ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​កោតសរសើរ​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​លើ​តុ​កម្ពុជា​ថា មានការ​រីកចម្រើន​លឿន ដោយបាន​បង្កើតឱ្យមាន​សកម្មភាព​ទាំង​ថ្នាក់ជាតិ និង​អន្ដរជាតិ ទោះបីជា​សហព័ន្ធ​នេះ ទើបតែ​ត្រូវបាន​បង្កើតឱ្យមាន​ឡើង នៅក្នុង​អំឡុងពេល ដែល​កម្ពុជា​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

ការកោតសរសើរ​រប​ស់លោក ថោង ខុន ត្រូវបាន​ធ្វើឡើង ក្នុង​ពិធី​បិទ​ការប្រកួត​កីឡាបាល់ទាត់​លើ​តុ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ លើក​ទី​១ ឆ្នាំ​២០២៣ នៅ​ទីលាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ល្ងាច​ថ្ងៃទី​២៦ ខែធ្នូ ដោយ​ការប្រកួត​នេះ​បាន​រយៈពេល​២​ថ្ងៃ ក្រោម​កញ្ចប់​ថវិកា​ចំណាយ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​មាន​កីឡាករ​២៥​នាក់ កីឡាការិនី​១២​នាក់ បាន​ចូលរួម​ប្រកួត​តំណាងឱ្យ​ក្លិប​ចំនួន​៩ នៅក្នុង​ទូទាំងប្រទេស​កម្ពុជា​។​

នៅក្នុង​ពិធី​បិទ​ការប្រកួត​នោះ ប្រមុខ​ដឹកនាំ​ចលនា​អូឡាំពិក​នៅ​កម្ពុជា លោក ថោង ខុន បានឱ្យដឹងថា  នៅក្នុង​មហាសន្និបាត​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី និង​កិច្ចប្រជុំ​កីឡា​អន្តរជាតិ​មួយចំនួនទៀត គឺ​គេ​តែងតែ​បំផុស​ផ្សព្វផ្សាយ និង​ជំរុញឱ្យមាន​ការទទួល​យក និង​អភិវឌ្ឍ​ប្រភេទ​កីឡាបាល់ទាត់​លើ​តុ (Teqball) នេះ នៅលើ​ពិភពលោក​។​


ប្រធាន NOCC លោក ថោង ខុន បាន​បន្ថែមថា​៖ «Teqball​ជា​ប្រភេទ​កីឡា​ទើប​បង្កើតឡើង​ថ្មី ប៉ុន្តែ​មានការ​រីកចម្រើន​លឿន ដែល​បច្ចុប្បន្ន​មាន​សមាជិក​ជាង​១០០​ប្រទេស ដែលមាន​ការទទួលស្គាល់​ដោយ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ និង​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី បើទោះបី​មិនទាន់បាន​បញ្ចូល​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក៏ដោយ​»​។​

ជាមួយគ្នានេះ កម្ពុជា​បាន​ខិតខំ​រៀបចំ​បង្កើតឱ្យមាន​សហ​ព័ន្ធ​កីឡាបាល់ទាត់​លើ​តុ​កម្ពុជា នៅ​ឆ្នាំ​២០២១ ហើយ​បានទទួល​ស្គា​ល់ពី NOCC និង​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ឆ្នាំ​២០២២​។ បន្ថែម​លើ​នេះ ដោយសារ​កីឡាបាល់ទាត់​លើ​តុ មាន​សក្តានុពល និង​ទទួលបាន​ប្រជាប្រិយភាព​ពី​ក្រុមយុវជន​នោះ  ទើប​ប្រភេទ​កីឡា​នេះ ត្រូវបាន​អនុញ្ញាតឱ្យ​បញ្ចូល​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា ក្នុងនាម​ជា «​ប្រភេទ​កីឡា​បង្ហាញ​» ហើយ​ជា​លទ្ធផល​ក្រុម​អត្ត​ព​លិ​ក Teqball​ កម្ពុជា ដណ្តើមបាន​មេដាយមាស​១ ប្រាក់​៣ និង​សំរឹទ្ធ​៣​។​


ការទទួលបាន​ជោគជ័យ សម្រាប់​ការបង្ហាញ​ខ្លួន នៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ​នេះ បានធ្វើឱ្យ​អ្នកគាំទ្រ កាន់តែ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ទៅលើ​កីឡាបាល់ទាត់​លើ​តុ ហើយ​នេះ​ក៏​ជា​ដើមចម​មួយ ដែល​ក្រសួង​អប់រំ និង NOCC អនុញ្ញាត​ឱ្យមាន​ការរៀប​ចំការ​ប្រកួត​កីឡាបាល់ទាត់​លើ​តុ ជា​លើកដំបូង​ផងដែរ ដើម្បីឱ្យ​សហព័ន្ធ​កីឡាបាល់ទាត់​លើ​តុ​កម្ពុជា អាច​ជ្រើសរើស​បាន​ធនធាន​អត្ត​ព​លិ​ក​ល្អៗ សម្រាប់​យកទៅ​បណ្តុះបណ្តាល​ក្នុង​ក្រុម​ជម្រើសជាតិ សម្រាប់​ត្រៀម​ការប្រកួត​អន្តរជាតិ ជាពិសេស​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ថៃ​។​

