​ក្នុង​រយៈពេល​ជាង ​១០ ឆ្នាំនេះ សហព័ន្ធ​វិះ​នឹងត្រូវ​រំសាយ​ចោល ដោយ​ជួប​នូវ​ឧ​ប​សគ្គ​ច្រើនពេក គឺ​ពិបាក​ខ្លាំងណាស់​។ ពេលខ្លះ​ពួកយើង​ប្រឹង​ធ្វើ​កិច្ចការ​នេះ​ទាំង​ទឹក​​ភ្នែក ទទួល​ការរិះគន់​មើល​ស្រាល​ថា ជា​សហព័ន្ធ​កីឡា​តូចតាច គ្មាន​បានការ ប្រធាន​ជា​ស្ត្រី​ហើយ​អត់លុយ​។​ល​។

ចំណែក​សិស្ស ដែល​ចូល​ហាត់​សុទ្ធតែ​កូន​មន្ត្រី​មកពី​ក្រសួង​អប់រំ ខ្លះ​ក្រ​រត់​ម៉ូតូឌុប លក់ដូរ​លើ​កញ្ច្រែង​តិចតួច ប៉ុន្តែ​ដោយ​​សារ​ការស្រឡាញ់​កីឡា​នេះ គឺ​ពួកគាត់​បាន​ព្យាយាម​លះបង់​កាត់​ពី​មាត់​ពី​ក​យក​កូនចៅ​មក​ហ្វឹកហាត់​»​។​


​ទន្ទឹមនឹងនេះ សហព័ន្ធ​កីឡា​​រាំ​កម្ពុជា ក៏​កំពុង​ប្រឈម​នឹង​ការលំបាក​ដូចជា​កង្វះខាត​គ្រូបង្វឹក​កីឡា​រាំ​កម្រិត​ខ្ពស់ ខ្វះ​លទ្ធភាព​ក្នុងការ​បញ្ជូន​កីឡាករ ទៅ​ប្រកួតប្រជែង​នៅក្រៅ​ប្រទេស ដោយ​ត្រូវ​ការចំណាយ​ច្រើន ទៅលើ​សំបុត្រ​យន្តហោះ និង​ការ​ស្នាក់នៅ​ហូបចុក​ផ្សេងៗ ចំណែក​ទីតាំង​ហ្វឹកហាត់ ក៏មាន​ភាព​តូចចង្អៀត មិនទាន់​ស្របតាម​ស្តង់ដា​បច្ចេកទេស​របស់​កីឡា​រាំ​អន្តរជាតិ ហើយ​អ្វីដែល​សំខាន់ និង​គួរឱ្យ​អនិច្ចា​នោះ គឺ​ក្រុម​អត្ត​ព​លិ​ក​កីឡា​រាំ​កម្ពុជា នៅ​មិនទាន់មាន​សម្លៀកបំពាក់​គ្រប់គ្រាន់ ក្នុងការ​ហ្វឹកហាត់ និង​ការប្រកួត​នោះទេ​។​

​លោកស្រី ញ៉ែម មរកត បាន​និយាយ​ទាំង​អារម្មណ៍​ក្តុកក្តួល​ថា​៖ «​សម្លៀកបំពាក់ និង​ស្បែក​ជើង​ប្រកួត​នៃ​ប្រភេទ​កីឡា​រាំ​នេះ មានតម្លៃ​ថ្លៃ ដោយ​ត្រូវ​កម្មង់​ទិញ​ពី​ក្រៅប្រទេស ដើម្បីឱ្យ​ស្របតាម​ស្តង់ដា​អន្តរជាតិ គឺ​មិន​ដូច​ប្រភេទ​កីឡា​ផ្សេង​ទេ ហេតុនេះ​កូន​មន្ត្រីរាជការ និង​កូនអ្នកមាន​ជីវភាព​ខ្សត់ខ្សោយ​មានការ​លំបាក​ទិញ​សម្លៀក​បំពាក់​ឱ្យ​កូន​ស្លៀកពាក់​ណាស់ ពួកគាត់​ស្លៀក​ដដែលៗ និង​ចែករំលែក​គ្នា ឬ​ខ្ចី​គ្នា​ប្រើ​បន្ត គួរឱ្យ​អាណិត​ខ្លាំងណាស់​»​។​


