ភ្នំពេញៈ លោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជំរុញឱ្យគ្រប់សហព័ន្ធកីឡាជាតិ ត្រូវចាត់តាំងមន្ត្រីបង្គោលរបស់ខ្លួន ឱ្យមកធ្វើការងារទៅលើការបំពេញលិខិតស្នាមផ្សេងៗជាមួយមន្ត្រីរបស់ NOCC ដើម្បីធ្វើបណ្ណមូលនិធិសមធម៌សុខាភិបាល (បណ្ណ ម.ស.ស) ជូនដល់កីឡាករ កីឡាករជម្រើសជាតិ និងកីឡាជំនាញកម្រិតខ្ពស់ ដើម្បីឱ្យពួកគេអាចប្រើបណ្ណនេះ យកទៅព្យាបាលជំងឺឬហេតុការណ៍អ្វីទៀត ដោយមិនគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ។
ការជំរុញបែបនេះ ដោយសារតែសហព័ន្ធកីឡាជាតិមួយចំនួន មិនបានសហការ ក្នុងការចូលរួមបំពេញឯកសាររបស់កីឡាករ កីឡាការិនី សម្រាប់ការស្នើសុំធ្វើបណ្ណម.ស.សនេះ កាលពីឆ្នាំ២០២២ បន្ទាប់ពីNOCC ទទួលបានបណ្ណម.ស.សនេះចំនួន២លើក ពីរាជរដ្ឋាភិបាល សម្រាប់យកមកផ្តល់ជូនគ្រូបង្វឹក និងកីឡាករ កីឡាការិនី ចំនួន ៣៥៩ នាក់ លើ១៦ប្រភេទកីឡា សម្រាប់ការស្នើសុំកាលឆ្នាំ២០១៩ លើកទី២ បានចំនួន ៥៤៦ នាក់ លើ ១៥ ប្រភេទកីឡា កាលពីឆ្នាំ២០២០។
នៅក្នុងកិច្ចប្រជុំជាមួយតំណាងសហព័ន្ធទាំង ៥១ នៅទីស្នាក់ការ NOCC កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ លោក ថោង ខុន បានថ្លែងថា៖ «បច្ចុប្បន្ននេះ ក្រុមជម្រើសជាតិ នៅក្នុងជំនាញកម្រិតខ្ពស់ភាគច្រើន មិនមានបណ្ណ ម.ស.ស ទេ លើកលែងតែកីឡាករ កីឡាការិនី ជាមន្ត្រីរាជការ ឬបុគ្គលិកឯកជន ដែលអង្គភាព និងស្ថាប័នរបស់ខ្លួនជាអ្នកធ្វើឱ្យ ហេតុនេះខ្ញុំសុំឱ្យមានការយកចិត្តទុកដាក់ធ្វើការងារនេះ ហើយបើមានបញ្ហាអ្វី យើងនឹងស្នើទៅរាជរដ្ឋាភិបាលបន្ថែមទៀត គឺយើងត្រូវតែខំប្រឹងជំរុញឱ្យកិច្ចការងារនេះឱ្យបាន»។
លោកបានថ្លែងថា៖«យើងធ្លាប់បានធ្វើការងារនេះ២ដងហើយ ហើយឥឡូវសូមធ្វើការងារនេះឡើងវិញ ដោយគ្រប់សហព័ន្ធទាំងអស់ ត្រូវចាត់មន្ត្រីបង្គោលម្នាក់ ដើម្បីមកធ្វើការងារនេះឱ្យបានច្បាស់លាស់ជាមួយមន្ត្រីរបស់ NOCC ហើយខ្ញុំគិតថា វាមិនពិបាកនោះទេ ឱ្យតែយើងមានឯកសារគ្រប់គ្រាន់ គឺត្រឹម៣សប្តាហ៍អី នឹងអាចស្នើសុំបណ្ណ ម.ស.ស នេះ ឱ្យកីឡាករ កីឡាការិនីរបស់យើងបានហើយ»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដែលទទួលបន្ទុកផ្នែកកីឡា បានអះអាងថា ការធ្វើបណ្ណ ម.ស.ស សម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិ និងកីឡាករជំនាញកម្រិតខ្ពស់នេះ វានឹងផ្តល់នូវទំនុកចិត្តបន្ថែមទៀត ដល់ក្រុមអត្តពលិក ដើម្បីបង្កើនកម្រិតបច្ចេកទេសរបស់ពួកគេឱ្យកាន់តែប្រសើរ។
លោកបានថ្លែងថា៖«ក្នុងនាមជាសហព័ន្ធកីឡាជាតិ យើងត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវពីសុខទុក្ខរបស់កីឡាករ កីឡាការិនី ដែលជាតួអង្គដ៏សំខាន់របស់យើង ហើយការទទួលបន្ទុកទៅលើផ្នែកសុខភាពនេះ វាជាចំណែកមួយ ក្នុងការជំរុញដល់បច្ចេកទេស ព្រោះបើយើងមិនបានរៀបចំ ដើម្បីធ្វើឱ្យពួកគាត់មានស្មារតី និងមានទំនុកចិត្ត ទៅលើការធ្វើបច្ចេកទេសរបស់គាត់ក៏គាត់ មានការលំបាកក្នុងការផ្សងគ្រោះថ្នាក់ ទៅលើជំនាញនេះដែរ ព្រោះខ្លាចថា ពេលមានបញ្ហា មិនមានពេទ្យជួយព្យាបាល ដោយមិនយកប្រាក់ ហើយមានតែកីឡាករ កីឡាការិនីទេ ទើបដឹងរឿងនេះច្បាស់»។
អ្នកជំនាញកីឡារូបនេះ បានបន្ថែមថា៖ «ខ្ញុំធ្លាប់ជាកីឡាករទៅហ្វឹកហាត់នៅប្រទេសកូរ៉េ ២ ឆ្នាំ ហើយពេលទៅដល់ខាងកូរ៉េ គេឱ្យខ្ញុំចុះហត្ថលេខាទទួលយកការព្យាបាលរយៈពេល២ឆ្នាំ ដោយមិនគិតថ្លៃ ដល់អ៊ីចឹងនៅក្នុងការហាត់ គឺយើងហ៊ានប្តូរ ដោយសារយើងមានទំនុកចិត្តថា បើមានបញ្ហាថ្លោះ គ្រេច បាក់ឆ្អឹង ឬសន្លប់ គឺមានពេទ្យចាំជួយព្យាបាលឱ្យយើងដោយមិនអស់ប្រាក់»។
អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «នៅពេលហ្វឹកហាត់ យើងហ៊ានវ៉ៃប្តូរច្រើន គឺកម្រិតបច្ចេកទេសរបស់យើង នឹងមានការកើនឡើង ហេតុនេះសូមឱ្យគ្រប់សហព័ន្ធទាំងអស់ យកចិត្តទុកដាក់ធ្វើការងារនេះជាមួយគ្នា ដើម្បីទទួលបានប័ណ្ណម.ស.ស ជូនដល់ក្រុមអត្តពលិកជម្រើសជាតិ និងកីឡាករជំនាញរបស់យើង»៕