ជាមួយគ្នានេះ លោក ថោង ខុន បាន​ថ្លែង​សរសើរ​ដល់​សហព័ន្ធ​កីឡាបាល់ទាត់​លើ​តុ​កម្ពុជា បែបនេះ​ថា​៖ «​បើទោះបីជា​សហព័ន្ធ​កីឡាបាល់ទាត់​លើ​តុ​កម្ពុជា ទើបតែ​បង្កើតឡើង​ថ្មី ប៉ុន្តែ​សហព័ន្ធ​នេះ បានធ្វើ​សកម្មភាព​ជាច្រើន ជាមួយនឹង​ការរៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ លើក​ទី​១ ប្រចាំឆ្នាំ​២០២៣ ហើយ​បានបង្ហាញ​ពី​ការវិវឌ្ឍ​រីកចម្រើន​បន្ថែមទៀត សម្រាប់​វិស័យ​កីឡា Teqball​ នៅ​កម្ពុជា​»​។​

លោក​បាន​បន្ថែមថា​៖ «​ក្នុងនាម NOCC និង​រូបខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​កោតសរសើរ ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​សហព័ន្ធ​កីឡាបាល់ទាត់​លើ​តុ និង​សូម​លើកទឹកចិត្ត​ឱ្យ​បន្ត​ការខិតខំ​បន្ថែមទៀត ដើម្បី​ឈានទៅរក​សក្តានុពល​កីឡា Teqball​ក្នុង​តំបន់ និង​លើ​ពិភពលោក​។ ចំណែក​ក្រុម​អត្ត​ព​លិ​ក​វិញ ត្រូវ​បន្ត​ខិតខំ​ហ្វឹកហាត់​ឱ្យបាន​ទៀងទាត់ និង​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​ឈានទៅរក​គុណ​ផល​កីឡា​កម្រិត​ខ្ពស់ និង​ស្វែងរក​ជយលាភី​ជូន​ជាតិ​មាតុភូមិ ពិសេស​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​»​។​

តាមរយៈ​ការប្រកួត​កីឡាបាល់ទាត់​លើ​តុ​ជើងឯក​ថ្នាក់ជាតិ លើក​ទី​១ ឆ្នាំ​២០២៣​នេះ​កីឡាការិនី យ៉​ន សោភ័ណ្ណ​រស្មី របស់​ក្លិប​ក្រសួងមហាផ្ទៃ បានឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​ឯកត្តជន​នារី រីឯ​មេដាយប្រាក់​បាន​ទៅ​កីឡាការិនី ឌី គឹម​យាន របស់​ក្លិប​ជ័យជម្នះ និង​លេខ​៣​មេដាយ​សំរឹទ្ធ​បាន​ទៅ​កីឡាការិនី ប្លុក ពេជ្រ​អក​រា របស់​ក្លិប​អមរៈ​។ ចំ​ណែ​វិញ្ញាសា​ឯក​ត្ដ​ជន​បុរស វិញ លេខ​១​បាន​លើ​កីឡាករ រៀម សុខ​ភិរម្យ របស់​ក្លិប​ជ័យជម្នះ លេខ​២​កីឡាករ ហ៊ូ សំបូរ របស់​ក្លិប​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​លេខ​៣ កីឡាករ ឈិន តា របស់​ក្លិប​មិត្តភាព​។

​ចំណែក​ការប្រកួត​វិញ្ញាសា​បាល់ទាត់​គូ​នារី ចំណាត់ថ្នាក់​លេខ​លេខ​១  បាន​ទៅ​ក្លិប​ក្រសួងមហាផ្ទៃ លេខ​២​ក្លិប​ជ័យជម្នះ និង​លេខ​៣ ក្លិប​អមរៈ រីឯ​វិញ្ញាសា​បាល់ទាត់​គូ​បុរស លេខ​១ បាន​ទៅ​ក្លិប We are DN លេខ​២ ក្លិប​ក្រសួងមហាផ្ទៃ និង​លេខ​៣​បាន​ទៅ​ក្លិប​ក្ដាន់​២​។ ចំពោះ​វិញ្ញាសា​បាល់ទាត់​គូ​ចម្រុះ លេខ​១ បាន​ទៅ​ក្លិប​ជ័យជម្នះ លេខ​២ ក្លិប​ក្រសួងមហាផ្ទៃ និង​លេខ​៣ បាន​ទៅ​ក្លិប​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​៕