​ដោយមាន​ដើមកំណើត​មកពី​ទ្វីបអឺរ៉ុប និង​ទ្វីបអាមេរិក​ឡាទីន កីឡា​រាំ​អន្តរជាតិ បានចាប់ផ្តើម​មាន​វត្ត​មាន នៅក្នុង​ប្រទេស​កម្ពុជា បន្ទាប់ពី​សហ​ព័ន្ធ​កីឡា​រាំ​កម្ពុជា ត្រូវបាន​បង្កើតឱ្យមាន​ឡើងជា​ផ្លូវការ នៅ​ឆ្នាំ​ ២០០៩ ដោយមាន​ការ​ទទួលស្គាល់​ពី​ក្រសួង​អប់រំ យុវ​ជន និង​កីឡា និង​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា ហើយ​បានទទួល​ស្គាល់​ពី​សហព័ន្ធ​កីឡា​រាំ​អាស៊ី និង​សហព័ន្ធ​កីឡា​រាំ​ពិភពលោក នៅ​ឆ្នាំ​ ២០១៦​។ 

​កីឡា​រាំ​អន្តរជាតិ​នេះ ត្រូវបាន​បែងចែក​ជា​ចង្វាក់រាំ Latin Dance ដែលមាន​ ៥ ​ចង្វាក់ គឺ​ចង្វាក់ Cha ChaCha, Jive, Rumba, Sumba, Paso Double និង​ចង្វាក់រាំ Standard Dance ដែលមាន​៥​ចង្វាក់​ដែរ គឺ​ចង្វាក់ Waltz, Viennese Waltz, Tango, Quickstep, Foxtrot ចំណែក​ការហ្វឹកហាត់ គឺ​ទាមទារ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ និង​ប្រើពេល​យូរ​ឆ្នាំ ទើប​អាច​ក្លាយជា​កីឡាករ កីឡាការិនី​ជំនាញ អាច​ចូលរួម​ប្រកួតប្រជែង នៅលើ​ឆាក​អន្តរ​ជាតិ​បាន​។

ជាមួយគ្នានេះ សម្លៀកបំពាក់ និង​ស្បែកជើង សម្រាប់​ប្រើ​ក្នុងពេល​ហ្វឹកហាត់ និង​ពេល​ប្រកួត គឺមាន​តម្លៃ​ថ្លៃ ដោយ​ត្រូវ​កម្មង់​ទិញ​ពី​ក្រៅ​​ប្រទេស ដើម្បីឱ្យ​ស្របតាម​ស្តង់​ដា​អន្តរជាតិ ប៉ុន្តែ​ដោយសារ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា គ្មាន​ដៃគូ​ឧបត្ថម្ភ និង​គ្មាន​កញ្ចប់​ថវិកា​ផ្ទាល់ខ្លួន​ផង​នោះ ហេតុនេះ​ការបណ្តុះ​ធនធាន​កីឡាករ កី​ឡា​ការិនី បាន​ប្រឈម​ការ​លំបាក​ខ្លាំង ហើយ​គ្រូ​ជំនាញ​មានគុណ​វុ​ឌ្ឍ​លើ​ប្រភេទ​កីឡា​នេះ ក៏​ខ្សត់​ផងដែរ​។​

​នៅក្នុង​ដំណាក់កាល​នៃ​ការ​អភិវឌ្ឍ ចាប់ពី​ឆ្នាំ​ ២០១៦ ដល់​ឆ្នាំ ​២០២១ សហព័ន្ធ​កីឡា​រាំ​កម្ពុជា មាន​គ្រូបង្វឹក​បរទេស​ជាប់កិច្ចសន្យា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ចំនួន ​២ នាក់ មកពី​ប្រទេស​អ៊ុយ​ក្រែ​ន ព្រមទាំង​គ្រូបង្វឹក​ជម្រើសជាតិ​ចំនួន ​២ ​នាក់ និង​អ្នកគ្រូ​បង្វឹក​ចំនួន ​១ ​នាក់ ហើយ​នៅ​ឆ្នាំ​ ២០២២ សហព័ន្ធ មាន​គ្រូបង្វឹក​បរទេស​ជាប់កិច្ចសន្យា​ចំនួន​ ១ ​នាក់ មកពី​ប្រទេស​អូស្ត្រាលី ព្រមទាំង​គ្រូ​ជម្រើសជាតិ​ ៣ ​នាក់ និង​គ្រូបង្វឹក​ក្នុង​សហព័ន្ធ​ចំនួន​ ៣ ​នាក់​ទៀត​។​

​តាមរយៈ​ការបណ្តុះបណ្តាល ដែល​ផ្តើមចេញពី​ការ​មាន​សិស្ស​ហាត់​ត្រឹម ៣​ នាក់​នោះ គឺ​នៅពេលនេះ សហព័ន្ធ​កីឡា​រាំ​កម្ពុជា ទើប​បណ្តុះបណ្តាល​បាន​អត្ត​ព​លិ​ក​ចំនួន​ ៥៥ ​នាក់​ទេ ដែលមាន​អាយុ​ចាប់ពី​ ៥ ​ឆ្នាំ ដល់​ជាង ២០ ​ឆ្នាំ ហើយ​អ្នក​ទាំងនេះ បាននិងកំពុង​ហ្វឹក​ហាត់​នៅ​ក្លិប​ក្រសួងមហាផ្ទៃ ក្លិប​កងទ័ពជើងទឹក ក្លិប​ខេត្តកណ្ដាល ក្លិប​ខេត្តកំពង់ចាម និង​ក្លិប​វេស​ឡាញ ដែលជា​ក្លិប​ចំណុះឱ្យ​សហព័ន្ធ​។​

​យ៉ាងណាមិញ នៅ​ឆ្នាំ ​២០២៣ ​នេះ កីឡាករ កីឡាការិនី​រាំ​ចំនួន​ ១៧ ​នាក់ (​ស្រី ​៧​ នាក់​) ត្រូវបាន​ម​ជ្ឃ​មណ្ឌល​ជាតិ​ហ្វឹក​​ហឺ្វ​ន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើការ​ប្រមូលផ្តុំ​ជា​ជម្រើសជាតិ ដើម្បី​ហ្វឹកហាត់​លើ​វិញ្ញាសា Latin Dance, Standart Dance និង​វិញ្ញាសា Breaking Dance ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​ប្រកួត​កីឡា​រាំ នៅលើ​ឆាក​អន្តរ​ជាតិ ជាពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​ ៣២ ដែល​កម្ពុជា បាន​ធ្វើជា​ម្ចាស់ផ្ទះ ជា​ប្រវត្តិសាស្ត្រ​លើកដំបូង កាលពី​ខែឧសភា​។​បើទោះបីជា ក្រុម​ជម្រើសជាតិ​កីឡា​រាំ​កម្ពុជា នៅតែ​មិនអាច​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​ស៊ី​ហ្គេម​។ 

​តែ​ទោះបីជា​យ៉ាងណា វត្តមាន​ចូលរួម​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់លោក​ស្រី ពេ​ជ​ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា នៅក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​រាំ​ជ្រើសរើស​ជើង​ឯក​ថ្នាក់ជាតិ ឆ្នាំ​ ២០២៣ នៅ​សាល​ដំបូលទូក​នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា កាល​ល្ងាច​ថ្ងៃទី​ ១១ ខែធ្នូ បាន​ក្លាយជា​ក្តីសង្ឃឹម​ថ្មី សម្រាប់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ព្រោះ​ស្ត្រី​ទី១​ របស់​កម្ពុជា​រូបនេះ បានប្រកាស​គាំទ្រ និង​ជួយ​ដល់​សហព័ន្ធ​នេះ ដើម្បីឱ្យ​មានលទ្ធភាព​កាន់តែច្រើន ក្នុងការ​ឈានទៅ​ប្រកួតប្រជែង​យក​មេដាយ​ជូន​ជាតិ​បន្ថែមទៀត​។​

​លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ ម៉ា​ណែ​ត ថ្លែងថា​៖ «​ក្រោយពី​បាន​ស្តាប់​នូវ​របាយការណ៍​ការ​​វិ​វ​ឌ្ឍ និង​បញ្ហា​ប្រឈម​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ លោកជំទាវ ញ៉ែម មរកត ជា​ប្រធាន​សហព័ន្ធ ព្រម​...​ប្រធាន អនុប្រធាន​កិត្តិយស អគ្គលេខា​ធិ​ការ អគ្គលេ ខាធិការរង គ្រូបង្វឹក ក្រុមការងារ​ប្រតិបត្តិ ក្រសួង​ពាក់ព័ន្ធ សប្បុរសជន និង​វិស័យ​ឯកជន ដែល​កន្លងមក បាន​ខិតខំ​តស៊ូ​ចែករំលែក​សហការគ្នា​ដឹកនាំ​ពង្រឹង​សហព័ន្ធ​កីឡា​រាំ តាំងពី​បាតដៃ​ទទេ​»​។​

​លោកស្រីថ្លែងថា​៖ «​ផ្តើមចេញពី​ការ​មាន​សិស្ស​ត្រឹម​ ៣​ នាក់ តែ​ពេលនេះ​សហព័ន្ធ​កីឡា​រាំ រីកចម្រើន​ដោយមាន​ធនធាន​កីឡាករ​កីឡាការិនី​ឆ្នើមៗ​ជាច្រើន ដើម្បី​ចេញទៅ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​ជាមួយ​ប្រទេស​ធំៗ និង​ទទួលបាន​មេដាយ​ច្រើន​គួរ​ជាទី​មោទនៈ ហើយ​ក្នុងឱកាស​នេះ ខ្ញុំម្ចាស់​សូម​ក្រាបបង្គំ​ថ្លែង​ព្រះ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ថ្វាយ​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះ​វរមាតា​ជាតិខ្មែរ​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ដែល​តែង​យក​ព្រះទ័យ​ទុកដាក់​លើក​កម្ពស់​វិស័យ​កីឡា ធ្វើឱ្យ​កូន​​ចៅ​របស់​ព្រះអង្គ កាន់​តែមាន​កម្លាំងចិត្ត​ខ្លាំង​ឡើង​ថែមទៀត​»​។​

​ជាមួយគ្នានេះ លោកស្រី ពេ​ជ​ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ដល់​ក្រសួង​ពាក់ព័ន្ធ គណៈកម្មាធិការ​ជាតិ​អូឡាំពិក វិស័យ​ឯកជន និង​អង្គការ​ដៃគូ សូមជួយ​គាំទ្រ​នូវ​ថវិកា សម្ភារ​បច្ចេកទេស ទីកន្លែង​ហ្វឹកហាត់​សមស្រប​ដល់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ដែល​ដឹកនាំ​ដោយ​ក្រុម​ស្ត្រី បង្ក​ឱកាស​ដល់​សហព័ន្ធ​នេះ បាន​បន្ត​បេសកកម្ម ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​រាំ ទាំង​ធន​ធាន​កីឡាករ កីឡាការិនី និង​គ្រូ​បច្ចេកទេស ឱ្យ​កាន់តែ​រីកចម្រើន​ទៅមុខទៀត​ស្របតាម​ស្តង់ដា​អន្តរជាតិ​។ លោកស្រី ក៏បាន​ប្រកាស​ជួយ​ដល់​សហព័ន្ធ​កីឡា​រាំ​ផងដែរ​។​

​លោកស្រីបញ្ជាក់ថា​៖ «​នៅពេល នេះ​វិស័យ​កីឡា​របស់​យើង កាន់តែ​ទទួលបាន​ការគាំទ្រ​ច្រើន និង​កាន់​តែមាន​ភាព​​ល្បីល្បាញ អ៊ីចឹង​ខ្ញុំ​គិតថា នឹងមាន​អ្នក​ឧបត្ថម្ភ​កាន់តែច្រើន​ដល់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ហើយ​ខ្ញុំ ក៏​នឹងចូលរួម​ជួយ​ម្នាក់​ផងដែរ​»​។​

​ការប្រកាស​ចូលរួម​ជួយ​របស់​លោកស្រី ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត នេះ បានធ្វើឱ្យ​ក្រុមគ្រួសារ​កីឡា​រាំ​នៅ​កម្ពុជា មានការ​សាទរ​ខ្លាំង ហើយ​ជា​មួយ​គ្នា​នេះ​វត្តមាន​ចូលរួម​របស់លោក​ស្រី តាន់ ម៉េង​ហួយ កេ​គីម​សែ នាយ​ខុ​ន្ទ​កាល័យ​សម្តេចព្រះ​មហាក្សត្រី​នរោត្តម មុនិនាថ សីហនុ  ​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី លោកស្រី ហ៊ុន ស៊ី​ណាត អគ្គទីប្រឹក្សា​ផ្ទាល់​សម្តេចព្រះ​អភិ​សិរី​សុគន្ធ មហាសង្ឃរាជ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ភរិយា​របស់លោក​ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី ជាច្រើនរូប​ទៀត នៅក្នុង ពិធី​បើក​បិទ ការប្រកួត​កីឡា​រាំ​ថ្នាក់ជាតិ ឆ្នាំ​ ​​២០២៣​​ ​នេះ ក៏បាន​ក្លាយជា​ក្តីសង្ឃឹម​ថ្មី​របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ផងដែរ​។​

​ស្ថិតក្នុង​ស្ថានភាព​បែប​នេះ លោកស្រី ញ៉ែម មរកត បាន​ថ្លែងថា​៖ «​នាង​ខ្ញុំ​សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត ចំពោះ​វត្តមាន​ដ៏​ខ្ពង់​ខ្ពស់​របស់លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា ​(​និង​ភ្ញៀវ​ទាំងអស់​)​ ដែល​មកពី​វិស័យ​ឯកជន ចូល​​រួម​នៅក្នុង​ការប្រកួត​ថ្នាក់ជាតិ​នេះ ធ្វើឱ្យ​យើងខ្ញុំ​មាន​ក្តីរំភើប​យ៉ាងខ្លាំង ហើយ​គិតថា សហ​ព័ន្ធ​កីឡា​រាំ​កម្ពុជា លែងមាន​ភាព​ឯកោ​ទៀតហើយ ចាប់ពីពេលនេះ​តទៅ​»៕